ក្រុម​កូដករ​ណាហ្គាវើលដ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​ការងារ

0:00 / 0:00

ក្រុម​កូដករណាហ្គាវើលដ៍​បាននាំគ្នា​រំឭកខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែងរក​ដំណោះ​ស្រាយ​វិវាទ​ការងារ​នៅមុខ​អគារ​ក្រុមហ៊ុន​នៅថ្ងៃទី១៨ ខែធ្នូ។ ​ពួកគាត់​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​មេ​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ដាក់​សម្ពាធ​លើ​កូដករ ព្រម​ទាំង​ស្នើដល់​ម្ចាស់ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ចេញមក​បញ្ចាប់​វិវាទ​ការងារ​មួយនេះ​ឱ្យ​បាន​ឆាប់​រហ័ស។ មន្រ្តីសង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​ផ្នែក​តាម​នីតិវិធី​ច្បាប់។

គិត​ត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ គឺមានរយៈពេលមួយឆ្នាំ​ហើយដែល​ក្រុមកូដរ​ណាហ្គាវើលដ៍ (Naga World) ចេញ​ធ្វើកូដកម្ម​ដើម្បីទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បនល្បែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​គោរព​ច្បាប់​ការងារ។ ក្រុម​កូដករ​បាន​នាំគ្នា​កាន់តែ​ទុក្ខដោយ​ស្លៀកពាក់​ខោអាវ​អ្នកទោសអម​ដោយ​ដៃពួកគេ​កាន់​បដានិង​ប៉ោងប៉ោង​ពណ៌​ស-ខ្មៅអម​ដោយ​សំឡេង​ត្រែ ស្គរ និង​សម្រែក​ទាមទារ​ឱ្យ​តុលាការ​ដោះលែងនិង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កញ្ញា ឈឹម ស៊ីថរ និង​សកម្មជន​សហជីពបញ្ឈប់​អំពើ​ហិង្សា​លើ​កូដករព្រមទាំង​ស្នើឱ្យ​ម្ចាស់ក្រុមហ៊ុនទទួលយកថ្នាក់ដឹ​កនាំនិង​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ។ចំណែក​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ស្លៀកពាក់​ឯកសណ្ឋាន​និងស៊ីវិល​រាប់​សិប​នាក់​តាម​ឃ្លាំមើល​ក្រុម​កូដករ​នៅ​កន្លែង​កូដកម្មដូច​លើក​មុនៗ​ដែរ។

កូដករណាហ្គាវើលដ៍​គឺ​កញ្ញា ម៉ែន សុធីវឌ្ឍនៈប្រាប់​វិទ្យុអាស៊ីសេរី​ថាក្រុម​កូដករ​បាន​ចេញ​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហាពី​ថៅកែក្រុមហ៊ុន​ណាហ្គាវើលដ៍​រយៈពេល​ជិត​ពីរ​ឆ្នាំ​នៅ​តាម​ក្រសួង​ស្ថាប័ននិង​ចេញ​តវ៉ារយៈពេល​មួយ​ឆ្នាំ​នៅ​កូដករ​នៅតែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ត្រឹមត្រូវ​តាម​ច្​បាប់​ការងារ។ កញ្ញា​បន្ត​មូលហេតុ​ក្រុម​កូដករ​មូលមតិ​គ្នា​រៀចំ​កម្ម​វិធី​កាន់​ទុក្ខដោយ​សារ​រយៈពេល​មួយ​ឆ្នាំ​មក​នេះ​កូដករ​ជួប​តែ​រឿង​ធ្វើ​បាបចោទ​ប្រកាន់និង​លាបពណ៌​ដោយសារ​ក្រសួង​ការងារ​អសមត្ថភាព​ដោះស្រាយ​បញ្ចាប់​វិវាទ​ការងារ​មួយ​នេះ។ កញ្ញា​ស្នើដល់​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​ការ​គំរាមកំហែង​លើ​កូដករ​និង​ជំរុញ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គោរពច្បាប់ការងារដើម្បីបញ្ចាប់​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖

«ក្នុង​ថ្ងៃខួប​មួយ​ឆ្នាំ​នៃការ​តវ៉ាដោយ​អហិង្សា​នៅ​ហ្នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង​ជាក់ស្តែង​គឺ​រយៈពេល​មួយ​ឆ្នាំ​ហ្នឹង​យើង​អត់​ទទួល​បាន​ដំណោះស្រាយ​ទេគឺ​មាន​តែការ​គំរាមកំហែង​ការ​រង​អំពើ​ហិង្សានិង​ការ​ចាប់​ដាក់​គុកអ៊ីចឹង​ហើយ​ទើប​ថ្ងៃនេះ​យើង​ពាក់​ឯកសណ្ឋាន​អ្នក​ជាប់​គុក​ហ្នឹង»។

កូដករ​ណាហ្គាវើលដ៍​ធ្វើការ​ផ្នែក​ចែក​បៀរ​ជាង​៤​ឆ្នាំគឺ​លោក ណាំ ទីវ័ន្ត ខកចិត្តជា​ខ្លាំង​ចំពោះ​ក្រសួង​ការងារ​ដែលមិន​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ឱ្យ​បាន​ចប់។ លោកឱ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​មក​នេះអាជ្ញាធរ​ក្រៅ​ពី​មិន​ផ្តល់​ដំណោះស្រាយ​នោះប៉ុន្តែ​បែរ​ជា​ចោទ​កូដករ​ថា ធ្វើកូដកម្ម​ខុស​ច្បាប់ហើយ​ថែមទាំង​តាម​រារាំងគំរាម​កំហែងជាពិសេស​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដាក់​ឲ្យ​កូដករ​បោះបង់​ការ​ទាមទារ​សិទ្ធិការងារ​និង​យុត្តិធម៌​នៅ​កន្លែង​ការងារ។ លោក ណាំ ទីវ័ន្ត អះអាងថា ពួកលោក​នៅ​តែ​បន្ត​ធ្វើ​កូកម្ម​រហូត​មាន​ដំណោះស្រាយ​ការងារ​ដើម្បី​ផលប្រយោជន៍​ដល់​កម្មករនិង​កុំថៅកែ​មាន​លុយ​រំលោភ​សិទ្ធិ​កម្មករ​តទៅ​ទៀត៖

«សូម​ឱ្យ​ក្រសួងការងារ​យក​ច្បាប់​ការងារ​មក​អនុវត្ត​ចំពោះ​ភាគី​ថៅកែ​ដោយ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករនិង​យក​ច្បាប់​មក​ដោះស្រាយ​មិនមែន​យក​លុយ​គុណ​មិន​ត្រឹមត្រូវ​តាម​សំណង​យក​មក​ឱ្យ​កម្មករ​ដើម្បី​បញ្ឈប់ការ​ធ្វើកូដកម្មនោះគឺពួកខ្ញុំមិន​ទទួល​យក​ដាច់​ខាត​រឿង​លុយ​ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​រឿង​លុយ​អ្នក​ណាក៏​ស្រឡាញ់ក៏ចង់​បាន​ដែរប៉ុន្តែ​ដោះដូរ​ជាមួយ​សិទ្ធិសេរីភាព​ការងារ​គឺ​ពួក​ខ្ញុំ​មិន​ព្រ​មដូរ​ជា​ដាច់​ខាត»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បីបក​ស្រាយ​ជុំវិញ​រឿងនេះ​បាន​ទេ​នៅ​ថ្ងៃទី១៨ ខែធ្នូ។

ប៉ុន្តែ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែងក្នុង​ពិធី​សំណោះសំណាល​មួយនៅ​ខេត្តបាត់បង​កាលពី​ថ្ងៃទី១៤ ខែធ្នូថា លោកថា រដ្ឋាភិបាល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដំណោះ​ស្រាយ​ល្អមួយ​ដោយ​ផ្តល់ប្រាក់​អតីភាព​ការងារនិង​ជួយ​សម្រប​សម្រួស​ឱ្យ​កូដករ​បាន​ចូល​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍និង​នៅ​កន្លែង​ការងារ​ថ្មី​ដែរតែ​រឿងនេះ​នៅ​តែ​មិន​អាច​បញ្ចាប់​បាន​ដោយ​សារ​បុគ្គល​មួយចំនួន​មិន​ព្រម​ទទួល​យក​នោះ​ទេ។ លោកអះអាងថា លោកបាន​ណែនាំឱ្យ​អាជ្ញាធរ​របស់​លោក​ការពារ​សិទ្ធិជូន​អ្នក​ធ្វើកូដកម្ម​ដោយ​មិន​ឱ្យ​កើត​មាន​ហិង្សា និងអត់ធ្មត់ខ្ពស់ ព្រមទាំង​ដើរ​តួ​អព្យាក្រឹត្យ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ភាគី​ថៅកែ​និង​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ៖

«វាអត់​មាន​លាក់​លៀមគឺ​ថាទី​មួយ​ឱ្យ​ពួកគា​ត់​ទទួល​យក​ប្រាក់​អតីតភាព​របស់​គាត់​សិនទៅទីពីរ​បើសិន​គាត់​ត្រូវ​ដូចជា​នៅ​ណាហ្គាវើលដ៍ឬ​កន្លែង​ផ្សេង​ត្រូវការ​រើស​បុគ្គល​យើង​ជួយ​អន្តរាមន៍​ដើម្បី​គាត់​បាន​ចូល​ធ្វើការគឺ​មាន​មួយចំ​នួន​ហើយ​ដែល​យើង​បាន​ធ្វើហើយ​ជោគជ័យសប្បាយចិ​ត្តហើយ​មាន​ចំនួន​មិន​សុខចិត្តជា​ពិសេស​ប្រធាន (កញ្ញា ឈឹម ស៊ីធរ) ហ្នឹង​តែម្នងគាត់​នៅតែ​មិន​ទទួល​នូវ​សំណើ​នេះក្នុងករណី​ណាហ្គាវើលដ៍​ទៅមុខគេរើស (បុគ្គលិក) យើង​ជួយ​អន្តរាគមន៍​ទៀតបើក​ចំហរ​អស់​ប៉ុណ្ណឹងតើ​គាត់​ចង់​បាន​អ្វី​ទៀតហ្​​​​​​នឹងហើយជាបញ្ហា»។

ទោះយ៉ាង​ណាក្រុម​កូដករ​លើកឡើង​ថាអាជ្ញាធរ​អសមត្ថភាព​និង​គ្មាន​ឆន្ទៈពិត​ប្រាកដ​ជំរុញ​ឱ្យ​ថៅកែមាន​លុយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​ធ្វើឱ្យ​បញ្ហា​នេះបាន​អូស​បន្លាយ​រយៈជាង​មួយ​ឆ្នាំដោយមិន​អាចបញ្ចប់​វិវាទ​ការងារ​ប្រព្រឹត្ត​ទៅតាម​ច្បាប់​និង​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នោះ​ទេ។ លើស​ពី​នេះពួកគេ​មើល​ឃើញ​ថាចំណាត់ការ​អាជ្ញាធរ​លម្អៀង​ទៅ​រក​ភាគី​ថៅកែព្រម​ទាំង​អូសបន្លាយ​ពេល​វេលា​ដោះស្រាយ​ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ដល់​អ្នក​តវ៉ា​ឱ្យ​ចុះ​ខ្សោយ​ដើម្បី​ឱ្យ​ពួកគេ​បង្ខំ​ចិត្ត​ទទួល​យក​សំណង​ជា​ប្រាក់​ដែល​ក្រុមហ៊ុន​ផ្តល់​ឱ្យ​មិន​ត្រឹម​ត្រូវ។

គិតមក​ទល់​ពេល​នេះក្រុម​កូដករបាន​ធ្វើកូដកម្ម​១​ឆ្នាំ​ហើយ​ប៉ុន្តែ​ពុំទទួល​បាន​ដំណោះ​ស្រាយ​នោះ​ទេ។ផ្ទុយ​ទៅ​វិញ អាជ្ញាធរ និង​ក្រុមហ៊ុនបានរួមគ្នា​ចោទ​ប្រកាន់​និង​ចាប់ខ្លួន​តំណាង​ក្រុម​កម្មករ​ជាង​១០​នាក់ដាក់​ពន្ធនាគារហើយថែម​ទាំង​ប្រើ​ហិង្សា​ឥតឈប់ឈរ​លើក្រុម​កូដករ​ភាគច្រើន​ជាស្ត្រី​បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្ត្រី​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ថ្មីៗ​នេះ ក្រុមហ៊ុន ក៏បានប្តឹង​ស្ត្រីកូដករ​៩នាក់​ទៅ​តុលាការពី​បទ «រំលោភ​លើ​លំ​នៅ​ឋានធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​ចាប់​ឃុំ​ឃាំងនិង​បង្ខាំង​ដោយ​ខុស​ច្បាប់»។

ជុំវិញ​រឿងនេះប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា មើលឃើញថា មូលហេតុ​ដែល​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​អាច​បញ្ចាប់​រហូត​មក​ដល់​ពេល​នេះដោយ​សារ​រដ្ឋាភិបាលនិង​ក្រសួង​ការងារ​មិន​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​រវាង​ភាគី​កម្មករ​និង​ថៅកែ​ក្រុមហ៊ុនខណៈបុគ្គលិក​មួយ​ចំនួន​បង្ខំ​ចិត្ត​ទទួល​យក​ដំណោះស្រាយ​ពី​ក្រសួង​រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​វិញ​ពួកគេ​ត្រូវ​រង​ការ​ដាក់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សម្ពាធ​ពី​អាជ្ញាធរ​ជា​ហូរ​ហែ។ លោកយល់ថា ការ​អូសបន្លាយ​បញ្ចប់​រឿង​នេះបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិការងារ​និង​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករ​ធ្ងន់ធ្ងរ។លោកអំពាវនាវ​ដល់​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បញ្ចប់វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធីនិង​ផ្នែក​តាម​នីតិ​វិធីច្បាប់ដើម្បី​កុំឱ្យ​ខាត​ផល​ប្រយោជន៍​គ្រប់​ភាគី​និង​បង្កើន​ជំនឿចិត្ត​ដល់​មហាជន​ចំពោះការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា៖

«វិវាទ​ការងារ​ទំហំ​ប៉ុណ្ណឹងរដ្ឋាភិបាលមួយ​ទាំងមូល​ដែល​មិន​អាច​ដោះស្រាយ​វិវាទកាងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឱ្យ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​កូដករនិង​ពលរដ្ឋខ្លួន​ឯងខ្ញុំគិតថាប៉ះពាល់​ដែល​បញ្ហា​មក​ពី​អសមត្ថភាពនិង​កម្សោយ​ក្នុងកា​រដោះ​ស្រាយនិង​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង។ខ្ញុំគិតថា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​ប្រព័ន្ធយន្តការ​ដោះស្រាយ​របស់​​រដ្ឋហើយ​មតិជាតិ​និង​អន្តរជាតិ​រិះគន់​ច្រើន​ជុំវិញ​បញ្ហា​ទាំង​អស់​ហ្នឹង​បាទ»។

ថ្មីៗនេះ ​សហរដ្ឋអាមេរិក និង​ស្ថានទូត​អូស្ត្រាលីរួមទាំង​សហព័ន្ធសហជីព​អន្តរជាតិ​មាន​សមាជិក​សហជីព​ប្រមាណ៣០០ស្ថាប័ន​មកពី​ប្រទេស​ជាង ១រយ (១២០) ទូទាំង​ពិភពលោក​ទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជាដោះលែ​​ងកញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សហជីព​កម្មករ​ទាំង​អស់និង​បើក​ឱ្យ​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគមនិង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី។ក្រុមអង្គកា​រផ្នែកសិទ្ធិមនុស្ស​​​​​​​ជាតិ អន្តរជាតិ សហជីព និង​បណ្ដាប្រទេស​ប្រជាធិបតេយ្យ​ធំៗមួយ​ចំនួនក៏មើល​ឃើញថាការ​បន្ត​ធ្វើ​ទុក្ខបុក​ម្នេញលើ​ក្រុម​កូដករណាហ្គាវើលដ៍ និងការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ គឺរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញដែល​មាន​ចែងធានា​គាំពារ​ដល់​សិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិបង្ហាញ​ទុក្ខ​កង្វល់​ទៅ​កាន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។