ក្រុមយុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ ស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអនុញ្ញាតឲ្យពួកគេបានចេញទទួលពានរង្វាន់កម្រិតអន្តរជាតិនៅប្រទេសស៊ុយអែត(Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិលថា ក្រសួងយុត្តិធម៌ និងតុលាការគួរតែអនុញ្ញាតឲ្យក្រុមយុវជន បានទៅទទួលពានរង្វាន់ដោយផ្ទាល់ ដើម្បីបង្ហាញទៅពិភពលោកថា កម្ពុជាមានធនធានយុវជន ដែលមានឆន្ទៈការពារបរិស្ថាន។
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ១០នាក់ នៅរសៀលថ្ងៃទី៦ តុលា បានប្រមូលផ្ដុំគ្នានៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត (Sweden)។
ក្រុមយុវជនចលនាមាតាធម្មជាតិនៅថ្ងៃនេះ បានរុំដៃ និងជើងដោយច្រវាក់ ដង្ហែគ្នាជាជួរក្រោមដំណក់ទឹកភ្លៀង បង្ហាញពីសិទ្ធិសេរីភាពរបស់យុវជននៅប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងការរឹតត្បិតកម្រិតធ្ងន់ធ្ងរមួយ។
ការដង្ហែញត្តិទៅក្រសួងយុត្តិធម៌នេះ ក៏ត្រូវបានឃ្លាំមើលពីមន្ត្រីអង្គការសង្គមស៊ីវិលរួមមាន អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) មជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា(CCHR) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរជាដើម។
ពួកគេទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋតាមដងផ្លូវ ហើយពលរដ្ឋបានសួរនាំថា តើយុវជនទាំងនោះកំពុងធ្វើអ្វី?។ រំពេចនោះស្រាប់តែសមត្ថកិច្ចស្លៀកពាក់ស៊ីវិលថា ពួកហ្នឹងជាក្រុមបម្រើផលប្រយោជន៍បរទេស និងនាំរឿងអាក្រក់ៗរបស់កម្ពុជាទៅឆាកអន្តរជាតិ។ ក្រុមយុវជនបានលើកឡើងថា ពួកគេមិនមែនស៊ីឈ្នួលបម្រើប្រយោជន៍បរទេសនោះទេ ពោលគឺពួកគេត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ជាអ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ ហើយមានតែកម្ពុជាទេ ដែលចាត់ទុកយុវជនទាំងនោះជា អ្នកបម្រើផលប្រយោជន៍បរទេស។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា ការដែលក្រុមយុវជន នៅតែបន្តទាមទារឲ្យក្រសួងយុត្តិធម៌ ជំរុញដល់តុលាការអនុញ្ញាតឲ្យក្រុមយុវជនចលនាមាតាធម្មជាតិបានទៅទទួលពានរង្វាន់ដោយផ្ទាល់នៅប្រទេសស៊ុយអែត គឺជារឿងចាំបាច់មួយ សម្រាប់នាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ និងបង្ហាញថា កម្ពុជា មានធនធានយុវជនក្លាហានចេញមុខការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ។
លោក ថុន រដ្ឋា៖ «យើងកំពុងតែយកលិខិត ដើម្បីដាក់ម្ដងទៀតទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការទាមទារឲ្យមានការស្នើសុំអន្តរាគមន៍ម្ដងទៀតឲ្យពួកយើងអាចចាកចេញទៅប្រទេសស៊ុយអែត ដើម្បីទៅទទួលពានរង្វាន់ដោយផ្ទាល់បានបាទ»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេនៅថ្ងៃទី៦ តុលា។
ទោះជាយ៉ាងណា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា មានប្រសាសន៍ថា ការអនុញ្ញាតឲ្យក្រុមយុវជនបានទៅទទួលពានរង្វាន់កម្រិតពិភពលោកនេះ គឺនឹងនាំកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លោកស្នើដល់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ គួរតែអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់ដោយផ្ទាល់។
លោក សួន យុធ្យា៖ «ខ្ញុំយល់ថា ក្រសួងយុត្តិធម៌ ឬក៏ស្ថាប័នតុលាការហ្នឹង លោកគួរតែពិចារណាម្ដងទៀតឡើងវិញ ដោយយកចិត្តទុកដាក់បំផុតព្រោះលោកមិនអាចសម្រេចត្រឹមចារមកថា មិនមានភាពចាំបាច់នោះទេ ដែលមិនឲ្យពួកគាត់ទៅ លោកត្រូវមានអង្គច្បាប់ អង្គហេតុច្បាស់លាស់ពន្យល់មកសាធារណជន ក៏ដូចជាពួកគាត់»។
យុវជនមាតាធម្មជាតិទាំងនោះបាននាំគ្នាដាក់ញត្តិនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ កញ្ញា ដើម្បីសុំការអនុញ្ញាតចាកចេញពីប្រទេសកម្ពុជាទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) នៅក្រៅប្រទេស។ ប៉ុន្តែនៅថ្ងៃទី២ ខែតុលា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានច្រានចោលសំណើរបស់យុវជនចលនាមាតាធម្មជាតិ ដោយចាត់ទុកថា គ្មានភាពចាំបាច់ និងមិនអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់នោះដោយផ្ទាល់នោះទេ។
ទោះជាយ៉ាងនេះក្ដី យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល នៅតែទទូចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញដល់តុលាការដើម្បីឲ្យក្រុមយុវជនចលនាមាតាធម្មជាតិ បានទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតពិភពលោកដោយផ្ទាល់នៅប្រទេសស៊ុយអែត(Sweden)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។