ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្ស ស្នើសុំឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការជំនាញនិងឯករាជ្យ ដើម្បីស្រាវជ្រាវ និងដោះស្រាយការប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញាទូរស័ព្ទនៅក្នុងពន្ធនាគារ ដែលសង្ស័យអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសិទ្ធិរបស់អ្នកជាប់ឃុំ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសកម្មជននយោបាយ និងសកម្មជនសង្គមកំពុងជាប់ឃុំ ត្អូញត្អែរដូចៗគ្នាថា ការប្រើប្រាស់ប្រព័ន្ធកាត់ផ្ដាច់សេវាទូរស័ព្ទនេះ មានវិទ្យុសកម្មហើយនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ។
ការប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញាទូរស័ព្ទនៅក្នុងពន្ធនាគារ និងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារដោយសារផ្ទុកអ្នកជាប់ឃុំលើសចំណុះ ប៉ះពាល់ដល់សុខភាព និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សនោះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែវិធានការដោះស្រាយរបស់រដ្ឋាភិបាល ពុំទាន់ឃើញមានប្រសិទ្ធភាពនៅឡើយ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ លោក គង់ សំអាន គឺលោកស្រី អៀប សួគ៌ រៀបរាប់ថា ក្នុងពេលប្តីលោកស្រី ឡើងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុននេះ លោកស្រី មានអារម្មណ៍តក់ស្លុតជាខ្លាំងដោយសារឃើញប្តីលោកស្រី ស្គមស្គាំង កើតរម៉ាស់ និងភ្លេចភ្លាំងស្មារតីច្រើន។ លោកស្រីបន្តថា ប្តីលោកស្រី បានត្អូញត្អែរដូចជនជាប់ឃុំដទៃទៀតដែរថា សុខភាពចុះខ្សោយ និងភ្លេចភ្លាំងស្មារតីនេះ ដោយសារបន្ទប់ពន្ធនាគារតូចចង្អៀតពិបាកដេក និងការដាក់ឧបករណ៍កាត់ផ្ដាច់សេវាទូរស័ព្ទ៖ «ខ្ញុំឃើញគាត់ចង់សន្លប់ហើយខ្ញុំ ចង់ឡើងឈាមផងអីផង ចង់ស្រែកទ្រហោយំនៅកន្លែងសវនាការនោះ។ ខ្ញុំខកចិត្តណាស់មនុស្សដែលល្អដូចគាត់ គេ ( អាជ្ញាធរ ) មកធ្វើបែបហ្នឹង។ គាត់ខំតស៊ូដើម្បីជាតិ ធ្វើការជាគ្រូបង្រៀនហើយទីបំផុតបែរជានៅក្នុងពន្ធនាគារវិញ។ ខ្ញុំអាណិតគាត់ខ្លោចចិត្ត តែខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីបួងសួងឱ្យគាត់ឆាប់ជា និងឆាប់វិលត្រឡប់មកផ្ទះវិញ»។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងជាប់ឃុំម្នាក់ទៀត លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត និយាយថា ទឹកប្រើប្រាស់ក្នុងពន្ធនាគារ មានគ្រប់គ្រាន់ឡើងវិញហើយ ប៉ុន្តែបញ្ហាចង្អៀតណែន និងការដាក់ឧបករណ៍កាត់ផ្ដាច់សេវាទូរស័ព្ទនៅតែចោទជាបញ្ហាដដែល។ លោកស្រីទទូចឱ្យរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវ និងដកឧបករណ៍នោះចេញវិញ ប្រសិនបើរកឃើញថា ពិតជាមានផលប៉ះពាល់ដល់សុខភាពរបស់ជនជាប់ឃុំ៖ «ខ្ញុំសួរគាត់មួយម៉ាត់ពីរម៉ាត់អីគាត់ស្ដាប់ខ្ញុំអត់លឺ ហើយរៀងភ្លេចមុខភ្លេចក្រោយ»។
មួយរយៈចុងក្រោយនេះ សកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម រួមទាំងលោក រ៉ុង ឈុន ផង ដែលត្រូវបានមន្ត្រីពន្ធនាការបញ្ជូនឡើងសវនាការជំនុំជម្រះ ក្តីនៅសាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់នោះ បានរាយការណ៍ដូចៗគ្នា ប្រាប់តុលាការ និងអ្នកឃ្លាំមើលសវនាការដែលមានតំណាងស្ថានទូត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍ផ្សេងៗថា ស្ថានភាពក្នុងពន្ធនាគារ តូចចង្អៀតខ្លាំង និងការប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញាទូរស័ព្ទ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការចងចាំរបស់ពួកគាត់។ ការរិះគន់និងការតវ៉ារបស់ជនជាប់ឃុំពាក់ព័ន្ធនឹងបញ្ហាចង្អៀតណែន និងទាមទារឱ្យដកប្រព័ន្ធកាត់ផ្ដាច់ទូរស័ព្ទនេះ មិនមែនទើបតែកើតឡើងនោះទេ។
អតីតអ្នកទោសមនសិការមួយរូបដែលធ្លាប់ជាប់ពន្ធនាការពីរដង គឺលោក គង់ រ៉ៃយ៉ា លើកឡើងថា នៅក្នុងពន្ធនាគារ គឺអគារមួយ អាចមានឧបករណ៍ផ្តាច់សេវាទូរស័ព្ទ៤ ទៅ ៥គ្រឿង ហើយពេលខ្លះឧបករណ៍ទាំងនោះ មានសំឡេងធ្វើឱ្យហ៊ឹងក្នុងត្រចៀក និងសង្ស័យថា ជាមូលហេតុធ្វើឱ្យឈឺក្បាល។ លោកជំរុញឱ្យមន្ត្រីពន្ធនាគារ លុបបំបាត់អំពើពុករលួយ និងរឹតបន្តឹងការនាំចូលទូរស័ព្ទពីខាងក្រៅ ជាជាងការប្រើប្រាស់ឧបករណ៍កាត់ផ្ដាច់សេវាទូរស័ព្ទ៖ «យើងមិនមែនជាអ្នកជំនាញ យើងក៏មិនសូវដឹងច្បាស់រឿងហ្នឹងដែរ ប៉ុន្តែអ្វីដែលយើងដឹង គឺពេលដែលរូបខ្ញុំខ្លួនឯងចូលទៅវាដូចជាអ្វីពួកគាត់ លើកឡើងដែរ ហើយសម្រាប់ជនជាប់ឃុំទាំងអស់ មិនថាជនជាប់ឃុំផ្នែកនយោបាយ ឬក៏ជនជាប់ឃុំដែលគាត់ប្រព្រឹត្តបទល្មើសផ្សេងៗទេ គឺពួកគាត់និយាយដូចគ្នាដែរ ។ នៅពេលពួកគាត់អត់ទាន់ជាប់ពន្ធនាគារ គាត់មានស្មារតីស្វាហាប់រឹងមាំល្អ ហើយពេលពួកគាត់ជាប់ពន្ធនាគារទៅ ធ្វើឱ្យគាត់ភ្លេចភ្លាំងស្មារតី ឬស្មារតីមិនល្អ»។
គ្រួសារ និងអ្នកឃ្លាំមើល ចាត់ទុកថា សម្រាប់សកម្មជននយោបាយ និងសកម្មជនសង្គមដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ឃុំខ្លួនទាំងគ្មានកំហុសដាក់ក្នុងពន្ធនាគារដោយបាត់បង់សេរីភាពដើរហើរ គឺជារឿងអយុត្តិធម៌ និងជាទណ្ឌកម្មធ្ងន់ធ្ងរមួយស្រាប់ទៅហើយ។ ប៉ុន្តែការដាក់ឱ្យពួកគេរស់នៅក្នុងបន្ទប់ចង្អៀតណែនណាន់ រកកន្លែងដេកមិនបាន អង្គុយមិនកើត និងថែមទាំងអះអាងថា ពួកគាត់ទទួលរងប៉ះពាល់ពីវិទ្យុសកម្មទៀតនោះ គឺរឹតតែបន្ថែមទណ្ឌកម្មនិងរំលោភសិទ្ធិ របស់ពួកគាត់ធ្ងន់ធ្ងរថែមទៀត ផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ ការសិក្សាវិទ្យាសាស្ត្របង្ហាញថា វិទ្យុសកម្មកើតឡើងពីឧបករណ៍រំខានរលកសញ្ញាទូរស័ព្ទ បណ្ដាលឱ្យប៉ះពាល់ដល់ទឹកអង្គជាតិបុរស (ឬទឹកកាមបុរស) ដែលធ្វើឱ្យប៉ះពាល់ដល់ការបង្កកំណើត។
ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះគំនិតចង់ឱ្យបង្កើតគណៈកម្មការស្រាវជ្រាវអំពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ផ្ដាច់សេវាទូរស័ព្ទនេះ ព្រោះមន្ត្រីរបស់លោក ក៏ធ្វើការនៅទីនោះដែរ។ លោកអះអាងថា កន្លងមក ពន្ធនាគារធ្លាប់បានសិក្សាជាមួយក្រុមហ៊ុនដំឡើងឧបករណ៍នេះដែរ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា មិនមានផលប៉ះពាល់អ្វីនោះទេ៖ «សូមជម្រាបថា មន្ត្រីខ្ញុំអត់មានជំនាញខាងវាយតម្លៃឧបករណ៍វិទ្យុសកម្មទេ ដូច្នេះទាល់តែអ្នកខាងទូរគមនាគមន៍បានគាត់អាចធ្វើបាន ។ ការស្នើសុំនេះ វាមិនមែនជាបន្ទុករបស់ខ្ញុំទេ បើសិនជាសង្គមស៊ីវិល គេធ្វើលិខិតមករដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ អាហ្នឹងខាងថ្នាក់ដឹកនាំមានចំណារឱ្យមានវិធាន ការយ៉ាងម៉េច គឺជាការសម្រេចរបស់គាត់ ហើយខ្ញុំអត់មានយោបល់អីទេ»។
លោកបន្តថា មន្ត្រីពន្ធនាគារ ក៏បានរឹតបន្តឹងចំពោះការនាំចូលវត្ថុហាមឃាត់ដែរ ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បានទាំងស្រុង ដោយសារចំនួនជនជាប់ឃុំមានច្រើនលើសលុបជាងមន្ត្រីពន្ធនាគារ។ ចំពោះបញ្ហាចង្អៀតណែនក្នុងពន្ធនាគារវិញ លោកតែងបកស្រាយថា តុលាការកំពុងព្យាយាមពន្លឿនដោះស្រាយសំណុំរឿង និងសាងសង់អគារពន្ធនាគារបន្ថែមជាដើម។
ទោះបីជាយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ថ្មីៗនេះមានជនជាប់ឃុំជាច្រើននាក់បានលើកឡើងដូចៗគ្នាអំពីផលប៉ះពាល់សុខភាពដែលអាចបង្កឡើងដោយឧបករណ៍កាត់ផ្ដាច់ទូរស័ព្ទ ប៉ុន្តែមកដល់ពេលនេះ លោកមិនទាន់មានអ្នកជំនាញណាមួយបកស្រាយបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ។ លោកស្នើសុំឱ្យរដ្ឋាភិបាល បង្កើតគណៈកម្មការជំនាញ និងឯករាជ្យ ដើម្បីស្រាវជ្រាវ និងបញ្ជាក់រឿងនេះឱ្យបានច្បាស់លាស់ ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងការលើកឡើងដដែលៗ៖ «យើងមិនមែនជាអ្នកជំនាញ យើងមិនទាន់ហ៊ានបកស្រាយថា វាប៉ះពាល់ឬមិនប៉ះពាល់ទេ ដូច្នេះហើយទើបយើងថា ធ្វើម៉េចឱ្យមានអ្នកជំនាញ ឬគណៈកម្មការជំនាញ ធ្វើការសិក្សាស្រាវជ្រាវទៅលើរឿងហ្នឹងឱ្យបានច្បាស់លាស់ ហើយបើការដាក់ហ្នឹង វាមានប៉ះពាល់ដូចគាត់លើកឡើងមែន គឺនឹងធ្វើ ឱ្យប៉ះពាល់ដល់សុខភាពរបស់គាត់។ ដូចយើងដឹងហើយថា ជនជាប់ឃុំ គឺគាត់អស់សិទ្ធិមួយតែអ្វីដែលតុលាការដកហូត ដូចជាសិទ្ធិដើរហើរជាដើម ផុតពីនេះ គឺពួកគាត់ នៅមានសិទ្ធិដូចពលរដ្ឋដទៃទៀតដែរ ដូចជាសិទ្ធិទទួលបានអាហារគ្រប់គ្រាន់ សិទ្ធិជៀសផុតពីការធ្វើទារុណកម្ម និងសិទ្ធិទទួលបានសេវាសុខភាពជាដើម»។
គណបក្សប្រឆាំងក៏ធ្លាប់ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហារបស់អ្នកកំពុងជាប់ឃុំដែរ។ សាខាគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប កាលពីថ្ងៃទី៧ ខែកុម្ភៈ ក៏បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាចង្អៀតណែន និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញាទូរស័ព្ទនៅក្នុងពន្ធនាគារដែរ។ សាខាគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប ចាត់ទុកថា ការឃុំខ្លួនអ្នកទោសច្រើននាក់ក្នុងបន្ទប់តូចចង្អៀត គ្មានខ្យល់អាកាសចេញចូលល្អ ក្នុងពេលកំពុងមានជំងឺរាតត្បាតកូវីដ-១៩ និងប្រើប្រាស់ប្រព័ន្ធរំខានរលកសំឡេងលើអ្នកទោសនេះ គឺកំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយផ្លូវចិត្ត និងជាការធ្វើទារុណកម្ម ព្រមទាំងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។