សហជីពក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) ធ្វើយុទ្ធនាការតាមបណ្ដាញសង្គម បង្ហាញអំពីកូដកម្មអហិង្សារបស់ពួកគេ ដើម្បីទាមទាររកយុត្តិធម៌ជូនតំណាងសហជីពពួកគេគឺកញ្ញា ឈឹម ស៊ីថរ។ មន្ត្រីសង្គមស៊ីវិលថា កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាកូដកម្ម ដែលវែងជាងគេ អូសបន្លាយពេលជាងមួយឆ្នាំទៅហើយ និងស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទការងារមួយនេះ។
ក្រុមកូដករណាហ្គាវើលដ៍ ធ្វើយុទ្ធនាការ នៅក្នុងគោលបំណងបង្ហាញសារ ដើម្បីបន្តធ្វើកូដកម្ម និងបង្ហាញពីរឿងអយុត្តិធម៌ នៅក្នុងសវនាការតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទញុះញង់ ទៅលើតំណាងពួកគាត់ទាំង ៧នាក់ ទាំងគ្មានកំហុស និងចង់បង្ហាញសារ ទៅដល់មហាជន និងពលរដ្ឋទាំងក្នុង និងក្រៅប្រទេសផងដែរ។ យុទ្ធនាការនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ មេសា បន្ទាប់ពីសវនាការលើកទី៩ របស់តំណាងសហជីពណាហ្គាវើលដ៍។
កូដករណាហ្គាវើលដ៍ម្នាក់គឺកញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៣០ មេសា ថា ការធ្វើយុទ្ធនាការតាមបណ្ដាញសង្គមនេះ គឺដើម្បីបង្ហាញអំពីសេចក្ដីក្លាហាន ក្នុងការបន្តកូដកម្មរយៈពេលជាងមួយឆ្នាំ របស់ក្រុមសហជីព និងបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍។ កញ្ញាបន្តថា គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីបង្ហាញសារទាមទារសិទ្ធិសេរីភាពសហជីព សិទ្ធិការងារនៅមុនពេលទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ឧសភា ខាងមុខនេះ។
កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ៖ «ចំពោះខ្ញុំជាកូដករនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ខ្ញុំនៅតែអះអាងនៅក្នុងភាពអង់អាចដែលយើងត្រូវតែដើរទៅមុខទៀតដើម្បីបន្តនៅក្នុងការស្វែងរក យុត្តិធម៌ពិតប្រាកដមួយសម្រាប់ពួកយើង ពួកយើងអត់រារែកនៅក្នុងការបញ្ឈប់នៅការតវ៉ាហ្នឹងទេ ព្រោះជាក់ស្ដែងយើងចង់បង្ហាញថា ពួកយើងគឺពិតជាចង់បានយុត្តិធម៌មួយពិតប្រាកដ ហើយនិងផ្ដាំទៅថៅកែនានាកុំឲ្យប្រើសិទ្ធិអំណាចនៅក្នុងទឹកប្រាក់របស់គាត់ ដើម្បីទាញយកសិទ្ធិសេរីភាពសហជីព»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមរោងចក្រ លោក ទេស រុក្ខាផល ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី៣០ មេសា។
ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កូដកម្មរបស់សហជីព និងកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាកូដកម្មមួយ ដែលអូសបន្លាយពេលវែងជាងគេនៅកម្ពុជា គឺជាងមួយឆ្នាំទៅហើយ។ លោកបន្តថា ក្រុមកូដករតែងតែទទួលរងនូវការធ្វើទុក្ខបុកម្នេញដូចជា ការចោទប្រកាន់ទៅលើតំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ និងការចាប់ខ្លួនប្រធានសហជីពណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ ជាដើម។ លោក អំ សំអាត បញ្ជាក់ថា ដើម្បីដោះស្រាយវិវាទការងារនេះឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល គួរតែទទួលយកអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺដោះលែងកញ្ញា ឈឹម ស៊ីថរ ហើយទម្លាក់បទចោទទៅលើតំណាងសហជីពទាំងអស់ និងដោះស្រាយវិវាទការងារនេះដោយសន្តិវិធី។
លោក អំ សំអាត៖ «ខ្ញុំថាការតស៊ូមតិរបស់ក្រុមអង្គការសង្គមស៊ីវិលទាក់ទងនិងកូដកម្មនៅណាហ្គាវើលដ៍នេះ ដោយសារការរំលឹក និងដាស់តឿនទៅដល់អាជ្ញាធរពាក់ព័ន្ធជាពិសេស គឺសំណូមពរដល់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ចប់បញ្ហានូវវិវាទការងារវាងក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយនឹងក្រុមកូដករនឹង ឲ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះជៀសវាងផ្ដល់ផលប៉ះពាល់ផ្សេងៗទៀតមកលើកម្ពុជាយើងបាទ»។
កន្លងទៅ ក្រុមកូដករបានធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារ។ ក៏ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនបានរួមគ្នាចោទប្រកាន់ និងចាប់ខ្លួនតំណាងកម្មករដាក់គុកជាបន្តបន្ទាប់ ដូចជាកញ្ញា ឈឹម ស៊ីថរ ដែលពេលនេះកញ្ញាកំពុងស្ថិតនៅពន្ធនាគារព្រៃសជាដើម។ កន្លងទៅក្រុមអង្គការ និងសហជីពជាតិ-អន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យផង សុទ្ធតែចាត់ទុកការចោទប្រកាន់ និងការចាប់ខ្លួនតំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍នេះថា ជារឿងអយុត្តិធម៌ និងទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។