មន្ត្រី​អ.ស.ប​ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ពលរដ្ឋ

0:00 / 0:00

មន្ត្រី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ​អនុវត្ត​ច្បាប់​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ក្នុង​ពេល​ទាមទារ​ឲ្យ​បាន​ពេញលេញ​ជាង​ការ​ប្រើ​​​វិធានការ​ច្បាប់​ក្នុង​ពេល​ពលរដ្ឋ​ធ្វើការ​ទាមទារ។ ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​អនុវត្ត​ច្បាប់​ថា អាជ្ញាធរ​ត្រូវ​តែ​មាន​វិធានការ​ដើម្បី​សណ្ដាប់ធ្នាប់​សន្តិសុខ ព្រោះ​មាន​ក្រុម​មនុស្ស​ខ្លះ តែង​តែង​រំលោភ​គោលការណ៍​ច្បាប់​របស់​អាជ្ញាធរ។

ការ​ទទូច​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ពេល​នេះ សំដៅ​ដល់​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើ​ឡើង​ដោយ​មាន​ការ​សន្ទនា និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដែល​ផ្តល់​សិទ្ធិ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ។

តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan Hea Lee) ថ្លែង​ថា អ្នកស្រី​គាំទ្រ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ដោយ​មាន​ការ​ដង្ហែ​ក្បួន។ អ្នកស្រី​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ក្នុង​ពេល​ពលរដ្ឋ​បញ្ចេញ​មតិ ឬ​ទាមទារ​សិទ្ធិ ធ្វើ​ឡើង​ក្នុង​ច្បាប់​កម្រិត​តិចតួច​ដែល​អាច​ធ្វើ​ទៅ​បាន។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​ចង់​ឃើញ​ការ​ធ្វើ​ច្បាប់​អ្វី​មួយ​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​ច្បាប់ និង​សិទ្ធមនុស្ស៖ «បច្ចុប្បន្ន​នេះ​មាន​ការ​បង្កើត​គោលនយោបាយ និង​ច្បាប់​សំខាន់ៗ​ជា​ច្រើន ហើយ​ខ្ញុំ​សង្ឃឹម​ថា ច្បាប់​ទាំង​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​សិទ្ធមនុស្ស។ ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវ​បាន​សភា​អនុម័ត​រួច​ហើយ ព្រម​ទាំង​ច្បាប់​សហជីព​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​តាក់តែង​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​ល្អិតល្អន់​ជាង​នេះ»

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ ​ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ខួប​លើក​ទី​៦៧ ដែល​រដ្ឋាភិបាល​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ "សិទ្ធិ​យើង​សេរីភាព​យើង​គ្រប់​ពេល​វេលា" មាន​មនុស្ស​ប្រមាណ ៣.០០០​នាក់​ចូល​រួម។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ថា ការ​សម្ដែង​សិទ្ធិ​ណា​មួយ​ធ្វើ​ខុស​គោលការណ៍​ច្បាប់​ជា​ការ​រំលោភ​ច្បាប់​ដើម្បី​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ខ្លះ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់។

លោក​បញ្ជាក់​ថា រាជធានី​ភ្នំពេញ ទាំង​មូល​មិន​មែន​សម្រាប់​តែ​មនុស្ស​មួយ​ក្រុម​ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ប៉ះពាល់​ពលរដ្ឋ​ផ្សេង​ទៀត​រាប់​លាន​នាក់​នោះ​ទេ៖ «គេ​តែងតែ​បំពាន់​ច្បាប់ ចំណុច​នេះ​ហើយ​ដែល​យើង​តែងតែ​មាន​វិធានការ ទីក្រុង​មួយ​នេះ មិន​មែន​សម្រាប់​មនុស្ស​មួយ​ពាន់​នាក់ ឬ ៣​ពាន់​នាក​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ដល់​ពលរដ្ឋ​ផ្សេង​រាប់​លាន​នាក់​នោះ​ទេ»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​អង្គការ​ជប៉ុន​ស្ដីពី​វេទិកា​ពលរដ្ឋ​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១០ ធ្នូ ទាក់ទង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន និង​ស្នើ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស។

ទាក់ទង​រឿង​ដែរ​គណបក្ស​ប្រឆាំង​ដែល​ប្រារព្ធ​ទិវា ១០ ធ្នូ ដែរ យល់​ឃើញ​ថា ប្រសិនបើ​កម្ពុជា គោរព​សិទ្ធិ​មនុស្ស​នឹង​ទទួល​បាន​នូវ​វិនិយោគ​បរទេស​ប្រសើរ​ជាង​បច្ចុប្បន្ន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​ថា ប្រទេស​អភិវឌ្ឍន៍ ដូចជា​សហគមន៍​អឺរ៉ុប អូស្ត្រាលី អាមេរិក ជប៉ុន ជាដើម កំពុង​រង់ចាំ​មើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា មុន​នឹង​សម្រេច​ចិត្ត​ដាក់​ទុន​វិនិយោគ។

លោក កឹម សុខា យល់​ថា ប្រជាជន​កម្ពុជា ជាង ១៤​លាន​នាក់​នឹង​មាន​ការងារ​ក្នុង​ស្រុក​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ចំណាក​ស្រុក​នៅ​ពេល​មាន​វិនិយោគ​បរទេស​ច្រើន៖ «គេ​ចាំមើល​តែ​ប្រព័ន្ធ​ដឹកនាំ​ស្រុក​យើង​ទេ ឲ្យ​តែ​ប្រព័ន្ធ​នីតិរដ្ឋ​ត្រឹមត្រូវ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ​គេ​អ្នក​រក​ស៊ី​ត្រឹមត្រូវ​គេ​មក​ធ្វើការ​ត្រឹមត្រូវ ផល​ប្រយោជន៍​បាន​មក​ជាតិ​យើង​ហើយ»

អង្គការ​សហប្រជាជាតិ​នៅ​តែ​មើល​ឃើញ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ទាន់​មាន​ល្អ​ប្រសើរ​នៅ​ឡើយ។ ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​អ្នក​រាយការណ៍ ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស សុទ្ធតែ​បាន​លើក​ឡើង​នូវ​ក្ដី​បារម្ភ​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។