សង្គមស៊ីវិលជំរុញសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់លើជនជាតិចិនដែលប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដោយសារសកម្មភាពទាំងនោះនឹងប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋ និងសង្គមជាតិទាំងមូល។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលជនជាតិចិនបានចាប់បង្ខាំងជនជាតិថៃជាច្រើននាក់ ដើម្បីទារប្រាក់ និងបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ (Online) ជាបន្តបន្ទាប់។
សង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនគួរបណ្តោយឱ្យជនបរទេស ជាពិសេសជនជាតិចិនប្រព្រឹត្តអំពើខុសច្បាប់ដើម្បីចាប់បង្ខាំងជំរិតទារប្រាក់ជនជាតិថៃនៅលើទឹកដីខ្មែរឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមកំពុងរងគ្រោះដោយសារបទល្មើសឧក្រិដ្ឋដូចជាការបៀតបៀនផ្លូវកាយ ចិត្ត សេដ្ឋកិច្ច ជាពិសេសការបង្ខាំងចាប់ជំរិត ឆបោក និងបទល្មើសផ្សេងៗទៀត។ លោកសង្កេតឃើញថា បទល្មើសភាគច្រើនប្រព្រឹត្តដោយជនជាតិចិន។ លោកយល់ថា បទល្មើសកើតឡើងជាញឹកញាប់បែបនេះ បណ្តាលមកពីអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ធូររលុងដែលធ្វើឱ្យជនបរទេសទាំងនោះអាចធ្វើសកម្មភាពលើទឹកដីខ្មែរ ដើម្បីប្រព្រឹត្តបទល្មើសដោយសេរី៖ « តាមការបង្ក្រាបរបស់សមត្ថកិច្ច និងព័ត៌មានដែលយើងទទួលបានឃើញថា មានជនជាតិចិនប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញនេះច្រើនជាងគេ ទាំងការចាប់ជំរិត ការបង្ខាំង ការប្រព្រឹត្តនូវបទល្មើសផ្សេងៗទៀត។ ហើយការបង្ខាំងមនុស្សខុសច្បាប់គឺជាបទឧក្រិដ្ឋនៃក្រមព្រហ្មទណ្ឌខ្មែរ ទោះបីការចាប់បង្ខាំងលើជនជាតិណាក៏ដោយ កើតលើទឹកដីកម្ពុជាគឺជាបទល្មើសឧក្រិដ្ឋ »។
ការលើកឡើងនេះបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាតិចិនចំនួន ៧៤នាក់ ក្នុងនោះចំនួន ៣នាក់ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសដោយបង្ខាំងជនជាតិថៃចំនួន ៩៩នាក់ដើម្បីជំរិតទារប្រាក់ នៅផ្ទះមួយកន្លែងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ ជនរងគ្រោះទាំងនោះបានចាញ់បោកមេខ្យល់មកធ្វើការងារផ្សព្វផ្សាយឱ្យក្រុមហ៊ុនចិនលក់ផលិតផលតាមអនឡាញ។ ចំណែកជនជាតិចំនួន ៧១នាក់ដែលមិនជាប់ទាក់ទងបទល្មើសសមត្ថកិច្ចបានសម្រេចដោះលែងពួកគេឱ្យទៅធ្វើការងារធម្មតាវិញ។
វិទ្យុអាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃ២៦ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។ ប៉ុន្តែលោក ប្លង់ សុផល ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ថា សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនជាតិចិនចំនួន ៣នាក់ និងបញ្ជូនទៅចៅក្រមស៊ើបសួរពីបទបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មតាមមាត្រ២៥៤ នៃក្រមព្រហ្មទណ្ឌ។
របាយការណ៍ពីមន្ត្រីស្ថានទូតថៃប្រចាំនៅក្រុងភ្នំពេញ ឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកញ្ញា មានជនជាតិថៃជិត ១០០ នាក់ហើយ ត្រូវបានមន្ត្រីស្ថានទូតថៃជួយសង្គ្រោះពួកគេឱ្យត្រឡប់ទៅប្រទេសថៃវិញ។ ជនជាតិថៃទាំងនោះត្រូវបានជនជាតិចិនបោកឱ្យធ្វើការនៅក្នុងបនល្បែងកាស៊ីណូអនឡាញ នៅខេត្តកំពត រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ដោយសន្យានឹងផ្ដល់ប្រាក់ឈ្នួលចន្លោះពី ៧០០ ទៅ ១ពាន់ដុល្លារ (១.០០០ដុល្លារ) ក្នុងមួយខែ។
លោក អំ សំអាត ព្រួយបារម្ភថា បើអាជ្ញាធរមិនចាត់វិធានការទប់ស្កាត់ទាំងនោះឱ្យទាន់ពេលវេលាទេ វានឹងបង្កអសន្តិសុខសង្គម ប៉ះពាល់ដល់អ្នកវិនិយោគ និងមុខមាត់របស់កម្ពុជាជាក់ជាមិនខាន។ មន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តច្បាប់លើជនអន្តោប្រវេសន៍ឱ្យបានតឹងរ៉ឹង ដើម្បីចាត់វិធានការផ្លូវច្បាប់លើជនប្រព្រឹត្តបទល្មើសឱ្យមានប្រសិទ្ធភាព៖ « ខ្ញុំជឿថា អាជ្ញាធរលោកនឹងចាប់វិធានការឱ្យបានតឹងរ៉ឹងលើជនបរទេស ឬជនបរទេសដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា ដើម្បីកុំគេចោទប្រកាន់ថា ជនបរទេសយកទឹកដីយើងធ្វើជាកន្លែងប្រព្រឹត្តបទល្មើស »។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានរកឃើញថាអាជ្ញាធរកម្ពុជា និងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត មិនអាចការពារអ្នកប្រើប្រាស់បានគ្រប់គ្រាន់ ហើយអាជ្ញាធរមិនអាចត្រួតពិនិត្យ ចាប់ពិរុទ្ធ និងរំលោភបំពានលើអ្នកប្រើប្រាស់បាន និងអនុញ្ញាតឱ្យបុគ្គលឯកជនធ្វើការរំលោភបំពានផ្លូវភេទ បង្កការរើសអើង គំរាមកំហែង និងការរំលោភបំពានផ្សេងៗ មកលើអ្នកប្រើប្រាស់ផ្សេងទៀតបានជាញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។