សហគមន៍​បារម្ភ​ពលរដ្ឋ​ចូល​​កាប់​ឈើ​នៅ​តំបន់​ព្រំដែន​ប្រឈម​នឹង​គ្រោះថ្នាក់​អំឡុង​វិបត្តិ​ជំងឺ​កូវីដ

ដោយ សេក បណ្ឌិត
2020.07.30
ច្រក​ជាំសាង៉ាំ ឧត្ដរមានជ័យ ២០១៦ ៨៥៥ ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាង៉ាំ ឋិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

មន្ត្រី​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ព្រួយបារម្ភ​អំពី​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ឈើ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩។ ក្ដីបារម្ភ​នេះ​បន្ទាប់​ពី​ទាហាន​ថៃ បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ប្ដី​ប្រពន្ធ​រងរបួស​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ស្រប​ពេលដែល​មនុស្ស​ជាច្រើន​នាក់​នៅតែ​បន្ត​នាំគ្នា​ចូលទៅ​កាប់​ឈើ​លក់​នៅ​តំបន់​ព្រំដែន ដោយ​ពុំមាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​នៅ​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង​លោក ម្លិះ ហឿត ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៩ កក្កដា ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​សំបួរមាស សង្កាត់​បន្សាយរាក់ ប្រមាណ​១០​គ្រួសារ កំពុង​ប្រកប​របរ​ឡើង​ភ្នំ​ដងរែក​កាប់​ឈើ​លក់ ដោយសារ​ជីវភាព​ក្រីក្រ ហើយ​គ្មាន​របរ​រកប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។ លោក​ព្រួយបារម្ភ​ថា របរ​កាប់​ឈើ​របស់​អ្នកភូមិ​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់។

អ្នក​ការពារ​ព្រៃឈើ​រូបនេះ​និយាយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​២​នាក់​ប្ដី​ប្រពន្ធ​គឺ​លោកស្រី ឡាយ វាសនា លោក ផល ឆៃ រស់នៅ​ភូមិ​សំបួរមាស ត្រូវ​បាន​ទាហាន​ថៃ​បាញ់រង​របួស​ក្នុង​​ពេលដែល​ពូកគេ​ចូល​ព្រៃ​កាប់​ឈើ នៅ​លើ​ភ្នំ​ដងរែក ជាប់​ព្រំដែន​ថៃ។ លោក​បន្តថា បុរស​ជា​ប្ដី​ត្រូវ​គ្រាប់កាំភ្លើង​ចំ​កដៃ ចំណែក​ប្រពន្ធ​ត្រូវចំ​ភ្លៅ​ខាងស្ដាំ និង​កដៃ​ខាងឆ្វេង​បណ្ដាលឱ្យ​របួសធ្ងន់​។ លោក​បន្ថែម​ថា ភ្លាមៗ​ក្រោ​យ​ពេល​ត្រូវ​គ្រាប់កាំភ្លើង​អ្នក​ទាំង​២​ត្រូវបាន​ទាហាន​ខ្មែរ​ប្រចាំ​នៅ​តំបន់​ព្រំដែន​ក្បែរ​នោះ​បញ្ជូន​តាម​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ឯកជន នៅ​ក្រុង​សំរោង​។

លោក ម្លិះ ហឿត បញ្ជាក់​ថា នៅ​ពេល​ទាហាន​ថៃ​បាញ់រះ​នោះ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​កំពុង​កាប់​ឈើ ប៉ុន្តែ​ពួកគេ​ឃើញ​ទាហាន​ថៃ​ក៏​នាំគ្នា​រត់គេច​។ ចំណែក​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ​គេចខ្លួន​មិន​ទាន់​ទើបត្រូវ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ៖ «២​នាក់​ប្ដី​ប្រពន្ធ​អត់​មាន​ដឹង​រឿង​ទៅ​ទាហាន​ថៃ​បាញ់រះ​មក​ចំ​របួស​បណ្ដោយ ប្ដី​នោះ​ចំ​កដៃ​ខាងស្ដាំ​ហើយ ប្រពន្ធ​ត្រូវ​ច្រើនជាង​ប្ដី​។ ប្រពន្ធ​គាត់​ដែល​របួស​ខ្លាំង​នោះ ឮសូ​កាំភ្លើង​ពួក​ទាហាន​ថៃ​បាញ់​ក៏​ឡើង​ទៅមើល​ឃើញ​អ្នករបួស​លូន​មក​ដល់​ដី​ក្រោម​ជើងភ្នំ​បាន​ពួក​ទាហាន​ដាក់​ឡាន​យក​មក​មន្ទីរ​ពេទ្យ។ ពួកគាត់​ចូលទៅ​អារឈើ​នៅលើ​ខ្មែរ​ទេ​ប៉ុន្តែ វា​ចៃដន្យ​អី​ទាហាន​ថៃ​ដើរ​ល្បាត​តាម​ព្រំដែន»

លោក​ថា បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង ២​នាក់​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​ប៉ុន្តែ​បាននាំគ្នា​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​បងប្អូន​នៅ​ក្រុង​សំរោង​ដោយ​របួស​មិនទាន់បាន​ធូរស្រាល​នៅឡើយ​ទេ​។​

លោក ម្លិះ ហឿត ឱ្យ​ដឹង​ថា ពលរដ្ឋ​២​នាក់​ប្ដី​ប្រពន្ធ​នេះ ប្រកបរ​បរកាប់​ឈើ​នៅ​តំបន់​ព្រំដែន​លក់​ចាប់ពី​ខែ មីនា មក ដោយសារតែ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ ហើយ​ជំពាក់​ប្រាក់​ធនាគារ​រាប់ពាន់​ដុល្លារ​អាមេរិក ដែល​បាន​ខ្ចី​គេ​យកមក​ប៉ុន្តែ​ផលដំណាំ​របស់​ខូច​អស់​មិនមាន​ប្រាក់​សង​ធនាគារ​។ បង្កបង្កើនផល៖ «គាត់​ក្រីក្រ​ជំពាក់​បំណុល​គេ ហើយ​ប្រថុយ​នឹង​គ្រោះថ្នាក់។ ប្ដី​គាត់​ត្រូវ​គ្រាប់កាំភ្លើង​មុន​រត់​មុន​ហើយ​ប្រពន្ធ​ត្រូវ​គ្រាប់កាំភ្លើង​ដួល​ក្រោយ​គាត់​ទៅ​ជួយ​ប្រពន្ធ​មិន​រួច​ហើយ​ខ្លាច​ទាហាន​ថៃ​បាញ់​ស្លាប់ ក៏​រត់គេច​រៀងខ្លួន។ គាត់​ទៅ​ពេទ្យ​ឯកជន​គាត់​អត់​ហ៊ាន​ទៅ​ពេទ្យ​រដ្ឋ​ទេ ខ្លាច គេ​ចុះផ្សាយ​ព័ត៌មាន។ សម្រាប់​ខ្ញុំ​ព្រួយបារម្ភ​ត្រង់​ថា ការ​បើកដៃ​របស់​ទាហាន​ឱ្យ​ពួកគាត់​ទៅរក​ទាំង​ប្រថុយប្រថាន ហើយ​គេ​មិន​គិត​បញ្ហា​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​អី​ទេ​គេ​គិតតែ​ប្រជាពលរដ្ឋ​ទៅ​អារឈើ​ហ្នឹង គឺ​គេ​បាន​ប្រយោជន៍​បាន​លាភសក្ការៈ​បាន​ផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ»។

លោក ម្លិះ ហឿត អះអាង​ថា អ្នកភូមិ​ចូលទៅ​កាប់​ឈើ​បែបនេះ​បាន​ដោយសារ​ទាហាន​ការពារ​នៅ​តំបន់​ព្រំដែន​ពុករលួយ​យកប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​ជា​ថ្នូរ​បើកដៃ​ឱ្យ​ពួកគាត់​ចូលទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់។ លោក​ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ ២០​នាក់​ក្នុង​មួយថ្ងៃ​ចូល​ទៅ​កាប់​ឈើ​តំបន់​ព្រំដែន​ក្រុង​សំរោង ហើយ​សព្វថ្ងៃ​ពលរដ្ឋ​នៅតែ​បន្ត​ចូលទៅ​កាប់​ឈើ​ដដែល​ដោយ​ពុំមាន​អាជ្ញាធរ​ទប់ស្កាត់​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្ដរមានជ័យ​លោក ហ៊ាន សុខ ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​នោះ បាន​រួច​ផុតពី​គ្រោះថ្នាក់​ហើយ ក្រោយ​ពី​យោធា​ខ្មែរ​នៅ​តំបន់​នោះ​បញ្ជូន​ពួកគេ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ទោះជា​យ៉ាងណា​លោក​ថា លោក​មិន​ទាន់​ស្រាវជ្រាវ ឬ​ប្ដឹង​ទៅខាង​ភាគី​ថៃ​ដើម្បីឱ្យ​ទទួលខុសត្រូវ​ជុំវិញ​ពី​ការបាញ់​ពលរដ្ឋ​ខ្មែរ​របួស​នេះ​ទេ។ ចំណែក​ករណី​ដែល​ថា មន្ត្រី​ទាហាន​បើកដៃ​ឱ្យ​ពលរដ្ឋ​ចូលទៅ​កាប់​ឈើ​ខុសច្បាប់​នោះ​ត្រូវ​បាន​លោក​បដិសេធ«តាម​របាយការណ៍​ក្នុង​មួយខែ​មាន​ម្ដងម្កាល​ទេ យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច ចង់​និយាយ​ថា ខ្ញុំ​មាន​វិធានការ​ដែរ ប៉ុន្តែ​គាត់​នៅតែ​លួច​ចូល​ឆ្លង​ដែន​ទៅ​កាប់​ឈើ។ ខ្ញុំ​អត់​បាន​ទំនាក់ទំនង​ទៅ​ថៃ​ទេ ហើយ​ទាហាន​ឈរជើង​នៅ​កន្លែង​ហ្នឹង​ខ្ញុំ​ក៏​អត់​ទាន់​បាន​ទំនាក់ទំនង​ទៅ​ដែរ។ មូលហេតុ​ហ្នឹង​ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ ហើយ​ខ្ញុំ​មក​ដល់​ពេល​នេះមិន​ទាន់​បាន​ជួប​ជនរងគ្រោះ​ផង​ទេ​តែ​តាម​ព័ត៌មាន​ពី​មេភូមិ​ថា ២​នាក់ នោះ​ជា​ប្ដី​ប្រពន្ធ​គាត់»។

ទោះជា​យ៉ាងណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​ឧត្ដរមានជ័យ លោកស្រី ណារ៉េន កត់សំគាល់​ថា ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ឈើ​អំឡុង​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ ដោយសារតែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូររលុង​ហើយ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។លោក​បញ្ជាក់​ថា មាន​កងកម្លាំង​ប្រដាប់អាវុធ​ជាច្រើន​នាក់ ដាក់​ការពារ​នៅ​តំបន់​ព្រំដែន​ដូច្នេះ​ពលរដ្ឋ​មិន​អាចចូល​ទៅ​កាប់​ឈើ ហើយ​ដឹក​យកមក​លក់​នៅតាម​មូលដ្ឋាន បាន​ដោយ​ងាយស្រួល​ឡើយ ប្រសិនបើ​ពុំ​មាន​ភ្លើង​ខៀវ​ពី​កងកម្លាំង​ការពារ​នៅ​តំបន់​នោះ«អ្នកខ្លះ​ដែល​ត្រូវរបួស​ហើយ​ត្រូវ​មក​ខ្មែរ​វិញ​គាត់​ថា ពេល​ពួកគាត់​ឆ្លង​ព្រំដែន​អីចឹង​ទៅ​វា​ត្រូវ​ឆ្លងតាម​មន្ត្រី​ការពារ​ព្រំដែន។ កន្លែង​ខ្លះ​និយាយ​ការ​ពិត​ទៅ គាត់​ឱ្យ​ប្រាក់​មន្ត្រី​សម្រាប់​ទិញ​ស្បៀង​បាន​គេ ឱ្យ​ពួកគាត់​ឡើយ​ទៅ​។ ហើយ​កន្លែង​ខ្លះទៀត​បាន​មក​ត្រូវតែ​លក់​ឱ្យ​មន្ត្រី​ដែល​ផ្ដល់ឱ្យ​ពួកគេ​ឡើង​ហ្នឹង។ ខ្ញុំ​ឃើញ​បណ្ដាញ​សង្គម​មួយចំនួន​ហ្នឹង​ក៏​គេ​បង្ហោះ​ដែរ​ដូច​នៅ​ឧត្ដរមានជ័យ បង្ហោះ​ប៉ុន្មាន​ជាប់​គ្នា​កន្លងមក​ហ្នឹង​ឃើញ​មាន​ខាង​ប៉ូលិស​ខាង​ទាហាន​ហ្នឹង​បើកឱកាស​ឱ្យ​ពលរដ្ឋ​ឡើង​ទៅ រក​ឈើ​ហើយ​បន្ទាប់មក​ពេល​បាន​ឈើ​ត្រូវតែ​លក់​ឱ្យ​អ្នក​ដែល​គេ​បើក​ច្រក​ឱ្យចេញ​ទៅរក​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​ព្រួយ​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ទប់​ស្កាត់​ពលរដ្ឋ​ចូលទៅ​កាប់​ឈើ​នៅ​តំបន់​ព្រំដែន​ដូច​សព្វថ្ងៃ​ទៀត​នោះ ប្រជាពលរដ្ឋ​អាច​នឹងត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ឬ​ចាប់​ដាក់គុក​ជាមិនខាន។

របាយការណ៍​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្ដរមានជ័យ​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩ មាន​ពលរដ្ឋ​ខ្មែរ ២​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយ​ម្នាក់​បាន​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​ម្នាក់ទៀត​កំពុង​ជាប់គុក​នៅ​ខេត្ត​សុរិន្ទ ដោយសារ​ពួកគេ​ចូលទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់។ ចំណែក របាយការណ៍​របស់​សហគមន៍​ព្រៃឈើ​សង្កាត់​បន្សាយ​រាក់ និង​មន្ត្រី​សង្គម​ស៊ីវិល​វិញ​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០​នេះ មាន​ពលរដ្ឋ​ខ្មែរ ២​នាក់ ត្រូវ​ទាហាន​ថៃ​ចាប់​ដាក់គុក​ដោយសារតែ​រឿង​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​នេះ ហើយ​រហូត​មក​ទល់ថ្ងៃ​ទី​២៩ កក្កដា អាជ្ញាធរ​ថៃ​មិន​ទាន់​ដោះលែង​វិញ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។