អតីត​បុគ្គលិក វីអូឌី ជិត ៣០នាក់ ដាក់​សុំ​ធ្វើ​ការងារ​រដ្ឋ បន្ទាប់​ពី​លោក ហ៊ុន សែន រម្លាយ​ស្ថាប័ន​ព័ត៌មាន​នេះ​ចោល

អតីត​បុគ្គលិក​វិទ្យុ វីអូឌី ជិត ៣០នាក់ បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ​នៅ​ក្រសួង​មុខងារ​សាធារណៈ តប​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន បន្ទាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី​ ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយ​នៅ​កម្ពុជា ​ត្រូវ​បាន​រដ្ឋាភិបាល​រម្លាយ​ចោល​ទាំង​តក់ក្រហល់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​ចិត្ត​នោះ​ថា ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ប៉ុន្តែ ពួក​គេស្នើ​ដល់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​វិទ្យុ វីអូឌី​បើក​ដំណើរ​ការ​ឡើង​វិញ ព្រោះ​វត្តមាន​សារ​ព័ត៌មាន​ឯករាជ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​ចំណុច​ខ្វះខាត និង​គោល​នយោបាយ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

ថ្ងៃ​ទី២៨ ខែកុម្ភៈ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ខ្លួន​ធ្វើ​ជា​បុរស​ចិត្ត​ធម៌ ដោយ​ទុក​ពេល​ឱ្យ​បុគ្គលិក វីអូឌី ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​រដ្ឋ ឬ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​សាធារណៈ​ដោយ​មិន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គិត​ត្រឹម​ម៉ោង ១០ព្រឹក ថ្ងៃ​ទី២៨ ខែកុម្ភៈ មាន​អតីត​បុគ្គលិក វីអូឌី ចំនូន ២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦នាក់ បាន​ដាក់​ពាក្យ​ស្នើសុំ​ក្របខ័ណ្ឌ​រដ្ឋ​នៅ​ក្រសួង​មុខងារ​សាធារណៈ។ លោក​បន្ត​ថា ចំនួន​អ្នក​ដាក់​ពាក្យ​នឹង​កើន​ឡើង​ជាង​នេះ ព្រោះ​មុន​ឱសានវាទ​នៅ​ម៉ោង ៥ល្ងាច​មាន​អតីត​បុគ្គល វីអូឌី មួយ​ចំនួន​ទៀត កំពុង​បំពេញ​ឯកសារ​តាម​លក្ខខ័ណ្ឌ​តម្រូវ​របស់​ក្រសួង​នៅ​ឡើយ។ លោក សុខ ឥសាន អះអាង​ថា ករណី​ផ្ដល់​ក្របខ័ណ្ឌ​ដោយ​មិន​ឆ្លង​ការ​ប្រឡង​នេះ គឺ​ជា​ករណី​ពិសេស ហើយ​ជា​សិទ្ធិ​សម្រេច​របស់​រដ្ឋាភិបាល។

លោក សុខ ឥសាន៖«ជា​ឆន្ទានុសិទ្ធិ​របស់​រដ្ឋាភិបាល ដើម្បី​សម្រេច​ថា តើ​បង​ប្អូន​អតីត​បុគ្គលិក វីអូឌី ហ្នឹង ត្រូវ​ចូល​របៀប​ម៉េច បើ​ឱ្យ​បង​ប្អូន​ឆ្លង​កាត់​ការ​ប្រឡង​ចូល​វា​មាន​ជាប់​វា​មាន​ធ្លាក់។ បង​ប្អូន ដែល​មាន​ចំនួន​មាន​ចំនួន​ច្រើន​គួរ​សម​ គឺ​ថា បងប្អូន​មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រមុខ​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក​ការងារ​ជូន​បងប្អូន ដើម្បី​ដោះ​ស្រាយ​ការ​លំបាក»។

ក្រុម​បុគ្គលិក​សារ​ព័ត៌មាន វីអូឌី ដែល​មិន​ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា បើ​សិន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សារ​ព័ត៌មាន វីអូឌី បើក​ដំណើរ​ការ​ឡើង​វិញ នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ជាង​ការ​ផ្ដល់​ការងារ​រដ្ឋ ដែល​ស្ថិត​នៅ​ក្រោម​គំនាប​ពី​ស្ថាប័ន​នោះ។ ចំណែក​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ផ្ដល់​បុណ្យស័ក្ដិ លាភ​សក្ការៈ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ គឺ​ជា​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។

សារព័ត៌មាន វីអូឌី (VOD) ដែល​ជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា (CCIM) បាន​ដំណើរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​អស់​រយៈ​ពេល ២០ឆ្នាំ​មក​ហើយ ដោយ​ប្រកាន់​ជំហរ​ឯករាជ្យ និង​ប្រកប​ដោយ​វិជ្ជាជីវៈ។ បើ​គិត​ត្រឹម​រដ្ឋាភិបាល​លុប​ចោល​អាជ្ញាប័ណ្ណ​កាល​ថ្មីៗ នេះ ស្ថាប័ន​ព័ត៌មាន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​សារ​ព័ត៌មាន និង​បច្ចេកទេស​ផ្សេង​ទៀត ប្រមាណ ៤០នាក់ សម្រាប់​ផលិត​ព័ត៌មាន​ចម្រុះ ដូចជា នយោបាយ សិទ្ធិមនុស្ស អភិបាលកិច្ច រួម​ទាំង​បញ្ហា​សង្គម វិវាទ​ដីធ្លី និង​បរិស្ថាន​ជា​ដើម។

ក្រសួង​ព័ត៌មាន​បាន​ប្រកាស​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​សារ​ព័ត៌មាន វីអូឌី កាល​នៅ​ថ្ងៃ​ទី១៣ ខែកុម្ភៈ តាម​បញ្ជា​ដ៏​តក់ក្រហល់​របស់​លោក ហ៊ុន សែន ដោយ​ប្រើ​ពេល​មិន​ដល់ ២៤ម៉ោង​ផង។ លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា វីអូឌី បាន​រំលោភ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល និង​កូន​ប្រុស​របស់​លោក​បន្ទាប់​ពី​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង លោក ហ៊ុន ម៉ាណែត ផ្ដល់​ជំនួយ​ឱ្យ​តួគី ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក។ បន្ទាប់​មក​លោក ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក នឹង​មិន​អនុញ្ញាត​ឱ្យ​សារ​ព័ត៌មាន វីអូឌី មាន​ជីវិត​វិញ​ឡើយ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ខុស​ពី​បុព្វហេតុ​ខាង​ដើម ដែល​ដំបូង​ឡើយ​លោក​ចង់​បាន​ត្រឹមតែ​ឱ្យ​សារ​ព័ត៌មាន វីអូឌី សុំ​ទោស​តែ​ប៉ុណ្ណោះ ហើយ​ករណី​នេះ​បញ្ជាក់​ថា វិទ្យុ វីអូឌី មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ ពួក​គេ​យល់​ថា ការ​លុប​អាជ្ញាប័ណ្ណ​វិទ្យុ វីអូឌី មិន​មាន​ហេតុផល​សមរម្យ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ទទួល​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល ទើប​បាន​ជា​លោក​ចោទ​ប្រកាន់​លើ​ស្ថាប័ន​មួយ​នេះ។

មាត្រា១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មិន​បាន​ចែង​ឱ្យ​ដក​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន​នោះ​ទេ ដោយ​មាត្រា​នេះ គ្រាន់តែ​បង្គាប់​ឱ្យ​សារ​ព័ត៌មាន​កែតម្រូវ​អត្ថបទ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បុគ្គល​សាធារណៈ ឬ​សង​ជា​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​ស្ដីទី​សារ​ព័ត៌មាន វីអូឌី (VOD) លោក អ៊ិត សុធឿត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ដែល​បុគ្គល វីអូឌី ដាក់​ពាក្យ​សុំ​ក្របខ័ណ្ឌ​រដ្ឋ ឬ​អត់​នោះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។ ទោះ​យ៉ាង​ណា​ក្ដី លោក​នៅតែ​សោក​ស្ដាយ ចំពោះ​រដ្ឋាភិបាល​ដក​ហូត​អាជ្ញាធរ​ប័ណ្ណ វីអូឌី ដែល​ជា​សារ​ព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​នាំ​សំឡេង​ពិត​របស់​ពលរដ្ឋ​ផ្ញើ​ជូន​រដ្ឋាភិបាល​ជា​ដើម។ លោក​សង្ឃឹម​ថា វីអូឌី នឹង​អាច​បន្ត​បេសកកម្ម​បន្ត​ទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លើក​កម្ពស់​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

លោក អ៊ិត សុធឿត៖«កម្ពុជា​យើង​មាន​រដ្ឋធម្មនុញ្ញ ដែល​ធានា​ដល់​សេរីភាព​សារ​ព័ត៌មាន ក៏​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​ក្នុង​នោះ​យើង​មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត ឬ​លើក​កម្ពស់​ដល់​សេរីភាព​សារ​ព័ត៌មាន អ៊ីចឹង វីអូឌី យើង​សង្ឃឹម​ថា​សេរីភាព​ទាំង​អស់​នោះ​នឹង​ត្រូវ​បាន​បន្ត​លើក​កម្ពស់ ដូចជា ការ​ផ្ដល់​ឱកាស​ឱ្យ​មាន​សារ​ព័ត៌មាន​ឯករាជ្យ ដូចជា វីអូឌី ជា​ដើម​នេះ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់​ស្គាល់​ថា ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វិអូឌី ធ្វើ​ឡើង​មិន​ប្រក្រតី និង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ តាម​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​នោះ​ទេ។ លោក​រំឭក​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន ដែល​និយាយ​ការ​ពិត និង​រក្សា​ជំហរ​ឯករាជ្យ គឺ​មាន​សារៈ​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​សារ​ព័ត៌មាន ហើយ​អនុញ្ញាត​ឱ្យ​វិទ្យុ វីអូឌី ដំណើរ​ការ​ឡើង​វិញ។

លោក ស៊ឹង សែនករុណា៖«ចំណុច​ដែល​យើង​ចង់​បាន​មិន​ខុស​ពី​ការ​ស្នើ​ឡើង​ពី​អង្គការ​ដៃគូ​ដែល​យើង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ រួមទាំង សហគមន៍​អន្តរជាតិ​នោះ​ទេ យើង​ចង់​ឃើញ​យ៉ាង​ណា បើក​នូវ​លំហ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នេះ បាន​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​បើ​សិន​អាច​ធ្វើ​បាន ឱ្យ​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើង​វិញ»។

ការ​លុប​អាជ្ញាប័ណ្ណ​វិទ្យុ វីអូឌី ក្រោម​ហេតុផល​មិន​សមរម្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក ដោយ​រង​ការ​រិះគន់ និង​ថ្កោលទោស​ពីសំណាក់​ប្រជាពលរដ្ឋ ក្រុម​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល សហគមន៍​ជាតិ និង​អន្តរជាតិ​ថាប្រើ​អំណាច​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន ប្រាស​ចាក​ពី​គោលការណ៍​ច្បាប់។ អ្នក​តាមដាន​សង្គម មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ព្យាយាម​លាង​ជម្រះ​ខ្លួន​ឱ្យ​ស្អាត​តាម​រយៈ​ហេតុផល​ផ្សេងៗ ក្រោយ​ដិតដាម​ស្នាម​ប្រឡាក់​នឹង​អំពើ​ពុករលួយ ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការ​រំលោភ​សិទ្ធិមនុស្ស និង​រំលាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ផ្សាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច៕