ក្រុមកូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៦ មីនា បានប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យស្ថាប័ននេះដោះស្រាយវិវាទការងារ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ មន្ត្រីសហជីពលើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ ក្រសួងការងារ គួរតែដោះស្រាយតាមសំណើរបស់កម្មករ និងជំរុញដល់ថៅកែណាហ្គាវើលដ៍ (Nagaworld) ឲ្យគោរពសិទ្ធិកម្មករ ព្រមទាំងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
កូដករណាហ្គាវើលដ៍ប្រមាណ ៦០នាក់ បានជួបជុំគ្នាដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើដល់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឲ្យចេញមុខដោះស្រាយវិវាទការងាររ៉ាំរ៉ៃមួយនេះ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Nagaworld) អ្នកស្រី ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ មីនាថា ការដាក់លិខិតនេះ មានតំណាងក្រសួងការងារចេញមកទទួល ហើយបានសន្យាថា នឹងបញ្ជូនលិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ ជូនទៅលោក ហេង សួរ។ អ្នកស្រី បញ្ជាក់ថា គោលបំណងរបស់តំណាងសហជីព បុគ្គលិក និងកូដករ ដែលបន្តធ្វើកូដកម្ម និងដើរដាក់លិខិតតាមស្ថាប័នរដ្ឋនេះ គឺចង់ឲ្យរដ្ឋាភិបាល ជាពិសេស ក្រសួងការងារ បញ្ចប់វិវាទនេះទៅតាមច្បាប់ស្ដីពីការងារ និងជំរុញឲ្យថៅកែគោរពសិទ្ធិបុគ្គលិកប៉ុណ្ណោះ។
អ្នកស្រី ឈឹម សុខន៖«សំណូមពររបស់យើងគឺ អត់មានលើសព្រំដែន ដែលក្រសួងគាត់ដោះស្រាយទេ ឲ្យតែគាត់ឈរចំកណ្ដាល ហើយយកច្បាប់មកវែកញែកថា ថៅកែមានសិទ្ធិបញ្ឈប់ ប៉ុន្តែ បើសិក្សាទៅលើចំណុចមាត្រា ដែលគេចែងថា បើរកឃើញថា ការបញ្ឈប់នោះ ទាក់ទងនឹងការរើសអើងនោះ ក្រសួងត្រូវមានតួនាទី និងដែនសមត្ថកិច្ចត្រូវទៅប្រាប់ដល់និយោជកឲ្យបញ្ឈប់នូវការបញ្ឈប់ដោយមានការរើសអើងហ្នឹងទៅ អាហ្នឹង បើផ្អែកលើគោលការណ៍ច្បាប់។ អីចឹងពីបងទៅក៏ដូចជា តំណាងឲ្យកូដករទាំងអស់ទទូចហើយ ទទូចទៀត ឲ្យឯកឧត្ដមមេត្តាពិនិត្យមើលច្បាប់ហ្នឹង ថៅកែមានសិទ្ធិបញ្ឈប់ ប៉ុន្តែកុំយកមូលហេតុ នៃការបញ្ឈប់ដោយការរើសអើង គឺមិនបានទេ»។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបចំពោះសំណើនេះ បាននៅឡើយទេ នៅថ្ងៃទី៦ មីនា។
ក្នុងដំណើរតវ៉ា និងដាក់លិខិតរបស់ក្រុមកូដករណាហ្គាវើលដ៍នេះ មានក្រុមអង្គការសង្គមស៊ីវិល អាជ្ញាធរ និងសន្តិសុខ ប្រមាណ ១០នាក់ តាមឃ្លាំមើល និងថតរូបក្រុមកូដករផងដែរ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងការងារ គួរតែដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរ៉ៃនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ តាមសំណើរបស់ក្រុមកម្មករ និងបញ្ឈប់ការលាបពណ៌កម្មករទៅជារឿងអ្វីផ្សេង។
អ្នកស្រី អ៊ូ ទេពផល្លីន៖«ទី១ គឺត្រូវដោះលែងពួកគាត់ ទី២ ត្រូវដោះស្រាយបញ្ហាការរើសអើងសហជីព អ៊ីចឹងដាក់សម្ពាធឲ្យនិយោជក ឲ្យយកកម្មករចូលធ្វើការវិញ ហើយនិងដោះស្រាយវិវាទ ដែលនៅសេសសល់ទាំងប៉ុន្មាន។ គោលដៅមានតែប៉ុណ្ណឹងទេ បើសិនជាដោះស្រាយប៉ុណ្ណឹងបាន ចូលធ្វើការវិញបាន បើសិនជាការជំរុញឲ្យចូលធ្វើការហើយ ស្រាប់តែពួកគាត់អត់ចូល អាហ្នឹងបានហៅថា ជាចេតនាក្នុងការ គេហៅថា ងឿកជាចេតនារបស់កម្មករនិយោជិកងឿកបង្កើតសាច់រឿងផ្សេងៗ»។
គិតមកទល់នឹងថ្ងៃទី៦ មីនា ការតវ៉ាដោយសន្តិវិធី ដោយដាក់ញត្តិតាមស្ថាប័នរដ្ឋនានា និងការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ (Naga World) បានអូសបន្លាយពេលចំនួន៨០៩ថ្ងៃមកហើយ ប៉ុន្តែ ពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយណាមួយ ដែលអាចទទួលយកបាននៅឡើយទេ។ ផ្ទុយទៅវិញ ពួកគេបានទទួលរងការបង្ក្រាបដោយអំពើហិង្សា ពីអាជ្ញាធរ និងសន្តិសុខរបស់ក្រុមហ៊ុន និងចោទប្រកាន់តាមផ្លូវតុលាការទៀតផង ក្នុងនោះ ប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារបានចេញមុខការពារសិទ្ធិកម្មករ ហើយការផ្ដន្ទាទោសលើកញ្ញា ឈឹម ស៊ីថរ នេះ ក៏ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិផ្នែកសិទ្ធិមនុស្សថ្កោលទោសជុំទិស ហើយពួកគេទាមទារឱ្យមានការដោះលែងមេសហជីពដ៏ក្លាហានរូបនេះជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។