នគរបាលខេត្តរតនគិរីមិនអនុញ្ញាតឱ្យមេធាវីជួបលោក ថេង សាវឿន និងសហការីទាំង២នាក់
2023.05.20
កម្លាំងនគរបាលខេត្តរតនគិរី មិនទាន់អនុញ្ញាតឱ្យមេធាវីរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានជួបពិភាក្សាជាមួយលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់នៅឡើយទេ បន្ទាប់ពីបានឃាត់ខ្លួនចាប់ពីថ្ងៃទី១៧ ខែឧសភា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យសមត្ថកិច្ច ខេត្តរតនគិរីដោះលែងលោក និងសហការីឱ្យមានសេរីភាពវិញជាបន្ទាន់។
រហូតដល់ម៉ោងផ្សាយនេះ មេធាវីនៅមិនទាន់បានជួបប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ គឺលោក ថាច់ ហាច និងលោក ញិល ភាព បាននៅឡើយទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចខេត្តរតនគិរីបានអនុញ្ញាតឱ្យមេធាវីអង្គការសង្គមស៊ីវិល បានចូលទៅខាងក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី តាំងពីម៉ោង២ រសៀលដើម្បីរង់ចាំជួបលោក ថេង សាវឿន ក៏ប៉ុន្តែមកដល់ពេលល្ងាចថ្ងៃទី១៩ ខែឧសភានេះ គេនៅមិនទាន់ដឹងថា មេធាវីបានជួបលោក ថេង សាវឿន និងសហការីទាំង២នាក់របស់លោកនៅឡើយទេ។ លោក ស៊ឹង សែនករុណា បន្ថែមថា រដ្ឋាភិបាលនឹងមិនទទួលបានផលចំណេញអ្វីឡើយ ពីការឃុំខ្លួនមន្ត្រីសង្គមស៊ីវិលទាំងនេះទេ ហើយលោកក៏បានស្នើឱ្យរដ្ឋាភិបាលគួរតែដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកជាបន្ទាន់។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំយល់ថាអាជ្ញាធរមានសមត្ថកិច្ចគួរតែពិនិត្យមើលនៅក្នុងរឿងនេះ បើសិនជាអាចមានការបញ្ចប់ ឬក៏ទម្លាក់ចោល ឬក៏តម្កល់រឿងហ្នឹងដោយមិនចោទប្រកាន់ ហើយឱ្យគាត់មានសេរីភាពឡើងវិញ ដើម្បីបន្តធ្វើកិច្ចការងាររបស់ពួកគាត់បន្តទៅទៀត ដើម្បីជួយទៅដល់កសិករកម្ពុជាយើង ដែលត្រូវការស្ថាប័នគាត់ក្នុងការជួយពង្រឹងជីវភាព ឬក៏រកដំណោះស្រាយផ្សេងៗដែលគាត់ជួបបញ្ហានៅមូលដ្ឋានហ្នឹង»។
ការឃាត់ខ្លួនលើសពី៤៨ម៉ោង និងមិនទាន់អនុញ្ញាតឱ្យមេធាវីបានចូលជួបបែបនេះ គឺជាការរំលោភមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលបានចែងថា បន្ទាប់ពីឃាត់ខ្លួនរយៈពេល ២៤ម៉ោងហើយ ជនដែលត្រូវបានឃាត់ខ្លួនមានសិទ្ធិជួបជាមួយមេធាវី ឬក៏មនុស្សដែលខ្លួនទុកចិត្ត។
សមត្ថកិច្ចខេត្តក្រចេះបានឃាត់រថយន្តក្រុមការងារសមាគមសម្ពន្ធសហគមន៍កសិករកម្ពុជា ដែលដឹកនាំដោយលោក ថេង សាវឿន ដែលកំពុងធ្វើដំណើរតាមដងផ្លូវពីខេត្តរតនគិរី ទៅខេត្តក្រចេះ និងបានឃាត់ខ្លួនលោក ថង សាវឿន និងបុគ្គលិកសមាគមសរុបចំនួន១៧នាក់ ហើយបានដកហូតកុំព្យូទ័រឡេបថប (Laptop) ១៧គ្រឿង រួមទាំងទូរស័ព្ទដៃរបស់ពួកគេទាំងអស់ កាលពីថ្ងៃទី១៧ ខែឧសភា។ សមត្ថកិច្ចខេត្តក្រចេះ មិនបានប្រាប់ពីហេតុផលនៃការឃាត់ខ្លួន ដោយគ្រាន់តែបានអះអាងថា ការឃាត់ខ្លួននេះគឺធ្វើឡើងតាមសំណើរបស់ស្នងការខេត្តរតនគិរីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រោយពីបានសាកសួរពេញមួយល្ងាចសមត្ថកិច្ចខេត្តក្រចេះក៏បានដោះលែងបុគ្គលិកសមាគមចំនួន ១៤នាក់វិញ នៅល្ងាចថ្ងៃទី១៧ ខែឧសភា។
វិទ្យុអាស៊ីសេរីនៅតែមិនអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរី លោក អ៊ុង សុភាព និងអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត ដើម្បីសាកសួរជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១៩ ខែឧសភា។
ជុំវិញរឿងនេះដែរ បុគ្គលិកសមាគមម្នាក់គឺ លោក ម៉ឺន រតនា ដែលត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ ឃាត់ខ្លួនសាកសួរ និងត្រូវបានដោះលែងវិញកាលពីថ្ងៃទី១៨ ខែឧសភាវិញ ប្រាប់វិទ្យុអាស៊ីសេរីថា លោក ថេង សាវឿន បានស្នើឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែថ្នាក់ដឹកនាំស្ថាប័នសួរចម្លើយបានហើយ ហេតុនេះហើយទើបបានក្រុមនគរបាលបានឱ្យលោក និងបុគ្គលិកផ្សេងៗផ្ដិតមេដៃយល់ព្រមថា នឹងមិនចូលរួមវគ្គបណ្ដុះបណ្ដាល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។ ទោះយ៉ាងណា លោក ម៉ឺន រតនា អះអាងថា វគ្គបណ្ដុះបណ្ដាលនេះគឺ មិនបានធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំប្រទេសនោះឡើយ។
លោក ម៉ឺន រតនា៖ «ខ្ញុំសុំស្នើសុំជាពិសេសទៅខាងរដ្ឋាភិបាល មេត្តាយោគយល់ មេត្តាដោះលែងលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាច់ ហាច ដោយសារតែការរៀនរបស់យើង គឺយើងជាសិក្ខាកាមចូលរួមទេ ទោះបីកំហុសកើតចេញឡើងក៏កំហុសកើតចេញពីអចេតនាដែរ អ៊ីចឹងសុំឱ្យថ្នាក់ដឹកនាំ ពិចារណា ហើយនឹងសុំឱ្យដោះលែងអ្នកទាំងបីនាក់ ដែលកំពុងតែឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការនៅខេត្តរតនគិរី»។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ដោយសហគមន៍កសិករចំនួន១០ ដែលរងការរំលោភបំពានសិទ្ធិដីធ្លី។ គិតត្រឹមឆ្នាំ២០២៣ សមាគមនេះមានសមាជិកដែលជាកសិករជិត ២ម៉ឺននាក់ (១៧.៩០០) មកពីបណ្ដាខេត្តចំនួន១០ នៅទូទាំងប្រទេស។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនលោក ថេង សាវឿន និងសហការីរបស់លោក គឺអាចបណ្ដាលមកពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានធ្វើការងារយ៉ាងសកម្មក្នុងការពង្រឹងសិទ្ធិអំណាចកសិករ ដែលរងគ្រោះពីការរំលោភបំពានដីធ្លីឱ្យចេញតវ៉ាទាមទារសិទ្ធិសេរីភាព និងទាមទារដីរបស់ពួកគេមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។