ប៉ូលិស​​​​ដោះលែង​​តំណាង​​សហគមន៍​ដីធ្លី​២​នាក់​​​​​នៅ​​ក្រុង​ប៉ោយប៉ែត​វិញ​​​ក្រោយ​ពេល​​បង្ខំ​​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​​​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដើម្បី​ទទួល​ស្បៀងអាហារ​​

ដោយ មាន ឫទ្ធិ
2021-05-12
Share
ប៉ូលិស​​​​ដោះលែង​​តំណាង​​សហគមន៍​ដីធ្លី​២​នាក់​​​​​នៅ​​ក្រុង​ប៉ោយប៉ែត​វិញ​​​ក្រោយ​ពេល​​បង្ខំ​​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​​​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដើម្បី​ទទួល​ស្បៀងអាហារ​​ ​លោក​ តុត សុខ​ តំណាង​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅក្នុងពេលតវ៉ាបញ្ហាជម្លោះដីធ្លីកន្លងមក។
រូប៖ RFA

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ បាន​ដោះលែង​តំណាង​សហគមន៍​ដីធ្លី​ ២ ​នាក់​ គឺ​លោក​ វន វ័ន​ និង​ លោក​ តុត សុខ ឱ្យ​​មាន​សេរី​ភាព​វិញ​ហើយ ​នៅ​​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ក្រោយ​ពេល​ឃាត់​ខ្លួន​ពួកគាត់​យក​ទៅ​សាកសួរ​​​ប្រមាណ ​៤ ម៉ោង​។

តំណាង​សហគមន៍​ដីធ្លី​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​លោក​ តុត សុខ​ ប្រាប់​អាស៊ី​សេរី​ក្រោយ​​ពេល​ប៉ូលិស​​​​ដោះលែង​ថា ​​​​មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​​ បាន​បង្ខំ​ពួក​លោក​​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចុះ​​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​​មាន​ជីវភាព​តោកយ៉ាក ដើម្បី​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​ពួកគាត់​បន្ត​ទៀត​​។ លោក​បញ្ជាក់​ថា ​ពួក​លោក​មិន​ចង់​ធ្វើ​កិច្ច​សន្យា​​ជា​មួយ​ប៉ូលិស​នោះ​ទេ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ ព្រោះ​​ខ្លាច​ប៉ូលិស​​ចាប់​​ឃុំ​ខ្លួន​នាំ​ឱ្យ​ប៉ះពាល់​​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ៖ «កន្លង​មក​ខ្ញុំ​ធ្វើ​តែ​ប្រជាពលរដ្ឋ​បាន​អង្ករ​​មក​ហូប​អីចឹង​ទៅ​ ខ្ញុំ​ឆ្លើយ​អីចឹង​ គេ​ហាម​ឃាត់​ខ្ញុំ​មិន​ឱ្យ​ធ្វើ​ គេ​ឱ្យ​ខ្ញុំ​ឈប់​ធ្វើ​សកម្មភាព​ចុះ​ជួយ​ប្រជាពលរដ្ឋ​ហ្នឹង។​ ខ្ញុំ​​មាន​គោល​បំណង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ហូប​ចុក​ហ្នឹង​មិន​មាន​គោលបំណង​អី​ទេ​ ព្រោះ​គ្នា​វា​អត់​ណាស់​។ វា​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្លាំង​មែន​ទែន​ តាំង​ពី​មាន​​ការ​បិទ​ខ្ទប់​មក​ពលរដ្ឋ​អត់​អាហារ​ហូប​ចុក បាន​អង្គការ​ហ្នឹង​ជួយ​គ្រាន់​បាន​សម្រាល​ជីវភាព​គ្រួសារ​ខ្លះ​​»

​​តំណាង​សហគមន៍​ដីធ្លី​ទាំង ​២ នាក់​នេះ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​​នៅ​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ដោយ​​សារ​​ពួកគាត់​ចុះ​ស្រង់​​ឈ្មោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​​​សប្បុរសជន ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​ពួកគាត់​។​

​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​លោក បោន សីហា ដើម្បី​សុំអត្ថាធិប្បាយ​ជុំ​វិញ​​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល​។

​ប៉ុន្តែ​​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បាន​​ប្រាប់​តំណាង​សហគមន៍​ដីធ្លី​ទាំង ​២ នាក់​​ថា ​​មូលហេតុ​ដែល​ប៉ូលិស​​ឃាត់​ខ្លួន​ពួកគាត់​សាកសួរ​​នោះ គឺដោយសារ​​​​ពួកគាត់​ចុះ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​​កាល​ពី​ដើម​ខែ​ឧសភា ដោយ​​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​។​ បន្ថែម​ពី​នេះ ​ប៉ូលិស​ក៏​បាន​​សួរ​ដេញ​ដោល​​អ្នក​ទាំង​ពីរ​​​ថា ពួក​គេធ្វើ​ការ​ងារ​​អ្វី​ ហើយ​ស្រង់​ឈ្មោះ​ពលរដ្ឋ​យក​ទៅ​ណា​ និង​ធ្វើ​ដើម្បី​អ្វី​ជា​ដើម។

​ជុំ​វិញ​រឿង​នេះ​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា ​យល់​ថា ​​តំណាង​សហគមន៍​ដីធ្លី​ស្រង់​ឈ្មោះ​ពលរដ្ឋ​ ដើម្បី​ឧបត្ថម្ភ​ជំនួយ​មនុស្ស​ធម៌​នោះ គឺ​ពុំ​ខុស​ច្បាប់​ឡើយ​។ ​បន្ថែម​ពី​នេះ​​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​​ទៀត​ផង​។ លោក​ចាត់​ទុក​ ​​ការ​ដែល​ប៉ូលិស​ឃាត់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​យក​ទៅ​សាកសួរ​នេះ​ ថាជា​ការ​គំរាមកំហែង ​និង​បិទ​សិទ្ធិ​សេរីភាព​​របស់​ពលរដ្ឋ​​​ដោយ​ខុស​ច្បាប់​​៖ «ពួក​គាត់​គឺ​សុទ្ធតែ​តំណាង​ឱ្យ​សហគមន៍​នៅ​ក្នុង​តំបន់​​គាត់​ហ្នឹង​ ហើយ​ដែល​គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ខាង​ក្រៅ​ដែល​គាត់​ស្គាល់​។ គ្រាន់​តែ​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​ដើម្បី​ឱ្យ​ជំនួយ​មនុស្សធម៌​​ផ្សេង​ៗ​ហ្នឹង​ឱ្យ​ត្រូវ​ចំ​គោលដៅ​អ្នក​ដែល​អត់​ពិត​ប្រាកដ​ហ្នឹង​។ ​ដូច្នេះ​ដើម្បី​ឱ្យ​ដឹង​ថា ​អ្នក​ណា​ដែល​អត់​ពិត​ប្រាកដ​ហ្នឹង​ក៏​ត្រូវ​ធ្វើ​ការ​សិក្សា​ដែរ​ អីចឹង​អាជ្ញាធរ​គួរតែ​ជួយ​សម្រួល​ដល់​រឿង​ហ្នឹង​ មិន​ត្រូវ​ទៅ​ចាប់​ទៅ​ឃាត់​ខ្លួន​គាត់​ដូច​ពួកគាត់​ប្រព្រឹត្ត​បទ​ល្មើស​អី​ហ្នឹង​មិន​មែន​ជា​រឿង​ល្អ​ទេ​»

កាល​ពី​រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ក៏​បាន​ឃាត់​ខ្លួន​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) នៅ​ក្រុង​ប៉ោយប៉ែត​លោក កង ណា​កន ​​ម្នាក់​ដែរ​ ដោយ​ប៉ូលិស​បាន​​​​បញ្ជូន​លោក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ការ​ឃាត់​ខ្លួន​នេះ គឺ​ដោយ​សារ​​លោក​ចុះ​ស្រង់​ស្ថិតិ​សមាជិក​របស់​សមាគម​ដើម្បី​​ទទួល​ស្បៀង​អាហារ​សប្បុរសធម៌​ពី​អង្គការ​សង្គម​ស៊ីវិល​​​។ ​​​ក្រោយ​ពេល​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​ អាជ្ញាធរ​​សម្រេច​បញ្ជូន​លោក​ កង​ ណាកន​ ​ទៅ​​ធ្វើ​ចត្តាឡឺស័ក​នៅ​សង្កាត់​និមិត្ត ​ក្រុង​ប៉ោយប៉ែត​ចំនួន ១៤ ថ្ងៃ​​ ទើបព្រម​​​ដោះលែង​​លោក​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ទាក់ទង​នឹង​ការរឹតត្បិត​សកម្មភាពមនុស្សធម៌ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ស្បៀងអាហារនេះ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការលើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ រិះគន់​របបលោក ហ៊ុន សែន ជាបន្តបន្ទាប់។ អង្គការ​ទាំងនេះ​មើល​ឃើញថា របបលោក ហ៊ុន សែន ខកខាន​មិនបាន​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួនក្នុង​ការ​​ការពារ​សហគមន៍​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​កំឡុង​ពេល​បិទ​ខ្ទប់​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ និង​ខកចិត្ត​បំផុតនោះ គឺ​អាជ្ញាធរ​នៅ​កន្លែង​ខ្លះបាន​រារាំង​មិន​ឱ្យ​ចែក​ស្បៀង ឬបង្កឧបសគ្គ​ដល់​ការ​ចែក​ស្បៀង​ទាំងនោះ ទោះជាពលរដ្ឋ​ត្រូវ​ការ​ជំនួយ​ជាបន្ទាន់​យ៉ាងណា​ក្តី។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ទាំងនោះ ទាម​ទារ​ឱ្យ​អាជ្ញាធរ​​អនុញ្ញាត​ឱ្យអង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ក្រុមអ្នក​​ផ្តល់​ជំនួយ ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ជួយ​ពលរដ្ឋ ដែលកំពុង​ស្រេកឃ្លាន​ស្បៀងអាហារ សេវាថែទាំ​សុខភាព និង​តម្រូវការ​ចាំបាច់​ផ្សេងៗទៀត ដើម្បី​រស់រាន​មាន​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល