កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​និង​គ្រោង​ចេញ​ដាក់​ញត្តិ​រក​ដំណោះស្រាយ

កូដករ​ណាហ្គាវើលដ៍​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅមុខ​ក្រុមហ៊ុន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ជាង ១​ឆ្នាំ​។ ទន្ទឹម​នឹង​នេះ​ពួកគាត់​គ្រោង​ចេញ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ស្ដីពី​ការងារ និង​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ឱ្យ​បាន​ឆាប់។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​យុត្តិធម៌ និង​ផ្អែក​តាម​ច្បាប់​ជា​ជាង​ចោទប្រកាន់​ណាមួយ​មក​លើ​កម្មករ​ដោយ​មិន​សម​ហេតុផល។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ ៥០​នាក់​នៅ​ថ្ងៃទី​១២ ខែ​ឧសភា បន្ត​ប្រមូល​ផ្តុំ​នៅ​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ពីរ​ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ងាក​មក​គោរព​ច្បាប់​ស្ដីពី​ការងារ និង​ទទួល​ពួកគាត់​ចូល​ធ្វើ​ការ​វិញ។

ក្រុម​កូដករ​បាន​ឈរ​លើក​បដា​រូបថត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដោយ​ឥត​លក្ខខណ្ឌ​ហើយ​អ្នកខ្លះ​ទៀត​យក​ស្លាបព្រា​វែក​វាយ​ចានឆ្នាំង​កង​រំពង​ជា​សំឡេង​ភ្លេង​លាន់​ឮ ពេញ​ដងផ្លូវ​ក្នុង​គោល​បំណង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ ដោយ​តម្លាភាព និង​យុត្តិធម៌​ពីព្រោះ​ពួកគាត់​ចាត់ទុក​រឿង​នេះ​ថា ជា​វិវាទ​ឆ្នាំង​បាយ​របស់​កម្មករ គឺ​មិនមែន​ជា​វិវាទ​នយោបាយ​ឡើយ។ ចំណែក​ក្រុម​សន្តិសុខ​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ជាច្រើន​នាក់​បាន​ដាក់​ឃ្លាំមើល​នៅ​ទីតាំង​នោះ ប៉ុន្តែ​សកម្មភាព​ទាំងនោះ​មិន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទេ។

ការ​តវ៉ា​របស់​កូដករ​នេះ​ស្រប​ពេល​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កំពុង​ទទួល​រៀបចំ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សម្រាប់​ការប្រកួត​វិញ្ញាសា​កីឡា​អេឡិចត្រូនិក (Mobile Legend) នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រៅពី​ចេញ​តវ៉ា​មុខ​អគារ​ក្រុមហ៊ុន​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​ក្រុម​កូដ​ករ​ក៏បាន​ធ្វើ​យុទ្ធនាការ​នៅ​តាម​បណ្ដាញ​សង្គម​ដោយ​បង្ហោះ​រូបថត​ភ្លើងពណ៌​ក្នុង​ព្រឹត្តិការណ៍​ស៊​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អម​ដោយសារ​លើកឡើង​ថា កម្ពុជា​ពេលនេះ​មើលទៅ​អស្ចារ្យ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ក្រឡេក​មើល​ទឹកភ្នែក​របស់​កម្មករ​ដែល​រស់​នៅ​លើ​ទឹកដី​នេះ។ ពួកគេ​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​រដ្ឋាភិបាល​ទុក​ពួកគាត់​ចោល។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga world) អ្នកស្រី ឈឹម សុខន ថ្លែង​ថា ទឹកចិត្ត​របស់​កូដករ​ពេល​នេះ​នៅតែ​រឹងមាំ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ​ណាហ្គា រហូត​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ។ អ្នកស្រី​ឱ្យ​ដឹង​ថា​ក្រៅពី​តវ៉ា​នៅមុខ​ក្រុមហ៊ុន​នោះ ក្រុម​កម្មករ​ក៏​គ្រោង​ពិភាក្សា​រៀបចំ​ញត្តិ​ដាក់​ទៅ​ស្ថានទូត​ម៉ាឡេស៊ី​ជួយ​កិច្ច​អន្តរ​គម​ន៍​នៅពេល​ខាងមុខនេះ​។​អ្នកស្រី​សង្ឃឹមថា​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​ដែល​កម្មករ​មើល​ឃើញ​ថា មាន​និន្នាការ​ប្រជាធិបតេយ្យ​នឹង​ជួយ​ជំរុញ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី អាច​បញ្ចប់​វិវាទ​ការងារ​ដើម្បី​កុំឱ្យ​ប៉ះពាល់​មុខមាត់​ប្រទេស​នេះ។

អ្នកស្រី ឈឹម សុខន៖ «(កូដ​ករ)មិនដែល​លូកលាន់​រឿង​នយោបាយ​ទេ ប៉ុន្តែ​នេះ​ជា​រឿង​វិវាទ​ឆ្នាំងបាយ​របស់​កម្មករ​អ៊ីចឹង​គាត់​(​រដ្ឋាភិបាល​)​គួរតែ​ដោះស្រាយ​ហើយ ជាពិសេស​ខែ​ខាងមុខ​ហ្នឹង​ដល់ ពេល​បោះឆ្នោត​ដើម្បី​រក​សំឡេងឆ្នោត អ៊ីចឹង​កម្មករ​ណាហ្គាវើលដ៍​ជា​ម្ចាស់​ឆ្នោត​ដែល​យើង​នឹង​ត្រូវ​ពិនិត្យ​មើល​ដែរ​នៅ​ពេល​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​ជុំវិញ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១២ ខែ​ឧសភា។

ទោះ​យ៉ាងណា​កូដករ​ណាហ្គាវើលដ៍​កញ្ញា ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កូដកម្ម​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ទោះបី​កូដករ​បាន​ជួប​បញ្ហា​ជីវភាព និង​ការ​បំភិតបំភ័យ​យ៉ាង​ណា​ក្តី ក៏​កម្មករ​មិន​រួញរា​ចេញ​រក​ដំណោះស្រាយ​នោះ​ឡើយ។ កញ្ញា​បន្ត​ថា អំពើ​អយុត្តិធម៌​ការរំលោភ​សិទ្ធិ​ការងារ និង​ចេតនា​របស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រំលាយ​សហជីព​ឯករាជ្យ​នៅ​កន្លែង​ការងារ​គឺជា​ដើម​ហេតុ​នាំ​កម្មករ​ចេញ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​មក​ដល់​សព្វថ្ងៃ​នេះ ខណៈ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​កន្លងមក​លម្អៀង​ទៅ​រក​ថៅកែ។ កញ្ញា ម៉ម សុវឌ្ឍិន យល់​ថា វិវាទ​ការងារ​អាច​ដោះស្រាយ​ដោយ​រលូន​បាន បើសិន​ស្ថាប័ន​ពាក់ព័ន្ធ​ឈរ​ជា​កណ្តាល​ដោះស្រាយ​ដោយ​ផ្អែក​តាមច្បាប់​ស្ដីពី​ការងារ។

កញ្ញា ម៉ម សុវឌ្ឍិន៖ «កូដកម្ម​នេះ​គឺជា​កូដកម្ម​តំណាង​ឱ្យ​សិទ្ធិ​ការងារ​ទាំងមូល បើសិនជា​ថៅកែ​បញ្ឈប់​សហជីព​បាន វា​គឺជា​គំរូ​ឱ្យ​សហគ្រាស​ផ្សេងទៀត​យក​គំរូ​តាម ហើយ​កូដកម្ម​ហ្នឹង​អត់​បញ្ចប់​ទៅបាន​ដោយ​គ្មាន​ដំណោះស្រាយ​ទេ អ៊ីចឹង​រូបភាព​កូដកម្ម​នៅតែ​មាន​ហើយ​បើសិន​ភាគី​រដ្ឋ​យកចិត្ត​ទុក​ជាង​ហ្នឹង​ឱ្យ​បាន​ច្រើន ដោយ​កុំ​កាន់ជើង​ថៅកែ​ហ្នឹង​ប្រាកដ​ណាស់​ជា​ដោះស្រាយ​បាន​លឿន»។

អ្នកឃ្លាំមើល​និង​ក្រុម​កូដករ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដោយ​យុត្តិធម៌​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ។ ផ្ទុយទៅវិញ​លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​វេទិកា​វាយប្រហារ​ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ថា ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​បរទេស​សម្រាប់​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​។ ចំណែក​ក្រុម​កូដករ​ច្រានចោល​ជា​បន្ត​បន្ទាប់ ហើយ​ចាត់ទុក​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ចោទប្រកាន់​លើ​កម្មករ​ដែល​ជា​ជនរងគ្រោះ​ថា ជា​រឿង​អយុត្តិធម៌​បន្ថែម​ទៀត​ជាពិសេស​ដាក់​សម្ពាធ​ឱ្យ​កម្មករ​បោះបង់​ការ​ទាមទារ​ឱ្យ​ថៅកែ​ងាក​មក​គោរព​ច្បាប់​ស្ដីពី​ការងារ។

ណាហ្គាវើលដ៍​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​។ ក្រុមហ៊ុន​នេះ​មាន​មណ្ឌល​កម្សាន្ត សណ្ឋាគារ និង​កាស៊ីណូ​ឬ​បន​ល្បែង​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រកស៊ី​រយៈពេល ៧០​ឆ្នាំ​នៅ​កម្ពុជា​។ នៅក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៧​បង្ហាញ​ថា ម្ចាស់​កាស៊ីណូ​ណាហ្គាវើលដ៍ មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូនលោក ហ៊ុន សែន កូនលោក សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន។ កូនៗ​លោក ហ៊ុន សែន ទាំង​៤​នាក់ ដែល​សារ​បែកធ្លាយ​បង្ហាញថា​មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ណាហ្គា​រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

ជុំវិញ​រឿង​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា កន្លង​មក​ក្រុម​កូដករ​បាន​អនុវត្ត​តាម​នីតិវិធី​មុន​ឈាន​ដល់​កូដកម្ម​ដោយ​សន្តិវិធី​ជាង ១​ឆ្នាំ ដោយ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌ និង​ដំណោះស្រាយ​បញ្ហា​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ។ លោក​មើលឃើញ​ថា ការ​ទាមទារ​របស់​កម្មករ​មាន​គោលបំណង​ច្បាស់​លាស់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដូច្នេះ​ការចោទ​ប្រកាន់​លើ​ពួកគេ​កន្លង​មក​ធ្វើ​ឡើង​មិន​សម​ហេតុផល។

លោក ស៊ឹង សែនករុណា៖ «ការ​រំលោភ​សិទ្ធិ​របស់​ពួកគាត់​នៅ​ក្នុង​ក្រុមហ៊ុន​ហើយ​អយុត្តិធម៌​ដោយសារតែ​ខ្វះ​ការ​យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ បែរ​ជា​ទៅ​ចោទប្រកាន់​ឱ្យ​ពួកគាត់​រង​ភាព​អយុត្តិធម៌​មួយ​បន្ថែម​ទៀត​អាហ្នឹង​យើង​ទទូច​ឱ្យ​ពិនិត្យ និង​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ជាពិសេស​ជៀសវាង​ការ​លាប​ពណ៌​បន្ថែម​រឿងរ៉ាវ​ទៅដល់​ពួកគាត់»។

កន្លងទៅ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) តែង​រង​ការ​វាយ​ធ្វើបាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ​និង​សន្តិសុខ​របស់​ក្រុមហ៊ុន​រហូត​កូដករ​ខ្លះ​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ស្ត្រី​ម្នាក់​ត្រូវ​រលូត​កូន​ថែមទៀត​ប៉ុន្តែ​លោក​ហ៊ុន សែន​មិន​បាន​ចេញ​វាចា ឬ​ប្រតិកម្ម​អ្វី​នោះ​ទេ​។ ក្រុម​អង្គការ សមាគម និង​សហជីព​ជាច្រើន​ស្ថាប័ន​រួម​ទាំង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ផង បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នេះ ដែល​រួមមាន​ការធានា​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូលរួម​ចរចា​ដោយ​ភាពស្មោះត្រង់ និង​គោរព​ច្បាប់​ជាតិ​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។