ក្រុមកូដករណាហ្គាវើលដ៍ រិះគន់ចំពោះការបំភ្លឺរបស់ក្រសួងការងារ ពាក់ព័ន្ធនឹងវិវាទការងារ ថាគ្មានទទួលខុសត្រូវ ដោះសារយករួចខ្លួន និងជាការគាំទ្រក្រុមហ៊ុនខុសច្បាប់ដែលរំលោភសិទ្ធិកម្មករខ្មែរ។ ការប្រតិកម្មនេះកើតមានបន្ទាប់ពីក្រសួងការងារបានចេញលិខិតចំហមួយដាក់បន្ទុកទៅលើក្រុមកូដករថាធ្វើការតវ៉ាខុសច្បាប់ក្នុងអំឡុងពេលក្រសួងកំពុងធ្វើការ បណ្ដាលឱ្យការដោះស្រាយវិវាទគ្មានលទ្ធផល។ មន្ត្រីសហព័ន្ធសហជីពថា ការបំភ្លឺរបស់ក្រសួងមានភាពលម្អៀងទៅខាងក្រុមហ៊ុនបរទេស និងគ្មានឆន្ទៈរកដំណោះស្រាយពិតប្រាកដឱ្យកម្មករនិយោជិកនោះឡើយ។
បើទោះបីឆ្លងកាត់ការ សម្របសម្រួលវិវាទការងាររវាងក្រុមកូដករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនដងទៅហើយក្ដី ក៏បញ្ហាដ៏រ៉ាំរៃមួយនេះនៅមិនទាន់ឃើញមានដំណោះស្រាយសមស្របណាមួយសម្រាប់កូដករ ដែលបន្តការតវ៉ា ជាង១រយនាក់នេះនៅឡើយ។ ប៉ុន្តែក្រសួងការងារបែរជាព្យាយាមចោទប្រកាន់ និងដាកបន្ទុក ទៅឱ្យក្រុមកូដករតាមរយៈលិខិតបំភ្លឺរបស់ខ្លួនជំនួសឱ្យការដោះស្រាយទៅវិញ។
កូដករណាហ្គាវើលដ៍ម្នាក់គឺកញ្ញា ម៉ៅ សុធានិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ តុលា ថា សេចក្ដីបំភ្លឺរបស់ក្រសួងការងារនេះ មានភាពលម្អៀង និងដើម្បីការពារមុខមាត់របស់ក្រសួងមួយនេះតែប៉ុណ្ណោះ។កញ្ញាថា ក្រុមហ៊ុនធ្វើបែបនេះដោយសារគេមានបំណងលុបបំបាត់សហជីព ដោយប្រើវិធីបញ្ឈប់បុគ្គលិកណាដែលជាប់ពាក់ព័ន្ធ ឬមានការការពារពីសហជីព។ ទោះជាបែបនេះក្ដី ក្រសួងការងារហាក់មិនអើពើ ស៊ើបអង្កេត និងដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់នោះឡើយ បែរជាមកលាបពណ៌ ដោយចោទប្រកាន់ថា ក្រុមកូដករថានាំគ្នាធ្វើកូដកម្មដោយខុសច្បាប់ទៅវិញ។ កញ្ញាលើកឡើងថា លិខិតបំភ្លឺនេះកំពុងបង្ហាញថាក្រសួងការងារអសមត្ថភាពធ្វើការ និងព្យាយាមដោះសារយករួចខ្លួន ថែមទាំងបានបំភ្លៃខុសការពិតទាំងស្រុង៖ « ស្នើសុំឱ្យក្រសួងការងារប្រើចំណេះដឹងខ្លួនឯងដែលបានរៀនមកពីក្រៅស្រុកឬថ្នាក់បណ្ឌិតអីលើសលប់ហ្នឹង មកបញ្ចេញសមត្ថភាពដោះស្រាយរឿងវិវាទការងារតូចមួយហ្នឹងឱ្យចេញទៅកុំឱ្យអូសបន្លាយអ៊ីចឹង។ បើសិនជាមិនអាចរកយុត្តិធម៌ឱ្យកម្មករខ្មែរបានទេសួរថាបង្កើតក្រសួងមកធ្វើអី?បង្កើតមកនាំតែខាតធនធានរដ្ឋហ្នឹង»។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីក្រសួងការងារចេញលិខិតបំភ្លឺនៅថ្ងៃទី១ តុលា ថា ការជាប់គាំងកន្លងមករវាងភាគីក្រុមកូដករនិងភាគីក្រុមហ៊ុន មិនមែនជាការព្រងើយកន្តើយរបស់ក្រសួងការងារនោះឡើយ។ ក្រសួងបន្តថា ក្រុមការងារដោះស្រាយវិវាទបានព្យាយាមរកដំណោះស្រាយ ទៅតាមតួនាទីដែលកំណត់ដោយច្បាប់ និងការទាមទាររបស់ភាគីទាំងពីរ ប៉ុន្តែមានការជាប់គាំងដោយសារតែគូភាគីវិវាទមិនមានឆន្ទៈក្នុងការដោះស្រាយទៅតាមនីតិវិធី។ យ៉ាងណាក្រសួងមួយនេះ ហាក់ចង់បង្ហាញថាបញ្ហាចម្បងដែលបណ្ដាលឱ្យមានការជាប់គាំង គឺបណ្ដាលមកពីការធ្វើកូដកម្មរបស់អតីតបុគ្គលិកដែលត្រូវបានក្រុមហ៊ុនបញ្ឈប់។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងប្រធានអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសើការបំភ្លឺបានឡើយ នៅថ្ងៃទី៣ ខែតុលា។
វិវាទការងាររវាងអតីតបុគ្គលិកណាហ្គាវើលដ៍ ជាមួយថៅកែបរទេសមួយនេះ បានអូសបន្លាយជិត១ឆ្នាំមកហើយ ព្រោះក្រុមហ៊ុនបនល្បែងមួយនេះ មិនព្រមទទួលយកអតីតបុគ្គលិកជាង១រយនាក់ (១២៩នាក់) ឱ្យចូលធ្វើការវិញឡើយ ដោយសារអតីតបុគ្គលិកទាំងនោះ មានរចនាសម្ព័ន្ធ ដែលទទួលបានការការពារសិទ្ធិការងារពីសហជីព។ ក្រុមហ៊ុនធ្លាប់បកស្រាយថា ការបញ្ឈប់បុគ្គលិកនេះ ដោយសារវិបត្តិជម្ងឺកូវីដ១៩ បណ្ដាលឱ្យចំណូលក្រុមហ៊ុនធ្លាក់ចុះ។ ទោះជាយ៉ាងនេះក្ដី ការបកស្រាយនេះត្រូវបានសង្គមស៊ីវិល មើលឃើញថា ជាការគុហក់ទាំងបំពាន ព្រោះ ក្រុមហ៊ុនមួយនេះបានកាសជ្រើសរើសបុគ្គលិកថ្មីចូលធ្វើការន្ថែមទៅវិញ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលមើលឃើញថា បុគ្គលិកដែលចូលធ្វើការថ្មីនេះ នឹងប្រឈមពីការរំលោភសិទ្ធិការងារ ព្រោះបុគ្គលិកទាំងនោះ មានតែកិច្ចសន្យាការងាររយះពេលខ្លី និងមិនមានសហជីពនៅការពារដល់ពួកគេឡើយ។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ឃើញថា ក្រុមហ៊ុនមានបំណងកម្ទេចក្រុមសហជីព ដោយមានការចូលរួមពីក្រសួងការងារដោយប្រយោល។ អ្នកស្រីបន្តថា ក្នុងនាមជាស្ថាប័នរដ្ឋបម្រើប្រជារាស្ត្រ ក្រសួងការងារមានតួនាទីដោះស្រាយបញ្ហាផ្សេងៗដែលកម្មករខ្មែរជួបប្រទះ ជាពិសេសនៅពេលពួកគេរងការរំលោភសិទ្ធិពីថៅកែបរទេស។ ប៉ុន្តែអ្នកស្រីសង្កេតឃើញថា ក្រសួងមួយនេះបែរជាមិនអើពើ និងព្យាយាមគេចវេស មានចេតនាមិនដោះស្រាយបញ្ហានោះឡើយ៖ « សួរថាភាគី (ក្រុមហ៊ុន) មានចេតនាអី ឬក៏ក្រសួងការងារអត់បានដឹងរឿងហ្នឹងទេ ឬក៏ដឹងហើយធ្វើព្រងើយកន្តើយ ឬគេងលក់?»។
កាលពីខែមេសា ឆ្នាំ២០២១ក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសកាត់បន្ថយបុគ្គលិកក្នុង១២ផ្នែកដែលមានចំនួន១ពាន់៣រយ២៩នាក់ ក្រោមហេតុផលមានបញ្ហាហិរញ្ញវត្ថុបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។ ជាង១ពាន់នាក់នៃបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ សុទ្ធសឹងជាសមាជិក សកម្មជន បេសកជន និងប្រធានសហជីព។ អស់រយៈពេលជាង១ឆ្នាំមកនេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលបានដំណោះស្រាយពិតប្រាកដណាមួយនោះឡើយ បើទោះបីមានការធ្វើកូដកម្ម និងការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់។
លើសពីនេះក្រុមកូដករបានរងការចោទប្រកាន់ក្នុងក្រមព្រហ្មទណ្ឌ រងការប្រើប្រាស់អំពើហិង្សាពីសំណាក់ក្រុមសន្តិសុខ និងអាជ្ញាធររបបក្រុងភ្នំពេញយ៉ាងអាណោចអាធម រហូតដល់ថ្នាក់មានអ្នករងរបួស សន្លប់ធ្ងន់ធ្ងរ និងស្ត្រីម្នាក់បានរលូតកូន។ អំពើបែបនេះមិនត្រូវបានរដ្ឋាភិបាលចាត់ការដោះស្រាយតាមផ្លូវច្បាប់នោះឡើយ ផ្ទុយទៅវិញអាជ្ញាធរតែងគេចាត់ទុកការតវ៉ាដើម្បីទាមទារយុត្តិធម៌ និងការគោរពសិទ្ធិការងារជារឿងខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។