កូដករ​ណាហ្គាវើលដ៍​បន្តទាមទារ​ឱ្យ​ថៅកែ​ដោះ​ស្រាយ​វិវាទ​ការងារ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ

ដោយ ឡេង ម៉ាលី
2022.12.06
Share on WhatsApp
Share on WhatsApp
កូដករ​ណាហ្គាវើលដ៍​បន្តទាមទារ​ឱ្យ​ថៅកែ​ដោះ​ស្រាយ​វិវាទ​ការងារ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) នៅ​ថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ២០២២ បន្តចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។
រូបពីពលរដ្ឋ

ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) នៅ​ថ្ងៃ​ទី៦ ធ្នូ បន្តចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការណ៍​ដែល​រដ្ឋាភិបាល​នៅតែ​មិន​អើពើ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ ហើយ​រដ្ឋាភិបាល​នឹង​រង​ភាព​អាម៉ាស់ និង​រង​ការ​រិះគន់​ធ្ងន់ៗ បន្ថែម​ទៀត​ពី​ជាតិ និង​អន្តរជាតិ។

តំណាង​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) លើក​ឡើង​ថា ពួក​គាត់ គឺ​ក្រុម​កូដករ​ទាំង​អស់​ចង់​បង្ហាញ​ទៅ​កាន់​រដ្ឋាភិបាល​ថា ប្រធាន​សហជីព​របស់​ពួក​គេ​គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​គេ​តុលាការ​ចាប់​ដាក់​គុក​ទាំង​អស់​យុត្តិធម៌។

កូដករ​ម្នាក់​កញ្ញា ផាត ចាន់ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ ធ្នូ​ថា វា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​បំផុត​សម្រាប់​ក្រសួង​ពាក់ព័ន្ធ ព្រោះ​វិវាទ​ការងារ​នេះ គឺ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ប្រសិនបើ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ឈរ​លើ​ភាព​ត្រឹមត្រូវ​ដោះ​ស្រាយ​វិវាទ​ការងារ។ កញ្ញា លើក​ឡើង​ទៀត​ថា ការណ៍​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​សម្លុត​គំរាមកំហែង​កម្មករ ចាប់ចង​សហជីព​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ឆ្លុះ​ជញ្ជាំង​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​អើពើ ចំពោះ​កម្មករ​ខ្មែរ ដែល​កំពុង​រង​ភាព​អយុត្តិធម៌​ពី​ថៅកែ​បរទេស​នោះ​ទេ។

កញ្ញា ផាត ចាន់ណា៖ «ពួក​ខ្ញុំ​ទាមទារ​ជាមួយ​ថៅកែ​ណាហ្គាវើលដ៍​តែ​គេ​ព្យាយាម​ទាញ​ពួក​ខ្ញុំ​ឱ្យ​ទៅ​កូដកម្ម​ជាមួយ​រដ្ឋាភិបាល​វិញ។ ជាក់ស្ដែង វិវាទ​ការងារ​ទេ តែ​ទៅ​ជា​មាន​ក្រសួង​ពាក់ព័ន្ធ ដូចជា អាជ្ញាធរ​ស្លៀកពាក់​ខោអាវ​ការពារ​ជាតិ តែ​គាត់​មក​វាយដំ​ច្រំ​ធាក់​ពួក​ខ្ញុំ​កន្លង​មក។ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​មាន​អី​នៅ​ពី​ក្រោយ​ខ្នង​រឿង​វិវាទ​ហ្នឹង​ហើយ។ បើត្រឹមជាថៅកែណាហ្គាវើលដ៍ ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​នេះ ខ្ញុំ​គិត​ថា គិត​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ធ្វើ​បាប​ពួក​ខ្ញុំ​រហូត​ដល់​មួយ​ឆ្នាំ​នេះ​ទេ។ គាត់​ជនជាតិ​បរទេស គាត់​អត់​មាន​សិទ្ធិ​អី​មក​រំលោភបំពាន​ច្បាប់​ស្រុក​ខ្មែរ​បាន​ទេ វាមានអ្វី ស្រមោល​ខ្មៅ​អី​ពី​ក្រោយ​ខ្នង​ហើយ ដែល​ធ្វើ​ឱ្យ​រឿង​នេះ​អាប់ឱន​ប្រទេស​ជាតិ​យើង​ខ្លាំង​ណាស់»

ក្រុម​កូដករ​បន្ត​ស្នើ​ដល់​រដ្ឋាភិបាល​ឯក​បក្ស​គិតគូរ​ឡើង​វិញ​ក្នុង​ការ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​លើ​ភាព​ត្រឹមត្រូវ ដើម្បី​កុំ​ឱ្យ​កម្មករ​បន្ត​រង​ទុក្ខ​វេទនា​ទាំង​ផ្លូវកាយ និង​ចិត្ត។ ក្រុម​កូដករ​បន្ថែម​ទៀត​ថា ទោះ​បី​ពួក​គេ​ត្រូវ​ប្រឈម​ការ​រង​គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​ជា​បន្តបន្ទាប់​មក​ហើយ​ក្ដី ក៏​ពួក​គេ​នៅតែ​មាន​ឆន្ទៈ​រួម​គ្នា​ចេញ​តវ៉ា​អហិង្សា​រហូត​មាន​ដំណោះស្រាយ និង​ដើម្បី​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​សហជីព និង​កម្មករ​ខ្មែរ។

ក្រុម​កូដករ​ជាង ១រយ​នាក់​នៅ​ថ្ងៃ​ទី៦ ធ្នូ នៅ​តែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ដូច​សព្វ​ដង ដោយ​ពួក​គាត់​បាន​វាយ​ស្គរ ស្រែក​ទាមទារ​នៅ​ខាង​មុខ​អគារ​បនល្បែង​ណាហ្គាវើលដ៍។ ពួក​គាត់​មួយ​ចំនួន​ទៀត​បាន​ស្លៀក​សំលៀក​បំពាក់​ជា​អ្នកទោស លើក​បដា​សរសេរ​ថា «បញ្ឈប់​ការ​ចាប់​អ្នក​ទាមទារ​សិទ្ធិ​ការងារ​ដាក់​គុក» «គ្មាន​សិទ្ធិ​សេរីភាព​មិន​ខុស​ពី​ជាប់​គុក​ឥត​ជញ្ជាំង «គ្មាន​អ្នក​ណា​ចង់​ជាប់​គុក​នោះ​ទេ ប៉ុន្តែ​ដើម្បី​សេរីភាព​ពួក​យើង​ហ៊ាន​ប្តូរ»។ បន្ថែម​ពី​នេះ កូដករ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​ឱ្យ​បាន​ឆាប់ និង​បញ្ឈប់​ការ​ដាក់​សម្ពាធ ប្រើ​វិធី​បង្អត់​បាយ​កម្មករ​ក្នុង​សម័យ​ដែល​រដ្ឋាភិបាល​តែងតែ​អះអាង​ថា ជា​ប្រទេស​សុខសាន្ត​នោះ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៦ ធ្នូ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដាក់​សម្ពាធ​គំរាមកំហែង​ក្រុម​កូដករ និង​សហជីព ពុំ​មែន​ជា​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ទេ។ លោក​ទទូច​ដល់​អាជ្ញាធរ និង​តុលាការ​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​ងាក​ដោះ​ស្រាយ​វិវាទ​ការងារ​រវាង​ថៅកែ ជាមួយ​ក្រុម​កូដករ​ដោយ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។

លោក អំ សំអាត៖ «អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គួរ​តែ ស្វះស្វែង​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​ការងារ ជាជាង​ការ​ចាប់​ខ្លួន​ការ​ប្ដឹង​ទៅ​តុលាការ​យក​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​គំរាម​កំហែង បំភិតបំភ័យ​លើ​សហជីព​ណាហ្គាវើលដ៍ និង​កូដករ​កំពុង​ធ្វើ​កូដកម្ម។ ក្នុង​ករណី​នេះ​វា​នាំ​ឱ្យ​មាន​ការ​រិះគន់​ចោទ​ប្រកាន់​ជា​បន្ត​ទៀត​ទាក់ទង​នឹង​ការ​រឹតត្បិត​នៃ​លំហ​សេរីភាព​សហជីព លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ជិត ១ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ថៅកែ​ក្រុមហ៊ុន​បនល្បែង​នេះ បាន​មាន​ចេតនា​លុបបំបាត់​សំឡេង​សហជីព​ឯករាជ្យ​ក្នុង​កន្លែង​ការងារ និង​បញ្ឈប់​បុគ្គលិក​ជាង ៣រយ​នាក់​ចេញ​ពី​ការងារ​ដោយ​ខុស​ច្បាប់។ ជាង​នេះ​ទៀត ការ​ចេញ​តវ៉ា​របស់​ក្រុម​កូដករ​កន្លង​មក​នេះ តែងតែ​ត្រូវ​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ជា​បន្ត​បន្ទាប់ រហូតដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូដករ​ម្នាក់​បណ្ដាល​ឱ្យ​រលូត​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

មក​ទល់​នឹង​ពេល​នេះ ក្រៅពី​គ្មាន​ដំណោះស្រាយ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវ​តុលាការ​ចាប់​គុក​ឡើងវិញ ហើយ​កូដករ​មួយ​ចំនួន​ទៀត​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ក្រោយ​ពី​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​ដោយ​ចោទ​ពួកគាត់​រំលោភ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់។

សហរដ្ឋអាមេរិក និង​ស្ថានទូត​អូស្ត្រាលី រួមទាំង​សហព័ន្ធ​សហជីព​អន្តរជាតិ​មាន​សមាជិក​សហជីព​ប្រមាណ ៣០០ស្ថាប័ន​មក​ប្រទេស​ជាង ១រយ (១២០) ទូទាំង​ពិភពលោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​សហជីព​កម្មករ​ទាំង​អស់ និង​បើក​ឱ្យ​ពួក​គេ​ប្រើ​សិទ្ធិ​សេរីភាព​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ សហជីព និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ មួយ​ចំនួន ក៏​ឃើញ​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ឡើង​វិញ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង​ធានា​គាំពារ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ បង្ហាញ​ទុក្ខ​កង្វល់​ទៅ​កាន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។