មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញបើកទូលាយសិទ្ធិសេរីភាពដល់សារព័ត៌មាន ដើម្បីអ្នកសារព័ត៌មានបានបំពេញការងារតាមវិជ្ជាជីវៈ។ សង្គមស៊ីវិលកត់សំគាល់ថា អាជ្ញាធរកម្ពុជានៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន។ ការលើកឡើងនេះ គឺក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន លើកឡើងថា ការរឹតត្បិតសិទ្ធសេរីភាព ផ្នែកសារព័ត៌មានមិនបានផ្ដល់ផលចំណេញអ្វីដល់សង្គមជាតិនោះឡើយ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ប្រទេស។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣ ខែឧសភាថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ដល់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចំរើន ដូច្នេះរដ្ឋាភិបាលគួរតែបើកទូលាយសេរីភាពភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សំគាល់ថា នៅក្នុងឆ្នាំ២០២១នេះ អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានឯករាជ ដែលផលិតព័ត៌មានផ្នែកអភិបាលកិច្ច ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរជាដើម ដែលធ្វើឲ្យពួកគេមិនអាចបំពេញការងារឱ្យបានពេញលេញតាមវិជ្ជាជីវៈបានឡើយ។ នៅក្នុងឱកាសទិវា សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១នេះ លោកស៊ឹង សែនករុណា ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យបើកទូលាយសេរីភាពសារព័ត៌មានឡើងវិញ៖ «សង្គមប្រជាធិបតេយ្យមិនមានឯករាជ្យភាពអ្នកសារព័ត៌មានចម្រុះទស្សនៈចូលរួមទេ គឺមិនអាចរាប់ថា ប្រទេសដែលមានប្រជាធិបតេយ្យបានត្រឹមត្រូវទេ។ ដើម្បីឱ្យស្របតាមមត្តិកាសញ្ញាអន្តរជាតិដែលកម្ពុជា បានផ្ដល់សច្ចាប័នដែរ ក្នុងហ្នឹងគឺស្ដីពីសិទ្ធិនយោបាយ ហើយមានត្រាទី១៩ចែងច្បាស់ណាស់គឺសេរីភាពនេះជាផ្នែកមួយនៃសេរីភាព » ។
ដូចគ្នានេះដែរនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រីចក់ សុភាព មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាទិវាសារព័ត៌មានថា នៅក្នុងឆ្នាំ២០២១ អ្នកប្រើប្រាស់បណ្ដាលសង្គម និងអ្នកសារព័ត៌មានជាង ១០០ ករណី ត្រូវបានអាជ្ញាធររឹតត្បិតនិងការរំលោភបំពានលើសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកស្រីចាត់ទុករឿងនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មានរបស់ពលរដ្ឋ៖ «ការបញ្ចេញមតិក្ដីដែលជាសេរីភាពជាមូលដ្ឋានហ្នឹងគឺមានសារៈសំខាន់ណាស់ហើយគឺជាការចូលរួមចំណែកនៅក្នុងការបង្កបរិយាកាសអំណោយផលសម្រាប់អ្នកសារព័ត៌មានលោកអាចបំពេញភារកិច្ចដោយសេរីនិងមិនមានការភ័យខ្លាចដែរ » ។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ប្រទេស ដែលបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។ ការដាក់ចំណាត់ថ្នាក់ថយចុះនេះជាការឆ្លើយតបនឹងសកម្មភាពរបស់អាជ្ញាធរនៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលនៅតែបន្តរឹតត្បិតសេរីភាពសារព័ត៌មាន ដោយការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារ ការគំរាមកំហែង និងការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌប្រឆាំងអ្នកសារព័ត៌មានជាដើម។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ នៅតែមានប្រសាសន៍ដូចកាលពីលើកមុនៗថា កម្ពុជាគ្មានការរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះទេ។ មិនតែប៉ុណ្ណោះ លោកបានអះអាងថា មួយរយៈចុងក្រោយនេះសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងតែបោះជំហានទៅមុខយ៉ាងរលូន ក្នុងនោះមានដូចជាស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញបានកើនឡើងជាច្រើន។ ជាងនេះទៅទៀត បរិមាណអ្នកព័ត៌មានក៏មានចំនួនកើនឡើងច្រើនផងដែរ៖ «តើអ្នកសារព័ត៌មានទាំងនោះគាត់បានប្រព្រឹត្តខុសដូចដែលអាជ្ញាធរបានចោទប្រកាន់ដែលឬអត់ ? តើលោកហើយលោកស្រីបានពិនិត្យទៅនឹងអង្គហេតុនៃច្បាប់នូវករណីនីមួយៗបានត្រឹមត្រូវហើយឬនៅ ? ។ តើអស់លោកលោកស្រីដែលបានពិនិត្យទៅលើរឿងនោះបានចូលរួមតាមទិដ្ឋភាពច្បាប់ហើយឬនៅ ? ទើបធ្វើការវាយតម្លៃសន្និដ្ឋានទៅលើករណីនីមួយៗ » ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចេញសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៨ នេះដែរ។ លោក ហ៊ុន សែន បញ្ជាក់ក្នុងសារលិខិតដោយទទួលស្គាល់ថា សារព័ត៌មានពិតជាមានសារសំខាន់ដល់សាធារណជន ហើយលោកក៏អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ប្រឹងប្រែងផ្ដល់ព័ត៌មានពិតទៅដល់ពលរដ្ឋបន្តទៀត ជាពិសេសអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ។ ទោះជាយ៉ាងណា អ្វីដែលកំពុងឡើងនៅកម្ពុជានេះ គឺរបបរបស់លោក ហ៊ុន សែន មិនបានផ្តល់សេរីភាព និងការពារអ្នកសារព័ត៌មាននោះឡើយ ដោយបានចាត់ទុកអ្នកសារព័ត៌មានឯករាជ្យជាសត្រូវ និងបង្ក្រាបឥតឈប់ឈរ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី លើកឡើងថា ការកើនបរិមាណអ្នកយកព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយពុំមែនជាសេរីភាពសារព័ត៌មាននោះឡើយ ពីព្រោះសារព័ត៌មាននិងស្ថាប័នទាំងអស់នោះភាគច្រើនគ្មានវិជ្ជាជីវៈនិងផលិតព័ត៌មានលំអៀងទៅរដ្ឋាភិបាល។ អ្នកជំនាញសារព័ត៌មានរូបនេះកត់សំគាល់ថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ សេរីភាពផ្នែកសារព័ត៌មាននៅតែរងការធ្វើទុក្ខទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរដដែល៖ «អ្នកសារព័ត៌មានមួយចំនួនដែលគាត់ទៅយកព័ត៌មានរឿងការកាប់បំផ្លាញព្រៃឈើ រឿងកន្លែងលេងល្បែងខុសច្បាប់ដូចជាជនមាន់ ហើយត្រូវបានគេវាយដុំបែកមុខមាត់។ តែលទ្ធភាពជនល្មើសមិនមានអ្នកណាម្នាក់ត្រូវចាប់ខ្លួនយកមកដាក់ពន្ធនាគារ ឬឱ្យទទួលខុសត្រូវផ្នែកច្បាប់ទេ ហើយតាមយើងដឹងអ្នកដែលចូលរួមគាំទ្រអំពើល្មើសហ្នឹងមានជាប់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានទៀត » ។
ដោយឡែកអ្នកយកព័ត៌មានខ្មែរក្រោម និងជាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន ថ្លែងថា សិទ្ធិសេរីភាពសារព័ត៌មាននៅតែបន្តរឹតត្បិតខ្លាំងដដែល ។នៅក្នុងឱកាសនេះលោកស្នើឱ្យរដ្ឋាភិបាលឈប់តាមយាយីគាត់ និងទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងផ្ដល់ឯកសារចាប់យកទាំងអស់ដល់គាត់ និងលោក អ៊ួន ឈិន មកវិញ៖ «អីចឹងសូមបើសិនជាដូចការប្រកាសលោក នាយករដ្ឋមន្ត្រីហ៊ុន សែន យកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មានអីចឹងខ្ញុំថា គួរតែជួយពិនិត្យពិចារណាកន្លែងហ្នឹង។ ទាំងតុលាការក៏ដោយក្រសួងព័ត៌មានកីដោយសូមមេត្តាជួយពិនិត្យកន្លែងហ្នឹងនៅពេលអ្នកព័ត៌មានមិនប្រព្រឹត្តកំហុស នៅពេលអ្នកព័ត៌មានរងភាពអយុត្តិធម៌គាត់គួរតែជំរុញរកយុត្តិធម៌ឱ្យអ្នកព័ត៌មាន ដើម្បីឱ្យបង្ហាញថា រដ្ឋាភិបាលពិតជាប្ដេជ្ញាចិត្តការពារអ្នកកាសែតពិតប្រាកដមែន » ។
ក្នុងទិវាសេរីភាពសារព័ត៌មាននៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន ៤៥ ស្ថាប័ន ក៏បានចេញសេចក្ដីថ្លែងការណ៍រួម ដោយស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន បញ្ឈប់ការយាយីលើប្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលបានអនុវត្តសិទ្ធិជាមួលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។
ជាមួយគ្នានេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ឧសភាថា សេរីសារព័ត៌មាន គ្មានការរិតត្បិត និងឯករាជ្យ គឺជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពិនិត្យឃើញថា អ្នកសារព័ត៌មានតែងតែប្រឈម មុខនឹងការវាយប្រហារ ការគំរាមកំហែង ការយាយីនិងការចោទប្រកាន់ ផ្នែកព្រហ្មទណ្ឌដោយសារតែការងាររបស់ខ្លួនដែរ។ ចំនួនអ្នកសារព័ត៌មាន និងបុគ្គលិកអ្នកសារព័ត៌មាន ត្រូវបានសម្លាប់ ក្នុងទសវត្សចុងក្រោយនេះ មានជិតមួយពាន់នាក់ នៅលើពិភពលោក ។ ចំនួនដ៏គួរឱ្យរន្ធត់នៃការវាយប្រហារ រួមមាន តាមរយៈតួអង្គរដ្ឋ ក្រុមប្រដាប់អាវុធ ឬក្រុមឧក្រិដ្ឋជនគឺមានលក្ខណៈកាចសាហាវ ដូចជាភាពអសកម្មដែលពួកគេបានជួបប្រទះ។ មានករណីតិចតួចបំផុត ដែលអ្នកប្រព្រឹត្តឬជនល្មើសត្រូវបានអាជ្ញាធរមានសមត្ថកិច្ច នាំមកកាត់ទោស និងផ្តន្ទាទោសទៅតាមច្បាប់។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បន្តថា ជាងនេះទៅទៀតនៅអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ថា ការធ្វើរបាយការណ៍រិះគន់លើគោលនយោបាយ រដ្ឋាភិបាល ឬឥស្សរជនសាធារណៈ ជារឿយៗ តែងប្រឈមនឹងការចោទប្រកាន់។ ច្បាប់ដែលត្រូវបានអនុម័ត ឬអនុវត្ត ដើម្បីរឹតត្បិត និងដាក់ទោសព្រហ្មទណ្ឌចំពោះការផ្សាយព័ត៌មានមិនពិត ក្នុងអំឡុងពេលមានជំងឺរាតត្បាត ក៏ត្រូវបានប្រើប្រាស់ដោយរដ្ឋផ្សេងៗផងដែរ ដើម្បីកំណត់គោលដៅទៅលើអ្នកសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។