អាជ្ញាធរ​ចាប់​ផ្ដើម​ស៊ើបអង្កេត​រក​ប្រភព​បោះពុម្ព​អាវ​សម្រាប់​យុទ្ធនាការ​"ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"

0:00 / 0:00

អាជ្ញាធរ​ចាប់​ផ្ដើម​សាកសួរ​រក​ប្រភព​បោះពុម្ព​អាវ​ពណ៌​ខ្មៅ​សម្រាប់​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ឧសភា។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ជា​ទិសដៅ​​ដែល​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ចូល​សាកសួរ​មុន​គេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អះអាង​ថា លោក​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​សង្ស័យ​ថា លោក​ពាក់ព័ន្ធ​នឹង​ការ​បោះពុម្ព​អាវ​ពណ៌ខ្មៅ​សម្រាប់​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ"៖ «រឿង​ផ្ទាល់​ខ្លួន គឺ​រឿង​គ្រួសារ​ប្ដី​ប្រពន្ធ​អី​អ៊ីចឹង តែ​ដល់​ពេល​សួរ សួរ​រឿង​យុទ្ធនាការ​អាវ​ពណ៌​ខ្មៅ នោះ​វិញ ហើយ​សួរ​តាំង​ពី ១ ឧសភា កន្លង​មក។ តើ​យើង​រៀបចំ​របៀប​ម៉េច ? ហើយ​បាន​ជំនួយ​មក​ពី​ណា ? សួរ​ដេញដោល​តាំង​ពី​រៀបចំ​បុណ្យ​ថ្ងៃ ១ ឧសភា កន្លង​ទៅ​ថ្មីៗ​ហ្នឹង​ក៏​សួរ​ដែរ ហើយ​សំខាន់​សំណួរ​គេ​សួរ​ចង់​បាន​ថា តើ​អាវ​ពណ៌​ខ្មៅ​អ្នក​ណា​ជា​អ្នក​ផលិត? គេ​ចង់​បាន​អា​ហ្នឹង។ ថ្ងៃ​ទី​៩ ខ្ញុំ​អត់​បាន​ចូលរួម​ទេ ដោយសារ​ខ្ញុំ​ឈប់​សម្រាក​រក្សា​សុខភាព។ ខ្ញុំ​ឈឺ​មួយ​សប្ដាហ៍ ហើយ​ខ្ញុំ​មាន​ការងារ​នៅ​ផ្ទះ​ត្រូវ​ថែ​រក្សា​គ្រួសារ​ខ្ញុំ គាត់​មាន​ជំងឺ​ដែរ។ ខ្ញុំ​អត់​បាន​ចូលរួម​មែន។ ខ្ញុំ​ឆ្លើយ​តាម​ការ​ពិត​អ្វី​ដែល​ខ្ញុំ​ដឹង​ខ្ញុំ​ឮ ហើយ​និង​សកម្មភាព​របស់​ខ្ញុំ »

លោក វន់ ពៅ បញ្ជាក់​ថា នៅ​មុន​ពេល​ជួប​គ្នា​ជាមួយ​មន្ត្រី​នគរបាល​មួយ​ថ្ងៃ លោក​បាន​ទទួល​លិខិត​កោះ​ហៅ​ពី​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា មួយ​ច្បាប់ ឱ្យ​លោក​ចូល​ទៅ​បំភ្លឺ​បញ្ហា​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក​ត្រូវ​បាន​សាកសួរ​ដោយ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី និង​មន្ត្រី​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ លោក ព្រាប បុរី។

ឆ្លើយតប​បញ្ហា​នេះ ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី មាន​ប្រសាសន៍​ថា ការ​សាកសួរ​លោក វន់ ពៅ នៅ​ប៉ុស្តិ៍​នោះ មិន​ពាក់ព័ន្ធ​រឿង​អាវ​ខ្មៅ​ទេ៖ «អត់​មាន​សាកសួរ​ទេ។ ខ្ញុំ​អត់​មាន​ទេ។ ខ្ញុំ​មិន​ហ៊ាន​សាកសួរ​រឿង​ហ្នឹង​ផង ព្រោះ វន់ ពៅ ហ្នឹង ខ្ញុំ​ទំនាក់ទំនង​ធម្មតា​ជា​មួយ​គាត់។ អត់​មាន​ហៅ​ទៅ​សួរ​អី​ផង។ វន់ ពៅ ហ្នឹង​ខ្ញុំ​ស្គាល់​គ្នា​ហើយ។ ជួប​គ្នា​គ្រាន់​តែ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ធម្មតា ព្រោះ​គាត់​ឈឺ ដូច​ជា​អត់​មាន​ពាក់ព័ន្ធ​អី​ផង»

មន្ត្រី​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ លោក ព្រាប បុរី ថ្លែង​ថា ការ​ជួប​លោក វន់ ពៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា គ្រាន់​តែ​ជា​ការ​សំណេះសំណាល​ធម្មតា៖ « អត់​មាន​អី​ទេ គ្រាន់​តែ​ជួប​សំណេះសំណាល​មិត្តភ័ក្ដិ​ចាស់​ហ្នឹង​ណ៎ា មាន​ស្អី

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​របស់​លោក បន្ទាប់​ពី​លោក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ទឹកថ្លា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​របស់​លោក បន្ទាប់​ពី​លោក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ទឹកថ្លា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ (RFA/Leng Maly)

ការ​ចាប់​ផ្ដើម​សាកសួរ​របស់​អាជ្ញាធរ​អំពី​ប្រភព​បោះពុម្ព​អាវ​ខ្មៅ​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​តវ៉ា​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ស្លៀកពាក់​ខ្មៅ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន និង​មន្ត្រី គ.ជ.ប មួយ​រូប កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស៖ «ហើយ​សុំ​ម្នាក់​ដែល​ផ្ដល់​លុយ​បោះ​អាវ​នោះ ប្រយ័ត្នប្រយែង។ គេ​ស្គាល់​មុខ​ច្បាស់​ណាស់​រួច​ទៅ​ហើយៗ»

ដូច​គ្នា​នេះ​ដែរ អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ថា អ្នកស្រី​ក៏​ត្រូវ​បាន​នគរបាល​ស៊ើបសួរ​ខ្លះៗ​ដែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ទាក់ទង​នឹង​ការ​បោះ​ពុម្ព​អាវ​ខ្មៅ និង​ការ​ចូលរួម​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ៖ « គាត់​យក​អាវ​នោះ​មក​បង្ហាញ​យើង​ថា តើ​យើង​មាន​បោះពុម្ព​ឬ​អត់ ? ខ្ញុំ​ថា​យើង​អត់​មាន​ការ​បោះពុម្ព​ការ​ចែក​អាវ​អី​ទេ ពីព្រោះ​វា​គ្រាន់​តែ​ការ​ចូលរួម​ចំណែក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ ហើយ​អត់​មាន​ជា​ការ​ចំណាយ​ទៅ​លើ​ការ​បោះពុម្ព​អី​ទាំងអស់។ អ៊ីចឹង​គេ​ថា ប៉ុន្តែ​គេ​ឲ្យ​ការណ៍​មក​ថា ផ្ទះ​សាមគ្គី​ហ្នឹង​មាន​ការ​បោះពុម្ព​អាវ មាន​ការ​ចែក​អាវ។ ខ្ញុំ​ថា បើ​បោះពុម្ព​អាវ យ៉ាង​ម៉េច​បាន​ជា​ពួក​ខ្ញុំ​មិន​ដឹង ពីព្រោះ​ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ។ ហេតុ​បាន​ពួក​ខ្ញុំ​អត់​ដឹង ហើយ​សួរ​ថា ចុះ​ពួក​ខ្ញុំ​ហ្នឹង​ពាក់​អាវ​យ៉ាង​ម៉េច ? ខ្ញុំ​ថា អាវ​ខ្មៅ​ដែល​ពួក​ខ្ញុំ​មាន​កន្លង​មក​ហ្នឹង ខ្ញុំ​ចេះ​តែ​ទាញ​យក​មក​ពាក់​មក ពីព្រោះ​អត់​មាន​ការ​ចែក​អាវ អត់​មាន​ការ​បោះពុម្ព​អាវ​ទេ។ អ៊ីចឹង​ខ្ញុំ​បង្ហាញ​សារ​មួយ​នេះ ព្រោះ​គេ​ព្យាយាម​លាប​ពណ៌​ឲ្យ​ពួក​យើង​ថា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​បដិវត្តន៍ ហើយ​ខ្ញុំ​ថា​អ្វី​ដែល​យើង​ពាក់​អាវ​ខ្មៅ​ហ្នឹង គឺ​ពាក់ព័ន្ធ​នឹង​រឿង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ជាប់​ពន្ធនាគារ​ទាំង ៥​នាក់​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​ថា តើ​សារ​ហ្នឹង​ពូ​គិត​ថា​ជា​សារ​បដិវត្តន៍ ឬ​ក៏​សារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​កោះហៅ​លោក វន់ ពៅ ទៅ​សាកសួរ​ជា​ការ​គំរាមកំហែង​មួយ៖ «ការ​ហៅ​ទៅ​សួរ​នាំ​នេះ ភាគ​ច្រើន​គឺ​ផ្ដោត​ទៅ​លើ​រឿង​អាវ​ខ្មៅ​អី​ហ្នឹង​ថា អាវ​ខ្មៅ​ចេញ​ពី​ប្រភព​ណា? អ្នក​ណា​បោះ​ពុម្ព​អ្នក​ណា​អី​ហ្នឹង? ខ្ញុំ​គិត​ថា អា​នេះ​វា​ជា​ការ​គំរាម​កំហែង បំភិតបំភ័យ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា បុគ្គលិក​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល និង​សកម្មជន ៨​រូប ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ដង្កោ ឃាត់​ខ្លួន​សាកសួរ​មួយ​ថ្ងៃ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​អាវ​ខ្មៅ ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ហៅ​ការ​រារាំង​ការ​តវ៉ា​ស្លៀក​ពាក់​អាវ​ខ្មៅ​នោះ​ថា ជា​វិធានការ​ការពារ​រដ្ឋាភិបាល និង​ទប់​ស្កាត់​អំពើ​មិន​គោរព​ច្បាប់​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​លោក​ចាត់​ទុក​ថា ជា​ពួក​អនាធិបតេយ្យ ដែល​ប្រុង​ធ្វើ​បដិវត្តន៍​ពណ៌។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​ថា កុំ​ខ្វល់​ពី​រឿង​ពណ៌ ទោះ​ជា​ពណ៌​ទឹក​ក្រូច ពណ៌​ក្រហម ឬ​ពណ៌​ខ្មៅ​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ត្រូវ​ដាក់​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។