សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញនៅភ្នំពេញ ដោយរកឃើញមនុស្សប្រមាណ ២០០នាក់
2024.11.07
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងសាកសួរជនបរទេស ដែលភាគច្រើនជាជនជាតិចិនប្រមាណ ២០០នាក់ ដើម្បីត្រៀមរៀបចំនីតិវិធីបណ្ដេញពួកគេចេញពីកម្ពុជា ពាក់ព័ន្ធនឹងការចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចហាក់ព្យាយាមបិទបាំងព័ត៌មាន និងមិនអាចធ្វើឱ្យមហាជនមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពបានទេ។
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្មក់បង្ក្រាបទីតាំងអគារឆបោកតាមអនឡាញទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីការបង្ក្រាបលើកទី១ នៅទីតាំងអគារឆបោកតាមអនឡាញជ្រកក្រោមស្លាករោងចក្រផលិតស្វាយ នៅខេត្តកំពង់ស្ពឺ កាលពីចុងខែតុលា។
ក្នុងអំឡុងពេលចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា សមត្ថកិច្ចបានរកឃើញជនបរទេសប្រមាណ ២០០នាក់។ កម្លាំងជំនាញ ដែលចូលរួមបង្ក្រាបនិយាយប្រាប់កាសែតក្នុងស្រុកថា ប្រតិបត្តិការបង្ក្រាបនេះក្រោមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះថា ទីតាំងអគារនោះសង្ស័យមានការបង្ខាំងមនុស្ស និងប្រតិបត្តិការឆបោកតាមអនឡាញ។ យោងតាមវីដេអូ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមបង្ហាញថា ភ្លាមៗ ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាប ជនជាតិចិនជាច្រើននាក់ នៅខាងក្នុងអគារបានព្យាយាមសម្រុករត់ចេញពីអគារ និងផ្លោះរបងផងដែរ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ សុមនា ប៉ុន្តែពុំទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
កាលពីថ្ងៃទី២៤ ខែតុលា សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលអគារពាណិជ្ជកម្មមួយកន្លែង ដែលគេស្គាល់ថា ជាជម្រកនៃក្រុមឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមអនឡាញ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយរកឃើញមនុស្សជាង ១ពាន់នាក់ (១.០០០) ដែលភាគច្រើនជាជនជាតិចិន និងជនបរទេសចម្រុះជាតិសាសន៍ផ្សេងទៀត ស្នាក់នៅធ្វើការក្នុងអគារនោះ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែវិច្ឆិកាថា រដ្ឋាភិបាលហាក់មិនទាន់មានចំណាត់ការច្បាស់លាស់ក្នុងការបង្ក្រាប និងលុបបំបាត់អំពីជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ដើម្បីឱ្យមហាជនមានជំនឿនៅឡើយទេ។ លោកសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់សមត្ថកិច្ចដែលបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ នារយៈពេលចុងក្រោយនេះ គួរតែមានការចូលរួមពីភាគីអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យលើលទ្ធផល និងបង្ហាញតម្លាភាពដល់ប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចជំនាញ។
លោក ឌី ថេហូយ៉ា៖ «យើងមិនទាន់ឃើញមានចំណាត់ការលក្ខណៈទ្រង់ទ្រាយធំក្នុងករណីមួយបង្ហាញសាធារណជនជាតិ និងអន្តរជាតិឱ្យគេមើលឃើញថា មានវិធានការនៅឡើយ។ ប៉ុន្តែវិធានការបែបនេះ វាមិនឆ្លើយតបនូវបញ្ហា ដែលកើតឡើងទេ។ អ្វីដែលត្រូវគិត និងត្រូវធ្វើ បើចាប់ខ្លួន [ជនល្មើស] បានមួយកន្លែងហើយ ខ្ញុំគិតថា មិនមែនមានតែមួយកន្លែងហ្នឹងទេ វាត្រូវតែមានការស្រាវជ្រាវជាបន្តបន្ទាប់ និងត្រូវចាត់វិធានការធ្វើម៉េចឱ្យមានប្រសិទ្ធភាពដោយបានដឹងអំពីថា តើអ្នកណាជាអ្នកអនុវត្តនៃបណ្ដាញការឆបោកតាមអនឡាញ ហើយអ្នកណានៅពីក្រោយហ្នឹង? អាហ្នឹងហើយជាវិធីមួយ ធានានូវការលុបបំបាត់ បោសសម្អាតអំពើឆបោកទាំងអស់ហ្នឹងបាន»។
កន្លងទៅរដ្ឋាភិបាល ឥណ្ឌា (India) ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) ឥណ្ឌូនេស៊ី (Indonesia) និងប៉ាគីស្ថាន (Pakistan) ជាដើម តាមរយៈស្ថានទូតប្រចាំក្រុងភ្នំពេញតែងតែប្រកាសជាបន្តបន្ទាប់ដោយព្រមានពលរដ្ឋពួកគេឱ្យប្រុងប្រយ័ត្នខ្ពស់ និងសិក្សាឱ្យច្បាស់លាស់មុនចូលមកទឹកដីកម្ពុជាស្វែងរកការងារ ព្រោះអាចក្លាយជាជនរងគ្រោះធ្វើទាសករបម្រើការងារឱ្យក្រុមឧក្រិដ្ឋជនប្រតិបត្តិការលើឧស្សាហកម្មឆបោកតាមអនឡាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។