តុលាការ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ​នៅ​បរទេស

ដោយ ទីន ហ្សាការីយ៉ា
2023.10.02
តុលាការ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​អន្តរជាតិ​នៅ​បរទេស (ពីឆ្វេង) យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់តារាវុត។
រូប៖ ហ្វេសប៊ុកលោក ម៉ា ចិត្រា

តុលាការ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​បី​នាក់ ដែល​ជាប់​បម្រាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត (Sweden) នោះ​ទេ។ ក្រុម​យុវជន​សោកស្ដាយ ចំពោះ​ការ​សម្រេច​របស់​តុលាការ​បែប​នេះ និង​ថា ធ្វើ​ឡើង​មិន​ឯករាជ្យ និង​គ្មាន​យុត្តិធម៌។

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ បាន​ច្រាន​ចោល​សំណើ​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ដែល​ស្នើសុំ​ទៅ​ទទួល​ពាន​រង្វាន់​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត (Sweden)។ តុលាការ​សម្រេច​ នៅ​ថ្ងៃ​ទី២ ខែតុលា​នេះ ចំពោះ​យុវជន​ទាំង​បី​នាក់ ដែល​បាន​សុំ​អនុញ្ញាត​ទៅ​ទទួល​ពានរង្វាន់​លំដាប់​ពិភពលោក​ ដោយចាត់ទុកថា គ្មាន​ភាព​ចាំបាច់។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​យុវជន​មាតា​ធម្មជាតិ​ទាំង​នោះ​បាន​នាំ​គ្នា​ដាក់​ញត្តិ​នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ កញ្ញា ដើម្បី​សុំ​ការ​អនុញ្ញាត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទទួល​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ រ៉ាយ ឡាយលីហូដ (Right Livelihood) នៅ​ក្រៅ​ប្រទេស។

សមាជិក​យុវជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែង​ថា ពាន​រង្វាន់​កិត្តិយស​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដោយ​មិនមែន​ប្រទេស​ណា​ងាយ​នឹង​ទទួល​បាន​ឡើយ។ លោក​យល់​ថា ការ​បដិសេធ​របស់​តុលាការ​មិន​ឲ្យ​លោក​ចេញ​ក្រៅ​ប្រទេស​ទទួល​ពាន​រង្វាន់​អន្តរជាតិ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​គឺ ជា​រឿង​នយោបាយ។ លោក​បន្ត​ថា ករណី​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត​គឺ កញ្ញា ភួង កែវរស្មី ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជា​រឿង​យុត្តិធម៌ និង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​ទាក់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ កញ្ញា​ថា បច្ចុប្បន្ន ស្ថានភាព​សិទ្ធិ​សេរីភាព​របស់​យុវជន ដែល​តស៊ូ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅតែ​រង​ការ​រឹតត្បិត និង​រើសអើង។

តុលាការ​បាន​ដោះ​លែង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ៦នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្រោម​បទ​ចោទ​ប្រកាន់ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» និង «រួម​គំនិត​ក្បត់» កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១ កន្លង​ទៅ ប៉ុន្តែ​បន្ត​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ និង​ភ្ជាប់​ជាមួយ​បម្រាម​មួយ​ចំនួន ក្នុង​នោះ ក៏​មាន​ការ​មិន​អនុញ្ញាត​ឱ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ​ដែរ។

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ ខែតុលា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា សកម្មភាព​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ​កន្លង​មក បាន​ចូលរួម​ដ៏​ធំធេង​ក្នុង​ការ​ការពារ​បរិស្ថាន និង​ការ​លើក​កម្ពស់​សិទ្ធិ​សម្រាប់​មនុស្ស​ទូទៅ ដែល​តុលាការ​មិន​គួរ​បដិសេធ​សំណើ​ពួក​គេ​ដូច្នេះ​ទេ។ លោក​យល់​ថា ការ​សម្រេច​នេះ​មិន​ចំណេញ​ដល់​ផល​ប្រយោជន៍​សង្គម និង​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន ដែល​ខិតខំ​​រហូត​សហគមន៍​ជាតិ អន្តរជាតិ​ទទួល​ស្គាល់​នោះ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល និង​តុលាការ​ល្មម​ដល់​ពេល​បើក​ឱ្យ​យុវជន​ទាំង​នោះ ទទួល​បាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​សកម្មភាព​នានា បន្ត​ទៀត។

ពានរង្វាន់ រ៉ាយ ឡាយលីហូដ (Right Livelihood) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨០ នៅ​ប្រទេស​ស៊ុយអែត(Sweden)។ គិត​មក​ទល់​បច្ចុប្បន្ន​នេះ មាន​អ្នក​ទទួល​បាន​ពាន​រង្វាន់​ចំនួន ១៩៤នាក់ ហើយ​គណៈកម្មាធិការ​ជ្រើសរើស​អ្នក​ទទួល​រង្វាន់​នេះ​វិញ មក​ពី​ប្រទេស ៧៦ប្រទេស និង ១៤៣សញ្ជាតិ។ រីឯ​អ្នក​ទទួល​បាន​ពាន​រង្វាន់​នេះ សុទ្ធ​សឹងតែ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​អ្នក​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​ជា​ដើម។ នៅ​ក្នុង​ឆ្នាំ២០២៣ នេះ មាន​ក្រុម​ចំនួន ៤ប៉ុណ្ណោះ ដែល​ទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ក្នុង​នោះ ក៏​មាន​ក្រុម​មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ គឺ​ក្រុម​ចលនា​មាតា​ធម្មជាតិ។

ការ​ផ្ដល់​ពាន​រង្វាន់​នេះ ក្រោយ​ពី​គណៈកម្មាធិការ​បាន​វាយ​តម្លៃ លើ​ភាព​ក្លាហាន និង​ការ​ច្នៃប្រឌិត​ក្នុង​ការ​តស៊ូ​មតិ​របស់​ចលនា​មាតា​ធម្មជាតិ នៅ​ក្នុង​បរិបទ​ប្រទេស ដែល​មាន​លំហ​ប្រជាធិបតេយ្យ​រឹតត្បិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។