គ្រូបង្រៀនម្នាក់ដែលរិះគន់រឿងអាជ្ញាធរសង់ស្តូបអនុស្សាវរីយ មិត្តភាពកម្ពុជា-វៀតណាម ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់មួយនេះ បានតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងខេត្តប៉ៃលិន ទុកជាបានការដដែល កាលពីថ្ងៃទី២៨ ខែកញ្ញា។ មន្រ្តីសង្គមស៊ីវិលយល់ថា ករណីគ្រូបង្រៀនរិះគន់ការសង់ស្តូបអនុស្សាវរីយ៍ មិត្តភាពកម្ពុជា-វៀតណាមនេះ គឺជាការអនុវត្តសិទ្ធិសម្តែងមតិ ដែលធានាដោយច្បាប់ មិនមែនជាអំពើល្មើសច្បាប់ឡើយ។
គ្រូបង្រៀនម្នាក់ដែលបានបង្ហោះសាររិះគន់ការសង់ស្តូបកម្ពុជា-វៀតណាមសម្ដែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបងថា ជារឿងមិនត្រឹមត្រូវនិងមិនអាចទទួលយកបាន។
លោក យួង សូដា ជាគ្រូបង្រៀននៅក្រុងប៉ៃលិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែតុលាថាលោកសោកស្តាយជាខ្លាំងចំពោះសាលាឧទ្ធរណ៍បាត់ដំបងដែលសម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់តុលាការថ្នាក់ក្រោម។លោកចាត់ទុកការសម្រេចនេះជារឿងអយុត្តិធម៌បន្ថែមទៀតពីព្រោះកន្លងទៅលោកថាលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការខេត្តប៉ៃលិនឡើយ។ យុវជនជាគ្រូបង្រៀនវ័យ ២៣ឆ្នាំរូបនេះអះអាងថាសារបង្ហោះនៅលើហ្វេសប៊ុករិះគន់និងក្តីព្រួយបារម្ភជុំវិញរឿងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម របស់លោកកន្លងទៅ មិនមែនជាការញុះញង់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមនោះទេប៉ុន្តែវាគឺជាសិទ្ធិសម្តែងមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់និងស្របតាមស្ថានភាពពិតជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្ន៖ «ខ្ញុំហ៊ានធានាអះអាងតែម្តងថា ខ្ញុំមិនបានខុសដូចការចោទប្រកាន់របស់តុលាការទេ ហើយខ្ញុំអត់ទទួលស្គាល់ទេសាលក្រមរបស់សាលាដំបូងខេត្តប៉ៃលិន និងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង ពីព្រោះអ្វីដែលខ្ញុំធ្វើជារឿងត្រឹមត្រូវហើយស្របច្បាប់ ប៉ុន្តែហេតុអ្វីបានជាចោទខ្ញុំញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខ្ញុំក៏ស្នើផងដែរថា ឱ្យតុលាការកំពូលគាត់ពិចារណា និងវិនិច្ឆ័យឱ្យបានច្បាស់លាស់»។
លោក យួង សូដា បញ្ជាក់ថា មេធាវីការពារក្តីឱ្យលោកនឹងដាក់ពាក្យប្តឹងសារទុក្ខទៅតុលាការកំពូលដើម្បីស្វែងរកយុត្តិធម៌បន្តទៀត។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបងលោក សោ សុភ័គ្ត ប្រកាសសាលដីកាកាលពីថ្ងៃទី២៨ខែកញ្ញា ដោយតម្កល់សាលក្រមផ្តន្ទាទោសលោក យួង សូដា ទុកជាបានការដដែលប៉ុន្តែលោក យួង សូដា ទើបបានទទួលសាលដីកាតាមរយៈមេធាវីនៅថ្ងៃទី១៦ខែតុលា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យនិងជាអគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បីសាកសួរអំពីការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះបានទេនៅថ្ងៃទី១៧ខែតុលា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក យួង សូដា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ឥឡូវនេះកម្ពុជាមានស្តូបមិត្តភាពកម្ពុជា-វៀតណាម។ លោកជឿជាក់ថា នៅពេលខាងមុខខ្មែរនឹងមានទង់ជាតិ២បង្ហូតក្នុងពេលតែមួយ។ ក្រោយបង្ហោះសារនេះ ក្រឡាបញ្ជីសាលាដំបូងខេត្តប៉ៃលិនលោក កែវ រស់មុនីឧត្ដម បានចេញលិខិតជូនដំណឹងអំពីសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃទី៩ ខែមេសា ២០២១ ប្រកាសសាលក្រមរបស់សាលាដំបូងខេត្តនេះ ដោយផ្ដន្ទាទោសរូបលោក ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០។ តុលាការខេត្តប៉ៃលិនជំនុំជម្រះលោកកំបាំងមុខនៅថ្ងៃទី២៩ ខែមីនា និងប្រកាសសាលក្រមកំបាំងមុខ ជាសាធារណៈនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណាមន្រ្តីសង្គមស៊ីវិលសង្កេតឃើញថាសារបង្ហោះលើហ្វេសបុកលោក យួង សូដា កន្លងមកនោះគឺជាការអនុវត្តសិទ្ធិបញ្ចេញមតិដែលធានាដោយច្បាប់មិនមែនជាអំពើល្មើសច្បាប់ឡើយ។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបងលោក យិន ម៉េងលី សោកស្តាយចំពោះការតម្កល់សាលក្រមផ្តន្ទាទោសនេះ។ លោកចាត់ទុករឿងនេះថា ជាការគំររាមកំហែងធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។ លោកទទូចដល់តុលាការកំពូលពិចារណាជុំវិញរឿងនេះដើម្បីផ្តល់យុត្តិធម៌ដល់គ្រូបង្រៀននោះ៖ «ទោះបីការបញ្ចេញមតិនោះមានការផ្ទុយគ្នា ការបញ្ចេញមតិនោះ វាមិនស្របគ្នា ចឹងយើងកុំយកមតិផ្ទុយគ្នាមតិមិនស្របគ្នា ហើយបែកបាក់សាមគ្គីគ្នានោះ វាជាចំណុចមិនល្អទេ ហើយគម្បីរៀនទទួលយកនូវមតិ គំនិតផ្សេងៗ អ្នកខុសពីក្រុមយើងបក្សយើង គេលើកឡើងយើងគួរយកមកធ្វើការពិចារណាទើបធ្វើឱ្យសង្គមយើងមានការអភិវឌ្ឍរីកចម្រើនបានល្អ»។
លោក យូង សូដា បានបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាសសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រយៈពេលជាង២ឆ្នាំប៉ុន្តែបច្ចុប្បន្នគ្រូបង្រៀនរូបនេះកំពុងភៀសខ្លួននៅកន្លែងមានសុវត្ថិភាពដោយខ្លាចអាជ្ញាធរចាប់ខ្លួន។ លោកយួង សូដា ឱ្យដឹងថា លោកនៅតែប្រកាន់ជំហរប្រើប្រាស់សិទ្ធិសម្តែងមតិរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលនៅលើបណ្តាញសង្គមដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។