មន្ត្រីសង្គមស៊ីវិលថ្លែងថា របាយការណ៍វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ មានតុល្យភាព និងឆ្លុះបញ្ចាំងពីការពិត មិនដូចការចោទរបស់ប្រមុខការទូតកម្ពុជាឡើយ។ ការលើកឡើងនេះបន្ទាប់ពី លោក ប្រាក់ សុខុន ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥២ កាលពីថ្ងៃទី២៨ កុម្ភៈ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ដោយស្នើសុំឲ្យអ្នកជំនាញសិទ្ធិមនុស្សគួរតែវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ប្រកបដោយយុត្តិធម៌ និងផ្អែកលើការពិត ។
មន្ត្រីសង្គមស៊ីវិលក្នុងស្រុកមើល ឃើញថា ការណ៍ដែល លោក ប្រាក់ សុខុន ស្នើសុំឱ្យអ្នកជំនាញសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិធ្វើការងារប្រកបដោយយុត្តិធម៌ និងឈរលើគោលការណ៍លិទ្ធប្រជាធិបតេយ្យ នេះគឺជារឿងហួសចិត្ត និងមិនឱ្យតម្លៃដល់ការធ្វើការងាររបស់អ្នកជំនាញសិទ្ធិមនុស្សដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ប្រធានសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា លោក ប្រាក់ សុខុន ស្នើទៅអង្គការសហប្រជាជាតិបែបនេះ គឺហាក់បីមិនឱ្យតម្លៃលើអង្គការសហប្រជាជាតិ ពីព្រោះអង្គការនេះមិនមែនបង្កើតឡើងមានប្រទេសតែមួយ ឬមួយក្រុមចូលរួមនោះទេ ។ ប៉ុន្តែលោកថា អង្គការសហប្រជាជាតិជាអង្គការដែលប្រទេសនៅ ពិភពលោកទទួលស្គាល់ ដូច្នេះ បើលោក ប្រាក់ សុខុន ចង់បានបែបនេះគឺទាល់តែលោកមានអ្វីមកសំអាង ឬលុបបំបាត់សកម្មភាពរំលោភសិទ្ធិមនុស្ស ទើបគ្មានអង្គការជាតិ និងអង្គការអន្តរជាតិថ្កោលទោស ។
លោក កើត សារ៉ាយ៖ « ខ្ញុំមានជាយោបល់ដែលគិតថារាជរដ្ឋាភិបាលគួរតែយកទៅធ្វើជាកំណែទម្រង់ ហើយខ្ញុំជឿជាក់ថា នឹងទទួលបានគោត្តនាមសាទរ សរសើរអំពីបណ្ដាលសមាគមឬក៏អង្គការអន្តរជាតិ ឬក៏ប្រទេសលោកសេរីដែលគោរពលើសិទ្ធិមនុស្សគឺបើកលំហនយោបាយឡើងវិញ គឺបើកលំហនយោបាយមានការប្រកួតប្រជែងនយោបាយដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ទៅអ្នកចាញ់ទទួលស្គាល់ចាញ់ អ្នកឈ្នះទទួលស្គាល់ឈ្នះទៅពីព្រោះរាស្ត្រជាអ្នកផ្ដល់ទំនុកចិត្ត » ។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះធ្វើឡើងគឺបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥២ កាលពីថ្ងៃទី២៨ កុម្ភៈ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថា អ្នកជំនាញសិទ្ធិមនុស្សគួរតែវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ប្រកបដោយយុត្តិធម៌ មានតម្លាភាព និងផ្អែកលើការពិត ។ លោក បានទាមទារឲ្យអង្គការសហប្រជាជាតិផ្ដល់តម្លៃដល់កម្ពុជា ដោយសារថា កម្ពុជាអនុញ្ញាតឱ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមានការិយាល័យក្នុងប្រទេសកម្ពុជា រយៈពេល ៣០ឆ្នាំមកហើយ។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា អង្គការសហប្រជាជាតិជាកញ្ចក់ឆ្លុះបញ្ចាំងពីការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការណ៍ដែលអង្គការនេះចេញរបាយការណ៍វាយតម្លៃពីសិទ្ធិមនុស្ស គឺឈរលើគោលការណ៍ពិតជាក់ស្ដែង ហើយបើឱ្យអង្គការសហប្រជាជាតិយោគយល់ដោយសារមានការិយាល័យឧត្ដមស្នងការក្នុងប្រទេសកម្ពុជា គឺប្រការនេះខុសពីគោលការណ៍ប្រជាធិបតេយ្យនិងវិជ្ជាជីវៈជាស្ថាប័នឯករាជ្យ។
លោក រស់ សុដ្ឋា៖ « កន្លងមកហ្នឹងឃើញថា រដ្ឋាភិបាលលោកដូចជាបដិសេធរបាយការណ៍របស់អង្គការសហប្រជាជាតិរហូត ហើយសង្គមស៊ីវិល និងសហគមន៍អន្តរជាតិមួយចំនួន សហគមន៍អឺរ៉ុប អីជាដើម សហរដ្ឋអាមេរិកការពិនិត្យមើលឃើញ គឺប្រហាក់ប្រហែលគ្នា។ អ៊ីចឹងទេ តាមទស្សនៈខ្ញុំវាជាការគ្រប់គ្រាន់ហើយ ដែលកម្ពុជាអាចនឹងយកការរកឃើញដូចជាអនុសាសន៍ ការរកឃើញនឹងមិនមែនជាដំបងវាយកម្ពុជាទេ គ្រាន់ជាសញ្ញាប្រាប់ឱ្យកម្ពុជាហ្នឹងតម្រង់ទិស។ ដូច្នេះធ្វើការតម្រង់ទិសទៅ កន្លែងណាដែលខ្វះខាត គឺវាចប់សាច់រឿងហើយ » ។
ជារឿយៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីកំពូលៗ របស់លោក តែងមានភាពរកាំរកូស និងវាយប្រហារលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ មានពេលខ្លះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងគំរាមចង់បណ្ដេញចេញ មិនស្វាគមន៍អ្នករាយការណ៍ពិសេសទាំងនោះ ដោយហៅពួកគេថា «ជាអ្នកទេសចរណ៍តាមរដូវកាល» ឬក៏ថែមទាំងឈានទៅគំរាមបិទចោលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិឲ្យលែងមានស្រមោលនៅកម្ពុជាទៀតផង។ ភាពរកាំរកូសមិនចេះចប់មិនចេះហើយនេះ កើតមានឡើងដោយសារតែអាជ្ញាធររដ្ឋាភិបាលជាអ្នករំលោភសិទ្ធិមនុស្ស ហើយព្យាយាមបិទបាំងការពិតទាំងនេះជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ នៅគ្រប់អាណត្តិ។ ជាក់ស្ដែង ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប និងអ្នកជំនាញអង្គការសហប្រជាជាតិគ្រប់រូប ដែលបំពេញបេសកកម្មនៅកម្ពុជា សុទ្ធតែរកឃើញថា មានការរំលោភសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់នៅកម្ពុជា។ ដោយសារការរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» នេះហើយ ទើបបានជាគណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា និងគំរាមដកបន្ថែមទៀត។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏មិនទាន់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជា និងបានដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាកម្ពុជាមួយចំនួន ដែលពាក់ព័ន្ធនឹងការរម្លាយប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។