អភិបាលខេត្តព្រះសីហនុបានថ្លែងការពារនិងបដិសេធប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាថា ពុំមានករណីចាប់បង្ខាំងមនុស្សខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងទឹកដីខេត្តព្រះសីហនុដូចដែលសេចក្តីរាយការណ៍មួយចំនួនលើកឡើងនោះទ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថ្លែងយ៉ាងដូច្នេះនៅក្នុងជំនួបមួយជាមួយគណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដឹកនាំដោយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី១៩ ខែសីហា។ កិច្ចប្រជុំនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមានគោលដៅសិក្សាឈ្វេងយល់អំពីកង្វល់និងបញ្ហាប្រឈមនានាដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្សការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតការបោកប្រាស់តាមប្រព័ន្ធអនឡាញនិងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។
ទំព័រហ្វេសប៊ុក (Facebook) របស់រដ្ឋបាលខេត្តព្រះសីហនុផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ថា លោក គួច ចំរើន បានអះអាងថាកម្ពុជាប្តេជ្ញាចិត្តខ្ពស់ប្រឆាំងនឹងអំពើទាំងនេះខណៈអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មិនដែលគេចវេះពីតួនាទីរបស់ខ្លួនឡើយ ពោលគឺ តែងតែសហការ និងបង្ក្រាបនូវរាល់បទល្មើសដោយគ្មានការបន្ធូរបន្ថយដៃឡើយ។ លោកថា ២០ឆ្នាំមុន ពលរដ្ឋខ្មែរជាច្រើនបានរងនូវការធ្វើទុក្ខបុកម្នេញឬជួញដូរនៅប្រទេសជិតខាង ដូចជា នៅថៃ (Thailand) ម៉ាឡេស៊ី (Malaysia) តៃវ៉ាន់ (Taiwan) និងចិន (China) ជាដើម ដែលជាការគួរឱ្យឈឺចាប់ក្នុងនាមជាខ្មែរ។ ដូច្នេះ លោកអះអាងថាកម្ពុជានឹងមិនឱ្យមានការឈឺចាប់នេះកើតមានទៀតនោះឡើយ។អភិបាលខេត្តព្រះសីហនុរូបនេះផ្តល់អំណះអំណាងថាកន្លងទៅមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុក៏ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់លោកថាអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតាហើយអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចសួរនាំគឺពួកគេចង់ប្តូរកន្លែងធ្វើការទើបប្តឹងសមត្ថកិច្ចថា មានករណីចាប់បង្ខាំងរីឯអ្នកផ្សេងទៀតធ្វើការដោយស្ម័គ្រចិត្ត។
គិតត្រឹមម៉ោងផ្សាយនេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន នៅមិនទាន់លើកឡើងពីប្រតិកម្មរបស់លោកពាក់ព័ន្ធនឹងជំនួបនេះឡើយខណៈលោកនឹងត្រៀមបញ្ចេញរបាយការណ៍ដំបូងពីការរកឃើញរបស់លោកនៅថ្ងៃចុងក្រោយនៃបេសកកម្មការងាររយៈពេល ១១ថ្ងៃនៅកម្ពុជាគឺនៅថ្ងៃទី២៦ ខែសីហាខាងមុខ។
មិនមែនមានតែអភិបាលខេត្តព្រះសីហនុទេដែលបដិសេធនឹងបញ្ហាបង្ខាំងមនុស្សខុសច្បាប់បញ្ហានៃការជួញដូរមនុស្សឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនិងការបោកប្រាស់តាមប្រព័ន្ធអនឡាញដែលសេចក្តីរាយការណ៍នានាបង្ហាញថាភាគច្រើនប្រព្រឹត្តដោយថៅកែជនជាតិចិននិងម្ចាស់បនល្បែងកាស៊ីណូចិននៅកម្ពុជានោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗ នេះថាការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនដែលនិយាយអំពីក្រុមមន្ត្រីនិងឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនធ្វើជំនួញជួញដូរមនុស្សនៅកម្ពុជាឬកំពុងប្រតិបត្តិការក្រុមហ៊ុនឆបោកទ្រង់ទ្រាយធំតាមប្រព័ន្ធអ៊ីនធឺណិតគឺជារឿងបំភ្លៃខុសពីការពិតនិងមានចេតនាអាក្រក់មកលើកម្ពុជាដើម្បីឱ្យពិភពលោកមើលឃើញថាកម្ពុជាជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះមិនល្អតែប៉ុណ្ណោះ។
ផ្ទុយពីការអះអាងនេះរឿងរ៉ាវដែលកម្ពុជាកំពុងតែត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ក្រុមឧក្រិដ្ឋជនជនជាតិចិនរកស៊ីប្រតិបត្តិការឆបោកទ្រង់ទ្រាយធំតាមប្រព័ន្ធអ៊ីនធឺណិតកំពុងក្លាយជាប្រធានបទស្ទើរតែប្រចាំថ្ងៃទៅហើយ ដែលត្រូវបានសារព័ត៌មានធំៗ របស់អន្តរជាតិយកទៅចុះផ្សាយនៅលើទំព័រមុខធ្វើឱ្យកក្រើកពិភពលោកខណៈរដ្ឋាភិបាលបរទេសពាក់ព័ន្ធបន្តលើកឡើងពីកង្វល់ទាំងនេះប្រាប់ទៅភាគីកម្ពុជាឱ្យដោះស្រាយ។
ជាក់ស្តែង សារព័ត៌មានអន្តរជាតិ អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) របស់រដ្ឋកាតា(Qatar) កាលពីពាក់កណ្តាលខែកក្កដាបានរាយការណ៍ថាកម្ពុជាក្លាយជាកន្លែងប្រព្រឹត្តទាសភាពតាមប្រព័ន្ធអ៊ីនធឺណិតដូចជាការចាប់ជំរិតនិងបង្ខាំងមនុស្សមកពីបណ្តាប្រទេសនានាជុំវិញតំបន់អាស៊ីរាប់ពាន់នាក់ឱ្យធ្វើការងារឆបោកមនុស្សនៅតាមអនឡាញប្រព្រឹត្តដោយក្រុមហ៊ុនចិនដែលមានទំនាក់ទំនងជាមួយអ្នកមានលុយមានអំណាចនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្ដីរាយការណ៍ស៊ើបអង្កេតជាវីដេអូរបស់អាល់ ហ្សាហ្ស៊ីរ៉ា ថែមទាំងបង្ហាញនូវរូបភាពធ្វើទារុណកម្មមនុស្សដែលមានជនរងគ្រោះដៃជាប់ខ្នោះនិងរងការវាយនឹងដំបងហើយឆក់ខ្សែភ្លើងថែមទៀតផង។
ថ្មីៗនេះទៀតសោត កាលពីថ្ងៃទី១៨ ខែសីហា សារព័ត៌មានតៃវ៉ាន់រាយការណ៍ថាយ៉ាងហោចណាស់មានពលរដ្ឋតៃវ៉ាន់ ៣៧៣នាក់ ត្រូវបានគេបោកបញ្ឆោតឱ្យធ្វើការឱ្យក្រុមហ៊ុនឆបោកតាមអនឡាញនៅកម្ពុជាតាមរយៈការផ្សាយពាណិជ្ជកម្មការងារក្លែងក្លាយនិងក្នុងនោះមានពលរដ្ឋតៃវ៉ាន់ចំនួន១៤៤នាក់ត្រូវបានបង្ខាំងទុកដោយខុសច្បាប់នៅកម្ពុជា។ រីឯទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហា ថា កម្មករកាស៊ីណូជនជាតិវៀតណាមប្រមាណ ៤០នាក់ ធ្វើការឱ្យកាស៊ីណូមួយឈ្មោះ Golden Phoenix Entertainment Casino នៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានគេបង្ខំឱ្យធ្វើការដោយពុំបើកប្រាក់ឈ្នួលហើយពួកគេសម្រុករត់គេចចេញពីទីតាំងកាស៊ីណូនេះដោយបានលោតចូលក្នុងទឹកទន្លេឆ្លងទៅត្រើយម្ខាងទៀតនៃប្រទេសវៀតណាមវិញ
នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីដើមខែសីហានេះរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី(Indonesia) អ្នកស្រី រិតណូ ម៉ារស៊ូឌី (Retno Marsudi) ក៏បានលើកឡើងពីកង្វល់របស់ឥណ្ឌូនេស៊ីជុំវិញបញ្ហានេះទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយបានជំរុញឱ្យភាគីកម្ពុជាផ្តល់កិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើជួញដូរមនុស្សនេះក្រោយពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ ៦០នាក់ ត្រូវបានបង្ខាំងខុសច្បាប់ដោយក្រុមហ៊ុនឆបោកអនឡាញមួយនៅខេត្តព្រះសីហនុហើយក្រោយមកត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះរួចបញ្ជូនពួកគេត្រលប់ទៅប្រទេសឥណ្ឌូនេស៊ីវិញខណៈព័ត៌មាននេះត្រូវបានអាជ្ញាធរកម្ពុជាព្យាយាមបិទបាំង។ សារព័ត៌មានឥណ្ឌូនេស៊ីរាយការណ៍កាលពីថ្ងៃទី៦ ខែសីហា ថា ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានគាំពារពលរដ្ឋឥណ្ឌូនេស៊ីយ៉ាងហោចណាស់មានជនជាតិឥណ្ឌូនេស៊ី ២៩៨នាក់ បានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃអំពើឆបោកនិងអំពើជួញដូរមនុស្សនៅកម្ពុជាគិតត្រឹមខែកក្កដាដែលចំនួននេះកើនឡើងពីចំនួនពលរដ្ឋរងគ្រោះឥណ្ឌូនេស៊ី ១១៩នាក់ កាលពីឆ្នាំ២០២១។ ក្រៅពីករណីជនជាតិឥណ្ឌូនេស៊ី វៀតណាម តៃវ៉ាន់ដែលបានរងគ្រោះដោយក្រុមហ៊ុនឆបោកអនឡាញរបស់ចិននៅកម្ពុជានេះក៏មានសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងជនរងគ្រោះជាជនជាតិថៃ ម៉ាឡេស៊ី ហ្វីលីពីន និងជនជាតិអាព្រិកមួយចំនួនទៀតផងដែរដែលបានរងគ្រោះក្នុងរឿងរ៉ាវស្រដៀងគ្នានេះនៅកម្ពុជា។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២របស់ក្រសួងការបរទេសអាមេរិកទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ អាក្រក់បំផុតពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មកនិងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល ៣ឆ្នាំជាប់ៗ គ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។របាយការណ៍លើកឡើងថារដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីបំបាត់នូវអំពើជួញដូរមនុស្សនិងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។