តំណាង​កម្ពុជា​នៅ​អ.ស.ប​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នករាយការណ៍​ពិសេស​របស់​​អ.ស.ប

ដោយ សេក បណ្ឌិត
2021-09-03
Share
តំណាង​កម្ពុជា​នៅ​អ.ស.ប​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នករាយការណ៍​ពិសេស​របស់​​អ.ស.ប (ឆ្វេង) លោក អាន សុខខឿន តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ និង​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។
រូប៖ ហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង United Nations Free & Equal

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ ច្រានចោល​ការ​ចោទប្រកាន់​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ និង​ឯករាជភាព​របស់​តុលាការ​នៅ​កម្ពុជា។

ស្ថាប័ន​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​២ កញ្ញា បាន​បង្ហាញ​ពី​ការ​ខកចិត្ត ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ចំពោះ​ការអនុវត្ត​ច្បាប់​លើ​សំណុំរឿង​ជាក់លាក់​មួយ។

សេចក្តី​ថ្លែងការណ៍​ឆ្លើយតប នឹង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព​កម្មករ​លោក រ៉ុង ឈុន និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ក្រុម​អ្នកជំនាញ​ទាំងនោះ រំឭក​ឱ្យ​កម្ពុជា​គោរព​តាម​ការសន្យា​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​ការ​យាយី និង​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ដោយ​បំពាន​តទៅទៀត​។ ពួកគេ​គូសបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​បង្កើត​បរិយាកាស​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​ឡើងវិញ​។ តំណាង​កម្ពុជា​បដិសេធ​ការ​លើក​ឡើង​ទាំងនេះ និង​ចោទ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ទាំងនេះ​ម្ដង​ទៀត​ថា ពុំ​បាន​យកចិត្តទុកដាក់​ដល់​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់ទុក​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថា ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន មក​លើ​អាជ្ញាធរ​កម្ពុជា តាមរយៈ​ការ​អត្ថាធិប្បាយ​បែប​នយោបាយូបនីយកម្ម ដោយ​ជ្រើសរើស​តែមួយ​ជ្រុង និង​បង្ក​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល