អ្នក​ឃ្លាំ​មើល​សង្គម​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​គួរ​បញ្ឈប់​បក​ស្រាយ​ប្រឌិត​អំពី​បញ្ហា​សិទ្ធិមនុស្ស

ដោយ សេក បណ្ឌិត
2024.09.10
អ្នក​ឃ្លាំ​មើល​សង្គម​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​គួរ​បញ្ឈប់​បក​ស្រាយ​ប្រឌិត​អំពី​បញ្ហា​សិទ្ធិមនុស្ស (ពីឆ្វេងទៅស្ដាំ) លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ (រូប​ទី២) ជួប​លោក កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (រូបទី៤) ​នៅ​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២៤ ពិភាក្សា​អំ​ពី​លំហ​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល ព្រមទាំង​ករណី​​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន ​កាល​ពី​ពេល​ថ្មីៗនេះ។
រូប៖ ហ្វេសប៊ុកគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​លើ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ពេញលេញ​មិន​គួរ​បកស្រាយ​បន្លែបន្លំ​អ្នកការទូត​ស្ដីពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។ ពួកគាត់​អះអាង​ថា ការ​មិន​ទទួល​ស្គាល់​ការពិត​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​អំពើ​និទ្ទណ្ឌភាព។

អ្នក​ឃ្លាំ​មើល​សង្គម​សង្កេត​ឃើញ​ថា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក កែវ រ៉េមី មិន​បាន​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ចាប់​ខ្លួន​មនុស្ស​តាម​ទំនើងចិត្ត​កាន់តែ​ច្រើន​ឡើង។

អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី អសមត្ថភាព​ការពារ​ពលរដ្ឋ​ឱ្យ​ផុត​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​ចោទប្រកាន់​ពី​បទ​ល្មើស​ធ្ងន់ៗ​គឺជា​លេស​របស់​រដ្ឋាភិបាល​ដើម្បី​កម្ចាត់​សំឡេង​អ្នក​រិះគន់ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «អ្វី​ដែល​ជា​បញ្ហា​គណៈកម្មាធិការ​នេះ​គឺជា​គណៈកម្មាធិការ​មួយ​ដែល​បម្រើ​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​គួរតែ​គិត​ពី​ផលប្រយោជន៍​ពលរដ្ឋ​ប្រសិនបើ​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទេ​គណៈកម្មាធិការ​ហ្នឹង​គួរតែ​បញ្ឈប់​ទៅ។ គួរតែ​ទៅ​ជា​គណៈកម្មាធិការ​របស់​ក្រសួង​នៅ​ក្នុង​រដ្ឋាភិបាល តែ​ម្ដង​ទៅ​ប្រសិនបើ​ការពារ​សិទ្ធិ​ឱ្យ​តែ​រដ្ឋាភិបាល»

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​សង្គម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពីថ្ងៃទី៩ ខែកញ្ញា បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) អំពី​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​កាល​ពី​ពេល​ថ្មីៗ នេះ​ដាក់​ពន្ធនាគារ។ ក្នុង​ជំនួប​នោះ លោក កែវ រ៉េមី បាន​ពន្យល់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថា ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ដោយសារ​អាជ្ញាធរ​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដូចជា កាំបិត ស្នាប់ដៃ កាំ​ភ្លើង​ការ​ច្នៃ និង​សារ​សំឡេង​បែក​ធ្លាយ​មួយ​ចំនួន​ដែល​បង្ហាញ​ថា បុគ្គល​ទាំងនោះ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក កែវ រ៉េមី បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំងនោះ​គឺជា​ការ​អនុវត្ត​ស្រប​តាម​ច្បាប់​ដើម្បី​រក្សា​ស្ថិរភាព​សង្គម សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជាតិ។

ដោយឡែក​នៅ​លើ​គណនី​បណ្ដាញ​សង្គម​អ៊ិច (X) របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) ដែល​បង្ហោះ​នៅ​ថ្ងៃទី១០ ខែ​កញ្ញា នេះ​បង្ហាញ​ថា លោក​ជួប​ជជែក​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​បាន​លើក​ឡើង​ពី​លំហ​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល ព្រមទាំង​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗនេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ចំពោះ​ការ​រិះគន់​នេះ​ពី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី បានទេ​ដោយ​លោក​ឱ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​នេះ​វិញ។ ដោយឡែក​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​ឡើយ។

កាល​ពី​ថ្ងៃទី៤ ខែ​កក្កដា សហភាព​អឺរ៉ុប​បាន​រំលឹក​កម្ពុជា​សា​ជា​ថ្មី អំពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគរយ​ពី​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​ដោយសារតែ​រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ជាពិសេស​ករណី​ដែល​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស បរិស្ថាន និង​នយោបាយ។

ទាក់ទិន​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​បាន​ជុំវិញ​ការ​បកស្រាយ​របស់​លោក កែវ រ៉េមី អំពី​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​បាន​ឡើយ។ លោក​យល់ថា​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​សកម្ម​នឹង​ការងារ​សង្គម​មួយ​ចំនួន ទាំង​ដែល​ដែល​រដ្ឋាភិបាល​គ្មាន​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ផង​នោះ មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​ឡើយ។

លោក ប៉ោ មករា៖ «បើ​យើង​និយាយ​អំពី​តួនាទី​វា​មិន​មាន​អ្វី​ក្រៅតែ​ពី​លើក​ទឹកចិត្ត​ទៅ​ដល់​ប្រជាពលរដ្ឋ ទៅ​ដល់​ក្រុម​យុវជន​ពីព្រោះ​ក្រុម​យុវជន​យើង​ដឹង​ស្រាប់​ហើយ​ពួកគាត់​ក៏​ជា​ចំណែក​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​បង្ហាញ​ពី​កង្វះខាត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ឱ្យ​ឆ្ពោះ​ទៅ​មុខ»

អ្នកឃ្លាំមើល​បារម្ភ​ថា កម្ពុជា​អាច​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ប្រសិនបើ​ប្រទេស​លោកសេរី​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ជុំវិញ​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត​បែប​នេះ។ ពួកគាត់​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​ទៅ​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ និង​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
អ្នក​ឃ្លាំ​មើល​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និយាយ​ភូត​កុហក​ពិភព​លោក​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។