មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋមន្ត្រី​ព័ត៌មាន​ដែល​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ ជា​រឿង​មិន​ពិត

0:00 / 0:00

មន្ត្រី​គណបក្ស​ភ្លើងទៀន​លើកឡើង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​គ្មាន​​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​នោះ​ទេ ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ទីកតុក ( Tik Tok ) ប្រទេស​ឡាវ (Laos) និង ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ថា​កម្ពុជា​ពុំ​មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឡើយ។

មន្ត្រី​បក្ស​ភ្លើងទៀន​រិះគន់ថា​ការណ៍​ដែល រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អួត​សរសើរ​ថា កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​នោះ​ហាក់​ប្រាសចាក​ពី​ការពិត ពី​ព្រោះ​មន្ត្រី​បក្ស​ភ្លើងទៀន និង​សកម្មជន​សង្គម ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ និង​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​នាក់ គ្រាន់តែ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ មេសា ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល លោក ខៀវ កាញារីទ្ធ លើកឡើង​ទំនង​អាច​ជា​សិទ្ធិ​នៅក្នុង​បណ្ដាញ​សង្គម និយាយ​អំពី​ស្រាបៀ ឬ​អាច​ជា​សិទ្ធិ​ជួបជុំ​ក្នុង​ការ​ប្រគំ​តន្ត្រី​ជាដើម ។ ប៉ុន្តែ​លោក​ថា បើ​ការ​សម្ដែង​មតិ បង្ហាញ​ពី​ការពិត និង​រិះគន់​ពី​បញ្ហា​សង្គម ដើម្បី​ឱ្យ​មាន​ការ​ស្ថាបនា បែរជា​ចាប់​ដាក់​ពន្ធនាគារ ហើយ​អ្នក​មួយ​ចំនួន​ទៀត​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ទៅវិញ។

លោក គីមសួរ ភីរិទ្ធ៖ «អំពាវនាវ​ឱ្យ​មាន​ការ​បើក​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាពិសេស​ការរិះគន់​ប្រកប​ដោយ​ស្ថាបនា ហើយ​អ្នក​រិះគន់​ក៏​សុំ​ដែរ ថា​រិះគន់​ប្រកបដោយ​ស្ថាបនា​យើង​រិះគន់​គេ​ឱ្យ​មាន​ការពិត និង​ដែរ​ត្រូវ​គេ​រិះគន់ ក៏ដូចជា​អ្នក​ដែល​រិះគន់​គេ យើង​ត្រូវ​បង្កើត​វប្បធម៌​ថ្មី​គឺ​ការ​ជជែក​គ្នា​ដោយ​ការគោរព ហើយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​កិច្ចការ​ជាមួយគ្នា ដែល​កើត​ឱ្យ​មាន​វប្បធម៌​មួយ​ថ្មី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត គឺ​វប្បធម៌​អត់ឱន​គ្នា យោគយល់​គ្នា ហើយ​ធ្វើការ​ជាមួយគ្នា​ប្រកប​ដោយ​ការគោរព​គ្នា​ទៅវិញ​ទៅ​មក»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ភ្លើង​នេះ​គឺ​បន្ទាប់ពី លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ទីកតុក ប្រទេស​ឡាវ (Laos) និង ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាលពី​ថ្ងៃទី​២៨ មេសា ថា​កម្ពុជា​ពុំ​មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ។ គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ​គឺ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ចូលរួម​ធ្វើ​ឱ្យ​លំហូរ​មាតិកា​ព័ត៌មាន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទីកតុក មាន​សុវត្ថិភាព​មាតិកា និង​ការទទួលខុសត្រូវ​ក្នុង​សង្គម​។ លើស​ពី​នេះ លោក ខៀវ កាញារីទ្ធ ក៏​គ្រោង​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការប្រើប្រាស់ Tik Tok ប្រកបដោយ​សុវត្ថិភាព និង បង្រៀន​វគ្គ​បណ្ដុះបណ្ដាល​ដល់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម Tik Tok នៅ​ខែឧសភា ខាងមុខ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់ លោក ខៀវ កាញារីទ្ធ មិន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ ពីព្រោះ​បើ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពិតប្រាកដ មិនមែន​ប្រទេស​លោក​សេរី ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA២០% និង​មិន​បន្ត ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នោះ​ទេ​។ លោក​បន្ត​ថា មិនមែន​គ្រប់ការ​បញ្ចេញមតិ​នៅក្នុង​បណ្ដេញ​សង្គម​ទាំងអស់​សុទ្ធតែ​បង្ហាញថា​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​នោះ​ទេ ហើយ​រដ្ឋាភិបាល​គួរតែ​ទទួល​យក​មតិ​ស្រប និង​មតិផ្ទុយ​ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត​ឱ្យ​កាន់តែ​ប្រសើរ។

​លោក នី សុខា៖ «រដ្ឋាភិបាល​គួរតែ​ហ៊ាន​ទទួល​ការពិត ឬក៏​ទទួលយក​នៅ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​ក៏ដូចជា​សហរដ្ឋអាមេរិក ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​មួយចំនួន​ដើម្បី​យក​មក​ពិចារណា​ថ្លឹងថ្លែង និង​ធ្វើការ​ដោះស្រាយ​ជាជាង​យើង​ធ្វើការ​បដិសេធ​របាយការណ៍ ក៏ដូចជា​ការ​រក​ឃើញ​របស់​គេ ហើយ​យើង​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ អាហ្នឹង​វា​រឿង​មួយ​រដ្ឋាភិបាល​យើង​មិន​អាច​ដោះស្រាយ​ទាក់ទង នឹង​បញ្ហា​សិទ្ធិមនុស្ស​បានទេ»។

កន្លងទៅ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រើ​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​ដើម្បី​បង្ក្រាប ចាប់ខ្លួន​ថ្នាក់​ដឹកនាំ និង​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់​។ ក្រៅពី​ចាប់​មន្ត្រី​បក្ស​ភ្លើងទៀន​៣​នាក់​ដាក់​ពន្ធនាគា​រដែ​ល​រួមមាន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ចាម លោក តូច ថឹង ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន លោក ខឿន វីរ៉ាត់ ព្រមទាំង​អនុប្រធាន​ចលនា​ស្ត្រី អ្នកស្រី នូ សុទ្ធារី។ ថ្មីៗ​នេះ ក៏​បាន​តុលាការ​ចោទ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ពី​បទ​ញុះញង់​បន្ថែម​ពីលើ​ការ​ចេញ​សែក​អត់​ប្រាក់ ដែល​ពលរដ្ឋ មួយ​ចំនួន​រិះគន់ ថា​មាន​ចរិត​នយោបាយ​។ លើស​ពី​នេះ នៅ​មាន​សកម្មជន​សហជីព កញ្ញា ឈឹម ស៊ីថរ សកម្មជន​សង្គម កញ្ញា សេង ធារី និង​សកម្មជន​ជាង​៧០​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដោយសារតែ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ តែប៉ុណ្ណោះ​។ ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​កម្ពុជា​កាន់តែ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។