ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា (Philippine) ត្រៀមរៀបចំបញ្ជូនពលរដ្ឋហ្វីលីពីនចំនួន ៨នាក់ ដែលរងគ្រោះពីការជួញដូរមនុស្សនៅកម្ពុជា។ សារព័ត៌មាន ស៊ី.អ៊ិន.អ៊ិន ហ្វីលីពីន (CNN) ចុះផ្សាយថា ជនរងគ្រោះជាជនជាតិហ្វីលីពីន៨នាក់នេះ ត្រូវបានជនជាតិចិន លួងលោមឲ្យទៅធ្វើការងារនៅកម្ពុជា ហើយបន្ទាប់មកបង្ខាំងនិងបង្ខំពួកគេឲ្យធ្វើការឆបោកតាមប្រព័ន្ធអ៊នឡាញ (Online)។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាបានទេនៅថ្ងៃទី២១ មករា។ ទោះជាយ៉ាងណា មន្ត្រីក្រសួងការបរទេសហ្វីលីពីនប្រាប់សារព័ត៌មាន ស៊ី.អ៊ិន.អ៊ិន ហ្វីលីពីនថា "ស្ថានទូតនៅភ្នំពេញ បានស្នើសុំក្រសួងការបរទេសជួយផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ធ្វើមាតុភូមិនិវត្តន៍ប្រជាជនហ្វីលីពីនទៅផ្ទះវិញឆាប់ៗ នេះ"។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិនិត្យមើលលទ្ធភាពបញ្ជូនជនរងគ្រោះទាំងនោះត្រឡប់ទៅវិញ។ លោកបន្តថាការជួញដូរមនុស្សនៅកម្ពុជាស្ថិតនៅក្នុងក្ដីព្រួយបារម្ភនៅឡើយ ដូច្នេះរដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ ពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ហើយ បើសិនជាមានមន្ត្រីពាក់ព័ន្ធនឹងការជួញដូរមនុស្សគឺត្រូវដាក់ទោសមិនថាមន្ត្រីតាមច្បាប់។ ក្រៅពីនេះលោកជំរុញអាជ្ញាធរកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់កុំឱ្យមានលំហូរការជួញដូរមនុស្សពីប្រទេសជិតខាង និងលុបបំបាត់អំពើពុករលួយ។
លោក អំ សំអាត៖«ផលប៉ះពាល់ទាក់ទងនឹងបញ្ហាសុខភាព សុវត្ថិភាព បញ្ហាសេដ្ឋកិច្ចគ្រួសារបញ្ហាមួយទៀត គឺវាជះឥទ្ធិពលមិនល្អសម្រាប់សង្គមជាតិយើង គឺធ្វើឱ្យកម្ពុជាយើងរងនូវការរិះគន់បន្តទៀត ទាក់ទងនឹងការជួញដូរមនុស្សហ្នឹង។ អ៊ីចឹង កាលណាកម្ពុជាយើងស្ថិតនៅក្នុងបញ្ជីខ្មៅ ឬការរិះគន់ធ្ងន់ធ្ងរ គឺវាប៉ះពាល់តទៅទៀត ដូចជា ការអភិវឌ្ឍន៍គ្រប់វិស័យទេសចរណ៍ សន្តិសុខ សុវត្ថិភាព ករណីនៃការជួញដូរមនុស្សនៅតែបន្តហើយកើតឡើង»។
កន្លងមកក្រសួងមហាផ្ទៃបានជួយសង្គ្រោះជនរងគ្រោះរាប់រយនាក់ចេញពីអគារក្រុមហ៊ុននានានៅក្នុងភ្នំពេញ ខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តផ្សេងៗ ទៀត ដែលរងគ្រោះដោយសារតែអំពើជួញដូរមនុស្ស។ ជនរងគ្រោះដែលសមត្ថកិច្ចជួយសង្គ្រោះកន្លងមករួមមានជនជាតិឥណ្ឌូណេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា ហ្វីលីពីនជាដើម ហើយតែងតែបញ្ជូនពួកគេទៅប្រទេសដើមវិញជាបន្តបន្ទាប់។ រដ្ឋាភិបាលនៃប្រទេសទាំងនោះរួមទាំងហ្វីលីពីនផង ក៏ធ្លាប់ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនចេញពីកន្លែងជួញដូរនោះដែរ។ សារព័ត៌មានអន្តរជាតិធំៗ រកឃើញថា មេខ្លោងជួញដូរមនុស្សទាំងនោះ ភាគច្រើនជាជនជាតិចិន ដែលឃុបឃិតជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងឧកញ៉ាមួយចំនួន រួមទាំងសាច់ញាតិរបស់លោក ហ៊ុន សែន ផងដែរ។
កន្លងមកទោះបីជារដ្ឋាភិបាល លោក ហ៊ុន សែន សម្ដែងការបារម្ភអំពើការជួញដូរមនុស្សនេះ ប៉ុន្តែរដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ មិនបានស៊ើបអង្កេតក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗ ដែលរងការចោទប្រកាន់ថា ជាមេខ្លោងឈរជើងកាងការពារឱ្យជនជាតិចិនប្រតិបត្តិការចាប់បង្ខាំង និងជួញដូរមនុស្សនៅកម្ពុជានេះនៅឡើយទេ និងថែមទាំងចេញការពារជនសង្ស័យទាំងនោះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។