ក្រុម​យុវជន​សង្គម​ជាង​១០០​នាក់​ធ្វើ​យុទ្ធនាការ​រត់​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​តំបន់​អង្គរ

ក្រុម​យុវជន​សង្គម​ជាង​១០០​នាក់​ធ្វើ​យុទ្ធនាការ រត់​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី នៅ​តំបន់​អង្គរ ដោយសារតែ​ពួកគាត់​មើល​ឃើញ​ថា សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​មិន​ទាន់​ល្អ​នូវ​ឡើយ ខណៈ​ដែល​សកម្មជន​សង្គម អ្នកនយោបាយ និង​អ្នក​សារព័ត៌មាន​ជាដើម តែងតែ​ទទួល​រង​នូវ​ការ​រំលោភ​បំពាន ដោយ​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​រដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច។

ក្រុម​យុវជន​ជាង ១​រយ​នាក់​(១២០​នាក់​) ដែល​មក​ចូលរួម​ក្នុង​«​យុទ្ធនាការ​ពណ៌​ស្វាយ រត់​ដើម្បី​សិទ្ធិ​ស្ត្រី​» ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​នេះ រំពឹង​ថា ស្ថាប័នរដ្ឋ និង​រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​គោរព​ស្ត្រី ហើយ​ចូលរួម​ដោះស្រាយ​បញ្ហា​ការ​រំលោភបំពាន ដូចជា​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ និង​ការ​ធ្វើទុក្ខបុកម្នេញ​តាមរយៈ​រូបភាព​ផ្សេងៗ​មក​លើ​ស្ត្រី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ស្ត្រី និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នក​រៀបចំ​កម្មវិធី​យុទ្ធនាការ​ពណ៌​ស្វាយ​រត់​ដើម្បី​ស្ត្រី និង​ជា​ប្រធាន​សកម្ម​វិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា CYN លោក ម៉ើ ចាន់ដារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ ខែ​មីនា ថា យុទ្ធនាការ​រត់​ដើម្បី​សិទ្ធិ​ស្ត្រី​នេះ គឺ​មាន​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​យុវជន និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ តាមរយៈ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ស្ត្រី និង​ការ​ចែករំលែក​ពី​បញ្ហា​ប្រឈម​នានា ដែល​សកម្មជន​សង្គម​ជា​ស្ត្រី ធ្លាប់​បាន​ជួបប្រទះ​កន្លង​ទៅ ហើយ​ពុំ​មាន​ការ​អើពើ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក​បន្ត​ថា បច្ចុប្បន្ន ដ្បិតថា​រដ្ឋាភិបាល​ប្រកាស​ក្ដែងៗ​ថា កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី ដូចគ្នា​នឹង​បុរស​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា ស្ត្រី​នៅតែ​បន្ត​រងគ្រោះ​ពី​សំណាក​អ្នក​មាន​លុយ​មាន​អំណាច​។ លោក​បន្ត​ថា ជាពិសេស ស្ត្រី​ដែល​ចូលរួម​ការងារ​សង្គម​ផ្សេងៗ ដូចជា នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី ក្រុម​សហជីព និង​អ្នកសារព័ត៌មាន​ជាដើម។ លោក​បញ្ជាក់​ថា បញ្ហា​ទាំងនេះ​ហើយ ដែល​យុវជន​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​គិតពិចារណា​ឡើងវិញ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ក៏ដូចជា​សិទ្ធិ​ស្ត្រី ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ម៉ើ ចាន់ដារ៉ា៖ «ខ្ញុំ​មើល​ឃើញ​ថា បញ្ហា​ស្ត្រី​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង ដោយសារតែ​ស្ត្រី​ភាគច្រើន​គឺជា​ជន​រង់​គ្រោះ ហើយ​មិនសូវ​ទទួល​បាន​ការពារ​ដោយ​សិទ្ធិ​របស់​គាត់​ទេ។ អ៊ីចឹង​យុទ្ធនាការ​នេះ​នឹង​ចូលរួម​ផ្សព្វផ្សាយ​របស់​គាត់​ចំនួន ១​រយ​ផ្សេងៗ​គ្នា និង​ដើម្បី​ឱ្យ​មាន​ការ​ចូលរួម​គោរព​សិទ្ធិ​ស្ត្រី​បន្ថែម ជាពិសេស​ចូលរួម​ផ្ដល់​ឱកាស​កិច្ច​សហការ និង​ការ​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​សិទ្ធិ​ស្ត្រី​ឱ្យ​បាន​ពេញលេញ»។

យុទ្ធនាការ​ពណ៌​ស្វាយ​រត់​ដើម្បី​ស្ត្រី​នេះ បាន​ធ្វើឡើង​រយៈពេល​ជាង ៣​ម៉ោង​នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា ដែល​ចាប់ផ្ដើម​រត់​ពី​ចំណុច សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្រុង​សៀមរាប ឆ្ពោះទៅ​ខ្លោងទ្វារ ទន្លេ​អុំ ជាប់​នឹង​ប្រាសាទ​បាយ័ន។ អ្នកចូលរួម​ជាង ១​រយ​នាក់ (១២០​នាក់​) ហើយ​ស្ត្រី​៩០​ភាគរយ។ ពួកគាត់​ពាក់អាវ​ពណ៌​ស​លាយ​ស្វាយ ភ្ជាប់​ដោយ​ពាក្យ​ស្លាក​«​យុទ្ធនាការ​ពណ៌​ស្វាយ​រត់​ដើម្បី​សិទ្ធិ​ស្ត្រី​»។ យុវជន​ដែល​ចូលរួម​ទាំងនោះ​មកពី​តំបន់​ផ្សេងៗ​គ្នា ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ កំពង់ចាម និង​រាជធានី​ភ្នំពេញ។

ស្រដៀង​គ្នា​នេះ យុវតី​ម្នាក់ទៀត​កញ្ញា ឌី រុចារ្យសុជិនី ដែល​បាន​ចូលរួម​យុទ្ធនាការ​រត់​ដើម្បី​សិទ្ធិ​ស្ត្រី​ដែរ​នោះ លើកឡើង​ថា យុទ្ធនាការ​នេះ​មាន​ការ​ចាប់អារម្មណ៍​ចូលរួម​ច្រើន​ពី​សំណាក់​យុវជន​ដោយ​ស្ម័គ្រចិត្ត។ កញ្ញា​ទទូច​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កិច្ចការ​នារី​គួរតែ​ពង្រឹង​វិធានការ​នានា​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ឱ្យ​ទទួល​បាន​យុត្តិធម៌​គ្រប់​វិស័យ។ កញ្ញា​មិន​ចង់​ឃើញ​ទង្វើ​រំលោភ​បំពាន់​មក​លើ​ស្ត្រី​ពី​សំណាក​អ្នកមាន​លុយ​មាន​អំណាច​តាម​តែ​អំពើ​ចិត្ត​បែបនេះ​ទៀត​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ស្ត្រី​ភាគច្រើន​រងគ្រោះ​ដោយ​អយុត្តិធម៌។

កញ្ញា ឌី រុចារ្យសុជិនី៖ «ជាពិសេស​នៅក្នុង​ជួរ​រដ្ឋាភិបាល ឬ​មុខតំណែង​ផ្សេងៗ ភាពជា​ស្ត្រី​ដែល​គាត់​ជា​អ្នកដឹកនាំ​ហ្នឹង​គឺ​អត់​ទាន់​មាន​ច្រើន​ទេ នៅ​មាន​តិច​ជាង​បុរស នេះ​គឺជា​អ្វី​ដែល​យើង​គួរតែ​ជំរុញ​បន្ថែម»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​រត់​ដើម្បី​សិទ្ធិ​ស្ត្រី របស់​យុវជន​នេះ​គឺជា​គំរូ​ល្អ​មួយ​នៅ​សង្គម ខណៈ​ដែល​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស ឬ​សិទ្ធិ​ស្ត្រី​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ។ លោក​បន្ត​ថា ជាពិសេស​ស្ត្រី​ដែល​ហ៊ាន​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ឬ​អ្នក​មាន​លុយ​មាន​អំណាច គឺ​តែងតែ​ទទួលរង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ទាមទារ​របស់​យុវជន​ទាំងនោះ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការគោរព​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា បាន​ល្អ​ប្រសើរ។

លោក យង់ គិមអេង៖ «យើង​នៅ​មាន​បញ្ហា​ដែល​ត្រូវ​កែ​លម្អ​ឡើងវិញ ហើយ​នៅ​មាន​បញ្ហា​ដែល​ត្រូវ​ធ្វើ​ឱ្យ​ឃើញ​អំពី​យុត្តិធម៌​ជាក់លាក់​បន្ថែម​ទៀត ដល់​សកម្មជន​ជា​ស្ត្រី ដែល​ទទួលរង​នូវ​អំពើ​ហិង្សា ក៏ដូចជា​មាន​រូបភាព​ធ្វើ​ទុក្ខបុកម្នេញ​មួយ​ចំនួន​ទៅ​លើ​គាត់​កន្លង​មក»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែមីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

អ្នកវិភាគ និង​ប្រជាពលរដ្ឋ​មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​ថ្លែង​ថា កម្ពុជា​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​លោក ជិត​៤០​ឆ្នាំ ថា មាន​ការគោរព​សិទ្ធិ​ស្ត្រី​បាន​ល្អ​ប្រសើរ ដូចគ្នា​នឹង​បុរស​ក៏ដោយ តែ​ជាក់ស្ដែង​ក្រុម​កម្មករ​សហជីព ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី សកម្មជន​បរិស្ថាន និង​សកម្មជន​បក្ស​ប្រឆាំង​ជាដើម នៅតែ​បន្ត​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ តាមរយៈ​ការ​ប្រមាថ ប្រើ​អំពើ​ហិង្សា និង​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​។ ដូចជា​ក្រុម​កម្មករ​សហជីព​ណាហ្គាវើល៍ ដែល​តែងតែ​សកម្ម​ទាមទារ​ដោះស្រាយ​វិវាទ​ការងារ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ សុទ្ធសឹងតែ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ឯក​បក្ស​គំរាម ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ពន្ធនាការ។ កាល​ពី​ថ្មីៗ អ្នកសារព័ត៌មាន​ជា​ស្ត្រី​ម្នាក់​នៅ​វិទ្យុ​វីអូឌី (VOD) ក៏​ទទួល​រង​ការប្រមាថ​មើល​ងើយ ប៉ុន្តែ ពុំ​មាន​ក្រសួង​ណាមួយ​ចេញមុខ​មក​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។