តុលាការក្រុងភ្នំពេញ នាំខ្លួនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ គឺក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ មកសាកសួរនៅថ្ងៃទី១៩ ខែកក្កដា អំពីដំណើររឿងបទចោទញុះញង់ និងបទចោទ ជេរប្រមាថអ្នករាជការសាធារណៈ។ មេធាវីការពារក្ដី និងម្ដាយរបស់របស់ក្មេងប្រុសរូបនេះបន្តស្នើសុំតុលាការឱ្យដោះលែង កាក់ សុវណ្ណច្ឆ័យ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះការចោទនិងការឃុំខ្លួននេះ គឺជាការរំលោភសិទ្ធិកុមារ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន ប៊ុនធឿន សម្រេចបញ្ជូនយុវជន កាក់ សុវណ្ណច្ឆ័យ ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីបញ្ចប់ការសាកសួរពាក់ព័ន្ធនឹងបទចោទ ''ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" និងបទចោទ "ជេរប្រមាថអ្នករាជការសាធារណៈ"។ រីឯម្ដាយរបស់ក្មេងប្រុសរូបនេះ មិនត្រូវបានអនុញ្ញាតឲ្យជួបកូនឡើយ ដោយគាត់បានត្រឹមតែឃើញកូនពីចម្ងាយ និងស្រែកយំរត់តាមឡាន ដែលដឹកកូនចេញពីតុលាការទៅពន្ធនាគារវិញ។
មេធាវីការពារក្តីឲ្យយុវជន កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ ថ្លែងប្រាប់អាស៊ីសេរីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាននាំកូនក្តីរបស់លោក មកសាក សួរយកចម្លើយ ដោយសារក្នុងថ្ងៃសមត្ថកិច្ចចាប់ខ្លួននោះ តុលាការមិនទាន់បានសាកសួរចម្លើយនៅឡើយ ដោយគ្រាន់តែបង្ហាញខ្លួននៅតុលាការ ហើយបញ្ជូនគាត់ទៅឃុំខ្លួនតែម្ដង។ លោកបន្តថា ចៅក្រមស៊ើបសួរលោក សាន ប៊ុនធឿន បានចោទសួរកូនក្ដីរបស់លោកពាក់ព័ន្ធនឹងសារសំឡេងជជែកគ្នាក្នុងបណ្ដាញសង្គមតេឡេក្រាម រវាង កាក់ សុវណ្ណច្ឆ័យ និងមនុស្សមិនស្គាល់អត្តសញ្ញាណ ដែលមានប្រើពាក្យសម្ដីអសុរោះ ប៉ុន្តែមេធាវីរូបនេះយល់ថា កូនក្ដីនៅក្មេង ទើបអាយុ១៦ និងមានបញ្ហាខ្សោយសតិបញ្ញា ដូច្នេះទើបគាត់ មិនអាចគ្រប់គ្រងអារម្មណ៍ និងនិយាយដោយមិនបានគិត។ ជាមួយគ្នានោះ ចៅក្រម ក៏បានសាកសួរអំពីរូបភាពកាត់តនៅលើហ្វេសប៊ុកដែរ ប៉ុន្តែកាក់ សុវណ្ណច្ឆ័យ ថា គាត់គ្រាន់តែចែកចាយរូបភាពកាត់តនោះពីគេប៉ុណ្ណោះ។ លោកមេធាវី សំគង់ បន្ថែមថា ការសាកសួរនៅថ្ងៃនេះ ហាក់មិនបានត្រឹមត្រូវតាមនីតិវិធីច្បាប់នោះទេ ព្រោះកូនក្តី មិនសូវយល់សំណួរ និងមិនសូវចេះឆ្លើយ ដោយសារតែវ័យនៅក្មេង និងមានជំងឺអូទីស៊ឹមពីកំណើតផង។ មេធាវីរូបនេះ ស្នើសុំតុលាការ ឱ្យចាត់ពេទ្យជំនាញពិនិត្យវាយតម្លៃទៅលើសតិបញ្ញារបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ និងគួរតែសម្រេចឲ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន៖ « ដោយសារយើងមានច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ ក៏ដូចជាក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីយុត្តិធម៌កុមារនេះ គឺច្បាប់បានអនុញ្ញាតឲ្យតុលាការពិចារណាពីនីតិវិធីក្នុងការបង្វែរកុមារ ដែលមានទំនាស់ជាមួយនឹងច្បាប់ឲ្យស្ថិតក្រោមការឃុំគ្រង់របស់អាណាព្យាបាលឬឪពុកម្ដាយ ឬកន្លែងស្ដារនីតិសម្បទាហើយក្នុងច្បាប់ទាំងពីរនេះ ក៏ឲ្យតុលាការពិចារណាអំពីការផ្តល់សេរីភាពឲ្យកុមារ ជាង ដាក់កុមារនៅក្នុងឃុំដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់កុមារផងដែរ » ។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ កាលពីម៉ោង ៨យប់ថ្ងៃទី២៤ ខែមិថុនា ដោយចោទថា គាត់ប្រព្រឹត្តបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការប្រើពាក្យសម្ដីញុះញង់ និងការជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គមតេឡេក្រាម(Telegram)។ សមត្ថកិច្ច មិនបានបង្ហាញអំពីដើមហេតុដែលនាំឲ្យក្មេងប្រុសរូបនេះជេរនោះទេ ប៉ុន្តែម្ដាយរបស់ កាក់ សុវណ្ណច្ឆ័យ អះអាងថា មានសមត្ថកិច្ចមួយចំនួន បន្លំខ្លួនឆាតទៅបង្កជម្លោះជាមួយកូនរបស់គាត់ ដូចជា ''ជេរថា កូនអាក្បត់ជាតិ'' ជាដើម ដែលនាំឲ្យ កាក់ សុវណ្ណច្ឆ័យ ជេរដោយកំហឹងតបតទៅវិញ។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់អនីតិជនរូបនេះ ចំនួនពីរបទល្មើស គឺបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម២) កាលពីព្រលប់ថ្ងៃទី២៥ ខែមិថុនា។ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ក្មេងប្រុសរូបនេះ កំពុងជាប់ឃុំជិតមួយខែហើយ។
ម្ដាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា រៀបរាប់ទាំងទួញសោកថា លោកស្រីតក់ស្លុត និងអាណិតកូនប្រុសជាខ្លាំងនៅពេលឃើញកូនប្រុសលើកដៃដាក់គាត់ពីចម្ងាយក្នុងពេលឡើងតុលាការ។ លោកស្រីថា មន្ត្រីតុលាការមិនអនុញ្ញាតឲ្យលោកស្រីជួបមុខ និងនិយាយជាមួយកូនដោយផ្ទាល់ឡើយ ដែលលោកស្រី ចាត់ទុកថា នេះជាទង្វើព្យាយាមធ្វើបាបផ្លូវចិត្តលោកស្រី។ លោកស្រីនៅតែថ្កោលទោសចំពោះអាជ្ញាធរ ដែលចាប់ឃុំខ្លួនប្ដីលោកស្រីជាង ១ឆ្នាំហើយ បែរជាប្រឌិតរឿងចាប់កូនប្រុសលោកស្រីម្នាក់ទៀតយកទៅឃុំខ្លួនក្នុងពន្ធនាគារទាំងគ្មានកំហុស៖ « ខ្ញុំនៅតែស្នើសុំឲ្យតុលាការ បើសិនតុលាការឯករាជ្យ និងសុក្រឹតមែន គួរតុលាការដោះលែងគាត់ឲ្យនៅក្រៅឃុំ ឲ្យមកនៅក្រោមការឃុំគ្រង់របស់ម្ដាយវិញ ព្រោះគាត់មានស្មារតីអត់ប្រក្រតី មានជំងឺជាប់ខ្លួន និងសូមឲ្យគាត់មករៀនមកសូត្រវិញមក ព្រោះគាត់នៅក្មេងណាស់ » ។
លោកស្រី ព្រំ ចាន់ថា ជឿថា អាជ្ញាធរចាប់ខ្លួនកូនប្រុសរបស់លោកស្រីម្នាក់ ខណៈឳពុករបស់គេកំពុងជាប់ឃុំក្នុងពន្ធនាគារដែរនេះ គឺក្នុងបំណងបំបាក់ស្មារតីលោកស្រី ដែលតែងចេញតវ៉ាទាមទារយុត្តិធម៌ឲ្យប្តីជារៀងរាល់ថ្ងៃសុក្រ។ ទោះជាយ៉ាងណា លោកស្រីនឹងមិនរក្សាភាពស្ងៀមស្ងាត់នោះទេ ដរាបណា អាជ្ញាធរមិនព្រមដោះលែងប្ដី និងកូនប្រុសព្រមទាំងសកម្មជននយោបាយផ្សេងទៀត។
ជុំវិញករណីនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត គាំទ្រការទាមទារឲ្យតុលាការដោះលែង យុវជន កាក់ សុវណ្ណច្ឆ័យ ដើម្បីអនាគតរបស់ក្មេងប្រុសរូបនេះ ដែលកំពុងនៅសិក្សារៀនសូត្រ ហើយគាត់ថែមទាំងត្រូវការការមើលថែទាំពីម្ដាយដោយសារគាត់មានជំងឺអូទីស៊ឹម (Autism) ពីកំណើតទៀតផង៖ « តុលាការ គួរតែពិចារណាឲ្យដិតដល់ព្រោះទាក់ទងនឹងអនាគតក្មេង និងបញ្ហាសុខភាពផ្លូវចិត្តរបស់ក្មេង។ ជាធម្មតាក្មេងពេលមានការឆាតហើយបង្កជម្លោះជាមួយគ្នា គឺអារម្មណ៍មិនចេះគិតច្បាស់លាស់ទេ ហើយបើគ្នាមានជំងឺទៀត ប្រើពាក្យពេចន៍កាន់តែមិនសមរម្យ។ នេះជាចំណុចត្រូវពិចារណា បើយើងគិតអំពីផលប្រយោជន៍របស់កុមារ ទាក់ទងនឹងច្បាប់យុត្តិធម៌អនីតិជន។ មួយទៀត យើងឃើញហើយថា ការចាប់ខ្លួននេះ មានការរិះគន់ច្រើនថា ជាការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញទៅលើម្ដាយដែលតែងតែចេញតស៊ូមតិរាល់ថ្ងៃសុក្រ ហើយត្រូវរងនូវការប្រើប្រាស់អំពើហិង្សាជាញឹកញាប់ដែរ » ។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានជាង ៨០នាក់ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើនចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។ ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ តែងតែថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ព្រមទាំងទាមទារឲ្យដោះលែងពួកគេវិញជាបន្ទាន់ បើពុំនោះទេ ប្រទេសកម្ពុជានឹងទទួលរងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។