អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​សេរីភាព​សារព័ត៌មាន ជា​ជាង​វាយប្រហារ​អ្នកកាសែត​ឯករាជ្យ

0:00 / 0:00

សង្គម​ស៊ីវិល លើកឡើង​ថា ការ​សហការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ មិន​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។ ផ្ទុយទៅវិញ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន​ឯករាជ្យ ដើម្បី​បើក​លំហ​ឱ្យ​ព័ត៌មាន​ពិត និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​បាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​កាន់តែ​ទូលាយ​ជាង​មុន។

ផ្ទុយពី​ការ​អនុវត្ត​តាម​ការ​ស្នើសុំ​របស់​ប្រទេស​ប្រជាធិបតេយ្យ ឱ្យ​បើក​លំហ​សេរីភាព​សារព័ត៌មាន រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​ព័ត៌មាន ជា​សេនាធិការ​នោះ បែរជា​ងាក​ទៅ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ ជាមួយ​រដ្ឋាភិបាល​ប្រទេស​វៀតណាម ក្នុង​គោលបំណង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ខណៈ​សង្គម​ស៊ីវិល​ថា ទង្វើ​នេះ​មិនបាន​បង្ហាញ​ពី​ឆន្ទៈ ដែល​ចង់​ឱ្យ​ស្ថានភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក អ៊ិត សូធឿត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​កាន់តែ​ច្រើន និង​ឆាប់រហ័ស​ទៅដល់​ប្រជាពលរដ្ឋ និង​មានការ​សហការ​ពី​ភាគី​រដ្ឋាភិបាល ដោយ​ឆ្លើយតប​ជាមួយ​អ្នក​សារ​ព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន​នោះ គឺជា​យន្ត​ការ​មួយ ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ។ ជាមួយគ្នា​នេះ លោក​សង្ឃឹម​ដែរ​ថា រដ្ឋាភិបាល​នឹង​មិន​យក​ហេតុផល​នៃ​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​មក​គាបសង្កត់ ឬ​មក​ប្រឆាំង​សារ​ព័ត៌មាន​ឯករាជ្យ​វិញ​នោះ​ឡើយ។
លោក អ៊ិត សូធឿត៖ « ក៏ប៉ុន្តែ ប្រសិនបើ​ព័ត៌មាន​នោះ មាន​លក្ខណៈ​រិះគន់ ប៉ះពាល់​ដល់​រដ្ឋាភិបាល អ៊ីចឹង​រដ្ឋាភិបាល​គួរតែ​ទទួលយក​ស្ដាប់​ហេតុផល​ទាំង​អស់ហ្នឹង ហើយ​យក​ទៅ​ពិនិត្យមើល​ថា​តើ​បញ្ហា​ទាំង​អស់ហ្នឹង ពិតជា​កើតមាន​ឬ​យ៉ាងណា ជៀសវាង​ការចោទប្រកាន់​ព័ត៌មាន​ទាំង​អស់ហ្នឹង​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​បដិសេធ​ភ្លាមៗ »

ការ​លើកឡើង​នេះ បន្ទាប់ពី​ជំនួប​ទ្វេភាគី​រវាង រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក នេត្រ ភក្ត្រា និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម លោក ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung)​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា បាន​ប្ដេជ្ញា​រួមគ្នា​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ ​និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រួមគ្នា​ពង្រឹង​គុណភាព​សារព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ាន និង​ផ្ដល់​ព័ត៌មាន​ពិត ប្រកបដោយ​គុណភាព ព្រមទាំង​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ។ ក្នុង​ឱកាស​នោះ លោក នេត ភក្ត្រា បាន​លើកឡើង​ថា​ក្នុង​បរិបទ​នៃ​សង្គម​ឌីជីថល និន្នាការ​នៃ​ការ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប រួម​មាន​ហ្វេសប៊ុក (Facebook) តិកតុក​(Tiktok) ​ព្រមទាំង​ខ្លឹមសារ​សម្បូណ៌​បែប និង​មាន​ល្បឿន​លឿន បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​នៃ​ការ​បំពុល​ព័ត៌មាន​តាមរយៈ​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​ចេតនា​ទុច្ចរិត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម ហើយ​ពេលខ្លះ​បង្កើត​ជា​បញ្ហា​ចលាចល និង​បំផ្លាញ​កិត្តិយស​បុគ្គល ឬ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ និង​បាត់បង់​ជំនឿ​ទុកចិត្ត​ជាដើម។

ទន្ទឹមគ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា (MoU) ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សារព័ត៌មាន និង​ការ​ផ្សព្វផ្សាយ។

ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​យល់ឃើញ​ថា វៀតណាម​គឺជា​ប្រទេស​កុម្មុយនិស្ត ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ មិនចាញ់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្មាន​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក រស់ សុដ្ឋា បារម្ភ​ថា ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​ព័ត៌មាន​វៀតណាម​ប្រើប្រាស់​កិច្ច​សហការ ដើម្បី​រួមគ្នា​ទប់​ស្កាត់​សំឡេង​ឯករាជ្យ ដែល​តែងតែ​ផ្សាយ​រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល ជាជាង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ក្រសួង​ប្រទេស​ទាំង​ពី​បាន​អះអាង។

លោក រស់ សុដ្ឋា៖ « វៀតណាម​ខ្លាច ខ្លាច​ប្រជាពលរដ្ឋ​កម្ពុជាក្រោម​ហ្នឹង ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ចលនា​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម។ អាច​នឹង​ពាក់ព័ន្ធ​បញ្ហា​ទាំង​អស់ហ្នឹង មិនមែន​ជា​រឿង​បារម្ភ​ពី​ផលប្រយោជន៍ រឿង​ព័ត៌មាន​មិន​ពិត​អ្វី​ទេ។ អាច​ថា​រឿង​ហ្នឹង​ធ្វើ​ឱ្យ​កម្លាំង​ចលនា​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​កាន់តែ​រួម​តូច ចុះ​ខ្សោយ អាច​ថា​បារម្ភនឹង​ករណី​នេះ​ទៅវិញ​ទេ »

កាលពី​ខែ​សីហា ប្រទេស​វៀតណាម បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប​រាំង​ខ្ទប់​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ លើ​វិទ្យុ​រលកធាតុអាកាស​ខ្លី (Shortwave) ដែល​មិន​អាច​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​តាមវិទ្យុ​រលកធាតុអាកាស​ខ្លី​បាន​ឡើយ។

របាយការណ៍​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ដោយ​អង្គការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បង្ហាញ​ថា វៀតណាម​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពី​១៧៤ មក ១៧៨ ក្នុងចំណោម ១៨០ប្រទេស ខណៈ​កម្ពុជា​ធ្លាក់​ពី ១៤២ មក ១៤៧ ដែល​ជា​ចំណាត់ថ្នាក់​ទាប​មួយ។

សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ងាក​ទៅ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាមួយ​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​នេះ មិនមែន​សហការ​ជាមួយ​ប្រទេស​ដែល​មាន​ពិន្ទុ​ស្ទើរ​នៅ​បាត​តារាង បែប​នេះ​ឡើយ៕