មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដោះលែងតំណាងសហគមន៍ដីធ្លី ២ នាក់ គឺលោក វន វ័ន និង លោក តុត សុខ ឱ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១២ ខែឧសភា ក្រោយពេលឃាត់ខ្លួនពួកគាត់យកទៅសាកសួរប្រមាណ ៤ ម៉ោង។
តំណាងសហគមន៍ដីធ្លីផ្លូវរថភ្លើងនៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតលោក តុត សុខ ប្រាប់អាស៊ីសេរីក្រោយពេលប៉ូលិសដោះលែងថា មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ខំពួកលោកឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចុះស្រង់ឈ្មោះពលរដ្ឋដែលមានជីវភាពតោកយ៉ាក ដើម្បីឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់បន្តទៀត។ លោកបញ្ជាក់ថា ពួកលោកមិនចង់ធ្វើកិច្ចសន្យាជាមួយប៉ូលិសនោះទេ ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះខ្លាចប៉ូលិសចាប់ឃុំខ្លួននាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ៖ «កន្លងមកខ្ញុំធ្វើតែប្រជាពលរដ្ឋបានអង្ករមកហូបអីចឹងទៅ ខ្ញុំឆ្លើយអីចឹង គេហាមឃាត់ខ្ញុំមិនឱ្យធ្វើ គេឱ្យខ្ញុំឈប់ធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋហ្នឹង។ ខ្ញុំមានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋបានហូបចុកហ្នឹងមិនមានគោលបំណងអីទេ ព្រោះគ្នាវាអត់ណាស់។ វារឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្លាំងមែនទែន តាំងពីមានការបិទខ្ទប់មកពលរដ្ឋអត់អាហារហូបចុក បានអង្គការហ្នឹងជួយគ្រាន់បានសម្រាលជីវភាពគ្រួសារខ្លះ » ។
តំណាងសហគមន៍ដីធ្លីទាំង ២ នាក់នេះត្រូវបានមន្ត្រីប៉ូលិសឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១២ ខែឧសភា ដោយសារពួកគាត់ចុះស្រង់ឈ្មោះប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ផ្សារកណ្ដាល ដើម្បីបញ្ជូនឈ្មោះទៅសប្បុរសជន ដើម្បីទទួលបានការឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់។
អាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលក្រុងប៉ោយប៉ែតលោក បោន សីហា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ ខែឧសភា ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ប៉ុន្តែមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតបានប្រាប់តំណាងសហគមន៍ដីធ្លីទាំង ២ នាក់ថា មូលហេតុដែលប៉ូលិសឃាត់ខ្លួនពួកគាត់សាកសួរនោះ គឺដោយសារពួកគាត់ចុះស្រង់ឈ្មោះប្រជាពលរដ្ឋកាលពីដើមខែឧសភា ដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។ បន្ថែមពីនេះ ប៉ូលិសក៏បានសួរដេញដោលអ្នកទាំងពីរថា ពួកគេធ្វើការងារអ្វី ហើយស្រង់ឈ្មោះពលរដ្ឋយកទៅណា និងធ្វើដើម្បីអ្វីជាដើម។
ជុំវិញរឿងនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា តំណាងសហគមន៍ដីធ្លីស្រង់ឈ្មោះពលរដ្ឋ ដើម្បីឧបត្ថម្ភជំនួយមនុស្សធម៌នោះ គឺពុំខុសច្បាប់ឡើយ។ បន្ថែមពីនេះអាជ្ញាធរពាក់ព័ន្ធគួរតែលើកទឹកចិត្តដល់ពួកគាត់ទៀតផង។ លោកចាត់ទុក ការដែលប៉ូលិសឃាត់ខ្លួនតំណាងសហគមន៍ដីធ្លីយកទៅសាកសួរនេះ ថាជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយខុសច្បាប់៖ «ពួកគាត់គឺសុទ្ធតែតំណាងឱ្យសហគមន៍នៅក្នុងតំបន់គាត់ហ្នឹង ហើយដែលគាត់មានទំនាក់ទំនងជាមួយអ្នកខាងក្រៅដែលគាត់ស្គាល់។ គ្រាន់តែជួយធ្វើកិច្ចការងារហ្នឹងដើម្បីឱ្យជំនួយមនុស្សធម៌ផ្សេងៗហ្នឹងឱ្យត្រូវចំគោលដៅអ្នកដែលអត់ពិតប្រាកដហ្នឹង។ ដូច្នេះដើម្បីឱ្យដឹងថា អ្នកណាដែលអត់ពិតប្រាកដហ្នឹងក៏ត្រូវធ្វើការសិក្សាដែរ អីចឹងអាជ្ញាធរគួរតែជួយសម្រួលដល់រឿងហ្នឹង មិនត្រូវទៅចាប់ទៅឃាត់ខ្លួនគាត់ ដូចពួកគាត់ប្រព្រឹត្តបទល្មើសអីហ្នឹងមិនមែនជារឿងល្អទេ » ។
កាលពីរសៀលថ្ងៃទី១១ ខែឧសភា អាជ្ញាធរក្រុងប៉ោយប៉ែតក៏បានឃាត់ខ្លួនប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) នៅក្រុងប៉ោយប៉ែតលោក កង ណាកន ម្នាក់ដែរ ដោយប៉ូលិសបានបញ្ជូនលោកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ គឺដោយសារលោកចុះស្រង់ស្ថិតិសមាជិករបស់សមាគមដើម្បីទទួលស្បៀងអាហារសប្បុរសធម៌ពីអង្គការសង្គមស៊ីវិល។ ក្រោយពេលសាកសួរអស់ជាច្រើនម៉ោង អាជ្ញាធរសម្រេចបញ្ជូនលោក កង ណាកន ទៅធ្វើចត្តាឡឺស័កនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតចំនួន ១៤ ថ្ងៃ ទើបព្រមដោះលែងលោកឱ្យត្រឡប់ទៅផ្ទះវិញ។
ទាក់ទងនឹងការរឹតត្បិតសកម្មភាពមនុស្សធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែងការណ៍ រិះគន់របបលោក ហ៊ុន សែន ជាបន្តបន្ទាប់។ អង្គការទាំងនេះមើលឃើញថា របបលោក ហ៊ុន សែន ខកខានមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសហគមន៍ក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលបិទខ្ទប់នោះឡើយ។ អ្វីដែលគួរឱ្យសោកស្តាយ និងខកចិត្តបំផុតនោះ គឺអាជ្ញាធរនៅកន្លែងខ្លះបានរារាំងមិនឱ្យចែកស្បៀង ឬបង្កឧបសគ្គដល់ការចែកស្បៀងទាំងនោះ ទោះជាពលរដ្ឋត្រូវការជំនួយជាបន្ទាន់យ៉ាងណាក្តី។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ ទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យអង្គការជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកផ្តល់ជំនួយ ទទួលបានសិទ្ធិពេញលេញជួយពលរដ្ឋ ដែលកំពុងស្រេកឃ្លានស្បៀងអាហារ សេវាថែទាំសុខភាព និងតម្រូវការចាំបាច់ផ្សេងៗទៀត ដើម្បីរស់រានមានជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។