អង្គការសង្គមស៊ីវិលមួយចំនួនបារម្ភពីសេរីភាពសារព័ត៌មាននៅកម្ពុជាដែលបន្តរងការរឹតត្បិតពីសំណាកអាជ្ញាធរ។ ប៉ុន្តែតំណែងក្រសួងព័ត៌មានថា ការរឹតត្បិតរបស់អាជ្ញាធរកើតមានចំពោះតែអ្នកសារព័ត៌មានណាដែលមិនគោរពច្បាប់។
ក្ដីបារម្ភពីការរឹត្បិតមកលើអ្នកសារព័ត៌មាននេះ ធ្វើឡើងនៅក្នុងសន្និសីទថ្នាក់ជាតិស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្រោមប្រធានបទ «ការកសាងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សាយ»ធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា រៀបចំដោយអង្គការយូនីស្កូ(UNESCO) ដែលសហការជាមួយអង្គការដៃគូជាង៩ស្ថាប័នរួមមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងមកពីតំណាងរដ្ឋាភិបាល។
នៅក្នុងកម្មវិធីសន្និសីទដែលមានអ្នកចូលរួមជិត២០០នាក់ មកពី ជម្រុះស្ថាប័ននានា លើកឡើងពីការគំរាមកំហែងមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន លើអ្នកសារព័ត៌មានណា ដែលហ៊ានរិះគន់ជុំវិញភាពអសកម្មរបស់រដ្ឋាភិបាលដូចជា បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាវិវាទការងារ និងបញ្ហាជម្លោះដីធ្លីជាដើម។ ពួកគេបារម្ភថា បើសិនជារដ្ឋាភិបាលនៅតែបន្តរឹតត្បិតអ្នកសារព័ត៌មានឯករាជ្យបែបនេះ ធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាបន្ត ធ្លាក់ចុះ។
នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោកស្រី ឆន សុគន្ធា ដែលចូលរួមជាវាគ្មិន នៅក្នុងកម្មវិធីលើកឡើងថា នៅកម្ពុជាច្បាប់ស្ដីពីរបបសារព័ត៌មានមិនមានចែងថា អ្នកសារព័ត៌មានដែលប្រព្រឹត្តខុសត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនោះទេ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា អ្នកសារព័ត៌មានដែលហ៊ាននិយាយរឿងរសើប ឬភាពអសកម្មរបស់រដ្ឋាភិបាល បែរជារង់ការចោទប្រកាន់តាមរយៈតុលាការ និងការគំរាមកំហែងគ្រប់រូបភាពផ្សេងៗ។ លោកស្រីអះអាង ទោះបីបញ្ហាទាំងនោះចង់បានការឆ្លើយតបពីសំណាកអាជ្ញាធរពាក់ព័ន្ធដើម្បីរកដំណោះស្រាយសមស្របមួយក៏ដោយ ប៉ុន្តែខាងរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានហាក់មិនអើពើនោះទេ។
លោកស្រី ឆន សុគន្ធា៖ « មួយទៀត គឺការប្រើប្រាស់ប្រព័ន្ធតុលាការ ជាការចោទប្រកាន់ទៅដល់អ្នកសារព័ត៌មាន។ អ៊ីចឹងយើងឃើញហើយ ឯកឧត្តមគាត់បានមានប្រសាសន៍កាលពីព្រឹកថា អ្នកសារព័ត៌មានត្រូវតែធ្វើតាមវិជ្ជាជីវៈ ប៉ុន្តែយើងធ្វើតាមអាជីព តាមវិជ្ជាជីវៈហើយ បើយើងមើលតាមច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានអត់ត្រូវចាប់ដាក់ពន្ធនាគារ តែជាក់ស្ដែងមានអ្នកសារព័ត៌មានមួយចំនួននៅតែមានបញ្ហា មានការចាប់មានការចោទប្រកាន់ ហើយនឹងប្រើប្រាស់ប្រព័ន្ធតុលាការជាការធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មានឯករាជ្យ »។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី ដែលជាវាគ្មិននៅក្នុងវិធីនោះដែរ លោកបារម្ភពីការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានកំពុងពេលបោះឆ្នោត ដោយសារតែអាជ្ញាធរមូលដ្ឋានហាក់មិនសហការល្អជាមួយអ្នកសារព័ត៌មាន ដោយលោកអះអាងថា ជាពិសេសការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលឃើញមានករណីមួយចំនួននៅតែរារាំង និងគំរាមកំហែងលើអ្នកសារព័ត៌មាន។ ដូច្នេះ លោកស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញ ដោយបើកលំហឱ្យអ្នកសារព័ត៌មានអាចប្រើប្រាស់តួនាទីពេញលេញក្នុងការផ្សាយព័ត៌មានដល់សាធារណជន។
លោក ណុប វី៖ « ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលលោកធានាពហុភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលគួរតែត្រូវបានធានាមុនដំណើរការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឬមួយក៏ដំណើរការបោះឆ្នោតមកដល់។ ពីព្រោះបើយើងមិនអាចធានាអំពីជម្រុះភាពនៃប្រព័ន្ធផ្សព្វផ្សាយបានទេមានន័យថាមានតែសំឡេងម្ខាងៗដែលពលរដ្ឋលោកអាចទទួលបានព័ត៌មានដែលធ្វើឱ្យពលរដ្ឋគាត់មិនមានពលរដ្ឋគ្រប់គ្រាន់ដែលទាក់ទងការសម្រេចចិត្តរបស់ពួកគាត់ »។
របាយការណ៍របស់អង្គការ CIVICUS ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តរឹតត្បិត ខណៈអ្នកសារព័ត៌មានរងវិធានការច្បាប់ជាបន្តបន្ទាប់។ របាយការណ៍ដដែលបាន វាយតម្លៃជាអវិជ្ជមានលើស្ថានភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសគឺសារព័ត៌មានឯករាជ្យដែលនៅបន្តស្ថិតក្រោមវាយប្រហារ ដែលធ្វើឱ្យអ្នកកាសែតបានប្រឈមមុខនឹងការយាយីជាច្រើនទម្រង់។
ជុំវិញការរឹតត្បិតមកលើអ្នកសារព័ត៌មានដែលហ៊ាននិយាយពីភាពអសកម្មភាពរបស់រដ្ឋាភិបាល និងបញ្ហារសើបមួយចំនួននៅបច្ចុប្បន្ននេះ រដ្ឋលេខាធិកាក្រសួងព័ត៌មាន អ្នកស្រី ផៃ ច័ន្ទរិទ្ធឹសូលីដា ឱ្យដឹងនៅក្នុងកម្មវិធីថ្ងៃនេះថា អ្នកសារព័ត៌មានដែលប្រកបនូវវិជ្ជាជីវៈត្រឹមត្រូវមិនអាចមានការគំរាមកំហែង ឬរង់ការចោទប្រកាន់ណាមួយនោះទេ។ ដូច្នេះ អ្នកសារព័ត៌មានដែលរងការចោទប្រកាន់តាមប្រព័ន្ធតុលាការកន្លងទៅនោះ ដោយសារតែមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ។
អ្នកស្រី ផៃ ច័ន្ទរិទ្ធឹសូលីដា៖ « ច្បាប់នៅក្នុងរបបសារព័ត៌មានបានចែងយ៉ាងច្បាស់ការពារសិទ្ធិការពារអ្នកសារព័ត៌មានរួចស្រេចទៅហើយ។ អ៊ីចឹងអ្នកសារព័ត៌មានកាលដែលខ្លួនប្រព្រឹត្ត ឬក៏អនុវត្តប្រតិបត្តិការនៅអង្គភាពការសរសេរនិពន្ធនាយកក៏ដោយ កាលនៅក្រោមច្បាប់គឺច្បាប់ការពារហើយ ក៏ប៉ុន្តែបើយើងផ្ទុយទៅនឹងច្បាប់ ទៅនឹងក្រោមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន កាលណាដែលយើងផ្ទុយគឺយើងមានទោសហើយ »។
មកដល់ពេលនេះ តាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងឱ្យដឹងថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ ក្នុងចំណោម ១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ ២០២១។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះ អង្គការនេះឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។