កូដករណាហ្គាវើលដ៍ជំរុញឱ្យរដ្ឋាភិបាលលុបចោលច្បាប់បាតុកម្មសន្តិវិធី បើមិនចង់ឃើញការធ្វើកូដកម្ម
2023.05.28
កូដករណាហ្គាវើលដ៍ (Nagaworld) លើកឡើងថា រដ្ឋាភិបាលគួរ តែលុបចោលច្បាប់បាតុកម្មដោយសន្តិវិធី ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញការធ្វើកូដកម្ម។ ការលើកឡើងនេះដោយសារតែ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសមេដឹកនាំ និងសមាជិកសហជីពឲ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណជិត ៤០នាក់ បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី២៦ ឧសភា ទោះបីមេដឹកនាំរបស់ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំក៏ដោយ។
ពួកគេស្លៀកពាក់អាវពណ៌ទឹកក្រូច ដែលជាអាវរបស់ពិរុទ្ធជន និងយកក្រណាត់ពណ៌ខ្មៅ ចងក្បាលគ្របលើភ្នែក និងមាត់ ដើម្បីបង្ហាញអំពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយបញ្ចេញមតិនិងដើម្បីបង្ហាញពីភាពអយុត្តិធម៌។ ពួកគេក៏ប្រើជញ្ជីងយុត្តិធម៌ដើម្បីថ្លឹងករណីវិវាទនេះ ដោយជញ្ជីងនោះផ្អៀងទៅខាងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានលុយច្រើន និងទុកឲ្យម្ខាងទៀតដែលជាកូដករទាមទារដើម្បីឆ្នាំងបាយចិញ្ចឹមក្រពះ រងភាពអយុត្តិធម៌។
តំណាងកូដករក្រុមហ៊ុន ណាហ្គាវើលដ៍អ្នកនាង ម៉ម សុវឌ្ឍិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ឧសភាថា ការចោទប្រកាន់ និងការកាត់ក្ដីលើតំណាងសហជីពណាហ្គាវើល៍ គឺជារឿងអយុត្តិធម៌។ អ្នកនាងបន្តថា ច្បាប់ស្ដីពីការងារ បានផ្ដល់សិទ្ធិសេរីភាព ឲ្យកម្មករធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារណាមួយ។
អ្នកនាង ម៉ម សុវឌ្ឍិន នៅតែទទូចឲ្យរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយដើម្បីបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមរោងចក្រ លោក ទេស រុក្ខាផល ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៦ ឧសភា។
ជុំវិញរឿងនេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា មានប្រសាសន៍ថា ការឃាត់ខ្លួន និងការចោទប្រកាន់លើក្រុមកូដករណាហ្គាវើលដ៍ គួរតែមិនត្រូវបានកើតឡើងតាំងពីដំបូងមកម្ល៉េះ។ លោកអះអាងថា បើពិនិត្យទៅលើច្បាប់ជាតិ-អន្តរជាតិ ការធ្វើកូដកម្មដោយសន្តិវិធីដើម្បីទាមទារផលប្រយោជន៍ណាមួយសម្រាប់កម្មករ គឺមិនខុសច្បាប់នោះទេ។
កាលពីថ្ងៃទី២៥ ឧសភា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្ដន្ទាទោសក្រុមសហជីពណាហ្គាវើលដ៍សរុប ៧ នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយតម្រូវឱ្យប្រធានសហជីព គឺកញ្ញា ឈឹម ស៊ីថរ ជាប់គុក ២ឆ្នាំ និងសមាជិកសហជីព ៦ នាក់ទៀតជាប់គុក ចន្លោះពីមួយឆ្នាំ ទៅមួយឆ្នាំកន្លះ។
ក្រុមអង្គការអន្តរជាតិសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា ការកាត់ទោសសមាជិកសហជីពណាហ្គាវើលដ៍នេះ ធ្វើឡើងដោយសារតែមូលហេតុតែមួយគត់ គឺការអនុវត្តសេរីភាពនៃការសម្តែងមតិ ការចងក្រងសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី។ ពួកគេអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យបដិសេធចោលការកាត់ទោសនេះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។