មន្ត្រីនគរបាលផ្សារដេប៉ូ១ សារភាពថា ពួកគាត់ពិតជាបានប្រើអំពើហិង្សាលើយុវជនម្នាក់ ដូចការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) មែន ប៉ុន្តែការប្រើហិង្សានោះ លោកអះអាងថា ដើម្បីការពារខ្លួនប៉ុណ្ណោះ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការដែលសមត្ថកិច្ចប្រើអំពើ ហិង្សាលើពលរដ្ឋបែបនេះ គឺជាទង្វើផ្ទុយពីគោលការណ៍ច្បាប់ ដែលថ្នាក់លើមិនគួរមើលរំលងនោះឡើយ ព្រោះវាអាចផ្ដល់គំរូអាក្រក់ដល់នគរបាលដទៃទៀត។
នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ អះអាងថា មូលហេតុដែលនគរបាលប្រើអំពើហិង្សាលើយុវជនម្នាក់ ហើយកំពុងល្បីក្នុងបណ្ដាញសង្គមនោះ ព្រោះយុវជននោះមានបំណងតដៃជាមួយនគរបាល ដូច្នេះ ការបើអំពើហិង្សានោះ គ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ។ លោកបន្តថា លោកយល់ដឹងពីផ្លូវច្បាប់ដែរថា ការប្រើអំពើហិង្សាលើពលរដ្ឋបែបនេះ គឺខុសច្បាប់ ប៉ុន្តែយុវជននោះ មានកាំបិតក្នុងដៃ ម្ល៉ោះហើយបើមិនវាយដំខ្លះទេ គឺមិនអាចចាប់ជាប់នោះទេ ហើយយុវជននោះ នឹងយកកាំបិតកាប់ចាក់ លើនគរបាលវិញ ដោយគ្មានអ្នកណាទទួលខុសត្រូវមិនខានឡើយ៖ «ម្ដាយវាមកប្ដឹងយើងថា វារករឿងក្នុងផ្ទះ ប្ដឹងឲ្យជួយចាប់ដាក់មណ្ឌលផង ហើយយប់ម៉ោង ១១ និង ៣០នាទីហើយហ្នឹង យើងអត់មានពេលណាទៅកន្លែងនោះយកឡានមកដឹកកើតទេ មានតែដឹកតាមម៉ូតូ ហើយដឹកម៉ូតូវាគ្រោះថ្នាក់។ ពេលយើងទៅឃាត់វាទៅ វាដេញកាប់គេ មានកាំបិតប្រវែងណាណីឯនោះ។ខ្ញុំមានឯកសារថតបានអស់ហើយ។ យើងទៅឃាត់ តែធម្មតាវាមានកាំបិត បើវារើវាតដៃយើង អ៊ីចឹងកូនចៅខ្ញុំ ក៏វាវាយខ្លះអីខ្លះអ៊ីចឹងទៅ ដើម្បីការពារខ្លួន។ បើវារើរួចចាក់យើងងាប់ទៅ តើអ្នកណាទទួលខុសត្រូវ»។
នាយប៉ុស្តិ៍នគរបាលរូបនេះ បញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៤ មករា។ យុវជនដែលរងអំពើហិង្សានោះ ឈ្មោះ ឆាយ ហេង អាយុ ២៤ឆ្នាំរស់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី១៧ ខែមករា អ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយព្រោងព្រាតនូវវីដេអូឃ្លីបរយៈពេល ១៧វិនាទី បង្ហាញពីសមត្ថកិច្ចនគរបាលម្នាក់ចាប់ដៃយុវជនម្នាក់ក្រពាត់មកក្រោយខ្នង ហើយនគរបាល ២នាក់ទៀត ព្រួតវាយដំយុវជននោះយ៉ាងដំណំ ដោយប្រើដំបងផង ឡើងជង្គង់ផង កែងផង និងកណ្ដាប់ដៃផង។ ចំណែកនគរបាលម្នាក់ទៀតស្ពាយកាំភ្លើងឈរការពារក្បែរអំពើហិង្សានោះ។ បន្ទាប់ពីប្រើអំពើហិង្សារួច ក្រុមនគរបាលបានវាយខ្នោះយុវជននោះទាំងបែកឈាម ហើយនាំខ្លួនទៅប៉ុស្តិ៍នគរបាលផ្សារ ដេប៉ូ១ និងក្រោយមក មានអ្នកកាសែតចុះទៅយកព័ត៌មាន ទើបនគរបាលទាំងនោះ ជួយជូតឈាមចេញ។
នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ អះអាងបន្ថែមថា ទោះបីជាលោក និងកូនចៅលោក ប្រើអំពើហិង្សាក្ដី ក៏យុវជននោះ ពុំមានរបួសធ្ងន់ដែរ៖ «ឪពុកម្ដាយវា គ្រាន់តែឲ្យយើងហៅវាមកអប់រំសិន ហើយយើងអត់មានសិទ្ធិអីទៅឃាត់ខ្លួនគេដែរ ហើយវាក៏អត់បង្ករបួសស្នាមដល់អ្នកដទៃដែរ វាគ្រាន់តែកំញើញៗ គេអ៊ីចឹងហ្អា»។
ឪពុកយុវជនរូបនោះ ឲ្យអាស៊ីសេរីដឹងថា ទោះបីជាសមត្ថកិច្ចនគរបាល ប្រើអំពើហិង្សាលើកូនលោក ក្តី ក៏លោកមិនបន្ទោសសមត្ថកិច្ចនោះទេ ព្រោះលោកបានប្ដឹងឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ករណីកូនប្រុសរបស់លោកដែលរករឿងអុកឡុក និងបំផ្លាញសម្ភារៈក្នុងគ្រួសារ កាលពីពាក់កណ្ដាលយប់ ថ្ងៃទី១៤ ខែមករា ។ លោក បន្ថែមថា កូនប្រុសរបស់លោក មានសតិមិនសូវល្អនោះទេ ព្រោះកាល ពីតូចមានជំងឺរលាកស្រោមខួរ ហើយយូរៗ ម្ដង តែងតែអុកឡុកគ្រួសារ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ទោះបីជាពលរដ្ឋប្រព្រឹត្តខុសអ្វីក៏ដោយ ក៏កម្លាំងសមត្ថកិច្ច ឬអ្នកអនុវត្តច្បាប់ មិនត្រូវប្រើអំពើហិង្សាដែរ។ ការប្រើអំពើហិង្សាបែបនេះ គឺបង្ហាញថា ក្រុមសមត្ថកិច្ចទាំងនោះ ពុំបានយល់ដឹងអំពីផ្លូវច្បាប់នោះទេ ឬក៏យល់ដឹងពីច្បាប់ហើយ ប៉ុន្តែនៅតែបំពានច្បាប់ថែមទៀត។ លោកពន្យល់ថា គោលការណ៍ធម្មានុរូប ឬគោលការណ៍ការពារខ្លួនស្របច្បាប់ គឺជាការពារមួយដោយសមស្រប ឬដោយកម្លាំងសមាមាត្រគ្នា ប៉ុន្តែក្នុងវីដេអូឃ្លីបនោះ គឺសមត្ថកិច្ចមានកម្លាំងលើសលប់ និងបានចាប់ខ្លួនយុវជន នោះរួចទៅហើយ។ ដូច្នេះមិនត្រូវប្រើអំពើហិង្សានោះទេ៖ «បើយកគោលការណ៍ការពារខ្លួនមកនិយាយនៅក្នុងករណីនេះ គឺអត់សមហេតុសមផលទេ ព្រោះគោលការណ៍ការពារខ្លួនស្របច្បាប់ គេអត់ធ្វើក្នុងកម្រិតនេះទេ ហើយបើនិយាយថា អ្នកណាទទួលខុសត្រូវនោះ គឺយើងជាសមត្ថកិច្ច ត្រូវមានសមត្ថភាពគ្រប់គ្រាន់ មានកាយសម្បទា និងមានបច្ចេកទេសក្នុងការចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោស។ រូបភាពនៅក្នុងវីដេអូ គឺយើងឃើញថា មិនមែនជាការការពារខ្លួនស្របច្បាប់ទេ យើងឃើញមានសមត្ថកិច្ចជាច្រើន បានចាប់ក្លេបុរសនោះជាប់រួចទៅហើយ ទើបនាំគ្នាសំពងឡើងជង្គង់ និងមានដំបងផង។ យើងឃើញរូបភាពនោះ វាអាក្រក់មើលណាស់ វាដូចជាក្មេងពាលវាយដំគ្នាអ៊ីចឹងដូចជា មិនមែនបច្ចេកទេសសមត្ថកិច្ចដែលគេ មានជំនាញច្បាស់លាស់នោះទេ»។
លោក ស៊ឹង សែនករុណា បន្តថា ករណីបែបនេះ ទោះបីជាគ្រួសារមិនប្ដឹង ឬមិនរករឿងសមត្ថកិច្ច ដែលប្រើអំពើហិង្សាលើកូនប្រុសពួកគាត់ក្តី ព្រះរាជអាជ្ញា ដែលដឹងពីអំពើខុសច្បាប់បែបនេះ គួរតែចាត់វិធានការតាមបណ្ដឹងអាជ្ញា ព្រោះក្រុមប៉ូលិសទាំងអស់នោះធ្វើខុសច្បាប់រដ្ឋ ដូច្នេះព្រះរាជអាជ្ញា ដែលតំណាងឲ្យរដ្ឋ ត្រូវចាត់វិធានការការពារច្បាប់រដ្ឋ ដើម្បីបង្ការកុំឲ្យមានអំពើបំពានច្បាប់ និងកុំឲ្យមានអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ចំពោះជនល្មើសកើតមានតទៅទៀត។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា លោកមិនទាន់ ទទួលបានករណីនេះនៅឡើយ ប៉ុន្តែប្រសិនបើករណីនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចនគរបាល គឺខាងលោកនឹងចាត់វិធានការច្បាប់៖ «ពាក់ព័ន្ធជាមួយបញ្ហាកិត្តិយស នៃប្រតិបត្តិការរបស់យើង គឺយើងខ្ញុំត្រូវតែស្រាវជ្រាវការពិតហើយ » ។
លោក ស៊ឹង សែនករុណា ជំរុញឲ្យអគ្គស្នងការនគរបាលជាតិ ចាត់វិធានការតាមនីតិវិធីលើ ករណីនេះឲ្យបានតឹងរ៉ឹង ដោយមិនត្រូវការពារនោះទេ ព្រោះអាចផ្ដល់គំរូអាក្រក់ដល់សមត្ថកិច្ចផ្សេងទៀត ពេលចុះអនុវត្តច្បាប់ ហើយប្រជាជនបាត់បង់ជំនឿលើអ្នកអនុវត្តច្បាប់។
មាត្រា ២១០ នៃក្រមព្រហ្មទណ្ឌចែងថា ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំដល់ ១៥ឆ្នាំ។ លើសពីនេះ ប្រសិនបើការប្រព្រឹត្តអំពើទារុណកម្ម និងអំពើឃោរឃៅបែបនេះ លើបុគ្គលទន់ខ្សោយដោយមូលហេតុនៃអាយុ លើស្ត្រីមានគភ៌ ឬលើបុគ្គលទន់ខ្សោយ ពិសេសដោយហេតុនៃជំងឺ ឬពិការភាព អាចផ្ដន្ទាទោសចាប់ពី ១០ឆ្នាំទៅ ២០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។