ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ច្រានចោលការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងឯករាជភាពរបស់តុលាការនៅកម្ពុជា។
ស្ថាប័ននេះបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២ កញ្ញា បានបង្ហាញពីការខកចិត្ត ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចំពោះការអនុវត្តច្បាប់លើសំណុំរឿងជាក់លាក់មួយ។
សេចក្តីថ្លែងការណ៍ឆ្លើយតប នឹងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការផ្ដន្ទាទោសមេដឹកនាំសហជីពកម្មករលោក រ៉ុង ឈុន និងការបង្ក្រាបជាប្រព័ន្ធទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្រុមអ្នកជំនាញទាំងនោះ រំឭកឱ្យកម្ពុជាគោរពតាមការសន្យារបស់ខ្លួនក្នុងការបញ្ឈប់ការយាយី និងចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពានតទៅទៀត។ ពួកគេគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវបង្កើតបរិយាកាសដែលអនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិជាមូលដ្ឋានឡើងវិញ។ តំណាងកម្ពុជាបដិសេធការលើកឡើងទាំងនេះ និងចោទក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនេះម្ដងទៀតថា ពុំបានយកចិត្តទុកដាក់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន មកលើអាជ្ញាធរកម្ពុជា តាមរយៈការអត្ថាធិប្បាយបែបនយោបាយូបនីយកម្ម ដោយជ្រើសរើសតែមួយជ្រុង និងបង្កការភ័ន្តច្រឡំដល់សាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។