មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ពី​ចំនួន​ជន​ជាប់​ឃុំ​កើន​ឡើង​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស ព្រួយបារម្ភ​អំពី​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​បណ្ដាល​ឱ្យ​ពន្ធនាគារ កាន់តែ​ចង្អៀត​ណែន ដោយសារ​អាជ្ញាធរ​ចាប់ខ្លួន​ជនសង្ស័យ​កាន់​ច្រើន និង​ផ្អាក​សវនាការ​ក្នុង​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដោយសារ​អ្នក​ជាប់ឃុំ​ថ្មី​មាន​ជា​រៀងរាល់ថ្ងៃ។

បើ​ទោះ​បី​ជា​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ចង្អៀត​ណែន​ធ្ងន់ធ្ងរ​ក្ដី ក៏​អាជ្ញាធរ​នៅតែ​បន្ត​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ជា​រៀងរាល់ថ្ងៃ ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ពន្ធនាគារ​ផ្ទុក​មនុស្ស​លើស​ចំណុះ​ចង្អៀត​ណែន​នេះ កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល មិន​ទាន់​អាច​កាត់​បន្ថយ​បាន​នៅឡើយ បើ​ទោះ​មានការ​សាងសង់​ពន្ធនាគារ​បន្ថែម​ខ្លះ និង​មាន​យុទ្ធនាការ​ពន្លឿន​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​របស់​ក្រសួង​យុត្តិធម៌​ក៏ដោយ​។ លោក​ព្រួយបារម្ភ​ថា ប្រសិនបើ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣​នេះ នៅតែ​អូស​បន្លាយពេល នឹង​ធ្វើ​ឱ្យ​ពន្ធនាគារ​កាន់តែ​ចង្អៀត​ណែន​ថែម​ទៀត ដោយសារ​ចំនួន​អ្នក​ជាប់ឃុំ​ថ្មី​ចេះតែ​កើន​ឡើង ខណៈ​តុលាការ​ផ្អាក​សវនាការ​ជំនុំជម្រះ បង្ក​ឱ្យ​កកស្ទះ​សំណុំរឿង​បន្ត​ថែម​ទៀត៖ «យើង​ដឹង​ហើយ​ថា ទាក់ទង​នឹង​កូវីដ​ - ១៩ ទាក់ទង​នឹង​សវនាការ​អី ខ្លាច​ដឹក​ទៅ​ដឹក​មក​មនុស្ស​ច្រើន​អី​វា​មួយ​ហើយ ប៉ុន្តែ​ការ​អូស​បន្លាយ​បាន​ន័យ​ថា អ្នក​ដែល​ជាប់ឃុំ​ហ្នឹង ចេះតែ​បន្ត​ហើយ​ភាព​ចង្អៀត​ណែន​នេះ​ក៏​ចេះ តែ​បន្ត​ដែរ។ ការ​ចង្អៀត​ណែន កាល​ណា​តែ​ខ្លាំង​ទៅ​ទី​១ យើង​បារម្ភ​ទាក់ទង​នឹង​បញ្ហា​កូវីដ ទី​២ ជំងឺឆ្លង​កាច​សាហាវ​ផ្សេង​ទៀត ទី​៣ កាលណា​ចង្អៀត​តែ​ខ្លាំង​មែនទែន​វា​អាច ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​កាន់តែ​ខ្លាំង​ដែរ»។

លោក អំ សំអាត បន្ត​ថា ដើម្បី​កាត់បន្ថយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ តុលាការ គួរតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ថា ចំពោះ​បទល្មើស​មជ្ឈិម ឬ​បទល្មើស​កម្រិត​ស្រាល មិន​គួរ​ឃុំខ្លួន​ទេ ពោល​គឺ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន គួរតែ​ជា​ជម្រើស​ចុងក្រោយ។ ទន្ទឹម​គ្នា​នេះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល គួរតែ​ខិតខំ​ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀន​ពី​ខាងក្រៅ​ផង​ដែរ៖ «បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា អ្នក​ឃុំ​ខ្លួន​រង់ចាំ​សវនាការ​ច្រើន​ស្ទើរតែ​២​ភាគ​៣ ហើយ​បញ្ហា​មួយទៀត​យើង​ឃើញ​ថា បទល្មើស​ច្រើន​ដែល​ជា ពិសេស​យុទ្ធនាការ​នៃ​ការ​បង្ក្រាប់​គ្រឿងញៀន​នេះ ក៏​វា​បង្កើន​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ។ មួយទៀត​សវនាការ បើសិនជា​ការ​ពន្យារ​ពេល ឬក៏​សវនាការ​ដែល​កាត់ទោស​ហ្នឹង យើង​គួរតែ​ពិនិត្យ​ទៅលើ​រឿង​ទោស ការងារ​សហគមន៍ ទោស​ពាក់ កណ្ដាល​នៃ​ទោស ការ​ព្យួរទោស​អី​ជាដើម​ជាពិសេស​អាទិភាព​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូន​តាម​ម្ដាយ ឬ​អនីតិជន​ជាដើម»។

អង្គការ​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​នោះ​ទេ ជាពិសេស​អ្នក​សម្ដែង​មតិ និង​អ្នក​រិះគន់​រដ្ឋាភិបាល។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត រៀបរាប់​ថា លោកស្រី បារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែល​ធ្វើ​ឱ្យ​ប្តី​លោកស្រី​ពិបាក​រស់នៅ និង​ពិបាក​ដេក ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​របស់​គាត់​។ លោកស្រី​យល់​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​មាន​តុលាការ​ឯករាជ្យ​នោះ គឺ​ប្តី​របស់​លោកស្រី ប្រាកដជា​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រហូតដល់​ពីរ​ដង​ផ្ទួនៗ​ទាំង​គ្មាន​កំហុស​នោះ​ទេ៖ «វា​អយុត្តិធម៌​ណាស់​សម្រាប់​ប្តី​ខ្ញុំ ដោយសារតែ​គាត់​ទើប តែ​រួចខ្លួន​មកវិញ ហើយ​ឥឡូវ​គេ​ចាប់ខ្លួន​ទៀត គេ​ចាប់​ហើយ​អត់​បាន​ស៊ើបសួរ ឬ​ទុក នៅ​ខាងក្រៅ ឬក៏​បញ្ជាក់​ថា គាត់​ធ្វើ​អី​ខុស គឺ​អត់​មាន​ទេ ចាប់​ហើយ​បញ្ជូន​ទៅ​តែម្ដង»។

មកទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់​ឃុំខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម ព្រះសង្ឃ និង​យុវជន​សរុប​ជិត ៨០​នាក់​ហើយ ដាក់​ក្នុង​ពន្ធនាគារ ហើយ​ភាគច្រើន​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​ក្ដី។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា ថ្លែង​ថា យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌ បាន​រួម​ចំណែក​កាត់បន្ថយ​ភាព​ចង្អៀត ណែន​ក្នុង​កម្រិត​តូច​មួយ ហើយ​លោក រំពឹង​ថា កម្មវិធី​លើកលែងទោស​ក្នុង​កម្មវិធី​បុណ្យជាតិ​សំខាន់ៗ​នឹង​អាច​ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​មួយ​កម្រិត​ទៀត។ ទោះជា​យ៉ាងណា លោក​ក៏​បារម្ភ​ដែរ​ថា ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ​ នេះ នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ជាប់ឃុំ​កើន​ឡើង​បន្ថែម​ទៀត ដោយសារ​តុលាការ​ពន្យារ​ពេល​សវនាការ​ផង និង​មាន​អ្នក​ជាប់ឃុំ​ថ្មី​ជា​បន្តបន្ទាប់​ផង៖ «បារម្ភ​ចេះតែ​បារម្ភ​ហើយ ប៉ុន្តែ​យើង​ធ្វើ​ម៉េច​បើ​ការងារ ចាំបាច់​បំផុត​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង បើ​យើង​ចេះតែ​គិត​ថា ទាមទារ​ឡើង​តុលាការ ឬ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់​ពេក​ក្នុង​កាលៈទេសៈ​ពេល​នេះ​ចុះបើ​មាន​ឆ្លង​ម្នាក់ ឬ​ពីរ​នាក់​ចូល​ក្នុង​ពន្ធនាគារ អាហ្នឹង​មិន​ខូច​ការ​ធ្ងន់​ហើយ​។ បាទ​ ! អាហ្នឹង​តែ​យើង​មិនទាន់​ជម្រះ​ហើយ​អ្នក​ចាស់​នៅចាំ អ្នកថ្មី​ចេះតែ​ចូល វា​តែងតែ​ណែន​ទៅ​តាម​ហ្នឹងហើយ»។

របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បង្ហាញ​ថា ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា មាន​ចំនួន​ជិត ៤​ម៉ឺន ( ៣៨.៩៩០) នាក់ គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២១ ទោះបីជា​ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ចំនួន​​ជាង ២​ម៉ឺន ​៦​ពាន់ (២៦.៥៩៣) នាក់​ក៏ដោយ។ អង្គការ​ទាំងនេះ បញ្ជាក់​​ថា ការ​កើនឡើង​ចំនួន​ជន​ជាប់ឃុំ​នេះ បន្ទាប់​ពី​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន និង​ដោយសារ​ការ​កើនឡើង​ច្រើន​ហួសហេតុ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់​ចាំ​សវនាការ​ជម្រះ​ក្តី ដែល​បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​នៃ​ការ​ឃុំ​ខ្លួន​យ៉ាង​​ធំ​​សម្បើម ដែល​ជិត ៧៥%​នៃ​អ្នក​ជាប់ឃុំ​ទាំងនេះ មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ​។ ការ​ផ្ទុក​មនុស្ស​លើស​ចំណុះ​ក្នុង​ពន្ធនាគារ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​រស់នៅ​ទាំង​លំបាកលំបិន ខ្វះ​អនាម័យ ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​សេចក្ដីថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។