សង្គមស៊ីវិលស្នើ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​​បរិស្ថាន​ ដូច​​ករណី​​បណ្ឌិត​​សេង សារី ​​

0:00 / 0:00

ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ពិចារណា​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​​និង​​ដោះលែង​​សកម្មជន​​សិទ្ធិមនុស្ស​ និង​​បរិស្ថាន​ ដូចដែលតុលាការលើកលែងកា​រ​ចោទប្រាកាន់​​អ្ន​ក​វិភាគ​​នយោបាយ​បណ្ឌិត​ សេង សារី។ ពួកគេ​យល់​ថា ​ការចាប់​​និង​​ការចោទ​​លើ​ស​កម្មជន​​ទាំងនោះ ​ក៏អាចជា​​ការ​ភ័ន្តច្រឡំ​ពី​​គោលបំណងនៃការបញ្ចេញមតិ​​របស់​ពួកគេ​ទាំងនោះដែរ​។

ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដកដីកា​ចាប់ខ្លួន​អ្នកវិភាគ​នយោបាយ​បណ្ឌិត​ សេង សារី ​មក ​មន្ត្រីសិទ្ធិមនុស្ស ​ក៏ចង់ឃើញ​លោក ហ៊ុន សែន ​ផ្តល់យុត្តិធម៌​​ដល់​សកម្មជន​សិទ្ធិមនុស្ស ​និង​សកម្ម​ជនបរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​ដែរ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី​ ថ្លែងថា ​សកម្មភាព​របស់​លោក រ៉ុង ឈុន ​និង​សកម្មភាព​​យុវជន​ការពារ​បរិស្ថាន​ គឺគ្មានចំណុច​ណា​ដែល​បញ្ជាក់​ពីបទ​ល្មើស​នោះទេ ​ពោលគឺ​​ពួកគាត់​គ្រាន់តែ​បញ្ចេញមតិ​ខ្វាយ​ខ្វល់​ពីបញ្ហាសង្គម​ និង​បរិស្ថាន​ដែល​ស្រប​តាមច្បាប់​​ប៉ុណ្ណោះ។ លោក​ស្នើសុំឲ្យ​រដ្ឋាភិបាល និង​តុលាការ​លើកលែងការ​ចោទ​ប្រកាន់​ប្រឆាំង​ពួកគាត់​ដូច​ករណី​បណ្ឌិត សេង សារី​ដែរ ​និង​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​ដើម្បី​បន្ត​ចូលរួម​ការងារ​សង្គម​តទៅ​ទៀត៖ «ការបង្កលក្ខណៈ​ឲ្យមាន​មតិត្រឡប់​ ឬ​មានការ​រិះគន់​ពី​គ្រប់​និន្នាការ​ទាំងអស់​ និន្នាការ​ណាក៏ដោយ​ នយោបាយ​ក្តី​ សាសនាក្តី​ វប្បធម៌ក្តី​ សិទ្ធិសេដ្ឋកិច្ច​ផ្សេងៗ​ទៀត​យើង​គួរតែ​បើកចំហរ​ ព្រោះ​មានតែ​ការជជែក​ ការរិះគន់​នេះទេ​ ដែល​នាំឲ្យ​មាន​ការរីកចម្រើន​ដល់​ប្រទេសជាតិ​ទាំងមូល។ខ្ញុំ​គិត​ថា ​មកដល់ពេលនេះ ​កម្ពុជា​ មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​នៅក្នុងការ​ធ្វើ​កិច្ចការ​ដោយ​ខ្លួនឯង​ ដូច្នេះ​យើង​ គួរតែ​បង្ក​លទ្ធភាព​ឲ្យ​បញ្ញវន្ត​ដែល​ចេះដឹង​ចូលរួម​កិច្ចការ​សង្គម»។

លោក ​ប៉ិច ពិសី ​បន្តថា ​ប្រសិនបើ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​ ឬមិន​បើក​ឱកាស​ឲ្យ​បញ្ញវន្ត​បញ្ចេញ​សមត្ថភាព​ចូលរួម​កសាង​សង្គមជាតិទេ​ នឹងធ្វើឲ្យ​ពួកគេ​អស់​សង្ឃឹម​ហើយ​រត់​ភៀសខ្លួន​ទៅរស់នៅ​ប្រទេស​ជឿនលឿន ​ដែលនាំឲ្យ​ខាត់បង់​សម្រាប់​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ៖ «កាលណា​គាត់ចេះដឹង​ហើយ​គាត់អត់​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ឲ្យអស់​សក្តានុពល​ក្នុងការ​កសាង​សង្គមជាតិ​ កសាង​គ្រួសារ​ខ្លួនឯង​ គឺ​គាត់ ​សម្រេចចិត្ត​ជ្រើសរើស​ទៅរស់នៅ​ប្រទេស​ក្រៅ​ ដែល​ធ្វើឲ្យ​បាត់បង់​ខួក្បាល​អ្នកចេះ​ដឹង​​នៅក្នុង​សង្គមយើង។គាត់​ទៅរស់​នៅ​អូស្ត្រាលី ​ទៅនៅ​បារាំង ​អង់គ្លេស​ អាមេរិក​ ដែល​ជា​ប្រទេស​មាន​អ្នកចេះដឹង​ច្រើន​ទៅហើយ​ ហើយ​យើង​ដែល​ ជាប្រទេស​ត្រូវការ​អ្នកចេះដឹង​ តែ​ដោយសារ​យើង​អត់ផ្តល់​ឱកាស​ជូន​គាត់​ ហើយ​ជា​រឿង​ធម្មតាទេ ​យើង​ក៏មិន​បន្ទោស​គាត់ទេ ​គឺគាត់ ​ត្រូវតែ​ជ្រើសរើស​ផ្លូវមួយ​ដែល​ចំណេញ​ខ្លួនឯង ​ព្រោះ​គាត់​មានឱកាស​ធំធេង​នៅ​ប្រទេសផ្សេង​ទទួលបាន​សិទ្ធិសេរីភាព​ ក៏ដូច​ប្រយោជន៍​សេដ្ឋកិច្ច​ផ្សេងៗ»។

ជាមួយគ្នានេះ ​ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវនិង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN)​លោក ​ហេង គឹមហុង ​លើកឡើងថា​ រដ្ឋាភិបាល​គួរតែ​ពិចារណា​ដោះ​លែង​លោក រ៉ុង ឈុន ​និង​យុវជន​សង្គម ​យុវជន​បរិស្ថាន​ឲ្យមាន​សេរីភាព​ឡើង​វិញ ព្រោះ​សកម្មភាព​របស់​ពួកគាត់​ ក៏ជាការ​អនុវត្តសិទ្ធិ​ស្របច្បាប់​ដូចបណ្ឌិត​ សេង សារី ដែរ៖ «យើង​គ្រប់គ្នា​ សុទ្ធតែ​បានដឹង​បាន​លឺ​ហើយ​មិនខុស​ពី​សំណុំរឿង​ទាក់ទិន​ជាមួយ​បណ្ឌិត សេង សារី ទេ ​គឺ​សកម្មជន​ទាំងអស់​នោះ​ទោះបី​ជា​ពេល​ខ្លះ​ គាត់​និយាយ​គំរោះគំរើយ ​​ព្រោះ​ធម្មតា​ពាក្យពិត ​រ៉ែងស្លែង​ ប៉ុន្តែ​អត្ថន័យ​ខ្លឹម​សារ​ឬក៏​អ្វីដែល​ពួកគាត់​ចូលរួម​នេះ ​គឺ​គ្រាន់តែ​ចង់​ការពារ​​ប្រយោជន៍​រួម​នៃ​សង្គមទេ មិនមែន​ជា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ឯណា»

ការលើកឡើងបែបនេះ​ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កាលពីថ្ងៃទី​២០ ​ខែកញ្ញា ​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​លោក ​ដោយ​ស្នើ​ដល់​​ស្ថាប័ន​តុលាការឲ្យ​​ដកហូត​ដីកា​ចាប់​ខ្លួន​​បណ្ឌិត សេង សារី មកវិញ ​ក្រោយពីលោកអះអាងថា លោកបាន​ស្តាប់​ការ​បកស្រាយ​របស់​អ្នកវិភាគ​រូបនេះ​។ការលើកលែងការចោទប្រកាន់នេ ធ្វើឡើង​៤ថ្ងៃ​ក្រោយ​ពីលោក ​ហ៊ុន សែន ​បាន​ប្រកាស​​តាម​​ចាប់​ខ្លួន​បណ្ឌិតសេង សារី​ ពាក់​ព័ន្ធនឹង​ការ​​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook) អំពី​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋា​ភិ​បាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោកសម រង្ស៊ី។

ទាក់ទងនឹងករណីនេះ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជាសហការី​ជិតស្និទ្ធរបស់​លោក រ៉ុង ឈុន ​គឺអ្នកស្រី អ៊ុក ឆាយ៉ាវី ​និយាយថា ​ការលើកលែង​ទោស​ដល់​បណ្ឌិត សេង សារី ​ដោយសារ​លោក ហ៊ុន សែន ​បាន​ស្តាប់​ការបកស្រាយ​ហើយ​ឈប់​ភ័ន្តច្រឡំ​លើការ​បញ្ចេញ​មតិ​របស់​គាត់។អ្នកស្រី បន្តថា​លោក ហ៊ុន សែន គួរដោះលែង​លោក រ៉ុង ឈុន ​និង​អ្នកកំពុងជាប់ឃុំ​ដោយអយុត្តិ​ធម៌​ផ្សេងៗទៀត៖ «លោកនាយកមន្ត្រី​ លើកលែង​ការចោទប្រកាន់​លើ​ លោក សេង សារី ​អ៊ីចឹង ​ខ្ញុំ​គិត​ថា ​លោកនាយករដ្ឋមន្ត្រី ​គួរ​ពិចារណា​លើកលែង​ទោស លោក រ៉ុង ឈុន ​និង​អ្នកដែល​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទាំងអស់នោះ​ផងដែរ​។ ពួកគាត់​ គ្មាន​ចេតនា​ទៅ​បំផ្លាញ​ប្រទេសជាតិ​ ទៅនាំ​ឲ្យ​វឹកវរ​ដល់​សន្តិសុខសង្គមទេ​ គឺ​ពួកគាត់​ធ្វើនេះ​គ្រាន់តែ​សម្តែងមតិ​ ហើយ​ការ​ដែល​ចាប់នេះ​គឺ​ចាប់​ទាំង​អត់​មាន​កំហុស​ ដូច្នេះ​គួរតែ​លើកលែង​ទោស​ឲ្យ​ពួកគាត់​ទាំងអស់​គ្នា​ ជួបជុំ​ក្រុម​គ្រួសារ​គាត់​វិញ​ ហើយ​ឲ្យ​គេ​មើល​ឃើញថា​ ខ្មែរយើង​ ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា»។

ជុំវិញរឿងនេះ​ វិទ្យុអាស៊ីសេរី​ មិនអាច​សុំការឆ្លើយតប​ពីប្រធាន​អង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ និង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក ​សុខ ឥសាន​ បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

អាជ្ញាធរបាន​​ចាប់​ខ្លួន​លោក រ៉ុង ឈុន ​កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែកក្កដា ​ឆ្នាំ​២០២០ ​ក្រោយ​ពី​លោក​ចេញ​សេចក្តីថ្លែងការណ៍​ និង​ផ្តល់​បទសម្ភាស​ដល់អ្នក​សារព័ត៌មាន​​ទាក់ទង​នឹងការ​លើកឡើង​របស់​ប្រជាកសិករខ្មែរ​អំពី​បញ្ហាបាត់​​​ដីធ្លី​នៅ​ក្បែរតំបន់​ព្រំដែនក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​ប្រទេស​វៀតណាម​។​ក្រោយ​មក អាជ្ញាធរ ​ក៏បាន​​ចាប់​ខ្លួនអ្នក​នយោ​បាយ​​ព្រះសង្ឃ​ រួមទាំង​យុវជន​ជាច្រើន​នាក់​ដាក់ពន្ធនាគារ​ជាបន្តបន្ទាប់ ​ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យដោះលែង​លោក​ រ៉ុង ឈុន។ បន្ទាប់មក​អាជ្ញាធរ ​ក៏បាន​ចាប់ខ្លួន​យុវជនការពារ​បរិស្ថាន​បីនាក់ ​គឺលោក​ ថុន រដ្ឋា ​កញ្ញា ភួន កែវរស្មី ​និង​កញ្ញា ឡុង គន្ធា ​ដោយសារ​ទាមទារ​ឲ្យបញ្ឈប់​លុប​បឹងតាមោក។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក រ៉ុង ឈុន​ និង​សកម្មជន​ចំនួន​ទៀត​ឲ្យជាប់ពន្ធនាគារ​ចន្លោះពី១ឆ្នាំ​កន្លះ​ទៅ​២ឆ្នាំ ​និង​មួយចំនួន​ទៀត​កំពុង​​រង់ចាំការជំនុះជម្រះ និង​កាត់ទោស ​ក្នុង​បទប្រកាន់​ដូចៗគ្នា​ គឺ​បទ «ញុះញង់ឱ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។កាលពី​មិថុនា ​ឆ្នាំ២០២១​ អាជ្ញាធរ​ក្រុងភ្នំពេញ ​ក៏បាន​ចាប់ឃុំ​ខ្លួន​យុវជន​ការពារបរិស្ថាន​៣នាក់​បន្ថែមទៀត​ ដោយ​ចោទ​ពីបទរួមគំនិតក្បត់ ​និង​ប្រមាថព្រះមហាក្សត្រ​ ពាក់ព័ន្ធ​ការងារ​បរិស្ថាន។ តុលាការ​ ក៏បាន​បន្ថែម​បទ​ចោទថ្មីនេះ​ទៅលើ​យុវជនបរិស្ថាន​៣នាក់​ដែល​បាន​កាត់​ទោស​រួចនោះ​ផងដែរ។

ទោះជាយ៉ាងណា​ ក្រុមអង្គការជាតិនិង​អន្តរជាតិ ​ព្រមទាំង​ក្រុមប្រទេស​ប្រជាធិបតេយ្យ​បាន​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​សកម្មជន​ទាំងនេះថា​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ប្រគល់​សេរីភាព​ជូន​ពួកគេ​ឡើង​​វិញ​ដោយ​ឥត​លក្ខ​ខណ្ឌ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។