អ្នកសារព័ត៌មានឯករាជ្យលើកឡើងថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានលើកកម្ពស់សេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែលោកមានចេតនាចង់ប្រើប្រាស់ អ្នកសារព័ត៌មាន ឲ្យបម្រើផលប្រយោជន៍នយោបាយដល់លោកទៅវិញ។ ការលើកឡើងនេះ គឺបន្ទាប់ពីមេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ ចេញលិខិតណែនាំឲ្យស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ចូលរួមប្រឆាំងព័ត៌មានរិះគន់រដ្ឋាភិបាល ដែលលោកចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ។
អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្នែកលើកស្ទួយសេរីភាពសារព័ត៌មាន លើកឡើងថា រដ្ឋាភិបាល គួរតែធានាសេរីភាពពេញលេញ និងសុវត្ថិភាពដល់អ្នកសារព័ត៌មានឲ្យល្អប្រសើរ ជាជាងប្រៀនប្រដៅអ្នកសារព័ត៌មានអំពីតួនាទីរបស់ពួកគេ។
អ្នកសារព័ត៌មានសេរីលោក ពៅ មេត្តា ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចាំបាច់ផ្តល់អនុសាសន៍ច្រើនពេកនោះទេ ព្រោះអ្នកសារព័ត៌មានចេះបំពេញតួនាទីនិងការងាររបស់ខ្លួនបានល្អហើយ។ លោកបញ្ជាក់ថា ចំណុចសំខាន់ដែលរដ្ឋាភិបាលត្រូវធ្វើនោះ គឺការបើកលំហសេរីភាព និងធានាសុវត្ថិភាពជូនអ្នកសារព័ត៌មាន ដូចមានចែងក្នុងច្បាប់ទៅវិញទេ។ លោកមើលឃើញថា រយៈពេលចុងក្រោយនេះ សេរីភាពនិងសុវត្ថិភាពអ្នកសារព័ត៌មាន នៅតែមានស្ថានភាពអាក្រក់ ដូចជាករណីខ្លះ អាជ្ញាធររើសអើង និងតម្រូវឱ្យអ្នកសារព័ត៌មានសុំការអនុញ្ញាតពេលចុះយកព័ត៌មាន ហើយពេលខ្លះទៀត អាជ្ញាធរ គំរាមកំហែង ចោទប្រកាន់អ្នកកាសែតដោយគ្មានមូលដ្ឋានច្បាប់ និងបានចាប់យកសម្ភារៈរួមទាំងលុបរូបភាពរបស់អ្នកសារព័ត៌មានជាដើម។ លោកលើកឧទាហរណ៍ថា ថ្មីៗនេះ អាជ្ញាធរ បានហាមមិនឲ្យអ្នកសារព័ត៌មានឯករាជ្យ ចូលយកព័ត៌មាននៅក្នុងសន្និសីទកាសែតស្តីពីការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍(Naga World ) ដែលទង្វើនេះគឺជារឿងមិនត្រឹមត្រូវឡើយ៖ «ចំណុចសំខាន់ គឺគាត់ ( លោក ហ៊ុន សែន ) បើកសិទ្ធិឲ្យអ្នកសារព័ត៌មានបំពេញការងាររបស់គាត់តាមជាក់ស្តែង ហើយណែនាំមន្ត្រីឲ្យស្គាល់ពីសិទ្ធិរបស់ខ្លួនដែលមន្ត្រីនាំពាក្យនៅតាមស្ថាប័ននានា មានស្មារតីក្នុងការផ្សព្វផ្សាយឬផ្តល់ព័ត៌មានដល់អ្នកព័ត៌មាន ដើម្បីផ្សព្វផ្សាយបន្ត ជាជាងក្រុមអ្នកសារព័ត៌មាននេះអត់ លើកទេខ្លាចផ្សាយពីចំណុចខ្វះចន្លោះរបស់ខ្លួន ។អ្នកព័ត៌មានខ្លះបានលើកឡើងថា សន្និសីទសារព័ត៌មានវិញ ឲ្យអ្នកនេះចូលតែបិទមិនឲ្យអ្នកនោះចូលដូច្នេះបាត់ព័ត៌មានមួយចំនួនទៅដល់គាត់»។
ប្រតិកម្មរបស់អ្នកសារព័ត៌មានបែបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវជួយឃោសនាអ្វីដែលល្អនិងវិជ្ជមានពីកម្ពុជា ហើយរួមគ្នាប្រឆាំងព័ត៌មានមិនពិតទាំងនៅក្របខ័ណ្ឌជាតិ-អន្តរជាតិ ដែលទំនងជាលោកសំដៅដល់ព័ត៌មានដែលរិះគន់និងប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល។ លើសពីនេះ លោកបានណែនាំស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មេដឹកនាំដែលចូលចិត្តព័ត៌មានបែបលើកសរសើរ និងនិយាយពីចំណុចល្អនៃការដឹកនាំរបស់ខ្លួនរូបនេះ ក៏ជំរុញឲ្យអ្នកសារព័ត៌មាន ត្រូវបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមផងដែរ ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ និងមានតម្លាភាព។
លោក ហ៊ុន សែន លើកឡើងបែបនេះតាមរយៈសារលិខិតមួយច្បាប់ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងរូបលោកជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៦ ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ មករា។ ទោះយ៉ាងណា លោក ហ៊ុន សែន បានផ្អាកពិធីជួបជុំនេះចំនួនពីរឆ្នាំជាប់គ្នាហើយដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA)លោក ណុប វី លើកឡើងថា អនុសាសន៍របស់នាយករដ្ឋមន្ត្រី គឺជាសិទ្ធិនិងជាការយល់ឃើញរបស់លោក ប៉ុន្តែកិច្ចការងាររបស់អ្នកសារព័ត៌មាន គឺជាវិជ្ជាជីវៈសេរី ដែលមិនគួរត្រូវបាន រឹតត្បិត គំរាមកំហែង ឬដាក់សម្ពាធនោះទេ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល ចង់ឃើញអ្នកសារព័ត៌មានដើរតួនាទីសំខាន់ និងរាយការណ៍ព័ត៌មាន ដើម្បីរួមចំណែកទប់ស្កាត់បទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបញ្ហាសង្គមផ្សេងៗ រដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងធានាជាក់លាក់ឲ្យពួកគាត់ធ្វើការដោយសេរី គ្មានការភ័យខ្លាច និងការរឹតត្បិត ។ អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ ក៏ជំរុញឲ្យរដ្ឋាភិបាល បញ្ចប់អំពើឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មានកន្លងមក ដែលបានធ្វើឱ្យអ្នកសារព័ត៌មានខ្លះបាត់បង់ជីវិត ឬទទួលរងភាពអយុត្តិធម៌ដោយសារបុព្វហេតុនៃការរាយការណ៍ព័ត៌មានពិតរបស់ខ្លួន ព្រមទាំងជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានជាដើម៖ «ចំណុចដែលលោក ( លោក ហ៊ុន សែន ) គួរពិនិត្យមើលគឺធ្វើម៉េចកុំឲ្យមាននិទ្ទណ្ឌភាពបន្តទៀត ហើយធ្វើម៉េចស្រាវជ្រាវស៊ើបអង្កេតចំពោះករណីដែលបានកើតឡើងកន្លងមក។ មួយវិញទៀត ធានាអំពីរឿងសុវត្ថិភាព រឿងសន្តិសុខពេញលេញចំពោះអ្នកសារព័ត៌មានហើយធានាថា អ្នកសារព័ត៌មានដែលគាត់បានប្រើប្រាស់តួនាទីវិជ្ជាជីវៈ ទោះបីជាគាត់ រាយការណ៍ខ្លះជាចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលក៏ដោយ ក៏លោកគួរតែ ធានា ព្រោះចំនុចអវិជ្ជមាន ប៉ះមន្ត្រីខិលខូចទេ ចំណែកមន្ត្រីស្អាតស្អុំអត់ប៉ះ ដូច្នេះតែធានា សុវត្ថិភាពដល់សារព័ត៌មានទាំងអស់នេះ»។
អង្គការអន្តរជាតិនានាបានរកឃើញថា ៤ឆ្នាំចុងក្រោយនេះ សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពអាក្រក់ ព្រោះតែរដ្ឋាភិបាលបន្តរឹតត្បិត គំរាមកំហែង ចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌ និងបង្កើតច្បាប់ថ្មី ដែលមានចរិតរឹតត្បិតសេរីភាពសារព័ត៌មានជាដើម។
អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងនេះ និងងាកមកគោរពសេរីភាពសារព័ត៌មានវិញ។ ចំណុចទាំងនោះ មានជាអាទិ៍ ការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយប្រឆាំងនឹងអ្នកសារព័ត៌មាន ការបើកឱ្យស្ថាប័នព័ត៌មានឯករាជ្យអាចដំណើរការឡើងវិញ បញ្ឈប់ជាបន្ទាន់ការយកក្រមព្រហ្មទណ្ឌមកចោទប្រកាន់លើការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ព្រមទាំងពន្លឿនការបង្កើតច្បាប់ទាំងឡាយដែលបម្រើដល់វិស័យសារព័ត៌មាន និងការបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។