អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ថាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃការស្លាប់ជនរងគ្រោះម្នាក់នៅអធិការដ្ឋានប៉ូលិសស្រុកសង្កែ ខេត្តបាត់ដំបង នៅឡើយ ខណៈក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យសមត្ថកិច្ចវែកមុខជនដៃដល់ទៅផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់៖ «ករណីនេះក្រុមការងារកំពុងស៊ើបអង្កេតយ៉ាងលម្អិតលទ្ធផលអត់ទាន់មាន»។
ការលើកឡើងរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះ បានកើតឡើងក្រោយពេលគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចេញរបាយការណ៍ស្រាវជ្រាវនៅថ្ងៃទី១៦ ខែមិថុនា ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់បណ្ដាលមកពីការវាយធ្វើទារុកម្មស្រាល ឬធ្ងន់ ក្នុងពេលប៉ូលិសឃុំខ្លួននៅអធិការនគរបាលស្រុកសង្កែ។ បន្ថែមពីនេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាលនេះ បែរជារុញសំណុំរឿងនេះទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអគ្គស្នងការនគរបាលជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៅវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
បងស្រីបង្កើតលោក ពេជ្រ ធារ៉េត គឺលោកស្រី ពេជ្រ លីណា បញ្ជាក់ថា ក្រុមគ្រួសារបានរង់ចាំយុត្តិធម៌អស់រយៈពេលជិត ៥ ខែមកហើយ តែនៅមិនទាន់ទទួលបានលទ្ធផល។ លោកស្រី នៅតែមានជំនឿថា ជនរងគ្រោះស្លាប់ដោយសារការធ្វើទារុណកម្មធ្ងន់ធ្ងរ ពេលដែលប៉ូលិស កំពុងសួរចម្លើយ ពីព្រោះនៅលើដងខ្លួនជនរងគ្រោះមានស្នាមវាយដំជាច្រើនកន្លែង តាំងពីចុងជើងរហូតដល់ក្បាល៖ «ស្នើសុំទៅសម្ដេចអគ្គសេនាបតីតេជោ សូមឱ្យលោកជួយរកយុត្តិធម៌ដល់គ្រួសារនាងខ្ញុំផង ពីព្រោះអីគ្រួសារនាងខ្ញុំទទួលនូវភាពអយុត្តិធម៌ គឺខ្លាំង។ ដោយសារប្អូនខ្ញុំមិនមែនអ្នកទោសទេ នៅពេលដែលលោកអធិការ គាត់យកប្អូនខ្ញុំទៅសួរចម្លើយរហូតដល់ស្លាប់ចឹង ហើយឥឡូវ វាអយុត្តិធម៌ខ្លាំងបំផុត។ ខ្ញុំសូមឱ្យជួយរកយុត្តិធម៌ដល់គ្រួសារនាងខ្ញុំ»។
ជនរងគ្រោះឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ និងប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ ឆ្នាំ បានស្លាប់ក្នុងថ្ងៃជាមួយគ្នា កាលពីថ្ងៃទី៣ ខែមេសា ហើយបានបន្សល់ទុកកូនស្រីតូចៗចំនួន ២ នាក់។ ជនរងគ្រោះ រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ពេជ្រ ធារ៉េត បានស្លាប់ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ ម៉ោង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោករាយខ្សែភ្លើងអគ្គិសនី ដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ។ ប៉ុន្តែសាក្សីអះអាងថា ក្នុងពេលកើតហេតុ លោក ពេជ្រ ធារ៉េត មិនបាននៅផ្ទះឡើយ។ ប៉ូលិសខេត្តបាត់ដំបងបកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មត្រូវធ្វើការដោយឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋ និងមហាជនមានជំនឿទុកចិត្ត៖ «អ្វីដែលយើងចង់បាន គឺពន្លឿននៃការអង្កេតហ្នឹងទោះបីលទ្ធផលហ្នឹងវិជ្ជមានក្តី អវិជ្ជមានក្តី យើងចង់បានឱ្យវាលឿន មិនចង់ឱ្យអូសបន្លាយរាប់ខែ។ គ្រាន់តែថា ធ្វើទារុណកម្ម ឬមិនធ្វើទារុណកម្ម វារាប់ខែ។យើងចង់បានឱ្យលឿនចេញលទ្ធផលមក ទោះបីវិជ្ជមានក្តី អវិជ្ជមានក្តី ទៅតាមសមត្ថកិច្ចដែលគាត់អាចធ្វើបាន»។
ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ នៅខេត្តបាត់ដំបងមានជនជាប់ឃុំចំនួន ៣ នាក់ហើយ ដែលបានស្លាប់ក្នុងពេលសមត្ថកិច្ចឃុំខ្លួន។ ការស្លាប់ទាំង៣ ករណីនេះ សាកសពសុទ្ធតែមានស្នាមជាំនៅដងខ្លួន ដៃ និងជើង ហើយករបស់ជនរងគ្រោះភាគច្រើនទន់ខុសប្រក្រតី ។ ក្រសួងការបរទេសអាមេរិក រកឃើញថា ក្នុងឆ្នាំ២០២០ កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់ ដែលប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងករណីធ្វើទារុណកម្មក្នុងពេលឃុំខ្លួន ការដាក់ទោសទណ្ឌ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការប្រព្រឹត្តប្រឆាំងនឹងអ្នកទោសនយោបាយ ជាដើម ស្របពេលដែលកម្ពុជានៅតែគ្មានប្រព័ន្ធតុលាការឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។