កូដករណាហ្គាវើលដ៍ (Naga World) កើតទុក្ខមិនសុខចិត្តចំពោះទង្វើរបស់មន្ត្រីប៉ូលិស ដែលបានទះកំផ្លៀង និងរុញស្ត្រីមានផ្ទៃពោះឲ្យមានរបួស ខណៈពួកគាត់តវ៉ាទាមទារឲ្យក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ឲ្យទទួលពួកគាត់ចូលធ្វើការវិញ។ក្រុមកូដករ និងអង្គការក្រៅរដ្ឋាភិបាល ថ្កោលទោសចំពោះទង្វើរបស់មន្ត្រីប៉ូលិស ដែលបានទះកំផ្លៀង និងរុញច្រានស្ត្រីមានផ្ទៃពោះរហូតដល់មានរបួសស្នាម ហើយរត់គេចខ្លួន ថា ជាទង្វើអមនុស្សធម៌ និងស្នើសុំឲ្យមានវិធានការផ្លូវច្បាប់ចំពោះមន្ត្រីទាំងនោះ។
មន្ត្រីសង្គមស៊ីវិល និងក្រុមស្ត្រីកូដករ មិនពេញចិត្ត ចំពោះអាជ្ញាធរប្រើហិង្សាទៅលើក្រុមស្ត្រីទន់ខ្សោយដែលចេញមកធ្វើកូដកម្ម និងស្នើដល់បុរសៗជាមន្ត្រីនគរបាលកងប្រដាប់អាវុធគ្រប់ប្រភេទ កុំប្រើកំហឹងដោយកម្រោលមកលើមនុស្សស្រី។ សង្គមស៊ីវិលស្នើដល់រាជរដ្ឋាភិបាល គួរតែអប់រំសីលធម៌វិជ្ជាជីវៈដល់មន្ត្រីប៉ូលិសថ្នាក់ក្រោមបន្ថែមទៀត ដើម្បីឲ្យមានការយល់ដឹងខ្ពស់ទាក់ទងនឹងតួនាទីរបស់ខ្លួនដែលជាអ្នកមើលសុខទុក្ខប្រជាពលរដ្ឋ មិនមែនមកធ្វើបាបពលរដ្ឋដូច្នេះទេ។
កូដករណាហ្គាវើលដ៍ កញ្ញា រឿន មុំម៉ារីណែត ដែលត្រូវអាជ្ញាធរបានទះកំផ្លៀងទាំងកម្រោលកាលពីរសៀលថ្ងៃទី១៩ ឧសភា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែឧសភា ថា កញ្ញាពិតជាមិនសុខចិត្តជាដាច់ខាត ចំពោះមន្ត្រីប៉ូលិសដែលបានជះកំហឹងទៅលើកញ្ញា ទាំងខ្វះក្រមសីលធម៌ជាមន្ត្រីរាជការ។ កញ្ញាបន្តថា ក្រុមបុគ្គលិកណាហ្គាវើលដ៍ មកធ្វើកូដកម្ម ស្របតាមច្បាប់របស់ប្រទេស ដូច្នេះ គួរតែអាជ្ញាធរមកការពារទើបត្រឹមត្រូវ មិនមែនមកប្រើហិង្សារុញច្រានប្រមូលកូដករដាក់រថយន្តក្រុងដូច្នេះទេ៖ «វា ( ដៃ ) អត់ហើមទេ ប៉ុន្តែវាដូចនៅជាប់សរសៃម៉េចមិនដឹងទេ។ ( ដៃខ្ញុំ ) អាម៉ាចំហៀងខាងឆ្វេងសរសៃឆ្នូតដូចយើងកោសតាកអ៊ីចឹងម៉ាឆ្នូតហ្នឹងមកអ៊ីចឹងណា។ ចាស ! ខ្ញុំត្រូវតែដាក់ពាក្យបណ្ដឹងទៅលើរឿងទាំងអស់ហ្នឹងហើយ ព្រោះថា ការប្រើអំពើហិង្សាដែលសមត្ថកិច្ចប្រើមកលើរូបខ្ញុំហ្នឹងមិនមែនជាលើកទីមួយទេ គឺច្រើនដងហើយ ហើយចំណែកឯអធិការរងលោក ជន់ ប៊ុណ្ណា ក៏គាត់ជាអ្នកប្រើអំពើហិង្សាមកលើខ្ញុំដែរ ។ ហើយថ្ងៃដែលកើតហេតុកាលពីម្សិលមិញហ្នឹង គឺសុខៗស្រាប់តែដើរមកវៃខ្ញុំមិនដឹងពីមូលហេតុ។ អ៊ីចឹងខ្ញុំអត់អាចនៅស្ងៀមបានទេ ចំពោះរឿងហ្នឹង»។
កញ្ញា រឿន មុំម៉ារីណែត ត្រូវសមត្ថកិច្ចជាបុរសម្នាក់ទះកំផ្លៀងមួយដៃក្នុងពេលរុញច្រានកញ្ញាឡើងលើឡានក្រុង។ ពេលបង្កហិង្សារួចសមត្ថកិច្ចរូបនោះ បានរត់ចេញពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចផ្សេងទៀត បានព្យាយាមរារាំងមិនឲ្យក្រុមកូដករដេញតាមជនដៃដល់ឡើយ។
កូដករណាហ្គាវើលដ៍ម្នាក់ទៀត ដែលត្រូវបានអាជ្ញាធររុញច្រានធ្វើឲ្យប៉ះពាល់ដល់ផ្ទៃពោះធ្លាក់ឈាម លោកស្រី សុខ រតនា លើកឡើងថា ក្រោយកើតហេតុ លោកស្រីបានទៅពេទ្យពិនិត្យម្ដងហើយពេទ្យថា ទារកមានសុខភាពខ្សោយ។ លោកស្រីបញ្ជាក់ថា លោកស្រីដាច់ខាតមិនសុខចិត្តចំពោះទង្វើរបស់អាជ្ញាធរនោះទេ ហើយគាត់នឹងដាក់ពាក្យប្ដឹងនៅពេលឆាប់ៗនេះ ព្រោះពេលនេះលោកស្រីពុំទាន់មានកម្លាំងកំហែងនៅឡើយទេ។ លោកស្រីទទូចដល់មន្ត្រីនគរបាលមេត្តាកុំរារាំងក្រុមកូដករទៀត ទុកឲ្យក្រុមហ៊ុនដោះស្រាយជាមួយបុគ្គលិកទៅ អាជ្ញាធរគួរតែអាណិតរាស្ត្រទន់ខ្សោយផង៖ «ស្ត្រីទាមទារដើម្បីឲ្យក្រុមហ៊ុនមួយគោរពសិទ្ធិការងារ ហើយទាមទារដើម្បីសិទ្ធិការងារខ្លួនឯងផ្ទាល់នេះ ក៏ត្រូវអាជ្ញាធរមកធ្វើអំពើហិង្សាវៃដំច្រំធាក់បោចសក់អីគ្រប់សព្វបែបយ៉ាង។ បើជើងវិញបងអើយ ! ស្នាមជាំពេញជើងអស់ហើយមួយៗ ហ្នឹងហើយការតស៊ូមតិដែលឲ្យក្រុមហ៊ុនមួយហ្នឹងចេះគោរពច្បាប់ស្រុកខ្មែរ ព្រោះគាត់មកគាត់អត់បានស្ពាយច្បាប់ពីស្រុកគាត់អាចមកអនុវត្តទេ គាត់ត្រូវអនុវត្តតាមច្បាប់ស្រុកខ្មែរយើង ព្រោះគាត់មកបោះសសររកស៊ីនៅស្រុកយើង។ អ៊ីចឹងគាត់ត្រូវគោរពច្បាប់ស្រុកយើង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យមន្ត្រីអគ្គស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ លោក សាន សុខសីហា ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះ បានទេនៅរសៀលថ្ងៃទី២០ ឧសភា ដោយ ទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ការប្រើអំពើហិង្សាទាំងឥតអៀនខ្មាសរបស់អាជ្ញាធរក្រុងភ្នំពេញ ទៅលើស្ត្រីកូដករណាហ្គាវើលដ៍នេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ប្រុក វ៉ាន្នី យល់ឃើញថា ទង្វើរបស់មន្ត្រីប៉ូលិសរូបនោះ អាចធ្វើឲ្យខូចកិត្យានុភាពមន្ត្រីល្អៗនៅក្នុងជួររាជរដ្ឋាភិបាល ដូចពាក្យស្លោកថាត្រីមួយស្អុយ ត្រីមួយកន្ត្រកស្អុយដែរ។ អ្នកស្រីបញ្ជាក់បន្ថែមថា សង្គមខ្មែរ ជាសង្គមមួយដែលមានសីលធម៌ សុជីវធម៌ខ្ពង់ខ្ពស់ ពុំគួរណាមានមនុស្សមួយក្រុម មកធ្វើឲ្យកករល្អក់សង្គមខ្មែរទាំងមូលនោះទេ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែចាត់វិធានការយ៉ាងណាឲ្យបានតឹងរ៉ឹង និងផ្ដន្ទាទោសដល់មន្ត្រីណាដែលប្រើហិង្សាមកលើពលរដ្ឋស្លូតត្រង់ ដើម្បីឲ្យប្រទេសជាតិមានភាពថ្លៃថ្នូរ សក្ដិសមជាប្រទេសដែលធ្លាប់មានអារ្យធម៌រុងរឿង៖ «កើតមកជាខ្មែរពិតជាមានសំណាងហើយ ប៉ុន្តែកុំនាំគ្នាធ្វើខ្លួនជាខ្មែរ ដែលទៅជាខ្មែរអសីលធម៌ កុំធ្វើខ្លួនជាខ្មែរដែលមានហិង្សា។ គួរតែរៀនសូត្រអំពីវប្បធម៌ អារ្យធម៌ខ្មែរ ដែលល្អ។ ហើយខ្ញុំជឿជាក់ទៀតថា ស្ថាប័នរបស់រាជរដ្ឋាភិបាលហ្នឹងក៏មិនមែនអប់រំមនុស្សឲ្យទៅជាអាក្រក់ដែរ។ ប៉ុន្តែវាដោយសារមនុស្សមួយចំនួនហ្នឹង គាត់មានសន្តានអ៊ីចឹង អាចជួនកាលថា សន្តានមកពីកំណើត ឬក៏អាចថាសន្តានដោយក្រុមក៏អាចដែរណាលោកណា៎»។
នៅរសៀលថ្ងៃទី២០ ខែឧសភាដដែល ក្រុមកូដករជាបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ជាង១រយ (១១៨)នាក់នៅតែចេញតវ៉ាទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយសមរម្យដល់ពួកគាត់ ប៉ុន្តែត្រូវបានអាជ្ញាធររាប់សិបនាក់ បន្តរារាំង និងរុញច្រានទាត់ធាក់ដោយហិង្សាលើពួកគាត់ដូចសព្វមួយដង។ មកទល់ពេលនេះ អាជ្ញាធរមិនត្រឹមតែមិនជួយដោះស្រាយវិវាទការងារនោះទេ ប៉ុន្តែថែមទាំងឈរការពារក្រុមហ៊ុន ហើយបង្កើនការលាបពណ៌ គំរាមកំហែង និងប្រើហិង្សាលើស្ត្រីកូដករទាំងនោះកាន់តែខ្លាំងឡើង។ អាជ្ញាធរតែងយករថយន្តក្រុងមកដឹកពួកគាត់ទៅទម្លាក់ចោលនៅជាយក្រុង ដល់រសៀលទើបដឹកក្រុមកូដករមកទម្លាក់ចោលនៅចំណតឡានម្ដុំវិមានសន្តិភាពវិញ ហើយឲ្យពួកគាត់រកមធ្យោបាយទៅផ្ទះដោយខ្លួនឯង។ ថ្ងៃខ្លះក្រុមកូដករដើររកបេះបន្លែតាមចិញ្ចើមថ្នល់ តាមមាត់ទន្លេយកមកបរិភោគ ដោយសារគ្មានថវិកាទិញម្ហូបអាហារ។ ក្រុមកូដករ ត្អូញត្អែរថា ជីវភាពពួកគាត់កាន់តែដុនដាបទៅ ព្រោះពុំមានការងារធ្វើអស់រយៈពេលជាងប្រាំខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។