គ្រួសាររបស់សកម្មជនបក្សប្រឆាំងម្នាក់ ដែលកំពុងជាប់ពន្ធនាគារប្រកាសលក់ផ្ទះដើម្បីសង់បំណុលធនាគារ។ ប្រពន្ធលោក ឈួ ផេង គឺលោកស្រី ដុស គីមទៀង ឱ្យដឹងថា ចាប់តាំងពីអាជ្ញាធររបបក្រុងភ្នំពេញចាប់ប្ដីមក លោកស្រីត្រូវទទួលបន្ទុកគ្រួសារតែម្នាក់ ហើយប៉ះពាល់សេដ្ឋកិច្ចគ្រួសារជាខ្លាំង ដែល ធ្វើឲ្យលោកស្រី មិនអាចមានលទ្ធភាពដោះបំណុលធនាគារបាន។ លោកស្រីទទូចសុំដល់រដ្ឋាភិបាលឱ្យដោះលែងប្ដីឱ្យមានសេរីភាពវិញ និងស្នើសុំធនាគារជួយពន្យារការបង់ប្រាក់មួយរយៈ។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក ឈួ ផេង គឺលោកស្រី ដុស គីមទៀង រៀបរាប់ប្រាប់អាស៊ីសេរីថា មុនអាជ្ញាធរចាប់ប្តី លោកស្រីពឹងផ្អែកជំហរប្តីទាំងស្រុង ដើម្បីផ្គត់ផ្គង់គ្រួសារ និងដោះបំណុលធនាគារប្រចាំខែ។ បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនប្តីដាក់ពន្ធនាគារព្រៃសទាំងអយុត្តិធម៌មក ក្រុមគ្រួសារលោកស្រីទទួលរងវិបត្តិផ្ទួនៗ។ លោកស្រីបន្តទៀតថា ធនាគារអេស៊ីលីដា សាខាផ្សារដើមគរតែងតែមកសម្លុតទារបំណុលស្ទើររាល់ថ្ងៃ ដោយពុំយោគយល់ពីស្ថានភាពគ្រួសារលោកស្រី ដែលកំពុងជួបទុក្ខលំបាកឡើយ។ លោកស្រីថា គាត់ពុំមានលទ្ធភាពបង់បំណុលធនាគារនោះទេ ដូច្នេះមានតែប្រកាសលក់ផ្ទះ និងដី ដើម្បីដោះទាល់មួយគ្រាសិន៖ «សំណូមពរទៅតុលាការ ឬក៏ទៅរដ្ឋាភិបាល បើសិនជាអាចសូមជួយដោះលែងគាត់ ឱ្យគាត់មកតស៊ូរឿងក្តីមកក្រៅឃុំ ព្រោះថាកំហុសរបស់ប្តីខ្ញុំ គឺអត់មានអ្វីដាក់ទោសគាត់បន្តទៀតព្រោះថា ខាងសវនាការដូចអត់មានពាក្យអ្វីត្រូវចោទសួរគាត់ទៀត ព្រោះខ្ញុំធ្លាប់ចូលទៅស្តាប់ក្នុងសវនាការ»។
លោកស្រី ដុស គីមទៀង ស្នើសុំខាងធនាគារយោគយល់ពន្យាការបង់បំណុលធនាគារមួយរយៈសិន។ លោកស្រីអះអាងថា គាត់នឹងមិនគេចវេសពីការសងបំណុលនោះឡើយ។
ទន្ទឹមនឹងគ្នានេះ លោកស្រីបារម្ភពីសុខភាពប្តី ដែលមានរូបរាងស្គមស្គាំង ភ្នែករូង កំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយអយុត្តិធម៌។ លោកស្រីទទូចឱ្យរដ្ឋាភិបាលឆាប់ដោះលែងប្តីឱ្យមានសេរីភាពបានជួបជុំគ្រួសារ និងជួយដោះស្រាយសេដ្ឋកិច្ចគ្រួសារឡើងវិញ៖ «សំណូមពរទៅស្ថាប័នជាប់ពាក់ព័ន្ធជាមួយរឿងខ្ញុំ ឱ្យគាត់ពន្យាពេលឱ្យខ្ញុំ ឬឱ្យខ្ញុំបង់តែការសិនរយៈពេល៥ខែ នៅពេលដែលខ្ញុំលក់ផ្ទះដាច់ លក់ដីដាច់ គឺខ្ញុំយកទៅសងគាត់ទាំងអស់រយៈពេលនេះគឺខ្ញុំសុំឱ្យគាត់យោគយល់ខ្ញុំ ដែលប្តីកំពុងមានទុក្ខជាប់នៅពន្ធនាគារអ៊ីចឹងខ្ញុំជាស្រ្តីមិនអាចទៅរកលុយឯណាបានច្រើនដល់ថ្នាក់ហ្នឹង»។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ឈួ ផេង ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន នៅខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២០ និងចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ កើតឡើងក្រោយពីលោក ចូលរួមតវ៉ាឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា និងជាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន។
អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា អ្នកស្រី សូ ផនណារី បដិសេធការឆ្លើយតបជុំវិញកង្វល់ និងសំណើរបស់ពលរដ្ឋ ដោយអ្នកស្រីរុញឱ្យទៅសួរខាងតំណាងធនាគារអេស៊ីលីដាម្នាក់ទៀត។ តំណាងធនាគារអេស៊ីលីដាប្រាប់អាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះ និងតួនាទីថា អតិថិជនរូបណាដែលមិនមានលទ្ធភាពបង់ត្រឡប់មកធនាគារវិញ ត្រូវទំនាក់ទំនងខាងសាខាធនាគារណាមួយដែលអតិថិជនបានខ្ចី ហើយគណៈកម្មការនឹងពិនិត្យមើលតាមស្ថានភាពជាក់ស្តែង៖ «តាមករណីកើតឡើងយ៉ាងមិច មើលតាមសាច់រឿងដែលគាត់កើត សួរតាមសាច់រឿងចា៎ គេមានគណៈកម្មការដើម្បីត្រួតពិនិត្យ ឱ្យគាត់ទំនាក់ទំនងទៅសាខាដែលគាត់យកហ្នុងមក គេមានគណៈកម្មការគេត្រួតពិនិត្យតាមស្ថានភាពរបស់គាត់ មករៀបរាប់មកប្រាប់ពីបញ្ហាអ្វីជាមួយសាខាដែលគាត់ខ្ចីហ្នឹងណា៎»។
ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន វិញ លោកឆ្លើយតបថា ការខ្ចីប្រាក់គឺជាកិច្ចសន្យារវាងអ្នកខ្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ។ លោកបន្ថែមថាសំណុំរឿងលោក ឈួ ផេង ស្ថិតនៅក្នុងដៃរបស់តុលាការ រដ្ឋាភិបាលមិនមានសិទ្ធិសម្រេចនោះទេ៖ «វិទ្យុអាស៊ីសេរីក្តី វិទ្យុផ្សេងៗមួយចំនួន ដែលមានការប្រឆាំងនឹងរាជរដ្ឋាភិបាលក្តី គេមិនខុសអីផងហេតុអ្វីចាប់ ចុះគេដទៃទៀត១៦លាននាក់ហ្នុង មិចគេមិនចាប់ផង ដោយសារគេអត់ធ្វើសកម្មភាពជាមួយនឹងក្រុមឧទ្ទាមក្រៅច្បាប់ ជម្រាបទៅអ្នកស្រីដែលជាប្រពន្ធសាម៉ីជនហ្នឹងផង កុំឱ្យគាត់យល់ច្រឡំ វាមានតែផ្លូវម្យ៉ាងទេ អប់រំប្តីថាឈប់ធ្វើសកម្មភាព ឈប់ជឿដើរតាមក្រុមឧទ្ទាមក្រៅច្បាប់ទៅ អត់មានអីទេនៅរកស៊ីជាមួយគេជាមួយឯងបាន»។
អង្គការសង្គមស៊ីវិលកត់សម្គាល់ថា ការចាប់ខ្លួននិងឃុំខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិកន្លងទៅ ដែលសុទ្ធសឹងជាមេគ្រួសារនោះបានធ្វើឲ្យគ្រួសាររបស់ពួកគេបាត់បង់ការងារ ទទួលរងវិបត្តិក្នុងគ្រួសារឈានទៅដល់ការលក់ទ្រព្យសម្បត្តិដើម្បីដោះបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាដើម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលក៏ធ្លាប់បានចេញគោលការណ៍ណែនាំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ឱ្យយោគយល់ចំពោះប្រជាពលរដ្ឋដែលពុំមានលទ្ធភាពសងបំណុលក្នុងអំឡុងមានវិបត្តិកូវីដ១៩ដែរ ។ លោកបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ពលរដ្ឋ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ មិនអាចរឹបហូសបាននោះទេ ទាល់តែឆ្លងកាត់តាមតុលាការជាមុនសិន។ លោកបន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋមិនមានលទ្ធភាពបង់សងប្រាក់កម្ចីទេ ស្ថាប័នផ្តល់ប្រាក់កម្ចីគួរជៀសវាងការប្រើប្រាស់វិធានការណ៍រឹបអូសទ្រព្យសម្បត្តិ លក់ឡៃឡុងតាមផ្លូវតុលាការ៖ «គោលការណ៍មួយដែរ សូមឱ្យធនាគារទាំងអស់ហ្នឹង មានការយោគយល់ដែល នៅក្នុងដំណាក់កាលកូវីត១៩ ហើយករណីនេះគាត់បាត់បង់ជំហរគ្រួសារទៅទៀត ហើយបាត់បង់ចំណូលទៅទៀត អ៊ីចឹងធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុហ្នឹងគួរតែជជែក ហើយមានការអនុគ្រោះសម្រាប់គាត់ដែរ ទាក់ទងហ្នឹង ការបង់សងរំលោះ ឬក៏ការបង់សងត្រឡប់ទៅវិញ»។
ចាប់តាំងពីអំឡុងឆ្នាំ២០២០ រហូតដល់ខែចុងខែកុម្ភៈ ឆ្នាំ២០២១ នេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្រ្គោះជាតិ អ្នកនយោបាយ សកម្មជនបរិស្ថាន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជិត ៨០នាក់ ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងនធ្ងរដល់សន្តិសុខសង្គម។ ទោះជាយ៉ាងណា សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកករណីនេះ ជារឿងនយោបាយ និងទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនទាំងនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។