ប្រជាពលរដ្ឋមួយចំនួននៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ័យខ្លាចក្នុងការផ្តល់ស្នាមមេដៃដល់មន្ត្រី ឬសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។ ការខ្លាចរអានេះ ក្រោយពេលពលរដ្ឋលេចឮថា អាជ្ញាធរនឹងធ្វើកោសល្យវិច័យស្នាមមេដៃទាំងនោះ និងមានការឃាត់ខ្លួនសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន ជាដើម។
ប្រជាពលរដ្ឋមួយចំនួននៅស្រុកកំពង់សៀម ស្រុកចំការលើ គឺភ័យខ្លាចមិនសូវហ៊ានផ្តល់ស្នាមមេដៃដល់មន្ត្រី ឬសកម្មជនគណបក្សសង្គ្រោះជាតិ ឡើយ។ ប្រសិនបើពលរដ្ឋផ្តល់ជូនវិញ គឺពុំមែនធ្វើឡើងដោយបើកចំហដូចពេលមុនៗទេ ប៉ុន្តែពួកគេត្រូវផ្តល់ដោយស្ងាត់ស្ងៀម ឬលួចលាក់ទៅវិញ។
ប្រជាពលរដ្ឋមួយរូបនៅឃុំស្រក លោក ឆេង ភី កត់សម្គាល់ឃើញថា ក្នុងមួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងឃុំ មិនសូវហ៊ានផ្តល់ស្នាមមេដៃដល់គណបក្សសង្គ្រោះជាតិ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រដូចមុនទៀតឡើយ សូម្បីតែម្តាយរបស់លោក ក៏មិនហ៊ានផ្តល់ឲ្យដែរ។ លោកបញ្ជាក់ថា មូលហេតុនេះ ដោយសារតែពលរដ្ឋមួយចំនួនទទួលដំណឹងថា អាជ្ញាធរនឹងធ្វើកោសល្យវិច័យលើស្នាមមេដៃទាំងនេះ និងបន្ទាប់ពីពួកគាត់ពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅទៅធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃពីពលរដ្ឋកាលពីពេលកន្លងទៅ៖ « តាំងពីមានសកម្មភាពគេហៅខ្ញុំចូលប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យាម្តងមក ប្រជាជនហ្នឹងមានការភ័យខ្លាចព្រួយបារម្ភដែរ »។
ក្រោយពេលគណបក្សសង្គ្រោះជាតិ យកញត្តិដែលមានស្នាមមេដៃជាង ១៧ម៉ឺនស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ឧសភា ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រទាំងនោះ កាលពីថ្ងៃទី២ ខែមិថុនា ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ពលរដ្ឋ ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
ក្រៅពីនេះ មានសកម្មជន និងមន្ត្រីគណបក្សប្រឆាំងនៅតាមស្រុកមួយចំនួន ត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃ ដូចជានៅស្រុកកំពង់សៀម ស្រុកកងមាស។ ចំណែកនៅស្រុកចំការលើ អធិការស្រុកបានចេញលិខិតកោះហៅសមាជិកក្រុមប្រឹក្សាឃុំជយោ មកពីគណបក្សសង្គ្រោះជាតិ ចំនួនពីរលើក ដើម្បីសាកសួរ ប៉ុន្តែមិនបានបញ្ជាក់ថារឿងអ្វីទេ។ ចំណែកមន្ត្រីគណបក្សប្រឆាំង ថាអធិការស្រុកហៅសួរនាំរឿងដើរប្រមូលស្នាមមេដៃ។
ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន មានប្រសាសន៍នៅថ្ងៃទី៩ មិថុនា ថា សមត្ថកិច្ចបានចាត់វិធានការអប់រំណែនាំពលរដ្ឋ និងអ្នកដើរប្រមូលស្នាមមេដៃមែន ប៉ុន្តែមិនបានដកយកវត្ថុតាង ឬឃាត់ខ្លួនពួកគេទេ។ លោកថា មូលហេតុសមត្ថកិច្ចត្រូវណែនាំអ្នកដើរប្រមូលស្នាមដៃនោះ ពីព្រោះមានពាក្យបណ្ដឹងពីពលរដ្ឋ ៩នាក់នៅស្រុកចំការលើ ថាអ្នកដើរប្រមូលស្នាមមេដៃនៅទីនោះបោកប្រាស់ យកស្នាមមេដៃពួកគាត់ទៅធ្វើរឿងផ្សេងវិញ៖ « មកពីមានអ្នកដាក់បណ្ដឹង បានជាយើងត្រូវការពិនិត្យ ប៉ុន្តែយើងមិនបានយកទោសយកពៃរ៍នរណាម្នាក់អី គឺអត់មានទេ »។
លោកបន្ថែមថា បញ្ហាផ្លូវច្បាប់ គឺពុំត្រូវការស្នាមមេដៃដើម្បីដោះស្រាយទេ វាគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។ ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង លោក បែន រ័ត្ន អះអាងថា ទាំងអ្នកផ្ដិត និងអ្នកស្នើសុំស្នាមមេដៃពីគេ ត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ និងធ្វើឡើងដោយស្ម័គ្រចិត្ត។
ទោះបីជាយ៉ាងនេះក្តី មានពលរដ្ឋនៅឃុំស្រក មួយចំនួនមិនបានខ្លាចរអាចំពោះការផ្តល់ស្នាមមេដៃដើម្បីស្នើព្រះមហាក្សត្រ សុំដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីគណបក្សនយោបាយទេ ហើយពលរដ្ឋថែមទាំងអះអាងថា ប្រសិនបើមានការកោះហៅដើម្បីពិនិត្យផ្ទៀងផ្ទាត់ស្នាមមេដៃយ៉ាងណានោះ ពួកគាត់នឹងបំពេញតាមបំណងរបស់អាជ្ញាធរ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា អាជ្ញាធរគឺមានសិទ្ធិហៅប្រជាពលរដ្ឋទៅសួរនាំ ដើម្បីការពារសុវត្ថិភាពក្នុងសង្គម ប៉ុន្តែការសួរនាំនោះ ត្រូវមានព្រំដែន ជៀសវាងបង្ហាញរូបភាពគំរាមកំហែង ឬគាបសង្កត់ផ្នែកសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយល់អំពីគ្នាទៅវិញទៅមកឲ្យបានច្បាស់លាស់ ដោយត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ និងការគោរពសិទ្ធិមនុស្សផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។