អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្ខំ​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ផ្ដិត​មេដៃ​បញ្ឈប់​ធ្វើ​សកម្មភាព​សង្គម

ដោយ មាន ឫទ្ធិ
2024.08.14
អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្ខំ​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ផ្ដិត​មេដៃ​បញ្ឈប់​ធ្វើ​សកម្មភាព​សង្គម (រូបឯកសារ) ព្រះតេជព្រះគុណ ធូ វ៉ាឃីម ជា​ព្រះសង្ឃ ដែល​​អាជ្ញាធរ​ភ្នំពេញ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឈឺឆ្អាល​រឿង​សង្គម នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៤។
រូប៖ ព្រះសង្ឃ​ផ្ដល់​ឱ្យ

អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន​រាជធានី​ភ្នំពេញ ​បាន​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​ត្រូវតែ​ផ្ដិត​មេដៃ ធ្វើ​កិច្ច​សន្យា ឈប់​ឈឺ​ឆ្អាល​សកម្មភាព​សង្គម​ បើ​ពុំ​ដូច្នេះ​ទេ​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​ច្បាប់។

ព្រះ​សង្ឃ​ដែល​អាជ្ញាធរ​បង្ខំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ឈឺ​ឆ្អាល​រឿង​សង្គម គឺ​ព្រះ​តេជគុណ ធូ វ៉ាឃីម គង់​នៅ​វត្តនួនមណីរាម ហៅ​វត្តថាន់ ឋិត​ក្នុង​ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ​ មិន​ខ្លាច​រអា​ ចំពោះ​ការ​គំរាម​កំហែង និង​ការ​ដាក់​សម្ពាធ របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ព្រះសង្ឃ​អង្គ​នេះ​យល់​ថា សកម្មភាព​របស់​ព្រះអង្គ ជា​រឿង​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។

ព្រះតេជ​ព្រះគុណ ធូ វ៉ាឃីម មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​រយៈ​ពេល ១សប្តាហ៍​កន្លង​ទៅ​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ​ប្រមាណ ១០នាក់ ខ្លះ​ស្លៀក​ពាក់​ស៊ីវិល និង​ខ្លះ​ទៀត​ ពាក់​ឯក​សណ្ឋាន​ជា​នគរបាល បាន​ចុះ​ឃ្លាំ​មើល និង​មក​សួរ​នាំ​ព្រះអង្គ​ដល់​វត្ត​ដែល​ព្រះ​អង្គ​គង់​នៅ​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ព្រះអង្គ ផ្ដិត​មេដៃ​ធ្វើ​កិច្ច​សន្យា ឈប់​ឈឺ​ឆ្អាល​កិច្ច​ការ​សង្គមជាតិ។

ព្រះអង្គ​បន្ថែម​ថា អាជ្ញាធរ​បាន​រង​សម្ពាធ​ពី​ថ្នាក់​លើ​តៗ​គ្នា ទើប​បង្ខំ​ឱ្យ​ព្រះអង្គ ត្រូវ​តែ​ផ្តិត​មេដៃ ​តាម​បញ្ជា​របស់​ថ្នាក់​លើ ហើយ​ម្យ៉ាង​ទៀត​ ព្រះ​ចៅ​អធិការ​វត្ត​ដែល​ព្រះអង្គ​កំពុង​គង់​នៅ​ក៏​រង​សម្ពាធ​ពី​អាជ្ញាធរ​ដែរ។

ព្រះតេជព្រះគុណ៖ ធូ វ៉ាឃីម៖ «តាម​ពិត​ទៅ​រឿង​នេះ​ គឺ​លែង​យក​ច្បាប់​មក​និយាយ​ហើយ គឺ​យក​ការ​គំរាម​កំហែង​មក​និយាយ​ជា​ជាង​ ឱ្យ​យើង​ឈប់​ធ្វើ​សកម្មភាព​រឿង​សង្គម​ជាតិ ហើយ​ទង្វើ​សកម្មភាព​ការ​ធ្វើ​របស់​អាត្មា​គឺ​មិន​អាច​ចោល​បាន​នោះ​ទេ គឺ​នៅ​តែ​ធ្វើ​ដដែល។ អាត្មា​មិន​អាច​ធ្វើ​តាម​សន្យា​បាន​ទេ បើ​អាត្មា​ទៅ​ធ្វើ​តាម​កិច្ច​សន្យា​នោះ​មាន​ន័យ​ថា​បំបិទ​ខ្លួន​ឯង​ ក៏​ដូច​ជា​បំបិទ​ឧត្ដមគតិ​ខ្លួន​ឯង»

កាល​ពី​ថ្ងៃ​ទី១៣ ខែសីហា អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន​រាជ​ធានី​ភ្នំពេញ ប្រមាណ ១០នាក់ បាន​ធ្វើ​ដំណើរ​ដល់​វត្ត​នួន​មណី​រាម ហៅ​វត្តថាន់ ដោយ​បង្ខំ​ឱ្យ​ព្រះ​តេជ​ព្រះ​គុណ ធូ វ៉ាឃីម ផ្ដិត​មេដៃ​ធ្វើ​កិច្ច​សន្យា​ឈប់​ឈឺ​ឆ្អាល​រឿង​សង្គម។

ក្នុង​កិច្ច​សន្យា អាជ្ញាធរ​សរសេរ​ថា ព្រះ​តេជ​ព្រះគុណ ធូ វ៉ាឃីម ត្រូវ​ឈប់​ធ្វើ​ធម្មយាត្រា​ និង​ធ្វើ​បាតុកម្ម​ផ្សេងៗ ពាក់ព័ន្ធ​រឿង​នយោបាយ ក៏​ប៉ុន្តែ​ប្រសិន​បើ​ព្រះសង្ឃ​អង្គ​នេះ​មិន​អនុវត្ត​តាម​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ លោក លោក ម៉េត មាសភក្តី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៤ សីហា។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ។

Venerable_Thou_Vakhim_participate_in_social_campaign_in_April_2024_provided_by_monk.jpg
(រូប​ឯកសារ) ព្រះតេជព្រះគុណ ធូ វ៉ាឃីម ជា​ព្រះសង្ឃ ដែល​​អាជ្ញាធរ​ភ្នំពេញ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឈឺឆ្អាល​រឿង​សង្គម នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៤ និង​រូប​ភាព​សកម្មភាព​របស់​ព្រះអង្គ​ពេល​ចូលរួម​កិច្ចការ​សង្គម កាល​ពី​កំឡុង​ខែមេសា ឆ្នាំ២០២៤។ រូបព្រះសង្ឃផ្ដល់ឱ្យ

ព្រះតេ​ព្រះគុណ ធូ វ៉ាឃីម ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី៣ នៃ​សកល​វិទ្យាល័យ​មួយ នៅ​រាជ​ធានី​ភ្នំពេញ។ កន្លង​ទៅ​ព្រះសង្ឃ​អង្គ​នេះ​បាន​ធ្វើ​សកម្មភាព​សង្គម​ជា​ច្រើន រួមមាន ការ​ការពារ​ព្រៃឈើ ឃ្លាំមើល​បញ្ហា​ដីធ្លី ទាមទារ​យុត្តិធម៌​សង្គម និង​ជំទាស់ ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥រូប ដាក់​ពន្ធនាគារ ព្រម​ទាំង​មិន​ពេញ​ចិត្ត ចំពោះ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ លោក កើត សារ៉ាយ ដាក់​ពន្ធនាគារ​ជា​ដើម។

ជា​មួយ​គ្នា​នេះ ព្រះ​តេជ​ព្រះគុណ​អង្គ​នេះ បាន​ផលិត​វីដេអូ ​បង្ហាញ​ពី​ស្ថានភាព​អភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​មួយ​ចំនួន ដែល​អាជ្ញាធរ​ខ្មែរ​ទុក​ដី​ឱ្យ​នៅ​ទំនេរ​ចោល​ ផ្ទុយ​ពី​ប្រទេស​វៀតណាម ដែល​ក្នុង​វីដេអូ​នោះ​មាន​ចំនួន​អ្នក​ចូល​មើលជា​ច្រើន​ម៉ឺន​នាក់។

សំឡេង​ក្នុង​វីដេអូ ព្រះតេជគុណ ធូ វ៉ាឃឹម៖ «អាត្មា​បាន​មក​ដល់​ព្រំដែន​កម្ពុជា និង​វៀតណាម​អាត្មា​មើល​ឃើញ​ថា ប៉ែក​ខាង​នេះ​បែក​ខាង​វៀតណាម​ និយាយ​រួម​ទៅ​ខាង​វៀតណាម​គេ​មិន​ចូលចិត្ត​ទុក្ខ​ដី​ឱ្យ​ទំនេរ​ទេ គេ​ចូល​ចិត្ត​ដាំ​អំពៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ផ្សេងៗ ជា​ដើម និយាយ​រួម​ទៅ​គឺ​ខៀវ​ស្រងាត់​តែ​ម្ដង​ដី​ខាង​វៀតណាម​ឮ ឯ​ខាង​ដី​ខ្មែរ​យើង​វិញ គឺ​អត់​មាន​អី​ទេ ស្រឡះ​ល្វឹង​តែ​ម្ដង»

Venerable_Thou_Vakhim_showing_border_marker_provided_by_monk.jpg
(រូប​ឯកសារ) ព្រះតេជព្រះគុណ ធូ វ៉ាឃីម ជា​ព្រះសង្ឃ ដែល​​អាជ្ញាធរ​ភ្នំពេញ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឈឺឆ្អាល​រឿង​សង្គម នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៤ និង​រូប​ភាព​សកម្មភាព​របស់​ព្រះអង្គ​​បង្ហាញ​បង្គោល​ព្រំដែន​មួយ​រវាង​កម្ពុជា និង​វៀតណាម។ រូបព្រះសង្ឃផ្ដល់ឱ្យ

ទាក់ទង​រឿង​នេះ​ដែរ ព្រះ​សង្ឃ​គង់​នៅ​ប្រទេស​កាណាដា ព្រះតេជ​ព្រះគុណ ម៉ិញ សុខមីល ដែល​តែងតែ​ចេញ​វីដេអូ​ឈឺ​ឆ្អាល​រឿង​សង្គម និង​នយោបាយ​ បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ព្រះ​សង្ឃ​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ច្បាប់។ ព្រះអង្គ​អំពាវនាវ​ឱ្យ​ព្រះ​សង្ឃ​គ្រប់ៗ ព្រះ​អង្គ ត្រូវ​សាមគ្គី​គ្នា ក្រោកឈរ​តវ៉ា​ប្រឆាំង​ចំពោះ​ទង្វើ​រឹត​ត្បិត​ទាំង​នេះ។

ព្រះ​តេជ​ព្រះគុណ ម៉ិញ សុខមីល៖ «សូម​អំពាវនាវ​ដល់​គុណ​ម្ចាស់​គ្រប់​ព្រះ​អង្គ​ទាំង​អស់ ប្រាំ​មួយ​ម៉ឺន ប្រាំ​ពីរ​ម៉ឺន​អង្គ បើ​យើង​ក្រោក​តែ​ម្នាក់​ពីរ​នាក់​មុខ​តែ​គណៈ​សង្ឃ​គាត់​ជិះជាន់​ហើយ តែ​បើ​លោក​ក្រោក​ច្រើន​អង្គ គឺ​លោក​មិន​ហ៊ាន​ជា​មួយ​កម្លាំង​សាមគ្គី​របស់​សាមណៈ​សង្ឃ​ទេ។ អញ្ចឹង​គ្រប់​អង្គ​តស៊ូ​ឡើង​ដើម្បី​ទឹក​ដី​យើង ដើម្បី​បង្ហាញ​ព័ត៌មាន​ពិត​ចែក​ជូន​ញាតិ​ញោម​ឱ្យ​យល់​ដឹង​ពី​បញ្ហា​សង្គម»

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ពន្យល់​ថា ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួម​សកម្មភាព​សង្គម ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ជាតិ  ក៏ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​ណា​មួយ គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ​ធ្ងន់ធ្ងរ។

លោក អំ សំអាត៖ «នៅ​ពេល​ដែល​ព្រះសង្ឃ​លោក​ចូលរួម​នៅ​ក្នុង​កិច្ច​ការងារ​សង្គម គឺ​អត់​មាន​អី​ខុស​ទេ​តាម​ផ្លូវ​ច្បាប់ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ធ្វើការ​រារាំង​ គំរាម​កំហែង​បំបិទ​សិទ្ធិ​ទៅ​វិញ​ទេ​ដែល​អនុវត្ត​តួនាទី​ហើយ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​នោះ»

ព្រះតេជ​ព្រះគុណ ធូ វ៉ាឃីម បន្ថែម​ថា ការ​សម្រេច​ចិត្ត​ផ្ដិត​មេដៃ​ធ្វើ​កិច្ច​សន្យា តាម​សំណើ​របស់​អាជ្ញាធរ គ្រាន់​តែ​ជា​ការ​រំដោះ​ខ្លួន ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ព្រោះ​បើ​ផ្អែក​តាម​ច្បាប់ ការ​ផ្ដិត​មេដៃ​ដោយ​បង្ខំ ពុំ​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ឡើយ។ ព្រះអង្គ​ប្ដេជ្ញា​ថា នឹង​បន្ត​សកម្មភាព​សង្គម ដែល​ច្បាប់​អនុញ្ញាត បើ​ទោះ​បី​ជា​រង​ការ​គំរាម​កំហែង​ និង​សម្ពាធ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។