ក្រុមសហជីពចង់ឃើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកវេទិកាជួបសន្ទនាផ្ទាល់ជាមួយក្រុមកូដករណាហ្គាវើលដ៍ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជាង ១ឆ្នាំមកនេះ។ ការស្នើនេះ ធ្វើឡើងស្របពេល ដែលសហជីពចាត់ទុកការចោទប្រកាន់របស់លោក ហ៊ុន សែន លើក្រុមកូដករណាហ្គាវើលដ៍ ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្ម គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
ក្រុមសហជីពយល់ឃើញថា លោក ហ៊ុន សែន ឬកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត គួរតែចុះមកសួរសុខទុក្ខក្រុមកូដករណាហ្គាវើលដ៍ដោយផ្ទាល់ ហើយសួរនាំជីកឫសជីកគល់ជុំវិញរឿងរ៉ាវវិវាទការងារនៅក្រុមហ៊ុនមួយនេះ។ ពួកគេសង្ឃឹមថា ប្រសិនបើលោក ហ៊ុន សែន ចំណាយពេលតែបន្តិចមកស្ដាប់រឿងរ៉ាវផ្ទាល់ពីកូដករ នោះនឹងអាចរកផ្លូវដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ចៀសវាងលោកស្ដាប់តាមការវិនិច្ឆ័យខុសរបស់មន្ត្រីថ្នាក់ក្រោម មកលើក្រុមកូដករណាហ្គាវើលដ៍ដូចនៅពេលនេះ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ មីនានេះថា មានតែលោក ហ៊ុន សែន ទេ ដែលអាចបញ្ជាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយបញ្ចប់វិវាទការងារនៅពេលនេះបាន តាមរយៈការទទួលយកថ្នាក់ដឹកនាំសហជីព និងកូដករចូលធ្វើការវិញ ដោះលែងថ្នាក់ដឹកនាំសហជីពរបស់ក្រុមកូដករកំពុងជាប់ពន្ធនាគារ និងដោះស្រាយបញ្ហាសេសសល់មួយចំនួនទៀត។ លោកស្រីបន្តថា វិវាទការងារនេះកើតឡើង ដោយសារការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងររបស់ថៅកែណាហ្គាវើលដ៍ ដែលបានបំពានច្បាប់ស្ដីពីការងារ និងមិនគួរអត់ឱនឱ្យឡើយ។
អ្នកស្រី អ៊ូ ទេពផល្លីន៖«អ៊ីចឹង!យើងស្នើសុំឱ្យសម្ដេចនាយក ធ្វើការដោះស្រាយវិវាទហ្នឹង ដោយលោកបើកវេទិកាស្ដាប់ជាមួយអ្នកកំពុងធ្វើកូដកម្មហ្នឹង ហើយខ្ញុំជឿថា បើសិនជាសម្ដេចនាយកបើកវេទិកាជាសាធារណៈ ឬអនុញ្ញាតឱ្យមានការជួបរវាងកូដករ ដែលកំពុងមានកូដកម្ម គឺយើងនឹងទៅ យើងទៅស្ដាប់ ហើយយើងនឹងថ្លែងសារប្រាប់ទៅសម្ដេច រឿងរ៉ាវបែបណា នឹងទៅយ៉ាងណា»។
លោកស្រីបន្តថា អ្វីដែលក្រុមសហជីពចង់ឃើញ ក្រុមកម្មករទទួលបានការងារធ្វើ ទទួលបានការគោរពសិទ្ធិ និងមានជីវភាពរស់នៅសមរម្យដូចគេឯង ដែលជាភាពសុខដុមរមនា និងសន្តិភាពសម្រាប់កម្មករ ហើយប្រសិនបើកម្មករត្រូវបានគេបំពាន អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមរយៈការធ្វើកូដកម្មទាមទារសិទ្ធិទាំងនោះមកវិញ ដោយគ្មានការចោទប្រកាន់ លាបពណ៌ និងការចាប់ដាក់ពន្ធនាគារជាដើម។
ការថ្លែងរបស់សហជីពរូបនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ មីនា បានចោទប្រកាន់ក្រុមកូដករណាហ្គាវើលដ៍ថា មានអ្នកចាំផ្ដល់ថវិកានៅពីក្រោយសម្រាប់ឧបត្ថម្ភឱ្យពួកគេចេញធ្វើបាតុកម្មកន្លងមកនេះ ដើម្បីបដិសេធមិនទទួលយកការអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ។
លោក ហ៊ុន សែន៖«បើសិនជាខ្ញុំទៅចាប់អាកន្លែងទៅផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម ខ្ញុំក៏ចាប់បានដែរ អ្នកឯងកុំគិតស្មានថា ខ្ញុំមិនដឹងនោះ។ ឥឡូវយើងគិតខ្លួនឯងគេខ្លួនយើង អត់មានការងារធ្វើជាងមួយឆ្នាំ នៅមានលទ្ធភាពបាយស៊ីយ៉ាងស្រួល ហើយទៅធ្វើបាតុកម្ម»។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បន្ថែមថា ការធ្វើកូដកម្មរបស់ក្រុមកម្មករណាហ្គាវើលដ៍ មិនមែនជាចលនាបង្កភាពវឹកវរ និងអសន្តិសុខសង្គមឡើយ ព្រោះកម្ពុជាមានច្បាប់បើកឱ្យប្រើសិទ្ធិធ្វើកូដកម្មដោយសន្តិវិធី។ លោកស្រីបន្តថា ការចោទប្រកាន់ពីមន្ត្រីរបស់លោក ហ៊ុន សែន មួយចំនួននាពេលកន្លងមក ដើម្បីព្យាយាមផ្សាភ្ជាប់ទៅនឹងការធ្វើបដិវត្តន៍ពណ៌ ឬប្រឆាំងរដ្ឋាភិបាល ជារឿងមិនសមហេតុផលទាល់តែសោះ ខណៈក្រុមកូដករណាហ្គាវើលដ៍ ចេញតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនឯកជនសុទ្ធសាធ ដែលមិនមែនជាស្ថាប័នរដ្ឋ។ លោកស្រីបន្តថា ចំណែកលុយកាក់ ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលក្រុមកូដករទទួលបានកន្លងមកនេះ គឺតាមរយៈការអំពាវនាវសុំពីសប្បុរសជន ខណៈកូដករខ្លះឆ្លៀតទៅធ្វើការងារក្រៅម៉ោង និងខ្លះទទួលបានការឧបត្ថម្ភពីសាច់ញាតិបងប្អូនជាដើម។
កម្មករណាហ្គាវើលដ៍បានផ្ទុះការតវ៉ាតាំងពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីកាស៊ីណូបានបញ្ឈប់ការងាររបស់ពួកគេរាប់រយនាក់ទាំងខុសច្បាប់ និងគ្មានការផ្ដល់ប្រាក់សំណងឱ្យបានត្រឹមត្រូវ។ នៅក្នុងការតវ៉ាអស់រយៈពេលប្រហែល ១៦ខែមកនេះ កូដករ និងសមាជិកសហជីពរបស់ក្រុមកូដករជាច្រើននាក់ ត្រូវបានអាជ្ញាធរប្រើប្រាស់អំពើហិង្សាបង្ក្រាបយ៉ាងសាហាវឃោរឃៅ ដូចជា ការវាយទាត់ធាក់ ការរុញច្រាន ការចាប់ខ្លួន និងឃុំខ្លួន ការពិន័យជាប្រាក់ ការបៀតបៀនផ្លូវភេទ និងការប្រើប្រាស់អំពើហិង្សាបណ្ដាលឱ្យស្ត្រីជាកូដករម្នាក់ត្រូវរលូតកូន កាលពីខែឧសភា ឆ្នាំ២០២២។
តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld) ហៅកាត់ថា អិល.អារ៍.អេស.យូ (L.R.S.U) លោកស្រី រី សុវណ្ណឌី លើកឡើងថា ការចោទប្រកាន់មកលើក្រុមកូដកររបស់លោកស្រីថា ធ្វើកូដកម្មបានលុយពីអ្នកនៅពីក្រោយ ជាការដាក់បន្ទុកឱ្យក្រុមកម្មករកាន់តែរងភាពអយុត្តិធម៌មួយជាន់ទៀត ស្របពេលពួកលោកស្រីគ្រាន់តែចេញតវ៉ាដោយប្រើប្រាស់សិទ្ធិរបស់ខ្លួន។ លោកស្រីបន្តថា ស្របពេលអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធមិនបានដោះស្រាយវិវាទការងារនេះ វាជាដំណើរល្អមួយ ប្រសិនបើបានជួបសន្ទនាផ្ទាល់ជាមួយលោក ហ៊ុន សែន។
លោកស្រី រី សុវណ្ណឌី៖«និយាយទៅបើនិយាយជីកឫសជីកគល់ ហើយបានជួបផ្ទាល់និយាយផ្ទាល់ អាហ្នឹងរឹតតែល្អ ព្រោះវាជាក់ស្ដែង ពួកយើងមានវិវាទការងារ ហើយវិវាទការងារទៅទៀត គឺអ្វីដែលយើងធ្វើ គឺគ្រាន់តែទាមទារសិទ្ធិការងារទេ។ យើងចង់បានឱ្យថៅកែយកយើងចូលធ្វើការងារវិញ យើងចង់ឱ្យមានសហជីពនៅកន្លែងការងារ»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយសារទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា យល់ឃើញថា ដើម្បីដោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានចប់ត្រឹមត្រូវ គឺទាល់តែមានការប្រឹក្សាឱ្យបានច្បាស់លាស់អំពីដើមចមនៃបញ្ហា និងត្រូវសិក្សាការតវ៉ា ដែលក្រុមកូដករកំពុងទាមទារចង់បាន។ លោកបន្តថា លើសពីនេះ រដ្ឋាភិបាលត្រូវចៀសវាងការចោទប្រកាន់ និងលាបពណ៌ ដែលខ្វះមូលដ្ឋាន និងហេតុផល ព្រោះវាមិនអាចឈានទៅរកដំណោះស្រាយបាននោះទេ។
លោក នី សុខា៖«ការរកដំណោះស្រាយបានល្អ គឺវាត្រូវការព័ត៌មានឱ្យសព្វជ្រុងជ្រោយ ឱ្យច្បាស់លាស់ ឱ្យពិតប្រាកដ ហើយយកមកដោះស្រាយគ្នាដោយតម្លាភាព ដោយយកច្បាប់ជាគោល ដើម្បីធ្វើការដោះស្រាយ ហើយអ្នកដែលជាអាជ្ញាកណ្ដាល ត្រូវប្រកាន់យកគោលការណ៍យុត្តិធម៌ ចៀសវាងការលម្អៀងទៅភាគីណាមួយ ដើម្បីរក្សាឱ្យបានប្រយោជន៍ទៅដល់ភាគីទាំងសងខាង»។
ក្រុមសហជីព និងកូដករណាហ្គាវើលដ៍ ហាក់មានសង្ឃឹមថា មានតែលោក ហ៊ុន សែន ម្នាក់ប៉ុណ្ណោះអាចជួយដោះស្រាយវិវាទការងារនេះបាន ខណៈម្ចាស់ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានគេដឹងថា ជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន។ កន្លងមក អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធហាក់មិនហ៊ានស្វែងរកយុត្តិធម៌ឱ្យក្រុមកូដករ ដោយសារម្ចាស់កាស៊ីណូណាហ្គាវើលដ៍ ក៏ត្រូវគេដឹងថា មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។