អ្នក​​ក្រៅ​ប្រទេស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក រ៉ុង ឈុន និង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី

ដោយ ម៉ៅ សុធានី
2020-08-23
Share
រ៉ុង ឈុន ៦២២ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន ចូលរួម​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo Provided

សកម្មជន និង​ពលករ​ក្រៅ​ប្រទេស បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក រ៉ុង ឈុន យុវជន និង​សកម្មជន​ទាំងអស់ ដែល​ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​ព្រំដែន និង​បញ្ហា​ជាតិ ហើយ​បញ្ឈប់​ការរំលោភ​លើ​សិទ្ធិមនុស្ស​។ ពួកគេ​អះអាង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ទាមទារ​តាម​គ្រប់​រូបភាព ដើម្បី​ឲ្យ​លោក ហ៊ុន សែន គោរព​លទ្ធិប្រជាធិបតេយ្យ និង​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​វិញ។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ខេត្ត​សមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន បារម្ភ​ថា អនាគត​ប្រទេស​កម្ពុជា​មិន​ដឹង​ទៅជា​យ៉ាងណា​នោះ​ទេ ព្រោះ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ គំរាមកំហែង មិន​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ងើបឈរ​តស៊ូ​មតិ។ លោកស្រី​បន្ត​ថា លោកស្រី​មានការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចាប់ខ្លួន និង​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​រយៈពេល​ថ្មីៗ​នេះ។

លោកស្រី ដាំ ស្រីធាន អះអាង​ថា ក្រុម​យុវជន និង​ពលករ​ជាច្រើន​នៅ​ប្រទេស​ថៃ គ្រោង​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នា​ពេល​ឆាប់ៗ​ខាងមុខនេះ ប្រសិនបើ​ជំងឺ​កូវីដ-១៩ មានការ​ថមថយ​ជាង​មុន ដើម្បី​ប្រឆាំង​នឹង​របប​ផ្ដាច់ការ និង​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​យុវជន​ស្នេហា​ជាតិ​ដទៃ​ទៀត​ផង​ដែរ៖ «ដោយសារតែ​មតិ​របស់​លោក ហ៊ុន សែន គាត់​និយាយ​ក្តែងៗ​ថា បើ​អ្នកណា​ខ្លាំង​ឲ្យ​ចូល​ស្រុក​មក គាត់​នឹង​ចាប់​ដាក់គុក​ទាំងអស់ ដោយសារតែ​ភាសា​ហ្នឹងហើយ​ទើប​យើង​ចង់​ជម្នះ​នូវ​អ្វី​ដែល ហ៊ុន សែន បាន​និយាយ​។ ហើយ​យើង​ដឹង​ហើយ​ថា លោក ហ៊ុន សែន គាត់​បាន​បង្ការ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ហ្នឹង ដើម្បី​បង្ក្រាប​ពួក​យើង​ហ្នឹង​ក៏ដោយ ក៏​យើង​នៅតែ​មិន​ខ្លាច​ទេ​បង នៅតែ​តស៊ូ​ជានិច្ច ដើម្បី​ជា​លើក​ចុង​ក្រោយ ជីវិត​យើង​មិន​ថិតថេរ ដើម្បី​ការពារ​ប្រទេស​មួយ​ហ្នឹង ព្រោះ​ប្រទេស​នេះ មិនមែន​ជា​ប្រទេស​របស់​លោក ហ៊ុន សែន ក៏ដូចជា​របស់​សមត្ថ​កិច្ច ឬក៏​អាជ្ញាធរ​រូប​ណា ឬក៏​របប​ក្រុងភ្នំពេញ​រូប​ណា​ទេ ហើយ​អ្វី​ដែល​សំខាន់​ប្រទេស​កម្ពុជា គឺជា​របស់​ខ្មែរ មិនមែន​ជា​របស់​ជន​ជាតិ​បរទេស របស់​យួន ឬក៏​របស់​ចិន​ទេ អ៊ីចឹង​ខ្មែរ​ទាំងអស់​ត្រូវ​មាន​សិទ្ធិ​ចូលរួម​ទាំងអស់»

ស្រដៀង​គ្នា​នេះ ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ខេត្ត​នុនថៈបុរី លោកស្រី នួន សុខុម ថ្កោលទោស​របប​លោក ហ៊ុន សែន ដែល​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​ការពារ​ទឹកដី និង​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​សិទ្ធ​របស់​ខ្លួន​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​។ ក្នុង​ការ​ទាមទារ​អោយ​ដោះលែង​លោក រ៉ុន ឈុន ហើយ​លោកស្រី​ចាត់​ទុក​ទង្វើ​របស់​របប​លោក ហ៊ុន សែន ដែល​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​យុវជន​មួយ​ចំនួន​ទៀត ថា ជា​ការ​រំលោភបំពាន​ច្បាប់ និង​បំបិទ​សិទ្ធ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា វា​មិន​ត្រូវ គឺ​ធ្វើ​បែប​នេះ គឺ​ខុសច្បាប់ គ្រាន់តែ​យើង​ទាមទារ​អ្វី​ដែល​ជា​ការពិត​ក៏​ត្រូវ​ចាប់ខ្លួន​អ៊ីចឹង។ ស្រុក​ខ្មែរ​យើង គឺ​អត់​មាន​ច្បាប់​ទម្លាប់​អី​ត្រឹមត្រូវ​។ ខ្ញុំ​មានការ​ឈឺចាប់​ណាស់​ដែល​ឃើញ​ខ្មែរ​យើង​ធ្វើបាប​ខ្មែរ​គ្នាឯង​អ៊ីចឹង​។ ខ្ញុំ​ស្នើសុំ​ឲ្យ​ដោះលែង​ពួកគាត់ គឺ​ពួកគាត់​មិន​មាន​កំហុស​អ្វី​ទេ​ចា៎​! ពួកគាត់ គឺ​គ្រាន់តែ​ចង់​ទាមទារ​អ្វី​ដែល​អយុត្តិធម៌​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង»

ចំណែក ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឃ្លូក លៀព លើកឡើង​ថា លោក​មានការ​ឈឺចាប់​ណាស់​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ គំរាមកំហែង ដោយ​ការ​ចាប់ចង​អ្នក​ដែល​ហ៊ាន​ឈឺឆ្អាល​នឹង​រឿង​ប្រទេសជាតិ រឿង​ព្រំដែន​។ លោក​អះអាង​ថា ពួក​លោក​គ្រោង​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន យុវជន សកម្មជន និង​ទម្លាក់​បទចោទប្រកាន់​ទាំងអស់ លើ​អ្នកស្នេហាជាតិ​ផង​ដែរ៖ «យើង​នៅតែ​ចិញ្ចឹម​ចិត្ត យើង​នៅតែ​មិន​អាច​ឈរ​មើល​អំពើ​អយុត្តិធម៌​ដែល​គាបសង្កត់ គំរាមកំហែង ចាប់ចង​អ្នក​ដែល​ហ៊ាន​ឈឺឆ្អាល​អំពី​បញ្ហា​ទឹកដី ចាប់​ខ្មែរ​ដែល​ហ៊ាន​គិតគូរ​អំពី​ព្រំដែន បែរជា​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​របស់​ខ្លួន​យួន​ទៅវិញ​។ អានេះ​វា គឺជា​អំពើ​មួយ​ដែល​យើង​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ថ្កោលទោស ហើយ​យើង​ទាមទារ​ដាច់ខាត​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​ដោះលែង​លោកគ្រូ រ៉ុង ឈុន ជាបន្ទាន់ និង​យុវជន​ស្នេហា​ជាតិ​ដែល​ហ៊ាន​ចេញមុខ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​លោក ហ៊ុន សែន ដែល​ទើបតែ​ចាប់ខ្លួន​ថ្មីៗ​នេះ»

ដោយឡែក ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន លោក ណុល វណ្ណៈ បញ្ជាក់​ថា ទោះបី​លោក​មិន​អាច​ប្រមូល​ផ្តុំ​ពលករ​ខ្មែរ​ធ្វើ​បាតុកម្ម​បាន ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ការ​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន តាមរយៈ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ពលករ​ដទៃ​ទៀត​ឲ្យ​បាន​ដឹង និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ផង​ដែរ ដើម្បី​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ថា ជា​ការ​ផ្គើន​នឹង​សហភាព​អឺរ៉ុប​ដែល​បាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA២០% ពី​កម្ពុជា៖ «ខ្ញុំ​ជា​យុវជន​ដែល​តែងតែ​ឈឺឆ្អាល​រឿង​សង្គមជាតិ ហើយ​ការ​ចាប់ខ្លួន​លោកគ្រូ រ៉ុង ឈុន ក៏ដូចជា​ចាប់ខ្លួន​យុវជន ក៏ដូចជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត គឺ​ខ្ញុំ​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​នៅតែ​ទាមទារ​រហូត​ទាល់តែ​មានការ​ដោះលែង​។ ដ៏​រាប​ណា របប​ផ្ដាច់ការ​លោក ហ៊ុន សែន នៅតែ​កាន់អំណាច គឺ​ក្នុងនាម​ខ្ញុំ​យុវជន​នៅតែ​ប្រមូល​យុវជន​ជំនាន់​ក្រោយ​ទាមទារ និង​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​លោក ហ៊ុន សែន រហូត ពីព្រោះ​យើង​ឃើញស្រាប់​ហើយ ការដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង គឺ​អត់​ធ្វើ​ឲ្យ​ខ្មែរ​បាន​សុខ​ទេ។ កូន​ខ្មែរ​ដែល​តែងតែ​ស្នេហា​ជាតិ តែងតែ​ឈឺឆ្អាល​រឿង​សង្គម​ជាតិ គឺ​តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ ចាប់ខ្លួន​ពួកគាត់ ដូច្នេះ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​ថា របប​លោក ហ៊ុន សែន អត់​មាន​ស្រលាញ់ គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ទេ មានតែ​គំរាមកំហែង ជិះជាន់​ប្រជាពលរដ្ឋ​អ្នក​ស្នេហាជាតិ»

ដូចគ្នា​នេះ​ដែរ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចាន់ត្រា មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន យុវជន និង​សកម្មជន​នយោបាយ​មួយ​ចំនួន គឺជា​ការចោទប្រកាន់​ខុស​ទាំងស្រុង ដោយ​លោក រ៉ុង ឈុន បាន​បកស្រាយ​សម្ដី​ទៅតាម​ការ​រៀប​រាប់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន ដែល​បាន​ឃើញ បាន​ជួប និង​បាត់បង់​ដីស្រែ​ចម្ការ​របស់​ខ្លួន​តែប៉ុណ្ណោះ។

លោក​បន្ត​ថា លោក​នឹង​បន្ត ចុះ​ជួប​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​របប​លោក ហ៊ុន សែន និង​ការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បន្ត​ទៀត ដើម្បី​ដាក់​ទៅ​តុលាការអន្តរជាតិ និង​អង្គការ​ធំៗ​ជាច្រើន​ទៀត​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ៖ «យើងខ្ញុំ​បាន​ចុះ​ទៅជា​រៀងរាល់ថ្ងៃ ទៅ​ជួប​នឹង​ពលករ​យើង យើង​តែងតែ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជម្រាប​ជូន​ទៅ​ពលករ​យើង​ឲ្យ​គាត់​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ក៏ដូចជា​សកម្មជន​យើង​ដែរ​។ ទន្ទឹម​នោះ ក៏​យើង​ភ្ជាប់​ទៅ​នឹង​ការ​អំពាវនាវ​ឲ្យ​គាត់​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា​ផង​ដែរ​។ អ៊ីចឹង​បញ្ហា​ទាំង​២​នេះ គឺជា​បញ្ហា​ចម្បង​ដែល​យើងខ្ញុំ​ទាំងអស់​គ្នា​ដែល​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ កំពុងតែ​ជំរុញ​ឲ្យ​ពលករ​យើង ព្រមទាំង​បងប្អូន​ខ្មែរ​ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​អនុវត្ត​តាម​វិធី​នេះ ដើម្បី​យើង​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​គេ​រក​ខុសត្រូវ ជាពិសេស​បំផុត គឺ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ឲ្យ​ទាល់តែ​បាន»

គិត​មក​ដល់​ពេលនេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកតស៊ូ​មតិ​ដោយ​អហិង្សា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ចំនួន ៦ នាក់​ហើយ ក្នុង​នោះ​មាន សកម្មជន​គណបក្ស​សង្គ្រោះជាតិ ៣​នាក់ យុវជន​ខ្មែរ​ថាវរៈ ២​នាក់ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។ រីឯ​យុវជន ៦​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​តវ៉ា។ ជាមួយគ្នា​នោះ ព្រះសង្ឃ​ចំនួន ៨​អង្គ និមន្ត​ពី​ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​ការ​តវ៉ា ក៏​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​និមន្ត​ត្រឡប់​ទៅវិញ​ដែរ។ ក្នុង​គ្រានោះ ព្រះសង្ឃ ៦​អង្គ ដែល​ធ្លាប់​បាន​ចូលរួម​ការ​តវ៉ា​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ថា ភៀស​ព្រះ​កាយ​ដោយ​ភ័យខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​ជា​ដឹកនាំ​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ផ្ដួល​បណ្ដាល​ឲ្យ​របួសធ្ងន់។

ក្រៅ​ពី​នេះ រាល់​ការ​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នេះ ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​ស្ត្រី ដូចជា វាយ​ទាត់​ធាក់ រុញច្រាន និង​មាន​ករណី​បន្លំ​ស្ទាប និង​បៀតបៀន​រាងកាយ​របស់​ពួកគេ ជាដើម។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នេះ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។