ព្រះសង្ឃគង់នៅវត្តដំរីស ខេត្តបាត់ដំបងមួយអង្គ ដែលបាននិមន្តចូលរួមធម្មយាត្រាអប់រំអំពីសីល៥ ដើម្បីឧទ្ទិសកុសល និងរំលឹកខួប ៨ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ត្រូវបានព្រះចៅអធិការវត្តដំរីសបណ្ដេញចេញពីវត្ត នៅយប់ថ្ងៃទី១៥ កក្កដា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការបណ្ដាញព្រះសង្ឃចេញពីវត្តនេះ គឺជាការដាក់សម្ពាធ និងបំបាក់ស្មារតីព្រះសង្ឃមួយចំនួនទៀត ដើម្បីកុំឱ្យចូលរួមធ្វើកិច្ចការងារសង្គម។
ព្រះសង្ឃគង់នៅវត្តដំរីស ព្រះតេជព្រះគុណ សាំង រិទ្ធី ឱ្យដឹងថា ក្រោយជួបជជែកជាមួយព្រះចៅអធិការវត្តដំរីស ព្រះអង្គ ផុន សុខគា រយៈពេល ៣ម៉ោង ដើម្បីស្នើសុំគង់នៅក្នុងវត្តដំរីសបន្ត ប៉ុន្តែ ព្រះចៅអធិការវត្តព្រះនាម ផុន សុខគា នៅតែមានៈបណ្ដេញព្រះអង្គឱ្យចាកចេញពីវត្ត នៅយប់ថ្ងៃទី១៥ កក្កដា ដោយព្រះចៅអធិការរូបនេះអះអាងថា ការធ្វើធម្មយាត្រាអប់រំអំពីសីល៥ ដើម្បីឧទ្ទិសកុសលដល់លោកបណ្ឌិត កែម ឡី គឺជារូបភាពនយោបាយ និងជាការធ្វើបាតុកម្មខុសច្បាប់។
ព្រះតេជព្រះគុណ សាំង រិទ្ធី៖ «អាត្មាធ្វើរបៀបណា ដើម្បីទាមទាររកយុត្តិធម៌សម្រាប់អាត្មាវិញ ហើយព្រះចៅអធិការវត្តត្រូវចេញសុំទោសអាត្មាជាសាធារណៈ។ អាត្មាគង់តែចេញទេ ប៉ុន្តែ ធ្វើយ៉ាងណាឱ្យលោកសុំទោសអាត្មាជាសាធារណៈថា អាត្មាធ្វើនយោបាយ ធ្វើគណបក្ស ហើយទៅជាអ៊ីចឹងវិញ ធ្វើកូដកម្មបាតុកម្ម ហើយលោកមិនគិតថា អាត្មាធ្វើនេះដើម្បីអីទេ ហើយលោកគិតថា អាត្មាធ្វើនេះទាំងខុស»។
ព្រះតេជព្រះគុណ សាំង រិទ្ធី បញ្ជាក់ថា ព្រះអង្គនឹងនិមន្តទៅសឹងនៅវត្តបច្ឆាមួយយប់សិន ទម្រាំរៀបចំសម្ភារៈរួចរាល់។ ទោះជាយ៉ាងណាក្ដី ព្រះអង្គសោកស្ដាយ ដែលព្រះចៅអធិការវត្តដំរីសរើសអើងព្រះសង្ឃ ដែលមានឆន្ទៈចូលរួមធ្វើកិច្ចការងារសង្គម ហើយព្រះអង្គនឹងបន្តទាមទារឱ្យព្រះចៅអធិការវត្តដំរីសទទួលយកព្រះអង្គឱ្យគង់នៅក្នុងវត្តដំរីសវិញ។
ព្រះតេជព្រះគុណ សាំង រិទ្ធី មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែកក្កដាថា ព្រះចៅអធិការវត្តដំរីសព្រះនាម ផុន សុខគា បានទុកពេលឱ្យព្រះអង្គ ៣ថ្ងៃ ដើម្បីរើចេញពីវត្ត បន្ទាប់ពីព្រះអង្គបានចូលរួមធ្វើធម្មយាត្រាអប់រំអំីសីល៥ ដើម្បីឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។ ព្រះអង្គមានថេរដីកាបន្តថា ដំបូងឡើយព្រះចៅអធិការបានគំរាមកំហែង និងបង្ខំព្រះអង្គឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមការងារសង្គមបន្តទៅទៀត ប៉ុន្តែព្រះអង្គបានបដិសេធ ពីព្រោះសកម្មភាពផ្សព្វផ្សាយអំពីសីល៥ មិនមែនជារឿងខុសច្បាប់ឡើយ។ លុះក្រោយមក ព្រះចៅអធិការបានកំណត់យកល្ងាចម៉ោង៥ ថ្ងៃទី១៥ ខែកក្កដា ឱ្យព្រះអង្គរើចេញជាបន្ទាន់។
ព្រះតេជព្រះគុណ សាំង រិទ្ធី ចាត់ទុកទង្វើរបស់ព្រះចៅអធិការវត្តដំរីស ព្រះអង្គ ផុន សុខគា គឺជាការបំបិទសិទ្ធិសេរីភាព និងគំរាមកំហែងមិនឱ្យព្រះអង្គចូលរួមធ្វើកិច្ចការងារសង្គម។
ព្រះតេជព្រះគុណ សាំង រិទ្ធី៖«អាជ្ញាធរព្រមទាំងសង្ឃ ហើយនិងមន្ត្រីសង្ឃមួយចំនួន ដែលលោកគាបសង្កាត់គ្រប់អង្គមិនអាចបញ្ចេញសកម្មភាព ហើយសួរថា សកម្មភាពបែបនោះប៉ះពាល់អីដល់ព្រះអង្គគ្រប់ព្រះអង្គ ដែលមានតួនាទី? អាត្មាឆ្ងល់បែបហ្នឹង ហើយហេតុអ្វីដាក់គំនាប ហើយនៅតាមគំរាមកំហែងទៅដល់ចិត្តអាត្មា ដែលអាត្មាធ្វើហ្នឹង សួរថា អាត្មាធ្វើខុសបទបញ្ញត្តិវិន័យបែបណា?»។
ក្រោយទទួលបានដំណឹងនៃការបណ្ដេញចេញនេះ យុវជន និងមន្ត្រីអង្គការស៊ីវិលប្រមាណ ១០នាក់ បានចូលរួមតាមដាន និងឃ្លាំមើលពីបញ្ហានេះ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ។
កាលពីថ្ងៃទី១០ ខែកក្កដា ព្រះតេជព្រះគុណ សាំង រិទ្ធី និងយុវជនប្រមាណ ៤០នាក់ បានធ្វើធម្មយាត្រាអប់រំអំពីសីល៥ ក្នុងគោលបំណង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជនសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
ក្រៅពីព្រះអង្គ សាំង រិទ្ធី រងការបណ្ដេញចេញពីវត្តហើយនោះនៅមានព្រះសង្ឃគង់នៅវត្តមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ក៏រងការរឹតត្បិតសិទ្ធិសេរីភាព តាមរយៈការលួចថតរូប និងឃ្លាំមើលពីជនមិនស្គាល់មុខជាប្រចាំ ជាពិសេស ព្រះសង្ឃខ្លះ ត្រូវបានព្រះចៅអធិការវត្ត ឬមេកុដិ ហៅសាកសួរអំពីសកម្មភាពចូលរួមពិធីរំលឹកខួបលោកបណ្ឌិត កែម ឡី ជាដើម។ លើសពីនេះ នៅមានជនស្លៀកពាក់ស៊ីវិលមួយចំនួនទៀតដេកយាមនៅក្បែរកុដិព្រះសង្ឃ ដើម្បីតាមឃ្លាំមើលសកម្មភាពព្រះសង្ឃទៀតផង។
ព្រះសង្ឃគង់នៅវត្តបច្ឆា ព្រះតេជព្រះគុណ អិត ខែម មានថេរដីថា ព្រះសង្ឃរងការឃ្លាំមើលពីជនស្លៀកពាក់ស៊ីវិល និងមានមន្ត្រីមកពីក្រសួងមហាផ្ទៃចុះមកជួបជាមួយព្រះចៅអធិការ ដើម្បីឱ្យព្រះចៅអធិការវត្តដាក់សម្ពាធលើព្រះអង្គ។ ព្រះអង្គពន្យល់ថា ព្រះសង្ឃ ដែលរងការបណ្ដេញចេញពីវត្តអារាម គឺទាល់តែព្រះសង្ឃធ្វើខុសច្បាប់វិន័យ ដូចជា ការសម្លាប់មនុស្ស ការជួញដូរគ្រឿងញៀន ការសេពមេថុន ឬការលួចរបស់ទ្រព្យអ្នកដទៃជាដើម ទើបត្រូវបណ្ដេញចេញ ឬចាប់ផ្សឹក។
ព្រះតេជព្រះគុណ អិត ខែម៖«នៅក្នុងពុទ្ធសាសនាច្បាប់វិន័យពុទ្ធសាសនាមានច្រើន ករណីមានដែលដេញព្រះសង្ឃ ឬសាមណេរចេញពីវត្តវាទាល់តែលោកទៅសម្លាប់មនុស្ស ការលួចប្លន់បទឧក្រិដ្ឋកម្ម លោកទៅជួញដូរគ្រឿងញៀនលោកទៅប្រព្រឹត្តអំពើអសីលធម៌ អំពើអនារ្យ លោកទៅធ្វើអ្វីដែលជាអំពើប៉ះពាល់ដល់ជាតិ ហើយនិងសាសនា ប្រសិនបើព្រះសង្ឃធ្វើបែបហ្នឹង គឺត្រូវតែផ្សឹក ឬក៏បណ្ដេញចេញហ្នឹងឯង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ព្រះចៅអធិការវត្តដំរីសព្រះតេជព្រះគុណ ផុន សុខគា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែកក្កដា។ ដោយឡែក តំណាងមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ឆ្លើយយ៉ាងខ្លីថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ដូច្នេះ មិនអាចបកស្រាយបានឡើយ។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ដែលបានចូលរួមឃ្លាំមើលបញ្ហានេះ សង្កេតឃើញថា សិទ្ធិសេរីភាពរបស់យុវជន និងព្រះសង្ឃរងការរឹតត្បិត បើទោះបីជាសកម្មភាពនោះជាការផ្សព្វផ្សាយអំពីសីលប្រាំ ដែលជាទំនៀមទម្លាប់តាមពុទ្ធសាសនាក៏ដោយ។ លោកបន្តថា ព្រះចៅអធិការ និងអាជ្ញាធរពាក់ព័ន្ធគួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ ហើយងាកមកបើកលំហសិទ្ធិសេរីភាពដល់ពលរដ្ឋ យុវជន និងព្រះសង្ឃ ឱ្យចូលរួមសកម្មភាពសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
លោក អ៊ិន គង់ជិត៖«យើងស្នើសុំឱ្យអាជ្ញាធរក្ដី មន្ត្រីធម្មការ និងសាសនា ហើយព្រះគ្រូចៅអធិការវត្តសុំសម្រួល និងបង្កលក្ខណៈផ្ដល់សិទ្ធិសេរីភាពដល់ព្រះសង្ឃដែលអាចសម្ដែងមតិបានរៀបចំកម្មវិធីបាន ហើយធ្វើការបញ្ឈប់ ការបណ្ដេញព្រះសង្ឃ ឬការគំរាមកំហែងផ្សេងៗ ការបណ្ដេញចេញផ្សេងៗ ហ្នឹងគឺបញ្ឈប់ទៅ»។
នេះមិនមែនជាលើកទីមួយទេ ដែលព្រះសង្ឃ និងយុវជនមួយចំនួនរងការគំរាមកំហែង ការបំភិតបំភ័យពីសំណាក់ព្រះចៅអធិការវត្ត ឬអាជ្ញាធរនៅពេលពួកគេជួបជុំគ្នាជជែកអំពីសិទ្ធិសេរីភាព និងទាមទារដោះស្រាយអ្វីមួយពាក់ព័ន្ធនឹងបញ្ហាសង្គម។
កន្លងទៅក្រុមយុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមវត្តអារាមមួយចំនួន តែងរងការសួរនាំ ការបង្ក្រាប និងការព្រមានក្នុងរូបភាពផ្សេងៗ ដើម្បីកុំឱ្យពួកគេធ្វើសកម្មភាពដើម្បីផលប្រយោជន៍សង្គម។ ព្រះសង្ឃ អំពាវនាវដល់រដ្ឋាភិបាលឱ្យបើកលំហសេរីភាពរបស់ពលរដ្ឋ បើកលំហសេរីភាពក្នុងការដើរហើរសម្ដែងមតិ ជាពិសេសការចូលរួមជីវភាពក្នុងឆាកនយោបាយរបស់ប្រជាពលរដ្ឋ និងយុវជន៕
សម្រាប់លោកអ្នកនាង ដែលចង់អានរឿងនេះជាភាសាអ់គ្លេស សូមចុចលើតំណភ្ជាប់នេះ៖ Buddhist officials expel monk over anniversary of Cambodian activist's killing
Officials at a pagoda in western Cambodia have expelled a Buddhist monk who marked the anniversary of the shooting death of government critic Kem Ley last week, drawing a rebuke from groups who say members of the clergy have the right to publicly express their political opinions...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។