ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេហែញត្តិដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោមចំនួន ៤នាក់ ដែលរដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួន ដោយសារតែការផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើម។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការមិនអនុញ្ញាតឱ្យសមាគមខ្មែរក្រោមហែញត្តិដាក់តាម ស្ថាប័នអន្តរជាតិនេះ បង្ហាញពីភាពមិនអើពើចំពោះសុខទុក្ខខ្មែរក្រោមរបស់រដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋខ្មែរក្រោមអះអាងថា ការហែញត្តិទៅកាន់បណ្ដាស្ថានទូតនានា គឺជាការទាមទារឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម ហើយមិនមែនជាអំពើខុសទៅនឹងធម្មនុញ្ញអាស៊ាន រដ្ឋធម្មនុញ្ញកម្ពុជា ដូចការលើកឡើងរបស់រដ្ឋបាលកម្ពុជានោះទេ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ ឡែន ដែលបានចូលរួមប្រជុំជាមួយមន្ត្រីនៃសាលារាជធានីភ្នំពេញ សោកស្ដាយដែលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមខ្មែរក្រោម ហែញត្តិដាក់ឱ្យអង្គការសហប្រជាជាតិ និងបណ្ដាស្ថានទូតរបស់ប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ ឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម៤នាក់ ដែលរដ្ឋាភិបាលវៀតណាមបានឃុំខ្លួនពួកគេកាលពីដើមខែសីហានេះ។ លោកបន្ថែមថា ការមិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោមហែញត្តិនេះ ក៏ឆ្លុះបញ្ចាំងពីភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលកម្ពុជា ចំពោះសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមផ្សេងទៀត ដែលរដ្ឋាភិបាលវៀតណាមកំពុងគំរាមកំហែងផងដែរ។
លោក ថាច់ ឡែន៖ «សម្រាប់រដ្ឋាភិបាលវៀតណាមគេថា ធ្វើអ៊ីចឹងទៅដើម្បីការពារសុវត្ថិភាព ប៉ុន្តែខ្ញុំឃើញថា នេះមិនមែនជាការការពារសុវត្ថិភាពទេ គឺជាការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលមានភាពក្លាហានក្នុងការពាំនាំយកនូវបញ្ហាសិទ្ធិមនុស្ស និងបញ្ហាសិទ្ធិជនជាតិដើមដើម្បីចែករំលែកទៅដល់បងប្អូនយើងឱ្យបានយល់ដឹង»។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា មិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ធ្វើពិធីហែញត្តិនៅថ្ងៃទី១៦ ខែសីហា ដែលមានអ្នកចូលរួម ១៥អង្គ/នាក់ ទៅកាន់ស្ថានទូតចំនួន១០កន្លែងក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងស្នើឱ្យបណ្ដាស្ថានទូតនាំមុខខាងលទ្ធិប្រជាធិបតេយ្យទាំងនោះ អន្តរាគមន៍ឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។ រដ្ឋបាលសាលារាជធានីភ្នំពេញលើកឡើងថា មូលហេតុដែលមិនអនុញ្ញាត ព្រោះសកម្មភាពដង្ហែញត្តិដែលសមាគមខ្មែរកម្ពុជាក្រោមដែលបម្រុងនឹងធ្វើនេះ ផ្ទុយទៅនឹងធម្មនុញ្ញអាស៊ាន និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១០ ខែសីហា។
អាជ្ញាធរវៀតណាម បានចាប់ឃុំខ្លួន និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៩នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ក្រោមការចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ទោះយ៉ាងនេះក៏ដោយក្រោយការឃាត់ខ្លួន និងសួរនាំ អាជ្ញាធរបានដោះលែងពួកគេឱ្យមានសេរីភាពវិញ ប៉ុន្តែនៅបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ រួមមានលោក យ័ញ ម៉ិញក្វាង រស់នៅខេត្តឃ្លាំង លោក ថាច់ កឿង និងលោក តោ ហ្វាងចឿង រស់នៅខេត្តព្រះត្រពាំង។ ដោយឡែក អាជ្ញាធរវៀតណាមបានឃុំខ្លួន សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាស្ត្រីម្នាក់ទៀត គឺលោកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង កាលពីថ្ងៃទី៣ ខែសីហា ក្រោមបទចោទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការគំរាមកំហែង និងឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមទ្រង់ទ្រាយធំបែបនេះ គឺជាការគំរាមកំហែងថ្មីមួយទៀត ខណៈខ្មែរក្រោមបន្តទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួនឯង ក្នុងនាមជាជនជាតិដើមនៅលើទឹកដីកំណើតដូនតារបស់ខ្លួន។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន សោកស្ដាយដែលរដ្ឋបាលសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោមដង្ហែញត្តិនេះ។ លោកបន្ថែមថា ការដង្ហែញត្តិទៅដាក់ឱ្យបណ្ដាស្ថានទូតប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យ រដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម មិនមែនជាអំពើខុសទៅនឹងធម្មនុញ្ញអាស៊ាន ឬរដ្ឋធម្មនុញ្ញកម្ពុជានោះឡើយ ប៉ុន្តែនេះគឺជាសកម្មភាពគិតគូរពីសុខទុក្ខសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម។ លោក សឺន ជុំជួន បន្តថា ការការពារសិទ្ធិសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម គឺប្រៀបដូចជាការស្នើសុំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមឱ្យអាជ្ញាធរកម្ពុជាការពារនិគមជនវៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ មិនមែនជាសកម្មភាពរំលោភអធិបតេយ្យភាពអ្វីនោះឡើយ។
លោក សឺន ជុំជួន៖ «ប្រជាជនវៀតណាមដែលគេមករស់នៅក្នុងប្រទេសកម្ពុជាយើង ទោះបីអន្តោប្រវេសន៍ក៏ដោយ មិនអន្តោប្រវេសន៍ក៏ដោយ ឬក៏បានរស់នៅដោយស្របច្បាប់ក៏ដោយ នៅតែរដ្ឋាភិបាលវៀតណាមមានការផ្ដាំផ្ញើឱ្យមើលសុខមើលទុក្ខ ឬក៏ជួយដោះស្រាយបញ្ហានៅពេលដែល ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាហ្នឹង យ៉ាងណាមិញ បើយើងប្រៀបធៀបទៅកម្ពុជាក្រោម បងប្អូនយើងសុទ្ធតែឈាមជ័រតែមួយទេ ហេតុអីក៏រដ្ឋាភិបាលកម្ពុជាយើងមិនអាចបាន អ៊ីចឹងគួរតែធ្វើបានដូចវៀតណាមធ្វើមកលើកម្ពុជាអ៊ីចឹង»។
សង្គមស៊ីវិលលើកឡើងថា ការមិនអនុញ្ញាតឱ្យដង្ហែញត្តិនេះបង្ហាញពីភាពមិនយកចិត្តទុកដាក់អំពីសុខទុក្ខខ្មែរក្រោម ដែលអាជ្ញាធរវៀតណាមកំពុងគំរាមកំហែង បំបិទសិទ្ធិសេរីភាពក្នុងការរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួន។ ទោះជាយ៉ាងណា មន្ត្រីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ អះអាងថា ពួកគេនឹងយកញត្តិទៅដាក់នៅតាមបណ្ដាស្ថានទូតប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យតាមការគ្រោងទុក ប៉ុន្តែនឹងមិនដង្ហែញត្តិនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។