ក្រុមកូដករណាហ្គាវើលដ៍ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា លោកមិនជឿការតវ៉ាជាងមួយឆ្នាំនេះរបស់កម្មករគ្មានការជួយឧបត្ថម្ភលុយពីក្រោយខ្នងនោះទេ។ ពួកគេចាត់ទុកសារដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលនេះថា ជារឿងអយុត្តិធម៌ និងលម្អៀងទៅរកភាគីថៅកែបរទេស។
ក្រុមកូដករណាហ្គាវើលដ៍មួយចំនួនខកចិត្តជាខ្លាំង ចំពោះលោក ហ៊ុន សែន ដែលចោទប្រកាន់កម្មករខ្មែរ ជាជនរងគ្រោះដោយសារថៅកែរំលោភបំពានសិទ្ធិការងារថា ទទួលលុយឧបត្ថម្ភសម្រាប់ធ្វើកូដកម្មទៅវិញ។ ពួកគេច្រានចោលការចោទប្រកាន់នេះ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍(Nagaworld) អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា បច្ចុប្បន្នមានកូដករប្រមាណ ៤រយនាក់ឆ្លាស់គ្នាចេញកូដកម្មចន្លោះ ៨០នាក់ ទៅ ១០០នាក់ជាប្រចាំ។ ប៉ុន្តែអ្នកស្រីថា ការអូសបន្លាយនៃវិវាទការងារជាងមួយឆ្នាំមកនេះកូដករបានរងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងចោទប្រកាន់តាមប្រព័ន្ធតុលាការ ហើយលើសពីនេះ កូដករបានជួបប្រទះបញ្ហាជីវភាព និងបំណុលធនាគារ ដែលតម្រូវឱ្យអ្នកខ្លះត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិដោះទាល់ចំពោះមុខ។ អ្នកស្រីបញ្ជាក់ថា ការបន្តធ្វើកូដកម្មដោយសន្តិវិធីមកដល់ពេលនេះ ក្រៅពីលទ្ធភាពផ្ទាល់ខ្លួន និងប្រភពពីគ្រួសារ គ្មានអ្នកណាជួយទំនុកបម្រុងប្រាក់ពីក្រោយខ្នងកូដករនោះទេ។
អ្នកស្រី ឈឹម សុខន ៖ «ពួកខ្ញុំតែងតែសង្ឃឹមក្នុងចិត្តថា ខ្ញុំនឹងទទួលបានយុត្តិធម៌ពីប្រមុខរដ្ឋាភិបាលដោយសារគាត់(លោក ហ៊ុន សែន)អត់ដែលនិយាយរឿងពួកខ្ញុំ ចាប់តាំងពីទាមទាររហូតមកដល់ឥឡូវនេះ ដល់ពេលគាត់និយាយចោទប្រកាន់ ទម្លាក់កំហុសឱ្យកូដករទាំងគាត់ជាប្រមុខរដ្ឋាភិបាលដែលគួរក្ដោបរឿងហ្នឹង ហើយគាត់អត់ដែលមិនសាកសួរកូដករផងថា រងសម្ពាធអ្វីខ្លះនៅពេលចេញទាមទាររយៈពេលមួយហ្នឹង»។
អង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសអូស្ត្រាលីឈ្មោះមូលនិធិសង្គ្រោះបន្ទាន់ (Urgent Action Fund) បានផ្ទេរប្រាក់ចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូលគណនីធនាគាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ៣នាក់ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រនៅកម្ពុជា។ ប៉ុន្តែ ប្រាក់នោះត្រូវបានធនាគារអេប៊ីអេ (ABA) ផ្អឹបទុក ដោយមិនព្រមបើកឲ្យក្នុងអំឡុងខែតុលា ឆ្នាំ២០២២។ បន្ទាប់មកធនាគារបានសម្រេចបញ្ជូនប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញ ក្រោមហេតុផលបុគ្គលទាំងនោះមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។
ទោះយ៉ាងណា អ្នកស្រី ឈឹម សុខន មូលនិធិនោះមានប្រភពត្រឹមត្រូវក្នុងគោលបំណងជួយដល់សមាជិកសហជីពរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ រួមទាំងក្មេងនៅក្នុងបន្ទុកអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលមិនបានផ្តល់ជំនួយ ឬប្រាក់ឧបត្ថម្ភដល់កម្មករខ្វះខាតនោះឡើយ។
ប្រតិកម្មរបស់អនុប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍បែបនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រឱ្យនិស្សិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ទោះបីលោកមិនចោទប្រកាន់ចំឈ្មោះក្រុមកូដករណាហ្គាវើលដ៍ក៏ដោយ ក៏គេមើលឃើញថា បច្ចុប្បន្ន មានតែកូដករណាហ្កាវើលដ៍ទេ ដែលសកម្មធ្វើកូដកម្ម ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារនៅមុខអគារក្រុមហ៊ុន និងទាមទារឱ្យម្ចាស់ក្រុមហ៊ុនបនល្បែងនៅកណ្ដាលក្រុងភ្នំពេញគោរពច្បាប់ការងារ។
លោក ហ៊ុន សែន លើកឡើងថា អំឡុងពេលបិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ មានកម្មកររាប់លាននាក់អត់ការងារធ្វើនៅលើពិភពលោក ប៉ុន្តែលោកថា កម្ពុជាមានកម្មករខ្លះគ្មានការងារធ្វើជាងមួយឆ្នាំហើយ តែពួកគេមានលុយចាយមានបាយហូបយ៉ាងស្រួលធ្វើបាតុកម្មជាង ១ឆ្នាំទៅវិញ។ លោកបន្ថែមថា បាតុកម្មមួយកន្លែងនោះមានអ្នកចូលរួមពី ៣០០នាក់ រហូតនៅសល់ ១០០នាក់ ដោយសារកម្មករភាគច្រើនព្រមទទួលយកប្រាក់សំណង និងរកការងារថ្មីតាមរយៈក្រសួងការងារ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ថា លោកមិនជឿការតវ៉ានោះគ្មានការជួយឧបត្ថម្ភលុយពីក្រោយខ្នងនោះទេ។
លោក ហ៊ុន សែន៖ «បានខ្ញុំចង្អុលបង្ហាញបើសិនជាខ្ញុំទៅចាប់ដល់កន្លែងផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្មហ្នឹង ក៏ខ្ញុំចាប់បានដែរ អ្នកឯងកុំស្មានថាខ្ញុំមិនដឹងនោះ។ ឥឡូវយើងគិតខ្លួនគេ ខ្លួនយើងអត់មានការងារធ្វើជាងមួយឆ្នាំនៅមានលទ្ធភាពស៊ីបាយយ៉ាងស្រួល ហើយដើរធ្វើបាតុកម្ម សម្រាប់អ្នកអត់មានការងារធ្វើពិតប្រាកដ តើអាចរស់បានទេ នេះជាចំណោទ ហើយរឿងនេះសូមអ្នកដទៃយល់ពីកម្ពុជាឱ្យច្បាស់មិនមែនកម្ពុជាភ្លើទេ និយាយមួយម៉ាត់ទៅ»។
ផ្ទុយពីការអះអាងនេះ កូដករណាហ្គាវើលដ៍ម្នាក់ទៀត កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែងថា បើសិនប្រមុខរដ្ឋាភិបាលចោទសំដៅលើកម្មករណាហ្កាវើលដ៍នោះ គឺជារឿងគួរសោកស្ដាយ និងអយុត្តិធម៌បំផុតសម្រាប់កម្មករខ្មែរ ដែលចេញទាមទារឱ្យថៅកែបរទេសគោរពច្បាប់ការងារ។ ទោះយ៉ាងណាក្ដី កញ្ញាច្រានចោលការលើកឡើងរបស់លោក ហ៊ុន សែន ថា កម្មករទទួលលុយខុសច្បាប់ ដើម្បីធ្វើបាតុកម្មកន្លងមក។ កញ្ញានិយាយថា សព្វថ្ងៃកម្មករជួបបញ្ហាប្រឈមផ្នែកជីវភាព និងសុខភាពជាខ្លាំង ប៉ុន្តែក្រុមគ្រួសារមិនបណ្ដោយឱ្យសាច់ញាតិអត់បាយស្លាប់ទេ ត្រឹមអាហារបីពេលក្នុងមួយក្នុងថ្ងៃ ដើម្បីបន្តការទាមទាររឿងត្រឹមត្រូវក្នុងសង្គម។ កញ្ញាយល់ថា រដ្ឋាភិបាលគួរស្វែងយល់ទុកលំបាកវេទនា និងមូលហេតុពិតប្រាកដរបស់កម្មករ ដែលឈានដល់ផ្ទុះការតវ៉ា ជាជាងការចោទប្រកាន់លើកូដករ ដោយមិនលើកឡើងពីកំហុសថៅកែនោះ។
កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «ការធ្វើបែបហ្នឹង (ការចោទប្រកាន់)មិនមែនជាដំណោះស្រាយទេ យើងមានការស្តោកស្ដាយជាខ្លាំង បើសិនការចោទប្រកាន់ហ្នឹងមកលើពួកយើង ពីព្រោះយើងជាប្រជាពលរដ្ឋ ដែលធ្វើការនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៍ យើងមិនចង់បានអ្វីក្រៅពីការងារមួយដែលថៅកែគោរពច្បាប់ និងការអនុវត្តច្បាប់មួយឱ្យប្រជាពលរដ្ឋយើងធ្វើការងារមួយដ៏ត្រឹមត្រូវ ព្រោះយើងធ្វើការងារលើទឹកដីនេះ យើងចង់ឱ្យគេគោរពច្បាប់យើងដូចគ្នាដែរ»។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការធ្វើកូដកម្មដោយសន្តិវិធីរបស់កូដករណាហ្គាវើលដ៍ គឺជាសិទ្ធិស្របច្បាប់ដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព។ លោកយល់ថា ការណ៍ដែលលោក ហ៊ុន សែន លើកឡើងទាក់ទងអ្នកជួយឧបត្ថម្ភលុយពីក្រោយបាតុកម្មរបស់កម្មករនេះ ទំនងចង់សំដៅលើមូលនិធិជួយទ្រទ្រង់ធ្វើបាតុកម្ម ឬកូដកម្ម។ ប៉ុន្តែលោកបញ្ជាក់ថា តាមច្បាប់កូដករណាហ្គាវើលដ៍ជានីតិបុគ្គល ដែលមានសហជីពជាតំណាងមានសិទ្ធិទទួលវិភាគទានពីសមាជិក ឬមូលនិធិពីអង្គការដៃគូ ដើម្បីទ្រទ្រង់សកម្មភាពស្របច្បាប់ និងស្របតាមលក្ខន្តិករបស់សហជីព។
លោក ឃុន ថារ៉ូ៖ «ខ្ញុំជឿជាក់ថា លោក(ហ៊ុន សែន)ប្រាកដជាដឹងហើយ ចាប់តាំងពីធ្វើកូដកម្មរយៈពេលជាងមួយឆ្នាំមកនេះ ប៉ុន្តែបើសិនជាលោកមានវិធានការដូចអ្វីដែលលោកបានដោះស្រាយជូនមជ្ឈដ្ឋានទូទៅដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់របស់កម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ខ្ញុំគិតថា វិវាទការងារនេះអាចបិទបញ្ចប់ក្នុងពេលនេះស្អែកនេះក៏អាចទៅរួចដែរ ពីព្រោះសម្តេចលោកអាចមានសិទ្ធិមានអំណាចក្នុងការសម្របសម្រួល ឬផ្តល់ជាជម្រើសណាមួយ ដើម្បីមានដំណោះស្រាយទាំងភាគីនិយោជិក និងនិយោជក»។
មាត្រា២២ នៃច្បាប់ស្តីពីសហជីព ត្រង់ចំណុច (គ) ចែងថា អំណោយ ឬជំនួយធនធានហិរញ្ញវត្ថុដែលទទួលបានស្របច្បាប់ពីសមាជិកសហជីព ឬសមាគមនិយោជក ឬពីភាគីផ្សេងទៀត សម្រាប់បម្រើឱ្យសកម្មភាពស្របច្បាប់។
ណាហ្គាវើលដ៍ ជាក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះ មានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា។ នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយ កាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គាវើលដ៍មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោក ហ៊ុន សែន ទាំង ៤នាក់ ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែ ណាហ្គាវើលដ៍ រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
ក្រុមកូដករស្នើដល់រដ្ឋាភិបាលបញ្ឈប់ការដាក់សម្ពាធលើកូដករដោយរុញទៅម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ចេញមកដោះស្រាយបញ្ចប់វិវាទការងារមួយនេះឱ្យបានឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។