អាជ្ញាធររបបក្រុងភ្នំពេញ មិនទាន់ដោះលែងកុមារា កាក់ សុវណ្ណឆៃ ដែលជាកូនប្រុសសមាជិកគណបក្សប្រឆាំងកំពុងជាប់ឃុំ លោក កាក់ កុម្ភារ នៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី៥ ខែតុលា បន្ទាប់ពីប៉ូលិសចាក់អង្រែលើ បានចាប់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែតុលា ពាក់ព័ន្ធនឹងករណីចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីប្រមូលទងគណបក្សដែលនៅរប៉ាត់រប៉ាយ ក្រោយពេលអាជ្ញាធរបិទទីស្នាក់ការនោះទុកចោលជាច្រើនឆ្នាំមក។
ម្ដាយ និងស្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ១០នាក់ នៅរសៀលថ្ងៃទី៥ តុលា បានលើកគ្នាទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតាមដាន ប៉ូលិសចាប់ឃុំខ្លួនកុមារាអាយុ ១៥ឆ្នាំម្នាក់ ដែលជាកូនប្រុសរបស់លោក កាក់ សមាជិកបក្សប្រឆាំងកំពុងជាប់ឃុំម្នាក់។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការធ្វើទុកទុក្ខបុកម្នេញផ្នែកនយោបាយ ព្រោះចាប់ឃុំខ្លួនទាំងឪពុកហើយអាជ្ញាធរ បន្តចាប់ខ្លួនទាំងកូនប្រុសជាអនីតិជនទាំងបំពានច្បាប់ថែមទៀត។
ប្រពន្ធរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺលោក ព្រំ ចន្ថា ប្រាប់អាស៊ីសេរីថា ប៉ូលិសបានបញ្ជូនកូនរបស់លោកស្រី គឺកុមារា កាក់ សុវណ្ណឆៃ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃុំខ្លួនរូបគេអស់មួយយប់នៅប៉ុស្តិ៍ប៉ូលិសចាក់អង្រែលើ។ លោកស្រី ចាត់ទុកការចាប់ខ្លួនកូនរបស់លោកស្រីនេះថា ជាទង្វើអមនុស្សធម៌ ដែលជាការធ្វើបាបក្រុមគ្រួសាររបស់លោកស្រីឱ្យមានការឈឺចាប់កាន់តែខ្លាំង៖ «ក្មេងបើសិនជាគាត់ធ្វើខុសគ្រាន់តែយកគាត់ទៅកែប្រែឬអប់រំគាត់ទៅ ហេតុអីចាំប៉ូលិសដាក់ខ្នៅឃុំគាត់មួយយប់មិនដឹងជាកូនមូសខាំ កេងយ៉ាងម៉េចទេ។ ខ្ញុំខំចិញ្ចឹមឱ្យបានល្អសូម្បីតែខោអាវមិនដែលបានបោក ខ្ញុំឱ្យតែគាត់ទៅតែរៀន។ ដោយសារគាត់ស្រលាញ់ពេកដែលធ្លាប់មានអនុស្សាវរីយ៍ដល់ពេលគាត់ជិះម៉ូតូកាត់ហ្នឹងគាត់ឃើញគាត់ទៅរើសទង់ជ័យបក្សមក ខ្ញុំសួរថា គាត់មានទោសកំហុសអីដែរ ?» ។
លោកស្រី ព្រំ ចន្ថា ឱ្យដឹងថា កូនរបស់លោកស្រីឈ្មោះ កាក់ សុវណ្ណឆៃ មានជំងឺអូទីហ្សឹម (Autism) តាំងពីកំណើត និងមានខួរក្បាលខុសប្រក្រតីជាញឹកញាប់ ដែលធ្វើឲ្យកូនលោកស្រី ស្រលាញ់អ្វី មួយគឺដក់ជាប់ក្នុងអារម្មណ៍រហូត។
កុមារា កាក់ សុវណ្ណឆៃ អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី៩ ជាកូនប្រុសសកម្មជនគណបក្សប្រឆាំងលោកកាក់ កុម្ភារ ដែលតុលាការចាប់ខ្លួនកាលថ្ងៃទី៣១ ខែឧសភា ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ កុមាររូបនេះត្រូវបានប៉ូលិសមូលដ្ឋានចាប់យកទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៤តុលា។ កុមាររូបនេះត្រូវបានប៉ូលិសចាប់ខ្លួនក្នុងពេលប្រមូលទង់គណបក្សសង្គ្រោះជាតិនៅស្នាក់ការកណ្ដាលគណបក្សនេះ កាលពីរសៀលថ្ងៃទី៤ តុលា។ រហូតមកទល់ម៉ោង ៥រសៀលថ្ងៃទី៥ តុលា ប៉ូលិសមិនទាន់ដោះលែងកុមារ កាក់ សុវណ្ណឆៃ នៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម ខឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៥ តុលា។
ចំណែកអធិការនគរបាលខណ្ឌមានជ័យលោក ម៉េង វិមានតារា មិនធ្វើអធិប្បាយជុំវិញរឿងនេះទេ ដោយលោកទទួលទូរស័ព្ទហើយចុចផ្ដាច់ទៅវិញ៖ «បាទ! ខ្ញុំឮតើអ្នកណាគេ មានអីបងមានអី !» ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ចាត់ទុកការចាប់ខ្លួនកូនរបស់សកម្មជនគណបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកបញ្ជាក់ថា រឿងនេះប៉ូលិសគួរតែដោះលែងកុមាររូបនោះ តាំងពីដំបូង ដោយមិនត្រូវចាប់ឃុំខ្លួនរូបគេបែបនេះឡើយ ពីព្រោះលោកយល់ថា កុមារចូលទៅប្រមូលទង់ទីស្នាក់ការគណបក្សប្រឆាំង ពុំមែនជាទង្វើសុខច្បាប់ឡើយ៖ «យើងគិតថានេះជាការព្រួយបារម្ភហួសហេតុរបស់អាជ្ញាធរទេបាទ។ ដូចយើងដឹងហើយថា រឿងនេះវាទាក់ទងទៅហ្នឹងរឿងពាក់ព័ន្ធទៅហ្នឹងកត្តានយោបាយ យើងដឹងហើយថា ជាទូទៅគឺគាត់មិនមានបក្ស ហើយជំនួសមកវិញយើងឃើញថាអាជ្ញាធរមិនសូវជាមានភាពឯករាជ្យពីគណបក្សនយោបាយបាយហ្នឹងប៉ុន្មានទេ។ដូច្នេះហើយយើងគាត់សំគាល់ឃើញថា ឱ្យតែក្រុមអ្នកដែលមាននិន្នាការប្រឆាំងហ្នឹងជាទូទៅសមត្ថកិច្ចមិនសូវមានការសប្បាយចិត្តចំពោះអ្នកដែលមាននិន្នាការប្រឆាំងហ្នឹងទេ » ។
ក្រោយពេលចាប់ខ្លួននោះ ប៉ូលិស ខណ្ឌមានជ័យ បានថតរូប កុមារា កាក់ សុវណ្ណឆៃ មានទឹកមុខស្លូតបូត ដោយដៃទាំងពីជាប់ខ្នោះ និងកាន់ទងគណបក្សសង្គ្រោះជាតិមានរូបព្រះអាទិត្យ ហើយត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក។
អនុប្រធានបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង លោក អេង ឆៃអ៊ាង អះអាងថា ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជួលអគារគណបក្សភ្លើងទៀន ហើយរបបលោក ហ៊ុន សែន បិទទ្វារនេះ មានចោរចូលគាស់យកសំភារៈជាច្រើនបែរជាសមត្ថកិច្ចមិនចាប់ទៅវិញ។លោក អេង ឆៃអ៊ាង ថ្កោលទោសការចាប់ខ្លួននេះថា ជាទង្វើរំលោភសិទ្ធិអនីតិជន និងរំលោភច្បាប់៖ «គាត់យកក្មេងមកដាក់ខ្នោះថតបង្ហាញវាមិនត្រឹមត្រូវទេ ហើយក្មេងនេះមិនបានសម្លាប់មនុស្សបទឧក្រិដ្ឋអ្វីដែរ ហើយបើថាតំបន់នោះ ( ទីស្នាក់ការបក្ស ) ជាតំបន់ហាមឃាត់គ្រាន់តែណែនាំទៅបានហើយ»។
មាត្រា១៥ នៃច្បាប់ស្ដីពីយុត្តិធម៌អនីតិជនចែងថា នគរបាលយុត្តិធម៌អាចចាប់ខ្លួនអនីតិជន ដែលមានអាយុចាប់ពី ១៤ឆ្នាំដល់ក្រោម ១៨ឆ្នាំ តែក្នុងករណីដែលអនីតិជនប្រព្រឹត្តិបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋជាក់ស្ដែងតែប៉ុណ្ណោះ។ ប៉ុន្តែអនីតិជនដែលមានអាយុចាប់ពី ១៤ឆ្នាំដល់ក្រោមអាយុ ១៦ឆ្នាំ ការចាប់ខ្លួនអាចធ្វើទៅបានតែក្នុងករណីដែលអនីតិជននោះប្រព្រឹត្តិបទមជ្ឈិមដោយចេតនា។ រាល់ការចាប់ខ្លួនអនីតិជនត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាភ្លាម។ ការអនុវត្តការចាប់ខ្លួនទៀតសោត គឺនគរបាលយុត្តិធម៌ ត្រូវចៀសវាងការធ្វើឲ្យអាម៉ាស់មុខ និងបាត់បង់សេចក្ដីថ្លៃថ្នូររបស់អនីតិជន និងត្រូវបញ្ជូនអនីតិជនទៅឲ្យផ្នែក ឬអង្គភាពដែលមាននគរបាលយុត្តិធម៌ជំនាញទទួលបន្ទុកការងារអនីតិជនដែលជិតបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។