សង្គម​ស៊ីវិល​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​ជួញដូរ​មនុស្ស

ដោយ សេក បណ្ឌិត
2023.06.04
សង្គម​ស៊ីវិល​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​ជួញដូរ​មនុស្ស អ្នកនាំពាក្យ​ក្រសួង​​មហាផ្ទៃ លោក ខៀវ សុភ័គ។
RFA File

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​តឹងរ៉ឹង ក្នុង​ការ​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស។ ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនបរទេស​ចំនួន​២២​នាក់​បន្ថែម​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ព្រួយបារម្ភ​អំពី​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ខណៈ​ដែល​ក្រសួង​មហាផ្ទៃ នៅតែ​ទទួល​ពាក្យ​បណ្តឹង​ឲ្យ​ជួយសង្គ្រោះ​ជនបរទេស​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដែល​អ្នក​នោះ ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ឧសភា ថា ទិន្នន័យ​ដែល​បង្ហាញ​ពី​ចំនួន​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា នៅតែ​ស្ថិតនៅ​ក្នុង​ចំនួន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ​។ លោក​យល់​ថា អំពើពុករលួយ​អាច​ជា​ឬសគល់ នៃ​ការ​ជួញដូរ​មនុស្ស ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ មិន​ខ្លាច​ច្បាប់។ លោក នី សុខា សង្ស័យ​ថា អ្នក​ប្រព្រឹត្ត​ការ​ជួញដូរ​មនុស្ស​នេះ មិនមែន​ជា​ជន​សាមញ្ញ គ្មាន​អ្នក​កាង​នៅ​ពីក្រោយ​អាច​មក​ធ្វើ​បាន​នោះ​ទេ ពោល​អ្នក​ដែល​ហ៊ាន​ធ្វើ​រឿង​នេះ​សុទ្ធតែ​អ្នកមាន​ខ្សែបណ្ដាញ​មាន​ឥទ្ធិពល​ជាដើម។ «»

គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា សំណើ​ក្នុង​បញ្ជី​តាមដាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង មាន​ចំនួន ជិត​១​ពាន់​ករណី​(៩១៦) ក្នុង​នោះ​មាន​មនុស្ស​ជាង​២​ពាន់​នាក់​(.១៩៨ )​។ ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការស្រាវជ្រាវ​បឋម​មាន​ចំនួន​ជិត​៩​រយ​សំណើ​(៨៦៩ ) និង​បិទ​សំណុំរឿង​ជិត ៣​រយ​សំណើ​(២៩៥ )​។ ក្នុង​នោះ សមត្ថកិច្ច រក​ឃើញ​មនុស្ស​ជាង​១​ពាន់ ( .៣៣៧)​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​មួយរយ​នាក់​(១៣៥) បិទ​ទីតាំង​ក្រុមហ៊ុន​ចំនួន​៥ និង​ផ្អាក​ដំណើរការ​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​។ រីឯ​ប្រតិបត្តិ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត មាន​ចំនួន ៤៧ ករណី។ នៅ​ថ្ងៃទី​២ មិថុនា ក្រសួង​មហាផ្ទៃ ក៏​ទទួល​បាន​ពាក្យ​បណ្តឹង​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស​២​នាក់​ទៀត​ដែរ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃទី​៣០ និង​៣១ ឧសភា សមត្ថកិច្ច​បាន​ទទួល​សំណើ​ចំនួន​១០ ដែល​ស្នើ​ឲ្យ​ជួយសង្គ្រោះ​ជនបរទេស​ចំនួន​២២​នាក់ ហើយ​សមត្ថកិច្ច បាន​ជួយសង្គ្រោះ​រួច​ហើយ​។ លោក ខៀវ សុភ័គ រំពឹង​កម្ពុជា​នឹង​អាច​រួច​ផុត​ពី​ចំណាត់​ថ្នាក់ទាប ដែល​ជា​ប្រទេស​មាន​បទល្មើស​ជួញដូរ​មនុស្ស​ច្រើន​ជាងគេ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​បាន​បើក​យុទ្ធនាការ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​។ លោក​បញ្ជាក់​ថា កាល​ពី​ផ្ដើម​យុទ្ធនាការ​ដំបូង មាន​សំណើ​យ៉ាងហោចណាស់ ១០​ក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​សំណើ​ជួយសង្គ្រោះ​ជនរងគ្រោះ​នោះ គឺ​ថមថយ ហើយ​ថ្ងៃ​ខ្លះ​ពុំ​មាន​សំណើ​នោះ​ទេ​។ លោក​ស្នើ​ឲ្យ​ជនរងគ្រោះ ឬ​សាច់ញាតិ ទាក់ទង​ទៅ​ហ្វេសប៊ុក (Facebook) លោក ស ខេង ដើម្បី​រាយការណ៍ និង​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​អាល់ហ្ស៉ាហ្ស៊ីរ៉ា (Al Jazeera) បាន​បង្ហាញថា បណ្ដាញ​ក្រុមហ៊ុន​ឆបោក​ចិន​បើក​អាជីវកម្ម​ចាប់​ជម្រិត​មនុស្ស​បង្ខំ​ឱ្យធ្វើ​ការ​ខុស​ច្បាប់​នៅ​កម្ពុជា ដំណើរការ​ទៅ​បាន​ដោយ​សេរី គឺ​ដោយសារតែ​ក្រុមហ៊ុន​ទាំង​នោះ​បាន​សហការ និង​ទទួល​បាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុម​មនុស្ស​អ្នក​មាន​លុយ​មាន​អំណាច នៃ​បក្ស​ពួក​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ​នេះ​បាន​លាតត្រដាង​ថា មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​សុទ្ធ​តែ​មាន​អគារ​ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ សម្រាប់​ផ្ដល់​ឱ្យ​ជនជាតិ​ចិន​បង្ខាំង​មនុស្ស ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​មនុស្ស​នៅ​តំបន់​អាស៊ី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ។

រី​ឯ​អគារ​ដែល​ក្រុម​ជួញដូរ​មនុស្ស​នោះ​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស តែងតែ​ជា​អគារ​ធំៗ មាន​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ជ្រុង និង​មាន​របង​ខ្ពស់ៗ​ផុត​ពី​ភ្នែក​មនុស្ស ដែល​មិន​អាច​មើលឃើញ​ផ្នែក​ខាងក្នុង​ដោយ​ភ្នែក​ទទេ ហើយ​មាន​សន្តិសុខ​យាមកាម​តឹងរ៉ឹង ដែល​មិន​មាន​សកម្មភាព​ចេញ​ចូល​ក្នុង​បរិវេណ​នោះ​ដោយ​ងាយស្រួល​នោះ​ទេ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ក៏​រក​ឃើញ​ថា កម្ពុជា​ដើរ​ថយក្រោយ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ដោយ​សារ​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន ដែល​ប្រព្រឹត្ត​នូវ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​កម្រិត​ទី​៣ ដែល​មាន​ន័យថា អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។