តុលាការ​​ ផ្អឹប​​ទុក​​សំណុំ​រឿង​​អតីត​​អ្នក​​យក​​ព័ត៌មា​ន​​អាស៊ី​សេរី​​តាម​​អំពើ​​ចិត្ត

0:00 / 0:00

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ​ស្នើ​យ៉ាង​ទទូច​ដល់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ឱ្យ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​បន្ថែម ដើម្បី​អាច​ឱ្យ​សំណុំរឿង​បន្ត​ទៅ​​មុខ​​បាន។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចៅក្រម​ខកខាន​មិន​បាន​កោះហៅ​ពួកគាត់​ទៅ​សាកសួរ ឬ​បំពេញ​នីតិវិធី​បន្ថែម​ទៀត​ឡើយ​ក្នុង​រយៈពេល​ជាង​​មួយ​ឆ្នាំ​កន្លងទៅ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ បន្ត​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​វិញ ជាជាង​លេងសើច​នឹង​រឿង​យុត្តិធម៌​របស់​ពួកគាត់។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន កំពុង​បន្ត​រស់នៅ​ក្នុង​គំនាប​ផ្លូវ​ចិត្ត និង​គ្មាន​សេរីភាព​​ពេញលេញ​ដូច​ពលរដ្ឋ​​ទូទៅ​​ឡើយ ដោយសារ​តែ​ការ​អូស​បន្លាយ​សំណុំរឿង​តាមតែ​អំពើ​ចិត្ត​របស់​តុលាការ​ក្រុងភ្នំពេញ។ ចៅក្រម​ស៊ើបសួរលោក ពេជ្ជ វិជ្ជាធរ ដែល​មាន​កាតព្វកិច្ច​ស៊ើប​​ក្ដី​នេះ​បន្ថែម មិន​បាន​កោះហៅ​ពួកគាត់​ទៅ​សាកសួរ ឬ​បំពេញ​នីតិវិធី​អ្វី​នោះ​ឡើយ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរីលោក យាង សុធារិន្ទ ឱ្យ​ដឹង​ថា លោក និង​លោក អ៊ួន ឈិន មិន​ធ្លាប់​បាន​ទទួល​ដីកា​កោះហៅ​ពី​ចៅក្រម​ស៊ើបសួរ ឬ​ទទួល​ដំណឹង​អ្វី​ពី​តុលាការ​នោះ​ទេ។ លោក​ងឿង​ឆ្ងល់​ថា តើ​ហេតុអ្វី​បាន​ជា​តុលាការ​មិន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​សំណុំរឿង​របស់​ពួក​លោក​បែបនេះ ខណៈ​ក្ដីក្ដាំ​នេះ​មាន​រយៈពេល​​ជាង ៤ឆ្នាំ​មក​ហើយ ហើយ​ការ​បង្វិល​សំណុំរឿង​ឱ្យ​ស៊ើបអង្កេត​បន្ថែម​នោះ​ទៀតសោត​ក៏​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែរ។ លោក​បញ្ជាក់​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​បែបនេះ​ធ្វើ​ឱ្យ​ពួក​លោក​បន្ត​បាត់បង់​សេរីភាព និង​រស់នៅ​ក្នុង​ទុក្ខកង្វល់ ដូច្នេះ​លោក​ទទូច​ដល់​តុលាការ​ឱ្យ​ពន្លឿន​សំណុំរឿង​នេះ៖ « បើ​គាត់​ទុក​អ៊ីចឹង ហើយ​គ្មាន​អាជ្ញាយុកាល គ្មាន​កំណត់​ពេល​វេលា​អ៊ីចឹង ពួក​ខ្ញុំ​ពិបាក​ដែរ​ណា​នៅក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​យើង​ខ្ញុំ​នៅតែ​ស្នើសុំ​ដដែល​ថា ឱ្យ ( តុលាការ )​ ពន្លឿន​នីតិវិធី​ហ្នឹង​ឱ្យ​បាន​លឿន​ទៅ។ ហើយ​បើ​មិន​មាន​ភស្តុតាង​អ្វី​ដាក់​បន្ទុក​លើ​ពួក​ខ្ញុំ​ជាក់លាក់​ទេ សូម​មេត្តា​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពួក​ខ្ញុំ​ទាំងអស់​ទៅ ដើម្បី​ពួក​ខ្ញុំ​បាន​រស់នៅ​មាន​សេរីភាព​ពេញលេញ​ដូច​គេ​ដូច​ឯង​អ៊ីចឹង »

ការ​អំពាវនាវ​របស់​អតីត​អ្នកសារព័ត៌មាន​ឯករាជ្យ​រូប​នេះ ធ្វើឡើង​ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញលោក ពេជ្រ វិជ្ជាធរ មិន​បាន​កោះ​ហៅ​រូបលោក​ និង​លោក អ៊ួន ឈិន ទៅ​សាកសួរ​បន្ថែម​នោះ​ឡើយ ទោះបី​ជា​ចៅក្រម​ជំនុំជម្រះ​បាន​បង្វិល​សំណុំរឿង​ឱ្យ​ស៊ើបអង្កេត​បន្ថែម កាលពី​ខែ​តុលា ឆ្នាំ២០១៩ ហើយ​​តុលាការ​​កំពូល​​បាន​ចេញ​សាលដីកា​បើក​ផ្លូវ​ឱ្យ​អនុវត្ត​នីតិវិធី​នេះ តាំងពី​ឆ្នាំ ២០២០ ហើយ​ក៏ដោយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប គឺ​លោក សំ ចំរើន ប្រាប់​ថា លោក​ធ្លាប់​ទទួល​បា​ន​ដីកាកោះហៅ​ម្ដង​ពី​ចៅក្រម​ស៊ើបសួរ​កាល​ពី​ចុង​ខែមីនា ឆ្នាំ២០២០ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ផ្អាក​នីតិវិធី​នេះ​សិន ដោយ​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​កំពូល​ជាមុន​សិន​ជុំវិញ​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​ចាត់​របៀប​នេះ។ ប៉ុន្តែ​ចាប់​តាំងពី​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​ចាត់​របៀប​នេះ​កាលពី​ខែកក្កដា និង​ខែតុលា ឆ្នាំ ២០២០ នោះ​មក លោក​​មិន​ធ្លាប់​បាន​ទទួល​ដីកា​កោះហៅ​ម្ដងណា​ទៀត​ឡើយ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិនអាច​ទាក់ទង​ចៅក្រម​ស៊ើបសួរលោក ពេជ្រ វិជ្ជាធរ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញលោក តាំង ស៊ុនឡាយ និង​អ្នកនាំពាក្យលោក អ៊ី រិន្ទ ដើម្បី​សាកសួរ​អំពី​ការ​ផ្អឹប​ទុក​សំណុំរឿង​នេះ​បាន​ទេ។ ប៉ុន្តែ​លោក តាំង ស៊ុនឡាយ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១ថា ចៅក្រម​ស៊ើបសួរ​បាន​កោះហៅ​មេធាវី និង​ជន​ជាប់ចោទ​ទាំងពីរ​នាក់ ៣ ទៅ៤ លើក​រួច​មក​ហើយ តែ​ពួកគេ​បាន​បដិសេធ​មិន​ចូល​បំភ្លឺ ទើប​មាន​ការ​អូស​បន្លាយ​សំណុំ​រឿង​នេះ។

ការ​បកស្រាយ​របស់​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​រូប​នេះ​ ហាក់​មិន​ឆ្លុះបញ្ចាំង​ការពិត​នោះ​ទេ ព្រោះ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​រូប និង​មេធាវី​របស់​ពួក​លោក​សុទ្ធតែ​បញ្ជាក់​ថា ពួកគេ​មិនធ្លាប់​បាន​ទទួល​ដីកា​កោះហៅ​ទាំងនោះ​ឡើយ។ ជាពិសេស​មេធាវី​បញ្ជាក់​ថា លោក​មិន​ធ្លាប់​បាន​ទទួល​ដីកាកោះហៅ​ផ្សេង ក្រៅ​ពី​ដីកា​ចេញ​កាលពី​ចុង​ខែមីនា ឆ្នាំ២០២០ ដែល​លោក​បាន​ស្នើសុំ​ពន្យារពេល ក្រោម​ហេតុ​ផល មិនទាន់​មាន​សេចក្ដីសម្រេច​ពី​តុលាការ​កំពូល​លើ​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​ចាត់​របៀប​នោះ​ឡើយ។

ទោះជាយ៉ាងណា មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក សំ ចំរើន ឱ្យ​ដឹង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​ទាំងពីរ​នាក់​នា​ពេល​ឆាប់ៗ​នេះ​ជុំវិញ​ការ​ដាក់​លិខិត​ស្នើសុំ​ឱ្យ​ចៅក្រម​បិទ​ការ​ស៊ើបសួរ។ លោក​ពន្យល់​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស ព្រមទាំង​សេរីភាព​ជា​មូលដ្ឋាន​ដទៃទៀត​របស់​កូន​ក្ដី​លោក៖ «បើ​តុលាការ​ធ្វើ​ឡើង​ដោយ​មាន​វិជ្ជាជីវៈ គឺ​ត្រូវតែ​ហ៊ាន​អារកាត់​លើ​ចំណុច​ណា​មួយ​ដែល​ថា ជា​រឿង​ខុស ឬ​ត្រូវ គឺ​ត្រូវតែ​អារកាត់​ហើយ ដើម្បី​កុំ​ឱ្យ​មាន​ភាព​មន្ទិល​ចំពោះ​ភាគី​ពាក់ព័ន្ធ។ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​យល់​ថា បើ​ដំណើរការ​ក្ដី​មួយ​ដែល​មិន​ស្មុគស្មាញ​អ៊ីចឹង​ប្រើ​ពេល​វេលា​យូរ វា​ជា​រឿង​មិន​សមស្រប​ទៅ​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ដែល​ហៅ​ថា គោលការណ៍​ក្នុង​ការ​ទទួល​បាន​សវនាការ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​នោះ​ក៏​មាន​ទាំង​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​ឆាប់រហ័ស​មួយ​ផង​ដែរ »។

តុលាការ​ក្រុងភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទល្មើស គឺ​បទ​ចារកម្ម និង​បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស ក្រោយ​ពី​បាន​ចាប់ខ្លួន​ពួកគាត់​ទាក់ទង​នឹង​អង្គហេតុ​នៃ​ការ​បង្កើត​ស្ទូឌីយោ​ចម្រៀង​ដោយ​គ្មាន​ការ​អនុញ្ញាត កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។ តុលាការ​បាន​​ឃុំ​ខ្លួន​​ពួកគាត់​ជិត​មួយ​ឆ្នាំ និង​បាន​ចំណាយ​ពេល​ដ៏​យូរ​ក្នុង​ការ​អនុវត្ត​នីតិវិធី​ពី​មួយ​ទៅ​មួយ។ តុលាការ​ប្រើ​ពេល​ជាង ២ឆ្នាំ ក្នុង​ការ​ស៊ើបសួរ បើក​ការ​ជំនុំ​ជម្រះ និង​​ចុងក្រោយ​ចេញ​សាលក្រម​ចាត់​របៀប​ឱ្យ​ស៊ើប​ក្ដី​នេះ​បន្ថែម។ ការ​ប្ដឹង​ឧទ្ធរណ៍ និង​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​ចាត់​របៀប​នេះ​ប្រើ​ពេល​ប្រមាណ​មួយ​​ឆ្នាំ​​ទៀត ដោយ​តុលាការ​ជាន់ខ្ពស់​សម្រេច​តម្កល់​សាលក្រម​នេះ។ ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ជា​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​រង់ចាំ​ការ​កោះហៅ​ពី​ចៅក្រម​ស៊ើបសួរ ចំពោះ​ដំណើរការ​ស៊ើបអង្កេត​បន្ថែម។ គិតជា​សរុប ក្នុង​រយៈពេល​ជាង ៤ឆ្នាំមក​នេះ ពន្លឺ​យុត្តិធម៌​សម្រាប់​អតីត​អ្នកសារព័ត៌មាន​ឯករាជ្យ​ទាំងពីរ​រូប​នេះ នៅ​មិន​ទាន់​លេច​ចេញ​ជារូបរាង​នៅ​ឡើយ​ទេ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដែល​តាម​ដាន​សំណុំរឿង​នេះ​វាយតម្លៃ​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក និង​បង្ហាញ​ពី​ទោស​កំហុស​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន តាំងតែ​ពី​ដំបូង​មក​ម៉្លេះ។ ដោយសារតែ​បែប​នេះ​ហើយ ទើប​ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ។

ប្រធាន​សមាគម​អាដហុក​ (ADHOC) ​លោក នី សុខា​ សោកស្ដាយ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ទៅ​លើ​លោក យា​​ង សុធារិន្ទ និង​លោក អ៊ួន ឈិន ជាពិសេស​ការ​អូស​បន្លាយ​សំណុំរឿង​មក​ដល់​ពេល​បច្ចុប្បន្ន។ លោក​ទទួល​ស្គាល់​ថា ច្បាប់​មិន​បាន​កំណត់​អំពី​ថេរវេលា​នៃ​ការ​ស៊ើបអង្កេត​នោះ​ទេ តែ​គោលការណ៍​ច្បាប់​តម្រូវ​ឱ្យ​តុលាការ​ចាត់​ការ​សំណុំរឿង​នីមួយៗ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស។ លោក​រិះគន់​ថា តុលាការ​ហាក់​កំពុង​យក​រឿង​យុត្តិធម៌​របស់​អតីត​អ្នកសារព័ត៌មាន​ឯករាជ្យ​ទាំងពីរ​រូប ជា​ល្បែង​លេង​សើច​ទៅ​វិញ៖ «ច្បាប់​ជាតិ​យើង​បាន​កំណត់​ហើយ​ថា ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន ការ​ឃុំខ្លួន​ត្រូវ​ធ្វើ​ទៅតាម​ច្បាប់​ឱ្យ​មាន​ភាព​យុត្តិធម៌ ត្រឹមត្រូវ ប៉ុន្តែ​យើង​ហាក់បីដូចជា ចោទ​ប្រកាន់ ចាប់ខ្លួន ឃុំខ្លួន​គេ​មួយ​រយៈ​នេះ ហាក់បីដូចជា​ធ្វើ​នៅ​ក្នុង​ន័យ​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ដល់​សេចក្ដីថ្លៃថ្នូរ​របស់​គេ។ អាហ្នឹង​វា​ជា​រឿង​មួយ ដែល​ហាក់បីដូចជា​យើង​លេងសើច​នៅក្នុង​ល្បែង​យុត្តិធម៌​ហ្នឹង »។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​បាន​ចាត់ទុក​សំណុំរឿង​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ថា ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ និង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់។ ជាមួយ​គ្នា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ​ ​(Human Rights Watch)​ បាន​​វាយ​តម្លៃ​ថា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន ទៅលើ​សារ​ព័ត៌មាន​ឯករាជ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

លោក យាង សុធារិន្ទ បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ដឹង​ច្បាស់​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ប៉ុន្តែ​ការ​ចាប់ខ្លួន និង​ការ​បន្ត​ចោទ​ប្រកាន់​ពួក​លោក​រហូតមកដល់​ពេល​នេះ គឺ​ជា​ការ​រូបភាព​នៃ​ការ​គំរាមកំហែង និង​បំបាក់​ស្មារតី​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ទៅវិញ​ទេ។

ចំណាត់ការ​លើ​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ព្រម​ទាំង​អ្នក​កាសែត​ឯករាជ្យ​មួយ​ចំនួន​ទៀត​នោះ គឺជា​តឹកតាង​មួយ​ដែល​បង្ហាញ​អំពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​សហគមន៍​អន្តរជាតិ​មើល​ឃើញ និង​វាយ​តម្លៃ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។