លោកស្រី ម៉ម សុវឌ្ឍិន គឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីរងគ្រោះជាច្រើននាក់កំពុងតស៊ូទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ដ៏មានឥទ្ធិពល គោរពសិទ្ធិការងារ និងផ្ដល់យុត្តិធម៌ជូនក្រុមកូដករណាហ្គាវើលដ៍។ នាងប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយការងារពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ដោយមិនខ្លាចនឿយហត់ និងការគំរាមកំហែងឡើយ។
តើលោកស្រីមានប្រវត្តិតស៊ូបែបណាខ្លះ?
ស្ទើរតែរៀងរាល់សប្ដាហ៍ លោកស្រី ម៉ម សុវឌ្ឍិន កាន់ឧបករណ៍បំពងសំឡេង ឈរនៅក្នុងចំណោមក្រុមកូដករជាច្រើននាក់ទៀតធ្វើកូដកម្ម ស្រែកទាមទារឱ្យថៅកែណាហ្គាវើលដ៍ចេញមកដោះស្រាយវិវាទការងារ និងជំរុញឱ្យតុលាការទម្លាក់បទចោទលើតំណាង សហជីព គឺ កញ្ញា ឈឹម ស៊ីថរ ពីព្រោះវិវាទការងារនេះគឺជាវិវាទឆ្នាំងបាយមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
កូដកម្មជិត២ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញនូវភាពអង់អាចក្លាហាន និងការតស៊ូរបស់លោកស្រី ម៉ម សុវឌ្ឍិន និងកូដករផ្សេងទៀត ដែលហ៊ានប្រឈមមុខនឹងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងការចោទប្រកាន់ធ្ងន់ៗពីក្រុមហ៊ុនដ៏មានឥទ្ធិពល និងរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសិទ្ធិការងារ និងសិទ្ធិមនុស្ស។

លោកស្រី ម៉ម សុវឌ្ឍិន ដែលមានរូបរាងខ្ពស់ស្រឡះ សម្បុរស គឺជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World ) ។ នាងប្ដេជ្ញាចិត្តទាមទាររកយុត្តិធម៌ជូនក្រុមកូដករដែលថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់កម្មករជាង១ពាន់នាក់ទាំងអយុត្តិធម៌។ នាងយល់ថា បើបណ្ដែតបណ្ដោយឱ្យថៅកែបនល្បែងណាហ្គាវើលដ៍រំលោភសិទ្ធិការងារក្រុមកម្មករតាមអំពើចិត្តបាន នោះនឹងមានថៅកែបរទេសផ្សេងទៀតយកគំរូតាម។
លោកស្រី ម៉ម សុវឌ្ឍិន៖ «បងតស៊ូដល់ដង្ហើមចុងក្រោយទាល់តែបងវាទៅមុខលេងរួចហ្នឹងចាំគិតទៀត បើបច្ចុប្បន្នឱ្យបងឈប់បងមិនឈប់ទេ ព្រោះបងលះបង់ឱ្យអស់ច្រើនណាស់តាំងពីរូបសម្រស់ តាំងពីថវិកា តាំងពីអនាគតខ្លួនឯង»។
បើទោះបីជា សុវឌ្ឍិន រងការបង្ក្រាបដោយហិង្សាពីកម្លាំងសមត្ថកិច្ច និងត្រូវសន្តិសុខបនល្បែងណាហ្គា អូសទាញ វៃដំទាត់ធាក់ រហូតដល់មានកូដករខ្លះរលូតកូន និងមួយចំនួនទៀតបែកមុខ បែកមាត់ប្រឈមនឹងជាប់ពន្ធនាគារយ៉ាងណាក្ដី ក៏អ្នកនាងមិនតក់ស្លុតរាថយឡើយ ។ ការទាមទារឱ្យថៅកែណាហ្គាវើលដ៍ដោះស្រាយវិវាទការងារនេះហើយដែលធ្វើឱ្យថៅកែណាហ្គាចោទប្រកាន់ នាង ពីបទរំលោភលំនៅឋាន ធ្វើឱ្យខូចខាតមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ។ ក្រៅពី សុវឌ្ឍិន នៅមានកូដករប្រមាណជិត១០នាក់ទៀតកំពុងជាប់បណ្ដឹងនៅតុលាការ និងតំណាងសហជីពរបស់ពួកគេ គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធររបរក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
លោកស្រី ម៉ម សុវឌ្ឍិន ឱ្យដឹងថា ដោយសារតែថៅកែណាហ្គាវើលដ៍ និងក្រសួងការងារមិនព្រមដោះស្រាយវិវាទការងារនេះហើយដែលធ្វើឱ្យក្រុមកូដករបន្តធ្វើកូដកម្មដោយអហិង្សារយៈពេលជិត២ឆ្នាំមកនេះ។ លោកស្រីបន្តថា ថៅកែណាហ្គាវើលដ៍មានចេតនារំលាយសហជីពឯករាជ្យ និងមិនចង់ឱ្យសហជីពការពារសិទ្ធិឱ្យកម្មករ។
លោកស្រី ម៉ម សុវឌ្ឍិន៖ «សម្រាប់បងជាជនរងគ្រោះមានអារម្មណ៍ថាតូចចិត្តយើងជួបរឿងអយុត្តិធម៌ហើយយើងរត់រកអ្នកច្បាប់ឱ្យជួយហើយ គេអត់ជួយខាងយើងហើយ គេមានតែដាក់បន្ទុកឱ្យយើងថែមទៀត យើងមានអារម្មណ៍ថា គេអត់ចាត់ទុកយើងជាមនុស្សបើសិនជាគេចាត់ទុកយើងជាមនុស្សគេហ្នឹងរកត្រូវរកខុស»។
លោកស្រី ម៉ម សុវឌ្ឍិន និងក្រុមកូដករផ្សេងទៀតក៏ធ្លាប់ស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយដោះស្រាយវិវាទការងារនេះ ប៉ុន្តែមិនត្រឹមតែគ្មានដំណោះស្រាយទេ។ លោក ហ៊ុន សែន ដែលតាំងខ្លួនថា ជាមេដឹកនាំបេះដូងធំទូលាយនោះ បែរជាគំរាមកំហែង និងចោទក្រុមកូដករទាំងនោះថា ស៊ីឈ្នួលធ្វើបាតុកម្មឱ្យបរទេសទៅវិញ។
ការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការចោទប្រកាន់តាមប្រព័ន្ធតុលាការលើក្រុមកូដករណាហ្គាវើលដ៍នេះហើយដែលធ្វើឱ្យអង្គការជាតិ និងអន្តរជាតិ ថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន សែន ថា អសមត្ថភាពដោះស្រាយវិវាទការងារឱ្យកម្មករ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញថា ថៅកែណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធគួរតែឆាប់ដោះស្រាយវិវាទការងារនេះមិនគួរអូសបន្លាយរយៈពេលយូរនោះទេ។ លោកបន្តថា កម្ពុជាកាន់តែរងការរិះគន់ និងការថ្កោលពីអន្តរជាតិបើនៅតែមិនគោរពសិទ្ធិការងារបែបនេះ។
លោក អាត់ ធន់៖ «នេះគឺជារឿងខុសឆ្គងមួយដែលមានវិវាទរហូតដល់ចាប់តំណាងសហជីព កម្មករដាក់ពន្ធនាគារ វាអាចនិយាយថា វាមិនមែនជារឿងថ្មីសម្រាប់កម្ពុជាទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាក៏បានដោះស្រាយច្រើន ហើយរឿងចាប់ចងកន្លងមកដូចជារៀងធូរស្រាលហើយ អ៊ីចឹងមិនគួរឱ្យមានការចាប់ផ្ដើមរឹតបន្តឹងចាប់ពីរឿងណាហ្គាឡើងវិញទេគួរតែដោះស្រាយរឿងហ្នឹងដោយយុត្តិធម៌ ហើយកាលណាដែលចាប់ថ្នាក់ដឹកនាំសហជីពដាក់ពន្ធនាគារ ឬក៏ការគំរាមកំហែងហ្នឹងមិនមែនជាគំរូល្អសម្រាប់រដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ»។
សុវឌ្ឍិន មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយនាងជាកូនទី៧នៅក្នុងចំណោមបងប្អូន៩នាក់ ដែលមានឪពុកម្ដាយជាកសិករ ។ ដោយសារកើតក្នុងគ្រួសារក្រីក្រនោះសុវឌ្ឍិនខិតខំរៀនសូត្រ រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា ក្រុងភ្នំពេញ។ នាងចេះភាសាអង់គ្លេស និងបត់ផ្កាក្រដាសបានយ៉ាងស្ទាត់ជំនាញ។
សុវឌ្ឍិន គឺជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយនៅក្នុងគ្រួសារជាពិសេសគឺផ្គត់ផ្គង់ឱ្យកូនស្រីនាងរៀនសូត្រ ហើយកូនស្រីរបស់នាងមានអាយុទើបតែ៦ឆ្នាំ។
សុវឌ្ឍិន បានចូលធ្វើនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅឆ្នាំ២០១៦ ។ បន្ទាប់មក នាងបានចូលរួមជាមួយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World ) ដែលមាន កញ្ញា ឈឹម ជាប្រធាន នៅឆ្នាំ២០១៨ ដែលកាលណោះនាងមើលឃើញពីភាពអយុត្តិធម៌នៅកន្លែងការងារដែលស្ត្រីម្នាក់ជាមិត្តភ័ក្ដិនាងត្រូវថៅកែណាហ្គាបណ្ដេញចេញទាំងយប់ទាំងដោយគ្មានកំហុស។
មិនយូរប៉ុន្មាន អ្នកនាង ម៉ម សុវឌ្ឍិន និងសមាជិកជាង១ពាក់ទៀត ក៏ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលថា ក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុកំឡុងពីកូវីត១៩ ។ ប៉ុន្តែសហជីព និងកូដករអះអាងថា ថៅកែក្រុមហ៊ុនមានចេតនារំលាយសហជីព។ ក្រោយពីថៅកែណាហ្គាវើលដ៍បញ្ឈប់ពីការងារធ្វើឱ្យក្រុមកូដកររួមទាំង សុវឌ្ឍិន ផងដែរនោះមានជីវភាពខ្វះខាតដោយសារគ្មានប្រាក់ចំណូល ។ សុវឌ្ឍិន និងក្រុមកូដករផ្សេងទៀតនាំគ្នាបត់ផ្កាក្រដាសលក់ និងលក់ខោអាវតាមបណ្ដាញសង្គមបន្តិចបន្តួចសម្រាប់ទិញម្ហូបអាហារចែកដល់ក្រុមកូដករ។
បើទោះបីជា សុវឌ្ឍិន ជាស្ត្រីមេម៉ាយ មានកូន និងឪពុកម្ដាយចាស់ជរាក្នុងបន្ទុកគ្រួសារក្តី សុវឌ្ឍិន នៅតែតស៊ូដើម្បីការពារយុត្តិធម៌។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា អ្នកស្រីគោរពនូវការលះបង់សេរីភាព និងស្ញប់ស្ញែងចំពោះឆន្ទៈរបស់ លោកស្រី ម៉ម សុវឌ្ឍិន ដើម្បីទាមទាររកយុត្តិធម៌។ អ្នកស្រី អ៊ូ ទេពផល្លីន សង្កេតឃើញថា លោកស្រី ម៉ម សុវឌ្ឍិន គឺជាមនុស្សចិត្តទូលាយ ចេះជួយអ្នកដទៃ ឈឺឆ្អាលបញ្ហាសង្គម និងមានភាពអំណត់ខ្ពស់ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកស្រីបន្តទាំងអួលដើមកថា ការលះបង់របស់ លោកស្រី ម៉ម សុវឌ្ឍិន និងស្ត្រីជាកូដករផ្សេងទៀត គឺជាលះបង់មួយដ៏ធំធេងដើម្បីការពារសិទ្ធិការងាររបស់កម្មករ និងជាគំរូដល់កូនចៅជំនាន់ក្រោយ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ខ្ញុំដឹងគុណ និងអរគុណចំពោះការលះបង់របស់ពួកគាត់ សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍ដល់កម្មករនិយោជកផ្សេងទៀត បើ ទោះបីជាគេមិនឱ្យតម្លៃយើងជាចលនាសង្គមមើលឃើញ ទទួលបាននូវអារម្មណ៍ដែលការទទូចឱ្យទៅដល់អ្នកថ្នាក់ដឹកនាំទាំងជាន់ថ្នាក់ក្រោមដល់ថ្នាក់លើមើលឃើញពីភាពព្រងើយកន្តើយភាពអសកម្មហ្នឹងយើងមើលឃើញទាំងអស់គ្នាភាពលះបង់មួយនៅក្នុងសង្គមដែលមិនមាននរណាម្នាក់ធ្លាប់ទម្លាក់ប្រយោជន៍ផ្ទាល់ខ្លួនដាក់មកលេខ២ ហើយប្រយោជន៍រួមនៅលេខ១ទេ ប៉ុន្តែពួកគាត់ដាក់ប្រយោជន៍រួមនៅលេខ១ ហើយប្រយោជន៍ផ្ទាល់ខ្លួននៅលេខ២»។
រីឯបងស្រីរបស់អ្នកនាង ម៉ម សុវឌ្ឍិន គឺ លោកស្រី ម៉ម សុខស៊ីសូម៉ា រាប់រៀបថា ប្អូនស្រី លោកស្រី មិនដែលគិតចង់ឱ្យបោះបង់ការតស៊ូព្យាយាមរបស់នាងម្ដងណាឡើយ។ លោកស្រីបន្តថា លោកស្រីអាណិតប្អូន និងបារម្ភពីប្អូនស្រី ប៉ុន្តែលោកស្រីគោរពតាមការសម្រេចរបស់ប្អូនស្រីក្នុងទាមទារដំណោះស្រាយការងារ។
លោកស្រី ម៉ម សុខស៊ីសូម៉ា៖ «ជូនពរប្អូនឱ្យសុំឱ្យទាមទារសិទ្ធិឱ្យបានហើយក៏សុំសំណូមពរឱ្យក្រសួងការងារហ្នឹងឱ្យជួយដោះស្រាយវិវាទការងារហ្នឹងផងមើលទៅយូរឆ្នាំហើយគ្នាអាល័យតែទាមទារហ្នឹងគ្មានបានទៅរកស៊ីណាណីទេ»។
ណាហ្គា វើលដ៍ ជាក្រុមហ៊ុនដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះ មានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា ។ ការទទួលបានអាជ្ញាប័ណ្ណរកស៊ីស្របច្បាប់នៅកម្ពុជា និងមានសារបែកធ្លាយកាលពីឆ្នាំ២០១៧ ផងនោះ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គា មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោក ហ៊ុន សែន ទាំង ៤នាក់ រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា ។ ប្រការនេះហើយដែលធ្វើឱ្យវិវាទការងាររវាងថៅកែណាហ្គា និងក្រុមកូដករណាហ្គា អូសបន្លាយជិត២ឆ្នាំមកនេះពុំទទួលបានដំណោះស្រាយ។
ទោះជាបែបនេះក្ដី លោកស្រី ម៉ម សុវឌ្ឍិន ថ្លែងថា អ្នកនាងត្រៀមខ្លួនរួចជាស្រេចដើម្បីទាមទារសិទ្ធិសេរីភាពឱ្យក្រុមកម្មករទោះបីត្រូវជាប់គុកច្រវាក់បែបណាក៏ដោយក៏អ្នកនាងមិនរួញរាឡើយ។
លោកស្រី ម៉ម សុវឌ្ឍិន៖ «មានការគំរាមតាមហ្វេសប៊ុកភាគច្រើនថា ជិតបានទៅដេកគុកហើយ ជាលក្ខណៈគំរាម ហើយពេលខ្លះទៀតមានតាមមកដល់ផ្ទះក៏មានដែរ ហើយពេលបងចេញធ្វើកូដកម្មអីអ៊ីចឹងពេលមកវិញមានជនស្លៀកពាក់ស៊ីវិលអីជិះតាម»។
អ្នកនាងលើកទឹកចិត្តឱ្យយុវជនក្លាហានហ៊ាននិយាយការពិត និងចេះឈឺឆ្អាលបញ្ហាសង្គម ពីព្រោះថ្ងៃនេះគេរំលោភសិទ្ធិការងារក្រុមកូដករណាហ្គាវើលដ៍បានថ្ងៃស្អែកនឹងមានអ្នករងគ្រោះបន្តទៀត។ អ្នកនាងចង់ ឃើញកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអនុលោមទៅតាមច្បាប់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។